អានតួអត្ថបទ

សង្រ្គាមពាណិជ្ជកម្ម៖ ​ចិន​សងសឹក​ដោយ​ប្រកាស​ដំឡើងពន្ធ​លើ​ទំនិញអាមេរិក​៦០ពាន់លានដុល្លារ

នៅថ្ងៃ​ចន្ទ​នេះ ចិន​បាន​ប្រកាស​​ដំឡើងពន្ធ​លើ​ទំនិញ​ប្រមាណ​ជា ៦០ពាន់លាន​ដុល្លារ ដែល​នាំចូល​ពី​សហរដ្ឋ​អាមេរិក ដើម្បី​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​ដំឡើង​ពន្ធ​​ដែល​លោក​ដូណាល់ ត្រាំ បាន​ដាក់​លើ​ទំនិញ​ចិន ២០០ពាន់លាន​ដុល្លារ កាល​ពីថ្ងៃ​សុក្រ​កន្លងទៅ។ ភាពតានតឹង​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំងពីរ​នេះ បាន​ធ្វើ​ឲ្យ​ទីផ្សារ​មូលបត្រ​​​​ត្រូវ​ធ្លាក់​ចុះ​នៅ​ស្ទើរតែ​គ្រប់​កន្លែង​នៅ​ទូទាំង​ពិភពលោក។

ចិន​ប្រកាស​​ដំឡើងពន្ធ​ក្នុងចន្លោះ​ពី ៥% ទៅ ២៥% លើ​មុខទំនិញ​ជាង​៥ពាន់​មុខ ដែល​នាំចូល​ពី​សហរដ្ឋ​អាមេរិក ក្នុង​ទំហំ​ជា​ទឹកប្រាក់​សរុបប្រមាណ​ជា ៦០ពាន់លាន​ដុល្លារ
ចិន​ប្រកាស​​ដំឡើងពន្ធ​ក្នុងចន្លោះ​ពី ៥% ទៅ ២៥% លើ​មុខទំនិញ​ជាង​៥ពាន់​មុខ ដែល​នាំចូល​ពី​សហរដ្ឋ​អាមេរិក ក្នុង​ទំហំ​ជា​ទឹកប្រាក់​សរុបប្រមាណ​ជា ៦០ពាន់លាន​ដុល្លារ REUTERS/Aly Song
ផ្សាយពាណិជ្ជកម្ម

ចិន​នឹង​ដំឡើងពន្ធ​ក្នុងចន្លោះ​ពី ៥% ទៅ ២៥% លើ​មុខទំនិញ​ជាង​៥ពាន់​មុខ ដែល​នាំចូល​ពី​សហរដ្ឋ​អាមេរិក ក្នុង​ទំហំ​ជា​ទឹកប្រាក់​សរុបប្រមាណ​ជា ៦០ពាន់លាន​ដុល្លារ ហើយ​ការ​ដំឡើងពន្ធ​នេះ​នឹង​ចាប់ចូល​ជា​ធរមាន នៅថ្ងៃ​ទី១​មិថុនា​ខាងមុខ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ហិរញ្ញវត្ថុ​ចិន ចេញផ្សាយ​នៅថ្ងៃ​ចន្ទ។

រដ្ឋាភិបាល​ក្រុងប៉េកាំង​បាន​ចេញ​សេចក្តីប្រកាស​ដំឡើងពន្ធ​នេះ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក​ដូណាល់ ត្រាំ បាន​​សរសេរ​នៅលើ​ធ្វីតធ័រ​​​ព្រមាន​ចិន​កុំ​ឲ្យ​ចាត់វិធានការ​តប​នឹង​ការ​ដំឡើង​ពន្ធ​​លើ​ទំនិញ​ចិន ២០០ពាន់លាន​ដុល្លារ ដែល​លោក​បាន​ដាក់ កាល​ពីថ្ងៃ​សុក្រ។

គួររំឭកឡើងវិញ​ថា ក្រៅ​ពី​បាន​សម្រេច​ដំឡើងពន្ធ​​លើ​ការ​នាំចូល​ទំនិញ​ចិន​ចំនួន ២០០ពាន់លាន​ដុល្លារ លោក​ដូណាល់ ត្រាំ ក៏​បាន​ព្រមាន​ផងដែរ​ថា នឹង​ដំឡើងពន្ធ​លើ​ទំនិញ​ចិន​ប្រមាណ​ជាង ៣០០ពាន់លាន​ដុល្លារ​ផ្សេងទៀត ពោលគឺ គ្រោង​ដំឡើងពន្ធ​លើ​គ្រប់​មុខ​ទំនិញ​ទាំងអស់ ដែល​នាំចូល​ពី​ចិន​ទៅកាន់​សហរដ្ឋ​អាមេរិក។

ថ្លែងនៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ នៅ​ថ្ងៃ​ចន្ទ មន្រ្តី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​លើកឡើង​ថា ការ​ដំឡើងពន្ធ​ដាក់​គ្នា​ទៅវិញ​ទៅមក​នេះនឹង​មិន​អាច​ដោះស្រាយ​បញ្ហា​អ្វី​បាន​នោះទេ ហើយ​ថា ចិន​ក៏​​​គ្មាន​ថ្ងៃ​​នឹង​​​សុខចិត្ត​ចុះចាញ់​ ដោយ​ការ​ដាក់សម្ពាធ​ពី​សំណាក់ប្រទេស​ខាង​ក្រៅ​ណាមួយ​​នោះដែរ។

ទោះជាយ៉ាងណា ភាគី​ទាំងពីរ​នៅតែ​បន្ត​បង្ហាញ​ពី​ជំហ​បើក​ទ្វារ​ចំហ​ក្នុងការ​បន្ត​ការចរចា​តទៅទៀត ហើយ​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោក​ដូណាល់ ត្រាំ បាន​ប្រាប់​ទូរទស្សន៍​អាមេរិក កាល​ពីថ្ងៃ​អាទិត្យ​ថា លោក​ដូណាល់ ត្រាំ និង​លោក​ស៊ី ជីនពីង អាច​នឹង​ជួបគ្នា នៅ​ក្រៅ​ជំនួបកំពូល​ក្រុម​ប្រទេស G20 ដែល​នឹង​បើក​ធ្វើ នៅ​ក្នុង​ទីក្រុង​អូសាកា ប្រទេស​ជប៉ុន នៅ​ចុងខែមិថុនាខាងមុខ ដើម្បី​ជជែក​គ្នា​អំពី​បញ្ហា​ពាណិជ្ជកម្ម​នេះ។

ពី​ខាង​ភាគី​ចិន​វិញ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​លើកឡើង​ថា ប្រមុខដឹកនាំ​ចិន និង​អាមេរិក ​នៅតែ​បន្ត​ទាក់ទង​ជជែក​គ្នា តាម​​មធ្យោបាយ​ផ្សេងៗ ក៏ប៉ុន្តែ ទោះជា​យ៉ាងណា មន្រ្តី​អ្នក​នាំពាក្យ​រូបនេះ​មិន​បាន​បញ្ជាក់​​ទេ​ថា តើ​​​លោក​ស៊ី ជីនពីង​ពិត​ជា​គ្រោង​ជួប​លោក​ដូណាល់ ត្រាំ នៅ​​ក្រៅ​ជំនួបកំពូល​ G20 នៅ​ចុងខែ​ក្រោយ​នេះ​មែន​ឬ​ក៏​យ៉ាងណា?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ