អានតួអត្ថបទ
ចិន

ចិន​មាន​មហាសេដ្ឋី​ទឹកប្រាក់​ជាង​១លាន​ដុល្លារ ច្រើន​ជាង​១​លាន​នាក់

កំណើន​សេដ្ឋកិច្ច​ និង​កំណែ​ទម្រង់​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយនេះ​បាន​ធ្វើ​ឲ្យ​ចំនួន​មហាសេដ្ឋី នៅ​ប្រទេស​ចិន​កើនឡើង​ជា​លំដាប់។ យោង​តាម​ការចុះផ្សាយ​របស់​ទស្សនាវដ្តី​ចិន​ នៅក្នុង​ទីក្រុង​ប៉េកាំង ចំនួន​មហាសេដ្ឋី​ចិន​ដែល​មាន​ទឹកប្រាក់​ចាប់​ពី​​១​លាន​ដុល្លារ​ឡើងទៅ មាន​ចំនួន​កើនឡើង​ច្រើន​ជាង​ ១លាន​នាក់។ ការកើនឡើង​នៅក្នុង​លក្ខណៈ​ថេរ​បាន​ធ្វើ​ឲ្យ​ចិន​ក្លាយ​ជា​ប្រទេស​ធំ​ទីពីរ បន្ទាប់ពី​អាមេរិក​ដែល​មាន​មហាសេដ្ឋី​សំបូរ​ប្រាក់​រាប់​លានដុល្លារ ច្រើន​ជាង​គេ​នៅក្នុង​ពិភពលោក។ 

ទឹកប្រាក់​យ័ន​នៅទីផ្សារ​ចិន
ទឹកប្រាក់​យ័ន​នៅទីផ្សារ​ចិន REUTERS/Kim Kyung-Hoon/Files
ផ្សាយពាណិជ្ជកម្ម

បើតាម​ទស្សនាវដ្តី​ចិន ឈ្មោះ ហ៊ូរុន (Hurun) ដែល​តែង​តែ​ស្រង់​ចំនួន​មហាសេដ្ឋី​ចិន​ជា​រៀងរាល់​​ឆ្នាំ ​អ្នកមាន​ចិន​ដែល​មាន​ទឹកប្រាក់​ច្រើន​ជាង​១​លាន​ដុល្លារ​បាន​កើនចំនួន​៣,៨​ភាគរយ បន្ថែម​ទៀត បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន។ ទស្សនាវដ្តី​មិន​បាន​បញ្ជាក់​ចំនួន​សរុប​ពិតប្រាកដ​នៃ​ចំនួន​មហាសេដ្ឋី​ដែល​មាន​ទឹកប្រាក់ច្រើន​ជាង​១​លាន​ដុល្លារ​ទេ ប៉ុន្តែ គ្រាន់​តែ​បង្ហាញ​ចំនួន​អ្នកមាន​ មហាមាន ពោល​គឺ​អ្នកដែល​មាន​ទឹកប្រាក់​ច្រើន​ជាង​១៦លាន​ដុល្លារ​នៅ​ប្រទេស​ចិន បាន​កើន​ដល់​ចំនួន​ជិត៦៧ ០០០​នាក់។

 

យោងតាម​របាយការណ៍​របស់​ទស្សនាវដ្តី​ដដែល ចំនួន​មហាសេដ្ឋី​ចិន​នៅ​តែ​កើនឡើង នោះបើទោះបី​ជា​មាន​នយោបាយ​រឹតត្បិត​ថវិកា និង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ចិន​ក្តី។ តាំងពី​ចូល​កាន់តំណែង​ជាប្រធានាធិបតី​ចិនមក លោក​ស៊ី ជីនពីង​បាន​ចាប់​អនុវត្ត​នយោបាយ​រឹតត្បិត​ ដែល​បាន​ប៉ះពាល់​ខ្លាំង​ដល់​ទីផ្សារ​​ផលិត​ប្រណិត​របស់​ក្រុមអ្នកមាន​ចិន។

 

ទីក្រុង​សៀងហៃ និង​ក្វាងទុង​ស្ថិតនៅលំដាប់​​ថ្នាក់​បន្ទាប់​ពី​ទីក្រុង​ប៉េកាំង ខាង​សំបូរ​អ្នកមាន មហាសេដ្ឋី។ តាម​របាយការណ៍​ដដែល បើសេដ្ឋកិច្ច​ចិន​នៅតែ​បន្ត​កើនឡើង​ ក្នុង​រយៈពេល​បីឆ្នាំ​ទៅមុខ នោះ​ចំនួ​ន​មហាសេដ្ឋី​ចិន នឹង​កើន​ដល់​ជាង​ ១លាន​ ២​សែននាក់ គឺ​ជិត​ស្មើ​អាមេរិក ដែល​មាន ចំនួន ១លាន ២សែន ៥ម៉ឺននាក់ នៅ​ឆ្នាំ ២០១៤​នេះ​​​។ នៅប្រទេស​ចិន គេ​រក​ឃើញថា អ្នកដែល​មាន​ប្រាក់​ច្រើន​ជាង​១​លាន​ដុល្លារ​ឡើងទៅ គឺ​អ្នកជំនួញ អ្នកវិនិយោគ​ខាង​ទីផ្សារ​ភាគហ៊ុន និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ដែល​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​កប់​ពពក។

 

ជាមួយ​នឹង​ចំនួន​​មហាសេដ្ឋី​ច្រើន​ជាង​១​លាន​នាក់ ​ចិន​វ៉ា​ដាច់​ប្រទេស​ជប៉ុន​ និង​ស្ថិតនៅក្រោយ​ប្រទេស​អាមេរិកតែ​ប៉ុណ្ណោះ។ ប៉ុន្តែ បើ​និយាយ​ពី​​សមាមាត្រ​របស់​មហាសេដ្ឋី​ ទៅ​នឹង​ចំនួន​សរុប​របស់​ប្រជាជន ចិន​ស្ថិតនៅចុង​បញ្ជី​ឆ្ងាយ​ហៅមិនលឺ។ សហរដ្ឋ​អាមេរិកដែល​សំបូរ​មនុស្ស​មានទឹកប្រាក់​ច្រើន​ជាង​១​លាន​ដុល្លារ បាន​ត្រឹម​ស្ថិតនៅ​ចំណាត់​ថ្នាក់​ទី ៧ ចំណែក​ចំណាត់​ថា្នក់​ទីមួយ សម្រាប់​ប្រទេស​ដែល​សំបូរ​មហាសេដ្ឋី​ច្រើន បើប្រៀបធៀប​នឹង​ចំនួន​ប្រជាជន​នោះ​បានធ្លាក់​ទៅលើ​ប្រទេស​ផលិត​ប្រេង​ដ៏​តូច គឺ​កាតា បន្ទាប់មក គឺ​ប្រទេស​ស្វ៊ីស៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ