អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើង៖​ចិន​​និង​រុស្ស៊ី​​អាច​​ចេញ​វេតូ​​ជំទាស់​​​​សំណើ​​ទណ្ឌកម្ម​​​អាមេរិក​នៅ​អ.ស.ប.​​​​ទេ?​​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជួបប្រជុំគ្នា​ថ្ងៃចន្ទ​នេះ ដើម្បី​អនុម័ត​សំណើ​​សេចក្តី​សម្រេច​​​បន្ថែមទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង។ ជាសំណើ​​របស់​​អាមេរិក ឆ្លើយ​តប​ទៅនឹង​ការ​សាកល្បង​នុយក្លេអ៊ែរ​លើកទី៦ របស់​ក្រុងព្យុងយ៉ាង កាលពីថ្ងៃ​អាទិត្យ​​៣កញ្ញា។ អាមេរិក​បាន​កែប្រែ​ខ្លឹមសារ​បន្ធូរទណ្ឌកម្ម ​ក្នុង​សំណើដែលដាក់​ទៅអង្គការ​សហប្រជាជាតិ ហើយថ្ងៃអាទិត្យ​ម្សិលមិញ ​​បាន​ចែកចាយ​​​ខ្លឹមសារ​ថ្មី​នេះ​អោយ​​​​សមាជិក​ទាំង១៤ផ្សេងទៀត ​​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ពិនិត្យ​មើល។​​​

ក្រុមប្រឹក្សា​សន្តិុសុខ​អង្គការ​សហប្រជាជាតិ
ក្រុមប្រឹក្សា​សន្តិុសុខ​អង្គការ​សហប្រជាជាតិ REUTERS/Shannon Stapleton
ផ្សាយពាណិជ្ជកម្ម

​​ទោះជាមាន​ការ​​​កែប្រែខ្លឹមសារ​ ​​បន្ធូរ​ទណ្ឌកម្មលើ​​ក្រុងព្យុងយ៉ាង ក៏​គេពិបាក​ដឹងថា តើ​ថ្ងៃចន្ទ​នេះ ​​ចិន​និង​រុស្ស៊ី​អាច​ចេញ​វេតូ​ ជំទាស់​សំណើ​អាមេរិក​រឺយ៉ាងណា​ទេ។ ​

អាមេរិកកែប្រែ​ខ្លឹមសារ​សំណើ ​បន្ធូរ​ទណ្ឌកម្ម​លើ​ក្រុងព្យុងយ៉ាង​ ដើម្បី​ផ្គាប់ចិត្ត​ចិន​និង​រុស្ស៊ី

សំណើ​ទណ្ឌកម្ម​ថ្មីដែល​អាមេរិក​ដាក់​អោយ​អង្គការសហប្រជាជាតិ​បោះឆ្នោត​អនុម័ត​ថ្ងៃចន្ទ​នេះ គឺ​ដើម្បី​តបទៅនឹង​កូរ៉េខាងជើង​ដែលបាន​សាកល្បង​នុយក្លេអ៊ែរ​ជាលើកទី៦ កាលពី​៨ថ្ងៃ​មុននេះ តបត​នឹង​ការបាញ់មីស៊ីល​រំលង​ទឹកដី​ជប៉ុន​ផងដែរ។ ​ការសាកល្បង​នុយក្លេអ៊ែរ​​លើកទី៦របស់​កូរ៉េខាងជើង​​ ធ្វើអោយ​អាមេរិក​ខឹងខ្លាំង​​ណាស់ ក៏​ចេញគម្រោង​សេចក្តីសម្រេច​​ថ្មីទៀត ភ្លាមៗ​តែម្តង។ ​គម្រោង​បន្ថែមទណ្ឌកម្ម​លើកក្រោយ​នេះ ​គឺធ្ងន់​ក​តែម្តង​​សម្រាប់​ក្រុងព្យុងយ៉ាង ហើយ​បាន​ធ្វើអោយ​ចិន​និងរុស្ស៊ី​ទាស់ចិត្ត​។ ​ហេតុនេះហើយ​​ទើបអាមេរិក​កែប្រែ​ខ្លឹមសារ​ឡើងវិញ ដើម្បី​បញ្ចុះបញ្ចូល​ចិន​និងរុស្ស៊ី អោយ​បោះឆ្នោត​អនុម័ត​ នៅថ្ងៃចន្ទនេះ។ ​

ជាត្រួសៗ សំណើ​អាមេរិក​លើកក្រោយ​នេះ ក្នុង​ខ្លឹមសារ​ដើម​ អាមេរិក​គ្រោង​ដាក់ទណ្ឌកម្ម​ហាមនាំចេញ​​ប្រេង​ទៅអោយ​កូរ៉េខាងជើង ព្យួរ​ការនាំចេញ​សម្លៀកបំពាក់​កូរ៉េខាងជើង បង្កក​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​ Air Koryo បង្កក​ទ្រព្យសម្បត្តិ​លោក​គឹម ជុងអ៊ុន ​ហាម​ការធ្វើដំណើរ​របស់​លោក​គឺម ជុងអ៊ុន​ និយាយ​អោយចំគឺ​ដាក់​លោក​គឺម ក្នុង​បញ្ជីខ្មៅតែម្តង។ សំណើ​ទណ្ឌកម្ម​អាមេរិក​ក៏គ្រោង​លែង​បង់ប្រាក់​អោយពលករ​កូរ៉េខាងជើងដែល​ធ្វើការ​នៅបរទេស​ដែរ ដូច្នេះ​មានន័យថា ពលករ​ទាំងនេះ​នឹងត្រូវត្រលប់​ទៅស្រុក​កំណើត​វិញ ចៀសមិនរួចទេ។ ​សំណើ​អាមេរិក​​​​ទាមទារ​ផងដែរ​ ​អោយ​ដាក់​កងកម្លាំង​​ត្រួតពិនិត្យ​​រាល់​កប៉ាល់​ដែល​ជាប់សង្ស័យ​ថា ដឺកទំនិញ​ដែល​អង្គការ​សហប្រជាជាតិ​ហាមឃាត់។ ខ្លឹមសារ​លើកឡើង​ទាំងអស់នេះ ជា​ខ្លឹមសារ​ដំបូង មិនទាន់​កែប្រែ។

ឥឡូវនេះ ដើម្បី​បញ្ចុះបញ្ចូល​​​ចិន​និង​​រុស្ស៊ី​ អាមេរិក​បាន​បន្ធូរទណ្ឌកម្ម​មួយចំនួន​ទៅវិញ បែបយ៉ាង​ពីដំបូង​ដែល​ហាមប្រាម​ទាំងស្រុង​មិនអោយ​នាំប្រេង​ទៅកូរ៉េខាងជើង​នោះ ឥឡូវ គេអាច​នាំប្រេង​ទៅវិញបាន ប៉ុន្តែ ក្នុង​កម្រិត​កំណត់។ ឧទាហរណ៍ កូរ៉េខាងជើង​ពេលនេះអាច​នាំផលិតផល​ប្រេង​ចូលស្រុក ​ក្នុង​បរិមាណ​កំណត់​២លានបារីល ក្នុង​មួយឆ្នាំៗ។ ខ្លឹមសារ​ទណ្ឌកម្ម​ថ្មី ក៏​គ្រោង​​កាត់បន្ថយ​ការនាំចេញ​ឧស្ម័នរាវ​ធម្មជាតិ​ទៅអោយ​ក្រុងព្យុងយ៉ាង​ដែរ។ កន្លងមក ចិន​នាំចេញ​ប្រេងឆៅ​ទៅអោយ​​កូរ៉េខាងជើង​ច្រើនណាស់ ស្ទើរតែ​ទាំងស្រុង​តែម្តង ​គឺ​ប្រហែល​៥០០ពាន់តោន​ឯណោះ​ក្នុង​មួយឆ្នាំៗ។

ហើយ​និយាយ​ពី​ផលិតផល​ធ្វើពីប្រេង​វិញ គឺ​ចិន​នាំទៅ​កូរ៉េខាងជើង​​ ១ឆ្នាំៗ ប្រហែល​ជា​២០០ពាន់តោន​ដែរ។ រុស្ស៊ី​វិញ ក៏​នាំចេញ​ប្រេងឆៅ​អោយ​ក្រុងព្យុងយ៉ាង ប្រហែល​ជា​៤ម៉ឺនតោន​ដែរ ក្នុង​មួយឆ្នាំ។ អញ្ចឹង បើ​អាមេរិក​ហាមប្រាម​ទាំងស្រុង​មិនអោយ​នាំប្រេង​ទៅកូរ៉េខាងជើង គឺធ្វើបាប​កូរ៉េខាងជើង​ខ្លាំងណាស់។ ​ហើយ​ក៏ប៉ះពាល់​ពាណិជ្ជកម្ម​រុស្ស៊ី និង​ចិន​ផងដែរ។ ​ចិន​និង​រុស្ស៊ី មិនចង់ឃើញ​ក្រុងព្យុងយ៉ាង​ដុនដាប​ដោយសារ​ត្រូវគេកាត់ផ្តាច់​ប្រេងទាំងស្រុង​ទេ។ ម្ល៉ោះហើយ ទើប​ពេលនេះ អាមេរិក​បន្ធូរទណ្ឌកម្ម​នេះទៅវិញ គឺមិនកាត់​ផ្តាច់​ប្រេង​ទាំងស្រុង​ទេ។

អាមេរិក​​សម្រេច​ដែរ​ថា​ មិន​​បង្កកទ្រព្យ​លោក​គឹម ជុងអ៊ុន ហើយ​ក៏​មិន​បង្កក​​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េខាងជើង​ដែរ។ បើ​និយាយ​ពី​​ពលករ​កូរ៉េខាងជើង​ដែលធ្វើការ​នៅបរទេស​វិញ ពេលនេះ អាមេរិ​កសម្រេច​ដែរ​ថា លែង​ហាម​ឃាត់​ការជ្រើសរើស​ពួកគេ​​ចូលធ្វើការ លែង​​ហាមឃាត់​ការបង់កម្រៃពលកម្ម​ទៅអោយពួកគេទៀត។ ទិសដៅ​គឺចៀស​កុំអោយ​រដ្ឋ​កូរ៉េខាងជើង​ត្រូវ​ប្រឈម​នឹង​ជនភៀសខ្លួន​ដែលត្រូវត្រលប់​ទៅស្រុក​វិញ។ សូមបញ្ជាក់ថា ពលករ​កូរ៉េខាងជើង​ធ្វើការក្នុងប្រទេស​រុស្ស៊ី​មាន ៣ម៉ឺន៥ពាន់នាក់​​ ​រុស្ស៊ី​និង​ចិន​​​ជំទាស់​ មិនអោយ​បញ្ជូន​ពួកគេ​ទៅស្រុក​វិញ ក៏​ដើម្បី​មិនចង់ឃើញ​មាន​ការហូរហៀរជនភៀសខ្លួ​នទាំងនេះ​ដែរ។

ពលករ​កូរ៉េ​ខាងជើង​នៅបរទេស​សព្វថ្ងៃ មា​នប្រហែល​ពី​៦ម៉ឺន ទៅ​១០ម៉ឺននាក់។ ​អង្គការ​សហ​ប្រជាជាតិ​​ធ្លាប់ចោទ​ក្រុងព្យុងយ៉ាង​ថា បង្ខំ​ប្រជាជន​កូរ៉េខាងជើង​ប្រមាណ​ជា​៥ម៉ឺននាក់ អោយ​ទៅធ្វើការ​នៅ​ក្រៅស្រុក ដើម្បី​រកចំណូល​អោយ​រដ្ឋ។ យោងតាម​អង្គការ​សហប្រជាជាតិ ពលករ​ទាំងនេះ​​នាំចំណូល​​អោយ​ក្រុងព្យុងយ៉ាង ​​ពី​១ពាន់២រយ​លានដុល្លារ ទៅ​២ពាន់​៣រយ​លាន​ដុល្លារ ឯណោះ​មួយឆ្នាំៗ។ ​

ដោយឡែក ការហាមឃាត់​នាំចូល​សម្លៀកបំពាក់​កូរ៉េខាងជើង នៅតែ​រក្សា​ទុកក្នុង​សំណើ​ដដែល ព្រោះ​ចិន​និង​រុស្ស៊ី​មិនបានជំទាស់ទេ។ ​

ទោះយ៉ាងណា ​ក៏​​មិនដឺងថា ក្នុង​ការ​បោះឆ្នោត​លើ​សំណើ​អាមេរិក​ នៅ​ក្រុមប្រឹក្សា​សន្តិសុខ​ ថ្ងៃចន្ទនេះ ​ចិន​និងរុស្ស៊ី​ចេញវេតូ​ជំទាស់​រឺយ៉ាងណា​ទេ ! គិតតាំង​ពី​ឆ្នាំ២០០៦​មក ​​ ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​​លើ​កូរ៉េខាងជើង​​ ​៧លើក​​ហើយ។ ​ពេល​ដាក់​ម្តងៗ គឺ​តែងតែ​​ធ្ងន់​ជាងមុនជានិច្ច។ ទិសដៅ​ទណ្ឌកម្ម​បន្តបន្ទាប់​នេះ ក៏​ដើម្បី​ជំរុញ​អោយ​កូរ៉េខាងជើង​ចរចា​នុយក្លេអ៊ែរ​។ ទណ្ឌកម្ម​ចុងក្រោយ គឺអនុម័ត​កាលពី​ខែសីហា​មុននេះ ​ជាទណ្ឌកម្ម​ស្នើ​ដោយ​អាមេរិក ហាម​កូរ៉េខាងជើង​មិនអោយ​​​​នាំចេញធ្យូងថ្ម ​រ៉ែដែក សំណ និង​ផលិតផលអាហារ​​​សមុទ្រ​ទៅក្រៅស្រុក។ ទិសដៅគឺ​ដើម្បីផ្តាច់ចំណូល​​របស់​កូរ៉េខាងជើង​ដែល​​បានពី​ការនាំចេញ។ ហើយ​ចិន​និង​រុស្ស៊ី​ក៏​មិនបាន​ចេញ​វេតូ​ជំទាស់ទណ្ឌកម្ម​ខែមុននេះ​ដែរ ដោយសារ​តែ​មើលឃើញថា លោក​គឺម ជុងអ៊ុន ហួសហេតុ​ពេក។ ​ ​

ប៉ុន្តែ ដូច​លើកឡើង​អញ្ចឹង ​មិនដឺងថា ​សំណើ​ទណ្ឌកម្ម​ថ្មីលើកនេះ អាច​អោយ​ចិន​និង​រុស្ស៊ី​ព្រម​អនុម័ត​ទៀត​រឺយ៉ាងណាទេ ព្រោះ​ក្រុងព្យុងយ៉ាងទើប​នឹង​រងទណ្ឌកម្ម​ថ្មី​​ ខែមុន​ផង ឥឡូវត្រូវមា​នថ្មី​ទៀត​ខែកញ្ញានេះ។ មើលទៅ​​ ​ដូចជា​ធ្ងន់ពេក​ទេដឹង ! ​ចិន​និង​រុស្ស៊ី​មិនចង់​ឃើញ​របប​ក្រុងព្យុងយ៉ាង​ដួលរលំ​គ្រេង ​ដោយសារ​ទំងន់​ទណ្ឌកម្ម​អង្គការ​សហប្រជាជាតិទេ។ វាអាចបង្ក​គ្រោះថ្នាក់ទៀតផង បើ​កូរ៉េខាងជើង​បញ្ចេញ​ប្រតិកម្ម​យោធាណាមួយតបទៅវិញ។ ម្យ៉ាងទៀត ​​​ទណ្ឌកម្មដាក់​លើប្រទេស​ណាមួយ​​​ភ្លាម ក៏​មិន​អាច​ផ្តល់​ប្រសិទ្ធភាព​ភ្លាមៗ​ដែរ​ ​ផលវិបាក​គឺ​​​ក្នុង​រយៈពេលវែង។​ ដូចករណីទណ្ឌកម្ម​លើ​​​អ៊ីរ៉ង់​អញ្ចឹង ​ទាល់តែ​ចាំជាង​​១០ឆ្នាំ ទើប​ឃើញអ៊ីរ៉ង់​សម្រេចចិត្ត​ ​ព្រមចរចាកម្មវិធី​នុយក្លេអ៊ែរ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ