អានតួអត្ថបទ

កូរ៉េខាងជើង​ពិចារណា​ចង់​ផ្អាក​ការ​ចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក

កូរ៉េ​ខាងជើង​កំពុងតែ​ពិចារណា​ចង់​ផ្អាក​ការចរចា​ជាមួយ​អាមេរិក ជុំវិញ​សំណុំរឿង​នុយក្លេអ៊ែរ និង​ចង់​ឈប់​ព្យួរ​ការ​សាកល្បីងមីស៊ីល។ នេះ​បើ​យោងតាម​ការ​អះអាង​របស់​អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង នៅថ្ងៃ​សុក្រ​នេះ ដោយ​បាន​បញ្ជាក់​បន្ថែម​ថា លោក​គីម ជុងអ៊ុន នឹង​ធ្វើ​សេចក្តីប្រកាស​​ជុំវិញ​រឿងនេះ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។

លោកស្រី ឆូ សុនហ៊ុយ (Choe Son-hui) អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង កាល​ពី​ក្នុង​អំឡុង​ជំនួបកំពូល​ត្រាំ-គីម នៅ​ទីក្រុង​ហាណូយ
លោកស្រី ឆូ សុនហ៊ុយ (Choe Son-hui) អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង កាល​ពី​ក្នុង​អំឡុង​ជំនួបកំពូល​ត្រាំ-គីម នៅ​ទីក្រុង​ហាណូយ Yonhap/via REUTERS
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាស​របស់​​លោកស្រី ឆូ សុនហ៊ុយ អនុរដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កូរ៉េ​ខាងជើង នៅថ្ងៃ​សុក្រ​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS និង​ទីភ្នាក់ងារ​ព័ត៌មាន​អាមេរិក​អេភី។

លោកស្រី ឆូ សុនហ៊ុយ បាន​លើកឡើង​ថា កូរ៉េ​ខាងជើង​នឹង​មិន​ចេះតែ​ធ្វើ​តាម​រាល់​ការទាមទារ​របស់​សហរដ្ឋ​អាមេរិក​នោះទេ ហើយ​ថា អាមេរិក​គឺ​ជា​អ្នក​ដែល​​​​បាន​ធ្វើ​ឲ្យ​បាត់បង់​ “ឱកាសមាស” ក្នុងការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​កូរ៉េ​ខាងជើង នៅ​ក្នុង​អំឡុង​ជំនួបកំពូល រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន នៅ​ទីក្រុង​ហាណូយ​ កាល​ពី​ចុងខែ​កុម្ភៈ​កន្លងទៅនេះ។

លោកស្រី​អនុរដ្ឋមន្រ្តី​ការបរទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​ពន្យល់​ថា នៅ​ក្នុង​អំឡុង​ជំនួបកំពូល​នៅ​ហាណូយ​នោះ កូរ៉េ​ខាងជើង​បានសុខចិត្ត​រុះរើ​ទីតាំង​​នុយក្លេអ៊ែរ​ដ៏ធំ​របស់​ខ្លួន គឺ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Yongbyon ហើយ​ថា ជា​ថ្នូរ​មក​វិញ កូរ៉េ​ខាងជើង​ស្នើ​​ឲ្យ​អាមេរិក​ដក​ចេញ​វិញ​នូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​តែ​៥ចំណុចតែ​ប៉ុណ្ណោះ មិនមែន​ទាមទារ​ឲ្យ​ដក​ចេញ​ទាំងអស់ ដូចជា​ការ​អះអាង​របស់​លោក​ដូណាល់ ត្រាំ នោះទេ។

គួររំឭកឡើងវិញ​ថា ចាប់តាំង​ពីបរាជ័យ​នៃ​ជំនួបកំពូល នៅ​ទីក្រុង​ហាណូយ​មក កូរ៉េ​ខាងជើង​បាន​ចាប់ផ្តើម​ឡើងវិញ នូវ​សកម្មភាព​ទាក់ទង​នឹង​មីស៊ីល​បាលីស្ទិក ដែល​បាន​ផ្អាក​កាល​ពី​ពេលមុន ជាពិសេស​ រូបភាព​ផ្កាយ​រណប​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កូរ៉េ​ខាង​ជើង​បាន​ចាប់ផ្តើម​ធ្វើការ​សាងសង់​ឡើងវិញ នូវ​ទីតាំង​បាញ់​បង្ហោះ​រ៉ុកែត ដែល​ខ្លួន​បាន​រុះរើ​ទៅតាម​ការ​សន្យា​របស់​លោក​គីម ជុងអ៊ុន ជាមួយ​នឹង​លោក​ដូណាល់ ត្រាំ កាល​ពី​ក្នុង​អំឡុង​​ជំនួបកំពូល​លើកទី១ នៅ​សិង្ហបុរី កាល​ពី​ឆ្នាំ​ទៅមិញ។

ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ រដ្ឋការ​របស់​លោក​ដូណាល់ ត្រាំ នៅតែ​បង្ហាញ​នូវ​សុទិដ្ឋិនិយម ជុំវិញ​ដំណើរការ​ចរចា​ជាមួយ​កូរ៉េ​ខាងជើង ហើយ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ធ្លាប់​បាន​អះអាង កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ជំនួបកំពូល​លើកទី៣ រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន នៅ​តែ​​​មាន​លទ្ធភាព​អាច​កើតឡើង​បាន នាពេល​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ