អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​និង​កិច្ច​ព្រម​ព្រៀង​ RCEP ជា​សំណុំ​​រឿង​ស្នូលនៅ​កិច្ច​ប្រជុំ​អាស៊ាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ថៃ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​អស់​ហើយ ដើម្បី​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ ចាប់​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី០៤​ខែ​វិច្ឆិកា​ខាង​មុខ​។ តាម​ទម្លាប់ មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេស​ជា​ដៃ​គូ​ផ្សេង​ទៀត នឹង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​លើ​ប្រធាន​រឿង​ជា​ច្រើន​។ ប៉ុន្តែ​ក្នុង​ចំណោម​នោះ មាន​ប្រធាន​រឿងចំនួន​​ពីរ​ដែល​លេច​ធ្លោ​ជាង​គេ។ នោះ​គឺ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មតំបន់ ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ RCEP។

សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​មុន​ពេលបើក​​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើក​ទី​៣៥ នា​ទីក្រុង​បាងកក ប្រទេស​ថៃ
សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​មុន​ពេលបើក​​កិច្ច​ប្រជុំ​កំពូល​អាស៊ានលើក​ទី​៣៥ នា​ទីក្រុង​បាងកក ប្រទេស​ថៃ ASEAN
ផ្សាយពាណិជ្ជកម្ម

នៅ​ចុង​សប្ដាហ៍​នេះ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នឹង​ត្រូវ​រៀបចំ​ធ្វើ​នៅ​ទីក្រុង​បាងកកប្រទេស​ថៃ ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដា​មេ​ដឹក​នាំ​អាស៊ាន​ទាំង​១០​ រួម​នឹងថ្នាក់​ដឹក​នាំ​នៃ​​ប្រទេស​ជា​ដៃគូ​ផ្សេង​ទៀត ដូច​ជា​នាយករដ្ឋ​មន្ដ្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ, ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ចេអ៊ីន និង​លោក​នាយករដ្ឋ​មន្ដ្រី​ចិន លី ឃឺឈាំង ជា​ដើម​។ លោក អង់តូនីញ៉ូ ហ្គូទែស អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​នាយក​ប្រតិបត្តិ​មូនិធិ​រូបិយវត្ថុ​អន្ដរជាតិ IMF លោក​ស្រី Kristalina Georgieva ក៏​ទំនង​ជា​នឹង​លេច​មុខ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ​ដែរ​។

ជា​រៀង​រាល់​ឆ្នាំ ថ្នាក់​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន​បានជួប​ប្រជុំ​គ្នា​លើ​ប្រធាន​រឿង​ជា​ច្រើន ដើម្បី​វាយ​តម្លៃ​និង​​​កំណត់​បទដ្ឋាន​តំបន់ ដើម្បី​ឲ្យ​ប្រទេស​ជា​សមាជិក​រួម​រស់​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​ស៊ី​ចង្វាន់ និង​កាន់​តែ​ចុះ​សម្រុង​។ ប៉ុន្តែ​ប្រធាន​រឿងពីរ​សំខាន់ ដែល​ជា​តួ​ឯក​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​នេះ ទំនង​ជា​ចៀស​មិន​ផុត​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មតំបន់ ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​គ្រប់​ជ្រុងជ្រោយ RCEP ឡើយ​។

​ដំបូង​និយាយ​ពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។ បើ​ទោះ​បី​ជា​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​បន្តិច​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​ជា​ប្រធានបទ​សំខាន់​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​។ ​នៅ​កិច្ច​ប្រជុំ​លើក​ទី​៣៤ ក្នុង​ទីក្រុង​បាងកក ​នា​ខែ​មិថុនា​កន្លង​ទៅ មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​អាស៊ាន បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម ដោយ​ប្ដេជ្ញា​រក្សា​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ធ្វើ​យ៉ាង​ណា​ឲ្យ​តំបន់​ដ៏​ចម្រូង​ចម្រាស​នេះ មាន​សន្តិភាព ចៀស​ផុត​ពី​អំពើ​ហិង្សា​។ ដើម្បី​ឲ្យ​ការ​ប្ដេជ្ញា​ចិត្ត​នេះ​សម្រេច​ទៅ​បាន អ្នក​ជំនាញ​ផ្នែក​កិច្ចការ​អាស៊ាន​យល់​ឃើញ​ថា គឺ​ទាល់​តែ​អាស៊ាន​និង​ចិន​បញ្ចប់​ការងារ​រៀបចំ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង CoC ​នេះ​ជា​មុន​សិន​។ ក្រម​ប្រតិបត្តិ CoC ដែល​ត្រូវ​បាន​ផ្ដួចផ្ដើម​រៀបចំ​នៅ​ឆ្នាំ​២០១២ គឺ​ជា​ឯកសារ​ដ៏​សំខាន់ កំណត់​ពី​យន្តការ​និង​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​។ កាល​ពី​ខែ​កក្កដា​កន្លង​ទៅនេះ ថ្នាក់​ដឹក​នាំ​អាស៊ាន​និង​ចិន បាន​បញ្ចប់​ការ​ពិនិត្យ​ពិភាក្សា​ជុំ​ទី​១ នៃ​សេចក្ដី​ព្រាង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង។ សម្រាប់​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី នេះ​គឺជា​ការ​វិវត្ត​ដ៏​ធំ​សម្រាប់​អាស៊ាន​និង​ចិន​ ហើយ​លោក​សង្ឃឹម​ថា​នឹង​អាច​បញ្ចប់​ក្រម​ប្រតិបត្តិ CoC យ៉ាង​យូរ​ត្រឹម​ឆ្នាំ​២០២១​ខាង​មុខ​។

ក្រៅ​ពី​បញ្ហា​ដែន​សមុទ្រ​ ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្នាក់​តំបន់ RCEP ក៏​ជា​ប្រធានបទ​សំខាន់​មួយ​ទៀត​ដែរ​​សម្រាប់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ជា​ពិសេស​នៅ​ក្នុង​ពេល​ដែល​ចិន​និង​អាមេរិក​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។

កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ ហៅ​កាត់​ថា RCEP ត្រូវ​បាន​ស្នើ​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១២ នា​ទីក្រុង​ភ្នំពេញ ដោយ​មានប្រទេស​ជា​សមាជិក​ចំនួន​១៦ រួម​មាន​​ប្រទេស​អាស៊ាន​ទាំង​១០ និង​ដៃគូ​សន្ទនា​ចំនួន​៦​ផ្សេង​ទៀត​ គឺ ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្ត្រាលី និង​ណូវែលសេឡង់​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០១២​នោះ កិច្ច​ព្រម​ព្រៀង RCEP នេះ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ឡើយ ដោយ​សារ​តែ​អាមេរិក​បាន​ដឹក​នាំ​ធ្វើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​អន្ដរប៉ាស៊ីហ្វិក ដែល​ធំ​ជាង​នេះ​។ យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​អាមេរិក​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រ​ម​ព្រៀង​អន្ដរប៉ាស៊ីហ្វិក ចិន​បាន​ឆក់​ឱកាស​ប្រមូល​បណ្ដា​ប្រទេស​អាស៊ាននិង​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​ជាមួយ​ខ្លួន នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង RCEP។ ចិន​រំពឹង​ថា កិច្ច​ព្រម​ព្រៀង​ RCEP នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ចុង​ឆ្នាំ​២០១៩នេះ​​។

ប្រសិន​បើ​កិច្ច​ព្រម​ព្រៀង​នេះ សម្រេច​បាន​មែន​នោះ វា​នឹង​ក្លាយ​ទៅ​ជា​ទីផ្សារ​ដ៏​ធំ ដែល​មាន​ប្រជាជន​រហូត​ដល់​ទៅ​៣ពាន់​៥​រយ​លាន​នាក់​ឯ​ណោះ​។ ហើយ​ស្ថិត​ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក គេ​ប្រមើល​ឃើញ​ថា ក្រុម​ប្រទេស​អាស៊ាន​អាច​ទទួល​បាន​ផល​ប្រយោជន៍ច្រើន បើ​មាន​កិច្ច​ព្រមព្រៀង RCEP។ មាន​ប្រយោជន៍​ព្រោះ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក អាច​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អន្ដរជាតិ ងាក​មក​បង្កើត​រោងចក្រ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ទៀត ក្រៅ​ពី​ចិន ដើម្បី​ចៀស​ផុត​ពី​ទណ្ឌកម្មអាមេរិក​។ ដូច្នេះ ប្រទេស​អាស៊ាន អាច​ក្លាយ​ទៅ​ជា​គោលដៅ​ថ្មី​សម្រាប់​ប្រទេស​ទាំង​នោះ​។ យ៉ាង​ណា​ក៏​ដោយ ដើម្បី​ឲ្យ​វិនិយោគិន​ចូល​មក​ដាក់​ទុន​វិនិយោគ​ក្នុង​តំបន់​ខ្លួន អាស៊ាន​ត្រូវ​ត្រៀម​ខ្លួន ត្រៀម​ហេដ្ឋារចនាសម្ព័ន្ធ វត្ថុធាតុដើម ហើយ​ត្រូវ​មាននិតិវិធី​ច្បាប់​គ្រប់​គ្រាន់​និង​ត្រឹម​ត្រូវ ដើម្បី​ធានា​ដល់​អ្នក​វិនិយោគ​ដែរ​។ នេះ​ជា​ការ​ប្រឈម​មួយ​សម្រាប់​អាស៊ាន។

ការ​ប្រឈម​ក៏​មាន​ដែរ​ចំពោះ​​ប្រទេស​ជា​សមាជិក​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង RCEP នេះ។ សូម​កុំ​ភ្លេច​ថា ក្រៅ​ពីប្រទេស​ជា​សមាជិក​​អាស៊ាន កិច្ច​ព្រម​ព្រៀង RCEP មាន​សមាជិក​ចំនួន​៦​ផ្សេង​ទៀត ក្នុង​នោះ​មាន​ពីរ​ជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ គឺ​ឥណ្ឌា និង​ចិន​។ ចិន​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹង​លើ​ការ​ផលិត ខណៈ​ឥណ្ឌា​មាន​សេដ្ឋកិច្ច​ពឹង​លើ​សេវា​។ ការ​ស្វែង​រក​ការ​ឯកភាព​រវាងប្រទេស​ធំ​ពីរ ដែល​ផ្អែក​លើ​ចរន្ត​សេដ្ឋកិច្ច​ផ្ទុយ​ពី​គ្នា​ដូច្នេះ ច្បាស់​ណាស់ថា ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ពេក​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ