អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កូរ៉េខាងត្បូងៈ ការអំពាវនាវ​អោយបញ្ចប់​ច្បាប់ហាមឃាត់​ការរំលូត​កូន ឡើងដល់តុលាការ​កំពូល

ចុះផ្សាយ​នៅ​ថ្ងៃ៖

កន្លងមក ក្រុមសកម្មជនកូរ៉េខាងត្បូង បានធ្វើការទាមទារអោយមានការកែប្រែនូវច្បាប់ហាមឃាត់ការរំលូតកូន នៅក្នុងប្រទេសកូរ៉េនេះ។ កាលពីខែកញ្ញា ឆ្នាំ២០១៧ ពួកគេបានដាក់ញត្តិមួយទៅកាន់ការិយាល័យប្រធានាធិបតី ដើម្បីស្នើសុំអោយលុបបំបាត់ចោលនូវច្បាប់ហាមឃាត់នេះ។ ចំណែកក្រុមអ្នកកាន់សាសនា ដែលតែងគាំទ្រនូវច្បាប់ហាមឃាត់ការរំលូតកូន ក៏បានដាក់ញត្តិទៅរដ្ឋាភិបាលផងដែរ ដើម្បីប្រឆាំងទៅនឹងញត្ដិស្នើសុំរបស់ក្រុមសកម្មជន។ ប្រធានបទនេះ នឹងត្រូវលើកយកទៅជជែកពិភាក្សានៅតុលាកំពូលនៃកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ខាងមុខ។

គេអាច​ដឹង​ភេទ​ទារកទៅហើយ​​ ពេល​ទារក​ក្នុងផ្ទៃ​មាន​អាយុ​៧សប្តាហ៍
គេអាច​ដឹង​ភេទ​ទារកទៅហើយ​​ ពេល​ទារក​ក្នុងផ្ទៃ​មាន​អាយុ​៧សប្តាហ៍ guetty/ MedicalRF
ផ្សាយពាណិជ្ជកម្ម

នៅកូរ៉េខាងត្បូង ច្បាប់ហាមឃាត់ការរំលូតកូនរបស់ស្រី្ត ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៥៣មកម្លេះ។ ច្បាប់នេះ អនុញ្ញាតិអោយមានការរំលូតកូន បានតែក្នុងករណីដែលស្ត្រីមានផ្ទៃពោះដោយសារត្រូវគេចាប់រំលោភ ករណីឪពុកនិងម្ដាយពុំអាចរៀបការដោយស្របតាមច្បាប់ និងក្នុងករណីដែលការពរពោះអាចធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពស្រ្តីជាម្ដាយ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងជាប្រទេសមួយ ដែលមានអត្រានៃការរំលូតកូន ខ្ពស់។ ប្រមាណ២០ភាគរយ នៃចំនួនស្រ្តីដែលមានផ្ទៃពោះ បានធ្វើការរំលូតកូន នេះបើយោងតាមទិន្នន័យរបស់វិទ្យាស្ថានអភិវឌ្ឍន៍ស្ត្រីរបស់ប្រទេសកូរ៉េ។ ផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនិងសុខុមាលភាពកូរ៉េ នៅក្នុងឆ្នាំ២០១០ មានករណីរំលូតកូនជិត២០ម៉ឺនករណី ហើយក្នុងនោះ មាន៩៤ភាគរយដែលធ្វើការរំលូតកូនដោយខុសច្បាប់។ នៅក្នុងប្រទេសកូរ៉េ ស្រ្តីដែលធ្វើការរំលូតកូនដោយខុសច្បាប់ ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ឬការពិន័យជាប្រាក់២លានវ៉ូន ដែលមានតម្លៃជិតស្មើ២ពាន់ដុល្លាអាមេរិក។ គ្រូពេទ្យដែលអនុវត្តការរំលូតកូន អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។

ក្រុមសកម្មជនមួយចំនួន បានធ្វើការប្រឆាំងទាមទារអោយមានការកែប្រែនូវច្បាប់ហាមឃាត់ការរំលូតកូននេះ។ ពួកគេអះអាងថា ការហាមឃាត់នេះ អាចបណ្ដាលអោយប៉ះពាល់ដល់សុខភាពស្ត្រីដែលមានផ្ទៃ ពីព្រោះស្ត្រីទាំងនោះត្រូវបង្ខំចិត្តទៅរកគ្រូពេទ្យពុំស្របច្បាប់ ដើម្បីទទួលការវះកាត់ពន្លូតកូន ហើយពួកគេពុំអាចទាមទារសំណងធានារ៉ាប់រងសុខភាព ពីក្រុមហ៊ុនធានារ៉ាប់រ៉ងរបស់ពួកគេបាននោះទេ។

ក្រុមសកម្មជន ប្រឆាំងច្បាប់ហាមឃាត់ការរំលូតកូន ធ្លាប់បានដាក់ញត្តិទៅរដ្ឋាភិបាលកាលពីឆ្នាំ២០១២ ក្នុងគោលបំណងស្នើអោយមានការលុបចោលនូវច្បាប់នេះ តែត្រូវរដ្ឋាភិបាលសម្រេចបដិសេធចោល។ កាលនោះ តុលាការកំពូលបានសម្រេច ដោយអះអាងថា ការមិនផ្តន្ទាទោសការរំលូតកូនថាជាបទល្មើសព្រហ្មទណ្ឌ នឹងបណ្ដាលអោយមានការរំលូតកូនកាន់តែច្រើនបន្ថែមទៀត។

សាធារណៈជនកូរ៉េខាងត្បូង បានបង្ហាញកាន់តែច្រើនឡើងនូវការចង់អោយមានការកែប្រែច្បាប់ហាមឃាត់ការរំលូត ដែលមានក្នុងប្រទេសនេះចំនួន៦៥ឆ្នាំមកហើយ។ ការដាក់ញត្តិទៅកាន់ការិយាល័យប្រធានាធិបតី ដើម្បីស្នើសុំអោយលុបបំបាត់ចោលនូវច្បាប់ហាមឃាត់នេះ បានធ្វើឡើងសារជាថ្មីម្ដងទៀត ចាប់តាំងពីខែកញ្ញាឆ្នាំ២០១៧។ ការដាក់ញត្តិលើកនេះ មានការចុះហត្ថលេខាគាំទ្រតាមប្រព័ន្ធអ៊ីនធ័រណែត ពីប្រជាជនកូរ៉េខាងត្បូងប្រមាណ ២៣ម៉ឺន ៥ពាន់នាក់។ ករណីនេះ នៅពុំទាន់ត្រូវបានដោះស្រាយរួចរាល់នោះទេ។ ករណីនេះ​ នឹងនេះនឹងត្រូវយកទៅជជែកដេញដោលសារជាថ្មី នៅស្ថាប័នតុលាការកំពូល នៅថ្ងៃទី២៤ ខែឧសភានេះ។

ក្រុមអ្នកសាសនាកាតូលិក តាំងពីដើមមកគាំទ្រនូវច្បាប់ហាមឃាត់ការរំលូតកូននេះ។ ពួកគេលើកឡើងថា នៅលើពិភពលោកនេះ ពុំមានអ្វីដែលសំខាន់ជាងជីវិតមនុស្សនោះទេ។ កាលពីថ្ងៃទី១១​ ខែឧសភាកន្លងទៅនេះ អង្គការប្រឹក្សាកាតូលិកកូរ៉េ ដែលហៅថា CLAK និង អង្គការស្ត្រីកាតូលិករបស់កូរ៉េ ក៏បានដាក់ញត្តិទៅតុលាការកំពូលផងដែរ ដើម្បីទាមទារអោយមានការរក្សាច្បាប់ប្រឆាំងនឹងការរំលូតកូននេះ។

យោងតាមការស្ទង់មតិមួយកាលពីខែវិច្ឆិកា ជនជាតិកូរ៉េ ជិត៥២ភាគរយគាំទ្រការលុបចោលច្បាប់ហាមឃាត់ការរំលូតកូន ហើយជាង៣៦ភាគរយគាំទ្រនូវច្បាប់នេះ។

ដើម្បីអាចលុបចោល ឬកែប្រែនូវច្បាប់រដ្ឋធម្មនុញ្ញមួយនេះបាន ត្រូវមានយ៉ាងហោចណាស់ចៅក្រមចំនួន៦រូបក្នុងចំណោម៩រូប ពីតុលាការកំពូលសម្រេចថា ប្រឆាំងការហាមឃាត់ការរំលូតកូន ឬចង់អោយមានការកែសម្រួលច្បាប់នេះឡើងវិញ។ រហូតមកដល់ពេលនេះ មានចៅក្រមចំនួន៦រូប ក្នុងចំណោម៩រូប ដែលមានសម្ដែងនូវការទទួលស្គាល់ក្នុងកម្រិតតិចឬច្រើនថា ការហាមប្រាមការរំលូតកូននាបច្ចុប្បន្ន គឺពិតជាបានរឹតបន្តឹងជ្រុលទៅលើស្ត្រី។

គួររំលឹកថា បច្ចុប្បន្ន ក្រៅពីកូរ៉េខាងត្បូងនៅមានប្រទេសមួយចំនួនទៀត ដែលនៅមានភាពតឹងរឹងហាមប្រាម​ការរំលូត​កូន។ ក្នុងនោះ នៅក្នុងសហភាព​អឺរ៉ុប មានដូចជា ប្រទេសអៀរឡង់​ខាងជើង និង​ប្រទេសប៉ូឡូញ ហើយក្រៅក្របខណ្ឌ​សហភាព​អឺរ៉ុប​វិញ​ មានប្រទេស​អង់ដរ បុរីវ៉ាទីកង់ និង​សាំងម៉ាតាំង។​ ក្រៅពី​ប្រទេស​អឺរ៉ុប​​ មាន​ប្រទេស​ជាង​១៥​ទូទាំងពិភពលោក ​​ហាមប្រាម​ការរំលូតកូន មាន​ដូចជា​ ហ្វីលីពីន ​កោះប៉ាឡាវ នៅ​អាស៊ី សេណេហ្កាល់ រឺ​ក៏​ម៉ាដាហ្កាស្កា។

ក្នុងសហភាព​អឺរ៉ុប ​ប្រទេស​សមាជិក​​​ភាគច្រើន មាន​​បារាំង បែលហ្ស៊ិក ហ្វាំងឡង់ ដាណឺម៉ាក ​​រឺ​​ក៏​ហុងគ្រី បាន​អនុញ្ញាត​អោយ​ស្ត្រី​មានផ្ទៃពោះ​រហូត​ដល់​១២សប្តាហ៍ អាច​រំលូត​កូន​បាន។

តែលទ្ធផលចុងក្រោយយ៉ាងណា ថាតើកូរ៉េខាងត្បូងនឹងទុកច្បាប់នេះនៅដដែល ឬធ្វើការកែប្រែ ឬលុបបំបាត់ចោលច្បាប់នេះតែម្ដង ពុំទាន់អាចដឹងច្បាស់នោះទេ រហូតដល់ការជជែកបោះឆ្នោតសម្រេចចុងក្រោយនៅតុលាការធម្មនុញ្ញដែលជាតុលាការកំពូលរបស់កូរ៉េខាងត្បូង នៅថ្ងៃទី២៤ ឧសភានេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ