អានតួអត្ថបទ

លោកដូណាល់ត្រាំ​ប្រើសិទ្ធិវ៉េតូ​ប្រឆាំងនឹង​បម្រាម​លក់​សព្វាវុធ​ទៅឲ្យ​អារ៉ាប៊ីសាអ៊ូឌីត

កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ លោក​ដូណាល់ ត្រាំ បាន​ប្រើសិទ្ធិ​វ៉េតូ​ជា​ប្រធានាធិបតី ដើម្បី​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​សភា​អាមេរិក ដែល​ហាមឃាត់​ការ​លក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត។ នេះ​មានន័យថា ការ​លក់​អាវុធ​ក្នុងទឹកប្រាក់​រហូតដល់​ទៅ​ប្រមាណ​ជាង ៨ពាន់លាន​ដុល្លារ​ អាច​នឹង​ធ្វើ​ទៅ​បាន​តាម​ការគ្រោងទុក លើកលែងតែ​ព្រឹទ្ធសភា​អាមេរិក​អាច​រក​សំឡេង២ភាគ៣ ដើម្បី​យក​ឈ្នះ​លើ​សិទ្ធិវ៉េតូ​របស់​លោក​ដូណាល់ ត្រាំ​។

លោកដូណាល់ ត្រាំ នៅឯសេតវិមាន ថ្ងៃទី២៤ កក្កដា ២០១៩
លោកដូណាល់ ត្រាំ នៅឯសេតវិមាន ថ្ងៃទី២៤ កក្កដា ២០១៩ REUTERS/Mary F. Calvert
ផ្សាយពាណិជ្ជកម្ម

សភា​អាមេរិក តាមរយៈ​សេចក្តីសម្រេច​ ​អនុម័ត កាល​ពីថ្ងៃ​ទី១៧កក្កដា​​សប្តាហ៍​មុននេះ ហាមឃាត់​មិន​ឲ្យ​អាមេរិក​លក់គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត និង​អេមីរ៉ាតអារ៉ាប់រួម ដោយសារ​តែ​គេ​មិនសប្បាយចិត្ត​នឹង​អារ៉ាប៊ីសាអ៊ូឌីត ជុំវិញ​ការ​សម្លាប់​អ្នក​កាសែត Jamal Khashoggi ផង និង​ជុំវិញ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន​នោះផង ដែល​បាន​អូសបន្លាយពេល​តាំង​ពី​ឆ្នាំ២០១៥មក ហើយ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​រហូតដល់​ទៅ​ជិត ១ម៉ឺននាក់ និង​ប្រជាជន​រាប់លាន​នាក់ផ្សេងទៀត​ត្រូវ​ប្រឈម​នឹង​គ្រោះអត់ឃ្លាន។

ក៏ប៉ុន្តែ លោក​ដូណាល់ ត្រាំវិញ នៅ​ក្នុង​លិខិត​ពន្យល់​អំពី​ការ​ប្រើ​សិទ្ធិវ៉េតូ​របស់​លោក បាន​លើកឡើង​ថា ការ​ហាមឃាត់​ការ​លក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត នឹង​ធ្វើ​ឲ្យ​ប៉ះពាល់ទៅដល់​ភាពប្រកួតប្រជែង​របស់​អាមេរិក​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ប៉ះពាល់​ទៅដល់​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​សម្ព័ន្ធមិត្ត ដែល​អាមេរិក​កំពុងត្រូវការ នៅ​ក្នុង​ការ​ទប់ទល់​នឹង​​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ​ពី​សំណាក់អ៊ីរ៉ង់។

លើសពីនេះ​ទៅទៀត សម្រាប់​លោក​ដូណាល់ ត្រាំ ការ​ហាមឃាត់​ការ​លក់គ្រឿងសព្វាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​នឹង​មិន​ជួយ​ឲ្យ​សង្រ្គាម​យេម៉ែនត្រូវ​បញ្ចប់​ឆាប់ៗ​នោះទេ ផ្ទុយ​ទៅវិញ ការណ៍​ដែល​អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត មិន​អាច​ទិញអាវុធ​ទំនើបៗ​មក​ប្រើ​បាន វា​នឹង​អូសបន្លាយ​សង្រ្គាម​នេះ​ទៅវិញ​ទេ ដែល​នឹងធ្វើ​ឲ្យ​ប្រជាជន​យេម៉ែន​កាន់តែ​រងទុក្ខវេទនា​កាន់តែ​ខ្លាំងថែមទៀត។

គួររំឭកឡើងវិញ​ថា សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​កើតឡើង រវាង​ម្ខាង ​រដ្ឋាភិបាល ដែល​គាំទ្រ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត និង​ម្ខាងទៀត ​ក្រុម​ឧទ្ទាម​ហ៊ូទី ដែលគាំទ្រ​ដោយ​អ៊ីរ៉ង់។

ក្រោយ​ពី​ត្រូវ​លោក​ដូណាល់ ត្រាំ ប្រើសិទ្ធិវ៉េតូ សេចក្តីសម្រេច​ហាមឃាត់​ការលក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​អារ៉ាប៊ីសាអ៊ូឌីត​​និង​សម្ព័ន្ធមិត្ត​នេះ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ឲ្យ​ព្រឹទ្ធសភា ដែល​នឹង​ធ្វើការ​បោះឆ្នោត​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខទៀត​នេះ​ ហើយ​ដើម្បីអាច​យក​ឈ្នះ​លើ​សិទ្ធិវ៉េតូ​របស់​ប្រធានាធិបតី​បាន ព្រឹទ្ធសភា​ត្រូវការ​សំឡេង​ភាគច្រើន​​រហូត​ដល់​ទៅ ២ភាគ៣ឯណោះ ដែល​ជា​សំឡេង​ដ៏ច្រើន​ពិបាក​នឹង​ស្វែងរក បើ​គេ​មើល​ទៅលើ​សមាសភាព​ព្រឹទ្ធសភា​បច្ចុប្បន្ន​ ដែល​ភាគច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ ហើយ​ក្នុង​ចំណោម​នោះ មាន​មួយផ្នែក​ធំ គឺ​ជា​សម្ព័ន្ធមិត្ត​របស់​លោក​ដូណាល់ ត្រាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ