អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រោយ​ដណ្តើម​កាន់កាប់​រដ្ឋសភា ​តើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ធ្វើអ្វី​លោកដូណាល់ ត្រាំ​បាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីរឆ្នាំក្រោយ​​ពី​លោក​ដូណាល់ ត្រាំ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង បាន​ឈ្នះឆ្នោត ដណ្តើម​កាន់កាប់​សំឡេង​ភាគច្រើន​នៅ​រដ្ឋ​សភា នៅ​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ កាល​ពីថ្ងៃ​អង្គារ។ ក៏ប៉ុន្តែ សំណួរ​​ចោទឡើង​ថា តាមរយៈ​សំឡេង​ភាគច្រើន​នៅ​រដ្ឋ​សភា​នេះ គណបក្ស​ប្រជាធិបតេយ្យ​អាច​មាន​អំណាច​ធ្វើ​អ្វី​បាន នៅ​ក្នុង​ពេល​ដែល​សំឡេង​ភាគច្រើន​នៅ​ឯ​​ព្រឹទ្ធសភា​នៅតែ​បន្ត​ស្ថិត​ក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ​ដដែល?

លោកស្រី Nancy Pelosi (គណបក្សប្រជាធិបតេយ្យ) ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នក​ដែល​អាច​ឡើងកាន់តំណែង​ជា​ប្រធានរដ្ឋសភា
លោកស្រី Nancy Pelosi (គណបក្សប្រជាធិបតេយ្យ) ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​អ្នក​ដែល​អាច​ឡើងកាន់តំណែង​ជា​ប្រធានរដ្ឋសភា REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

នៅ​អាមេរិក អំណាច​នីតិប្បញ្ញត្តិ​ស្ថិត​នៅ​ក្នុងដៃ​សភា​ទាំងពីរ គឺ​រដ្ឋសភា (សភាតំណាង) និង​ព្រឹទ្ធសភា។ ដូច្នេះ កាន់កាប់​សំឡេង​ភាគច្រើន​តែ​នៅ​ក្នុង​រដ្ឋសភាមួយ គណបក្ស​ប្រជាធិបតេយ្យ​នឹង​មិន​អាច​អនុម័ត​ច្បាប់​អ្វី​បាន​នោះទេ ប្រសិនបើ​គ្មាន​ការ​អនុម័ត​យល់ព្រម​ពី​សំណាក់​ព្រឹទ្ធសភា ដែល​សំឡេង​ភាគច្រើន​នៅតែ​បន្ត​ស្ថិត​ក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ។

លើសពីនេះ​ទៅទៀត អំណាច​ខ្លះ រួមមាន​ដូច​ជា​ការ​អនុម័តយល់ព្រម​លើ​ការ​តែងតាំង​ចៅក្រម ការតែងតាំង​រដ្ឋមន្រ្តី និង​ការ​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ ជាដើម គឺ​ជា​អំណាច​ផ្តាច់មុខ​របស់​ព្រឹទ្ធសភា ដោយ​មិន​ចាំបាច់​ឆ្លងកាត់​រដ្ឋសភា​នោះទេ។

ក៏ប៉ុន្តែ បើទោះបីជា​មិន​អាច​ធ្វើច្បាប់​ ហើយ​មិន​អាច​រារាំង​ការ​តែងតាំង​ចៅក្រម ឬ​រដ្ឋមន្រ្តី បាន​ក៏ដោយ តាមរយៈ​សំឡេង​ភាគច្រើន​នៅ​រដ្ឋ​សភា គណបក្ស​ប្រជាធិបតេយ្យ​អាច​មាន​លទ្ធភាព ក្នុងការ​រាំងខ្ទប់​នូវ​នយោបាយ​សំខាន់ៗ​របស់​លោក​ដូណាល់ ត្រាំ ប្រកប​ដោយ​ប្រសិទ្ធភាព ជាង​កាល​ពី​ក្នុង​រយៈពេល ២ឆ្នាំ​កន្លងទៅនេះ ដែល​អំណាច​ទាំងអស់​ ទាំង​រដ្ឋាភិបាល ព្រឹទ្ធសភា និង​រដ្ឋសភា ស្ថិត​នៅ​ក្នុង​ដៃ​គណបក្ស​សាធារណរដ្ឋ​តែ​ម្នាក់ឯង។

នយោបាយ​ចម្បងៗ​របស់​លោក​ដូណាល់ ត្រាំ រួមមាន​ដូចជា​ នយោបាយ​អន្តោប្រវេសន៍ ការកាត់បន្ថយ​ពន្ធដារ គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​គម្រោង​សាងសង់​ជញ្ជាំង នៅ​តាម​បណ្តោយ​ព្រំដែន​ជាប់​នឹង​ប្រទេស​ម៉ិចស៊ិច ជាដើម គឺ​សុទ្ធសឹង​តែ​ត្រូវការ​ការអនុម័ត​ច្បាប់​​ពី​សភា​ទាំងពីរ។ ដូច្នេះ បើ​សិន​ជា​គ្មាន​ការ​យល់ព្រម​ពី​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ទេនោះ លោក​ដូណាល់ ត្រាំ ប្រាកដ​ជា​នឹង​មិន​អាច​​អនុវត្ត​នូវ​នយោបាយ​អស់ទាំងនេះ​បានទេ។ លោក​ដូណាល់ ត្រាំ និង​គណបក្ស​សាធារណរដ្ឋ​ប្រាកដ​ជា​ត្រូវ​បង្ខំចិត្ត​ចរចា និង​ធ្វើ​សម្បទាន​ទៅតាម​ការ​ទាមទារ​របស់​គណបក្ស​ប្រជាធិបតេយ្យ ទើប​អាច​ដាក់ចេញ​នូវ​នយោបាយ​អស់ទាំង​នេះ​បាន។

ក្រៅពីនេះ នៅមាន​អំណាច​ដ៏​សំខាន់​មួយ​ទៀត ដែល​រដ្ឋសភា​មាន ហើយ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​អាច​​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ ត្រូវ​ប្រឈម​នឹង​បញ្ហា​ឈឺក្បាល នៅ​ក្នុង​រយៈពេល ២ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​ទីមួយ​របស់​លោក គឺ​អំណាច​ក្នុងការ​ស៊ើបអង្កេត​លើ​សកម្មភាព​របស់​រដ្ឋាភិបាល ឬ​លើ​រឿងអាស្រូវដែល​ជាប់​ទាក់ទង​នឹងលោក​ដូណាល់ ត្រាំ ឬ​មន្រ្តី​របស់​លោក។

បើ​យើង​ពិនិត្យ​មើ​លទៅ​លើ​អ្វី​ដែល​បាន​កើតឡើង នៅ​ក្នុង​រយៈពេល ២ឆ្នាំ​កន្លងទៅនេះ យើង​អាច​មើល​ឃើញ​ថា បញ្ហា​ចម្រូងចម្រាស ដែល​រដ្ឋសភា​អាច​បើក​ការ​ស៊ើបអង្កេត គឺ​មាន​ច្រើន រាប់ចាប់តាំង​ពី​កិច្ចការ​ជំនួញ​របស់​លោក​ដូណាល់ ត្រាំ ដែល​មាន​ការ​ចោទប្រកាន់​ពី​បទគេចពន្ធ ការ​បដិសេធ​របស់​លោក​ដូណាល់ ត្រាំ ក្នុងការ​បង្ហាញ​ជា​សាធារណៈ​នូវ​លិខិត​ប្រកាស​ពន្ធ​របស់​លោក ហើយ​កាន់តែ​ពិសេស​ជាងគេ គឺ​ការសង្ស័យ​ជុំវិញ​ទំនាក់ទំនង រវាងលោក​ដូណាល់ ត្រាំ និង​រុស្ស៊ី។

សំណុំរឿង​រុស្ស៊ី​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើបអង្កេត​ដោយ​រដ្ឋអាជ្ញាពិសេស ក៏ប៉ុន្តែ គណៈកម្មការ​នៃ​រដ្ឋសភា​ក៏​អាច​បើក​ការស៊ើបអង្កេត​​ព្រមគ្នា​នឹង​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស​នេះ​បាន​ផងដែរ។ នៅ​ក្នុង​ការ​ស៊ើបអង្កេត​នេះ គណៈកម្មការ​រដ្ឋសភា​មាន​អំណាច​ចេញ​ដីកា​បង្គាប់​ឲ្យ​​សាក្សី ឬ​ជនពាក់ព័ន្ធ​ណាមួយ​ប្រគល់​នូវ​ឯកសារ ឬ​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ នៅ​ក្នុង​សវនាការ ហើយ​សវនាការ​នេះ​​​អាច​បើក​ធ្វើ​ជា​សាធារណៈ។

លើសពីនេះ​ទៅទៀត រដ្ឋសភា​មាន​តួនាទី​ដ៏សំខាន់ នៅ​ក្នុងការ​កំណត់​អំពី​ចំណាត់ការ ទៅលើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​រដ្ឋអាជ្ញាពិសេស។ ទាក់ទង​នឹង​ចំណុចនេះ យើងឃើញ​ថា មាន​នីតិវិធី​ដ៏​សំខាន់​មួយ ដែល​គេ​តែងតែ​លើកយក​មក​និយាយ​ជារឿយៗ គឺ​នីតិវិធី​បោះឆ្នោត​ទម្លាក់​​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ពី​តំណែង។ នីតិវិធី​នេះ (ដែល​គេ​ហៅ​តាម​ភាសាអង់គ្លេស​ថា Impeachment) គឺ​​​ត្រូវ​ផ្តើម​ចេញ​ពី​រដ្ឋសភា ហើយ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​អនុម័ត​តែ​ក្នុង​សំឡេង​ភាគច្រើន​ធម្មតាតែ​ប៉ុណ្ណោះ ពោលគឺ សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​អាច​បោះឆ្នោត​អនុម័ត​តែឯង​បាន ដោយ​មិន​ចាំបាច់​ការគាំទ្រ​ពី​សមាជិក​មក​ពី​គណបក្ស​សាធារណរដ្ឋ។

ក្រោយ​ពី​​ទទួល​បាន​នូវ​ការ​អនុម័ត​ពី​រដ្ឋសភា​ហើយ នីតិវិធី​នៃ​ការ​ដកតំណែង​ប្រធានាធិបតី​ត្រូវ​ឆ្លងកាត់​ព្រឹទ្ធសភា​មួយ​ទៀត ក៏ប៉ុន្តែ នីតិវិធី​នៅ​ក្នុង​​ព្រឹទ្ធសភានេះ​ គឺ​ស្មើ​នឹង​ដំណើរការ​ជំនុំជម្រះទោស​នៅ​តុលាការ ដែល​​​មាន​សវនាការ​ដេញដោល និង​ការ​បង្ហាញ​ភស្តុតាង ដោយ​​នៅ​ក្នុងនោះ​ ប្រធាន​តុលាការ​កំពូល​ដើរតួនាទី​ជា​ប្រធាន​អង្គជំនុំជម្រះ តំណាង​រដ្ឋសភា​មាន​តួនាទី​ជា​អយ្យការ​ដឹកនាំ​ការ​ចោទប្រកាន់ ហើយ​សមាជិក​ព្រឹទ្ធសភា គឺ​ជា​គណៈវិនិច្ឆ័យ។

ជាការ​ពិតណាស់​ថា គេ​ត្រូវការ​ចាំបាច់​នូវ​ការ​​អនុម័ត​យល់ព្រម​ដោយ​សំឡេង ២ភាគ៣ នៃ​គណៈវិនិច្ឆ័យ ពោល​គឺ​សមាជិក​​​ព្រឹទ្ធសភា ទើប​អាច​កំណត់​នូវ​ពិរុទ្ធភាព ហើយ​ដក​តំណែង​ប្រធានាធិបតី​បាន។ ក៏ប៉ុន្តែ បើទោះបីជា​នៅ​ទីបំផុត​ទៅ ព្រឹទ្ធសភា​មិន​អនុម័ត​​យល់ព្រម​លើ​ការ​ដកតំណែង​ក៏ដោយ គ្រាន់តែ​ដំណើរការ​នៃ​នីតិវិធី​នេះ​ក៏​អាច​បង្ក​នូវ​បញ្ហាឈឺក្បាល​យ៉ាងខ្លាំង​ដែរ ដល់​លោក​ដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ