អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កម្ពស់​ទឹកសមុទ្រ​លើ​ភពផែនដី​កំពុង​កើនឡើង​ហើយ​កើនឡើង​កាន់តែលឿន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់រយៈពេល​ជាច្រើន​ឆ្នាំមកហើយ ដែល​អ្នក​វិទ្យាសាស្រ្ត​ទូទៅ​បាន​នាំគ្នា​លើកឡើង ពី​ផលវិបាក នៃ​ការ​ឡើងកម្តៅនៃ​ភពផែនដី ហើយ​ក្នុង​ចំណោម​ផលវិបាក​ទាំងនោះ​ ក៏មាន​ដែរ ការកើនឡើងនៃ​កម្ពស់​ទឹកសមុទ្រ​។ ចាប់តាំង​ពីថ្ងៃ​ចន្ទ​ដើមសប្តាហ៍នេះមក ការកើនឡើង​នៃ​កម្ពស់ទឹកសមុទ្រ​មិនមែន​ស្ថិតនៅត្រឹមតែ​ជា​សម្មតិកម្ម ឬ​ជា​ការព្យាករ​តែប៉ុណ្ណោះទេ តែ​វា​អ្វី​ដែល​កំពុងតែ​កើតឡើង ហើយដែល​គេ​អាច​វាស់ស្ទង់​មើល​បាន​ដោយ​ជាក់ស្តែង តាមរយៈ​ការ​សិក្សា​ទៅលើ​ទិន្នន័យ​បាន​ពី​ផ្កាយរណប ដែល​បង្ហាញ​ថា កម្ពស់​ទឹកសមុទ្រ​នៅ​លើ​ភពផែនដី​យើងនេះ​កំពុងតែ​កើនឡើង ហើយ​អត្រា​នៃ​ការកើនឡើង​នេះ​មាន​សន្ទុះកាន់តែ​លឿន ដែល​គួរ​ឲ្យ​គេ​ត្រូវព្រួយបារម្ភ។

អ្នកវិទ្យាសាស្រ្ត​ព្យាករ​ថា ការឡើងកម្តៅផែនដី​នឹង​ធ្វើ​ឲ្យ​កម្រិតកម្ពស់​ទឹកសមុទ្រ​លើ​ភពផែនដី កើនឡើង​ដល់​ទៅ ៦៥សង់ទីម៉ែត្រ នៅ​ចុងសតវត្សរ៍​ទី២១នេះ
អ្នកវិទ្យាសាស្រ្ត​ព្យាករ​ថា ការឡើងកម្តៅផែនដី​នឹង​ធ្វើ​ឲ្យ​កម្រិតកម្ពស់​ទឹកសមុទ្រ​លើ​ភពផែនដី កើនឡើង​ដល់​ទៅ ៦៥សង់ទីម៉ែត្រ នៅ​ចុងសតវត្សរ៍​ទី២១នេះ PxHere
ផ្សាយពាណិជ្ជកម្ម

ការសិក្សា​ដែល​ត្រូវ​បាន​គេ​ចេញផ្សាយ​ជា​សាធារណៈ កាល​ពីថ្ងៃ​ចន្ទ​នេះ ត្រូវ​បាន​ធ្វើឡើង​ដោយ​ក្រុមអ្នកវិទ្យាសាស្រ្ត​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្រ្ត​អាមេរិក ហើយ​ធ្វើឡើង​នៅ​ចំពេល​ដែល​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ កំពុងតែ​ខ្នះខ្នែង ទាំង​ប្រទាំងប្រទើស​គ្នា ដើម្បី​រក​វិធី​ទប់ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី ដោយ​​សហរដ្ឋ​អាមេរិក​ខ្លួនឯង​ផ្ទាល់​បាន​ប្រកាស​ដកខ្លួនចេញ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ ដែល​ចុះ​នៅ​ទីក្រុង​ប៉ារីស កាល​ពីឆ្នាំ២០១៥ ចំណែក​ឯ​ប្រធានាធិបតី​អាមេរិក គឺ​លោក​ដូណាល់ ត្រាំ តែងតែ​បាន​​បដិសេធ​​រឿង​ផែនដី​ឡើងកម្តៅនេះ ដោយ​​ធ្លាប់​បាន​លើកឡើង​ថា វា​គឺ​ជា​រឿង​ដែល​ប្រឌិតឡើង​ដោយ​ចិន ដើម្បី​ធ្វើ​ប៉ះពាល់​ដល់​ការ​រកស៊ី​របស់​សហគ្រាស​អាមេរិក។

នៅ​ក្នុង​ការ​សិក្សា​ដែល​ចុះផ្សាយ​កាលពីថ្ងៃ​ចន្ទ​នេះ អ្នក​វិទ្យាសាស្រ្ត​បាន​រកឃើញ​ថា កម្រិត​កម្ពស់ទឹកសមុទ្រនៅលើ​ភពផែនដី​យើងនេះ បាន​កើនឡើង ៧សង់ទីម៉ែត្រ ក្នុងរយៈពេល ២៥ឆ្នាំ​កន្លងទៅនេះ។ កំណើន​នេះ​វា​ត្រូវ​នឹង​ការ​ព្យាករ ដែល​អ្នក​វិទ្យាសាស្រ្ត​​ធ្លាប់​បាន​ធ្វើ និង​​ទទួលស្គាល់​ជាទូទៅ​រួចទៅហើយ កាល​ពីពេល​កន្លងមក។ ក៏ប៉ុន្តែ អ្វី​ដែល​​​គួរ​ឲ្យ​ព្រួយបារម្ភ​ គឺ​គេ​រកឃើញ​ថា អត្រា​កំណើន​នៃ​កម្រិត​កម្ពស់​ទឹកសមុទ្រ​នេះ​​មិននៅថេរ​ជាប់​ជា​ប្រចាំនោះទេ ផ្ទុយ​ទៅវិញ វា​កើនឡើង​កាន់តែ​ខ្លាំង ពី​មួយឆ្នាំ​ទៅមួយឆ្នាំ ស្រប​ទៅតាម​កំណើន​នៃ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​ជា​ដើមហេតុ​នៃ​ការ​ឡើងកម្តៅ​នៃ​ភពផែនដី។

យោងតាម​អ្នក​វិទ្យាសាស្រ្ត ការឡើង​កម្តៅនៃ​ភពផែនដី និង​ការ​កើនឡើង​នៃ​កម្រិត​កម្ពស់​ទឹកសមុទ្រ​មាន​ទំនាក់ទំនងគ្នា តាមរយៈ​យន្តការ​សំខាន់​ពីរ។

យន្តការ​ទីមួយ គឺ​ការ​កើនឡើង​នៃ​បរិមាណ​ទឹក​ក្នុង​សមុទ្រ ពីព្រោះ​ថា នៅ​ពេល​ដែលផែនដី​ឡើង​កម្តៅ ផ្ទាំងទឹកកក​នៅ​តំបន់​ប៉ូល​ទាំងពីរ​ត្រូវ​រលាយ ហើយ​ទឹកដែល​ចេញ​ពី​ការ​រលាយ​ផ្ទាំងទឹកកក​នេះ​ត្រូវ​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ។ ដូច្នេះ បរិមាណទឹកកើនឡើង កម្ពស់ទឹក​សមុទ្រ​ក៏​ត្រូវ​កើនឡើង។

យន្តការទីពីរ គឺ​ការ​រីកមាឌទឹកក្នុងសមុទ្រ ពីព្រោះ​ថា ការកើនឡើង​នៃ​សីតុណ្ហភាព​នៅ​ក្នុង​បរិយាកាស​ក៏​នឹង​ធ្វើ​ឲ្យ​កើនឡើង​ផងដែរ​សីតុណ្ហភាព​នៃ​ទឹកសមុទ្រ ហើយ​ដោយសារ​តែ​ទឹក​ត្រូវ​​រីកមាឌ​នៅ​ពេល​ឡើង​កម្តៅ ដូច្នេះ បើទោះបីជា​បរិមាណ​ទឹកនៅដដែល តែ​បើ​សីតុណ្ហភាព​ទឹក​កើនឡើង ក៏​កម្រិត​កម្ពស់​ទឹកសមុទ្រ​ត្រូវ​កើនឡើង​ទៅតាម​នោះដែរ។

អ្នក​វិទ្យាសាស្រ្ត​បាន​ធ្វើការ​ព្យាករថា ប្រសិន​បើ​គេ​មិន​ធ្វើ​អ្វីសោះ ហើយ​​បរិមាណ​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​​នៅតែ​បន្ត​មាន​ដូច​សព្វថ្ងៃ​នេះ សីតុណ្ហភាព​មធ្យម​នៅលើ​ភពផែនដី​នឹង​កើនឡើង​ខ្លាំង បណ្តាល​ឲ្យ​ផ្ទាំង​ទឹកកក​នៅ​តំបន់​ប៉ូល​រលាយ​កាន់តែ​លឿន​ បង្ក​ឲ្យ​កម្រិត​កម្ពស់​ទឹកសមុទ្រ​នៅលើ​ភពផែនដី​ត្រូវ​កើនឡើង​ទ្វេ​មួយ​​ជាពីរ គឺ​ត្រូវ​កើនឡើង​រហូតដល់​ទៅ​ ៦៥សង់ទីម៉ែត្រ នៅ​បំណាច់​សតវត្សរ៍​ទី២១​នេះ។

ការព្យាករ​របស់​ក្រុម​អ្ន​កវិទ្យាសាស្រ្ត​នៃ​បណ្ឌិត្យសភា​អាមេរិក ហើយ​ដែល​ផ្អែក​លើ​ទិន្នន័យ​ជាក់ស្តែង​បាន​ពី​ផ្កាយរណប​នេះ គឺ​ត្រូវគ្នា​ទាំងស្រុង​ទៅនឹង​​ការ​ព្យាករ​របស់​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​របស់​អ.ស.ប ដែលបានគណនា​​នៅ​ក្នុងរបាយការណ៍​ថ្មី​ចុងក្រោយ​របស់​ខ្លួន (ចេញផ្សាយ​កាល​ពីឆ្នាំ២០១៤) ​ថា កម្រិត​កម្ពស់​ទឹកសមុទ្រ​លើ​ភពផែនដី នឹង​កើនឡើង ក្នុងចន្លោះ ពី ៥២​សង់ទីម៉ែត្រ ទៅ ៩៨​សង់ទីម៉ែត្រ នៅ​ឆ្នាំ២១០០​ខាងមុខ។

សម្រាប់​អ្នក​វិទ្យាសាស្រ្ត​ ការកើនឡើង​នៃ​កម្រិត​កម្ពស់​ទឹកសមុទ្រ​រហូតដល់​ទៅ ៦៥សង់ទីម៉ែត្រ នឹង​បង្ក​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ ចំពោះ​បណ្តា​ប្រទេស ឬ​ទីក្រុង ដែល​ស្ថិត​នៅ​ជាប់​នឹង​ឆ្នេរសមុទ្រ នៅ​ទូទាំង​ពិភពលោក​ទាំងមូល ហើយ​ថា ផលប៉ះពាល់​នេះ​មិនមែន​មាន​ត្រឹមតែ​ការ​ជន់លិច​ប៉ុណ្ណោះទេ តែ​ក៏​បង្ក​ឲ្យ​មានផងដែរ​នូវ​បាតុភូត​អាកាសធាតុ​ដ៏​អាក្រក់ៗ​មិន​ធ្លាប់មាន​ជាច្រើន​ផ្សេងទៀត។

អ្ន​ក​ជំនាញ​ខាង​អាកាសធាតុ​បាន​ធ្វើ​ការ​កត់សម្គាល់ថា កាល​ពី​ពេល​កន្លងមក គេ​ធ្លាប់​សង្កេតឃើញ​នូវ​បាតុភូត​អាកាសធាតុ​ដ៏ធ្ងន់ធ្ងរ​ជាច្រើន ដែល​បង្កឡើងដោយ​ការកើនឡើង​នៃ​កម្រិត​កម្ពស់​ទឹកសមុទ្រ​ត្រឹមតែ​ប្រមាណ​ជា ៣០សង់ទីម៉ែត្រ​ប៉ុណ្ណោះ។ ដូច្នេះ គេ​អាច​គិតពិចារណា​មើល​បាន​ថា តើ​ផលវិបាក​នឹង​មាន​រហូត​ដល់​កម្រិតណា នៅ​ពេល​ដែល​កម្រិត​កម្ពស់​ទឹកសមុទ្រ​កើនឡើង​រហូតដល់​ទៅ ៦៥​សង់ទីម៉ែត្រ ពោលគឺ រហូតដល់​ទៅ​ជាង​ពីរដង​ធៀប​កាល​ពី​ពេល​កន្លងទៅ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ