អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជំនួប​កំពូល​នៃ «អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ច​ប្រជុំ​កំពូល​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​១១ និង ១២ កញ្ញា​ ក្នុង​ក្រុង​ឌូហ្សានបេ​ រដ្ឋធានី​ប្រទេស​តាហ្ស៊ីគីស្ថាន នៅ​តំបន់​អាស៊ី​កណ្តាល ដោយ​មានការ​អញ្ជើញ ចូលរួម ពី​ប្រមុខរដ្ឋ​នៃ​ប្រទេស​ជា​សមាជិក​ទំាង​៦ គឺ សាធារណរដ្ឋ​ប្រជាមានិត​ចិន សហព័ន្ធ​រុស្ស៊ី សាធារណរដ្ឋ​កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និង​តាដហ្ស៊ីគីស្ថាន​ ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ។ ក្នុង​របៀប​វារៈ មាន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​​​ធំៗ ជាពិសេស ក្នុង​វិស័យ​ថាមពល និង​បញ្ហា​សន្តិសុខ​អន្តរជាតិ ក្នុង​បរិបទ​ស្ថានការណ៍​នៅ​អ៊ុយក្រែន ជាដើម។

ប្រធានាធិបតី​រុស្ស៊ី ពូទីន និង ប្រធានាធិបតី​ចិន ស៊ី ជីងពីន ក្នុងឱកាស​ជំនួបអង្គការ​សហប្រតិបត្តិការណ៍​ក្រុង​សៀងហៃ នៅតាដហ្ស៊ីគីស្ថាន ថ្ងៃទី​១១ កញ្ញា ២០១៤
ប្រធានាធិបតី​រុស្ស៊ី ពូទីន និង ប្រធានាធិបតី​ចិន ស៊ី ជីងពីន ក្នុងឱកាស​ជំនួបអង្គការ​សហប្រតិបត្តិការណ៍​ក្រុង​សៀងហៃ នៅតាដហ្ស៊ីគីស្ថាន ថ្ងៃទី​១១ កញ្ញា ២០១៤ REUTERS/Mikhail Klimentyev
ផ្សាយពាណិជ្ជកម្ម

វា​មិនមែន​ចៃដន្យ​ទេ​ដែល ​« អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ »​ ត្រូវ​គេ​ដាក់​ឈ្មោះ​បែប​នេះ។ ការពិត​គឺ​នៅ​ក្រុង​សៀងហៃ​នេះ​ឯង ដែល​ក្នុង​ឆ្នាំ ១៩៩៦ ប្រធានាធិបតីនៃ​ប្រទេស​៥ ពោល​គឺ ម្ខាង​មាន​ចិន ម្ខាង​ទៀត មាន​រុស្ស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាដហ្ស៊ីគីស្ថាន ជា៤ប្រទេសនៃអតីតសហភាពសូវៀត មាន​ព្រំដែន​ជាប់​នឹង​ចិន​ផ្ទាល់​ បាន​ចុះ “កិច្ចព្រមព្រៀង​ស្តី​អំពី​ការ​ជឿ​ទុកចិត្ត​គ្នា​ ក្នុង​វិស័យ​យោធា និង​ស្តី​អំពី​ការ កាត់​បន្ថយ​ដូចគ្នា ចំនួន​កង​កម្លាំង​ប្រដាប់​អាវុធ ប្រចាំ​នៅ​តាម​ព្រំដែន​រួម​នោះ”។ ឯកសារ​នោះ ត្រូវ​បាន​ប្រសិទ្ធិនាម​ថា “បញ្ចសៀងហៃ” ដោយ​មាន​៥ប្រទេស ជា​ហត្ថលេខី។

 
លុះ​ក្នុង​ឆ្នាំ២០០១ ប្រទេស​៥​នោះ បាន​សម្រេច​បង្កើត​ឡើង​ជា អង្គការ​អន្តរជាតិ​ប្រចាំ​តំបន់ ក្រោម​ឈ្មោះ​ថា « អង្គការ​សហប្រតិបត្តិការ​ក្រុង​សៀងហៃ » ហៅ​កាត់​ថា OCS ដោយ​បាន​ទទួល ប្រទេស​មួយ​ទៀត នៅ​តំបន់​អាស៊ី​កណ្តាល​ដែរ គឺ អ៊ូសបេគីស្ថាន ឲ្យ​ចូល​ជា​សមាជិក​ទី៦។ គោល​ដៅ ចោទ​ដោយ​អង្គការ​នេះ គឺ​ពង្រឹង​បរិយាកាស​ជឿ​ទុកចិត្ត​គ្នា មិត្តភាព និង រួមរស់ ភូមិផង​របង​ល្អ រវាង​រដ្ឋ​សមាជិក ព្រមទាំង​រួមគ្នា ទប់ទល់​នឹង​ភេរវ​និយម ប្រយុទ្ធ​ទល់​នឹង​ចរាចរណ៍​គ្រឿងញៀន ឧក្រិដ្ឋកម្ម​ឆ្លងដែន នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់​ជាដើម។

OCS មាន​ដែន​ដី ដល់​ទៅ ៣០លាន គីឡូម៉ែត្រការ៉េ ឬ ៦០% នៃ​ដែនដី​ទ្វីប​អាស៊ី​និ​ងអឺរ៉ុប។ រស់នៅ​លើ​ដែនដី​អង្គការ​នេះ គឺ មាន បណ្តាជន ១៥០០ លាន​នាក់ ឬ ប្រមាណ​១ភាគ៤ នៃ​បណ្តាជន​លើ​ផែនដី។ គ្រាន់​តែ​មហា​ប្រទេស​ចិន​មួយ ដែល​មាន​ទំហំ​ផលិតផល​សរុប​ផ្ទៃ​ក្នុង ជាប់​លំដាប់​ទី២ នៅ​ក្នុង​លោក ចាញ់​តែ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ គឺ​ស​ឲ្យ​ឃើញ ពី​សក្តានុពល​សេដ្ឋកិច្ច​របស់​អង្គការ OCS ទៅ​ហើយ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ​ថា រំលង​៣​ឆ្នាំ ក្រោយ​ពី​ខ្លួន​បាន​ប្រសូត​មក​ជា​ផ្លូវការ ពោល​គឺ ក្នុង​ឆ្នាំ​២០០៤ អង្គការ OCS បាន​ទទួល ប្រទេស​ម៉ុងហ្គោលី ឲ្យ​ចូល​ជា​សមាជិក​សង្កេតការណ៍ ហើយ​នៅ​ឆ្នាំ​ក្រោយៗ​មក មាន​ប្រទេស​ធំៗ​បី​ទៀត​នៅ​អាស៊ី គឺ ឥណ្ឌា ប៉ាគីស្ថាន អ៊ីរ៉ង់ បាន​ទទួល​លក្ខន្តិកៈ ​ជាសមាជិក​សង្កេតការណ៍​ដែរ ហើយ​ចាប់​ពី​ឆ្នាំ​២០០៩​មក ប្រទេស សេរីលង្កា និង បេឡារុស បាន​ក្លាយ​ទៅ​ជា​ដៃ​គូ​សំវាទ​របស់ OCS។ លុះ​ក្នុង​ឆ្នាំ​២០១២ OCS បាន​ទទួល ប្រទេស អាហ្វហ្កានីស្ថាន ជា​សមាជិក​សង្កេតការណ៍ និង ប្រទេស​ទួកគី ត្រូវ​បាន​ចាត់ទុក ជា ដៃគូ​សំវាទ​ទី៣ របស់ OCS។ ដូច្នេះ ក្នុង​ដំណាក់​ឥឡូវ អង្គការ OCS មាន ៦​ប្រទេស​ជា​សមាជិក​ពេញ​លក្ខណៈ ៥​ប្រទេស​ជា​សមាជិក​សង្កេតការណ៍ និង​៣​ប្រទេស​ជា​ដៃគូ​សំវាទ​ បាន​ន័យ​ថា វត្តមាន​ចូលរួម​ក្នុង​ជំនួប​កំពូល គឺ​មេ​ដឹកនាំ​នៃ​១៤​ប្រទេស​ឯណោះ។

ជំនួប​កំពូល​លើក​នេះ ដែល​ធ្វើ​នៅ​រដ្ឋធានី តាដហ្ស៊ីគីស្ថាន គិត​តាម​លេខ​រៀង ជា​លើក​ទី១៤ ហើយ​សាច់​រឿង​សំខាន់​ ត្រូវ​គេ​លើក​មក​ពិភាក្សា នៅ​ថ្ងៃ​ទី​១២​កញ្ញា​នេះ​តែ​ម្តង។ ថ្ងៃ​១១ កញ្ញា ម្សិលមិញ ជា​ជំនួប​ទ្វេភាគី ដាច់​ដោយឡែកៗ រវាង​ប្រមុខរដ្ឋ​ទាំង​នោះ។ ឧទាហរណ៍ លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី ពូទីន បាន​ជួប​ប្រាស្រ័យ ជាមួយ​សមភាគី​ចិន លោក ស៊ីជីនពីង និង​ប្រមុខ​រដ្ឋ​ឯ​ទៀត ។ មធ្យោបាយ​ឃោសនា​មហាជន នៅ​ទី​នោះ បាន​ផ្សាយ​អំពី​ជំនួប​ទ្វេភាគី​ទាំងនេះ​ ហើយ​បាន​ផ្គើន​ចំអក​ដល់​សម្តី​លោក ប្រធានាធិបតី​អាមេរិក អូបាម៉ា ដែល​បាន​ថ្លែង​ក្តែងៗ​ថា បស្ចិម​លោក នឹង​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់​លើ​រុស្ស៊ី​ ហើយ​ដាក់​ឲ្យ​រុស្ស៊ី​ស្ថិត​នៅ​ឯកោ​លើ​ឆាក​អន្តរជាតិ។

ទន្ទឹម​នឹង​ប្រធានបទ​ចម្បងៗ​នៃ​ជំនួប ស្តី​អំពី គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ ជាពិសេស វិស័យ​ថាមពល និង​បញ្ហា​សន្តិសុខ​អន្តរជាតិ ក្នុង​របៀវារៈ​ក៏​នឹង​មាន​ការ​ពិភាក្សា អំពី​នីតិវិធី​សម្រាប់​ទទួល សមាជិក​សង្កេតការណ៍​ខ្លះ​ ដូចជា​ឥណ្ឌា និង​អ៊ីរ៉ង់ ​ដែល​ប្រាថ្នា​ក្លាយ​ទៅជា​សមាជិក​ពេញ​លក្ខណៈ​តែម្តង។ បញ្ហា​នេះ តាម​វិមាន​ក្រេមឡាំង​ប្រកាស​ឲ្យ​ដឹង នឹង​ត្រូវ ដោះស្រាយ​នៅ​ឆ្នាំ​ក្រោយ ពេល​ដែល​រុស្ស៊ី ដល់​វេន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ទទួល​ជំនួប​កំពូល OCS

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ