តើចិននៅមានអាវុធអ្វីទៀតសម្រាប់ប្រើក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៤
គិតមកទល់នឹងថ្ងៃចន្ទកន្លងទៅនេះ នៅក្នុងសង្រ្គាមពាណិជ្ជកម្មរយៈពេលជិតមួយឆ្នាំកន្លងទៅនេះ អាមេរិកបានដំឡើងពន្ធលើទំនិញចិនគិតជាសរុបចំនួន ២៥០ពាន់លានដុល្លាររួចមកហើយ ចំណែកចិនវិញបានដំឡើងពន្ធលើទំនិញអាមេរិកចំនួន ១១០ពាន់លានដុល្លារ។ បន្ទាប់ពីនេះទៅ អាមេរិកនៅមានលទ្ធភាពដំឡើងពន្ធលើទំនិញចិនប្រមាណជា ៣០០ពាន់លានដុល្លារទៀតដែលនៅសេសសល់ ហើយដែលលោកដូណាល់ ត្រាំ បានលើកយកមកគំរាមចិនរួចទៅហើយ កាលពីថ្ងៃសុក្រកន្លងទៅ។ ចំណែកឯចិនវិញ ដែលនាំចូលទំនិញពីអាមេរិកត្រឹមតែប្រមាណជា ១២០ពាន់លានដុល្លារក្នុងមួយឆ្នាំនោះ គឺស្ទើរតែលែងមានមុខទំនិញដែលអាចដំឡើងពន្ធទៀតបានហើយ។ ក៏ប៉ុន្តែ ចិននៅមានអាវុធផ្សេងទៀត ដើម្បីយកមកតទល់ជាមួយនឹងអាមេរិក។
នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក បើនិយាយពីការដំឡើងពន្ធនាំចូលលើគ្នាទៅវិញទៅមក ចិនពិតជាមិនអាចធ្វើការឆ្លើយតបដោយសមមូលគ្នាទៅនឹងវិធានការរបស់អាមេរិកបាននោះទេ ដោយសារតែចិននាំចូលទំនិញពីអាមេរិកតិចជាងអាមេរិកនាំទំនិញពីចិន គឺតិចជាងរហូតដល់ទៅជាង៤ដងឯណោះ។ ក៏ប៉ុន្តែ ចិននៅមានជម្រើសផ្សេងក្រៅពីការដំឡើងពន្ធ ដើម្បីយកមកធ្វើជាអាវុធតទល់ជាមួយអាមេរិក។
បញ្ចុះតម្លៃលុយយ័ន
ការបញ្ចុះតម្លៃលុយយ័នអាចជាមធ្យោបាយមួយក្នុងការទប់ទល់នឹងពន្ធនាំចូលរបស់អាមេរិក។
តាមការពិតទៅ ខុសពីការអះអាងរបស់លោកដូណាល់ ត្រាំ ពន្ធនាំចូលដែលអាមេរិកដំឡើងនៅពេលនេះ មិនមែនចិនទេជាអ្នកត្រូវបង់ទៅអាមេរិក ផ្ទុយទៅវិញ គឺក្រុមហ៊ុនដែលនាំចូលទំនិញចិនដែលជាអ្នកត្រូវបង់ ហើយចុងក្រោយ នៅពេលដែលក្រុមហ៊ុនទាំងនេះដំឡើងថ្លៃទំនិញដែលជាប់ពន្ធ គឺប្រជាជនអាមេរិក ដែលជាអ្នកទិញទំនិញដែលជាអ្នកត្រូវបង់ថ្លៃ។
សម្រាប់ចិន ផលប៉ះពាល់ដ៏ចម្បងបំផុតនៃការដំឡើងពន្ធនាំចូលនេះ គឺការបាត់បង់ទីផ្សារសម្រាប់នាំចេញទៅអាមេរិក ដោយសារតែទំនិញចិនដែលជាប់ពន្ធត្រូវមានតម្លៃថ្លៃ ពិបាកក្នុងការប្រកួតប្រជែងជាមួយទំនិញផលិតនៅប្រទេសផ្សេង។ ក៏ប៉ុន្តែ ដោយសារតែថ្លៃដើមនៃការផលិតទំនិញចិនត្រូវគិតជាយ័ន ហើយយកទៅលក់នៅអាមេរិកគិតជាដុល្លារ ចិនអាចបញ្ចុះតម្លៃលុយយ័នរបស់ខ្លួន ដើម្បីយកមកស៊ីសងគ្នាជាមួយពន្ធនាំចូល ដែលអាមេរិកដំឡើង ហើយទប់តម្លៃទំនិញកុំឲ្យឡើងថ្លៃ។
រំខានការរកស៊ីរបស់ក្រុមហ៊ុនអាមេរិកនៅចិន
គេមិនត្រូវភ្លេចទេថា ចិនស្ថិតក្រោមការដឹកនាំនៃរបបកុម្មុយនិស្ត។ គ្រប់ស្ថាប័នរដ្ឋទាំងអស់ រាប់ទាំងស្ថាប័នតុលាការ និងប្រព័ន្ធឃោសនាមហាជនផង គឺស្ថិតក្រោមការគ្រប់គ្រងរបស់បក្សកុម្មុយនិស្ត។ ដូច្នេះ បើសិនជាចិនចង់រំខានការរកស៊ីរបស់ក្រុមហ៊ុនអាមេរិកនោះ វាមិនមែនជាការពិបាកនោះទេ។ ចិនអាចនឹងធ្វើឲ្យក្រុមហ៊ុនអស់ទាំងនេះឈឺក្បាល តាមរយៈការរឹតបន្តឹងលក្ខខណ្ឌក្នុងការវិនិយោគ, ការបង្កើត ឬអនុវត្តនូវបទដ្ឋានតឹងរ៉ឹង ឬនីតិវិធីគយស្មុគស្មាញ ដែលនាំឲ្យការឆ្លងកាត់ទំនិញអាមេរិកតាមច្រកព្រំដែនត្រូវជួបនឹងបញ្ហា ហើយចំណាយពេលយូរ។
បន្ថែមពីលើនេះទៅទៀត រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងប្រើប្រព័ន្ធឃោសនារបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលប្រជាជនឲ្យឈប់ទិញផលិតផលអាមេរិក ដូចអ្វីដែលចិនធ្លាប់ធ្វើ នៅក្នុងពេលមានជម្លោះជាមួយជប៉ុនកាលពីឆ្នាំ២០១២ និងជាមួយកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧កន្លងទៅ។
ចិនក៏អាចជំរុញផងដែរឲ្យប្រជាជនធ្វើពហិការឈប់ធ្វើដំណើរទៅលេងអាមេរិក។ គួរបញ្ជាក់ថា យោងតាមទិន្នន័យនៃក្រសួងពាណិជ្ជកម្មអាមេរិក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទេសចរចិនដែលធ្វើដំណើរទៅលេងអាមេរិក មានចំនួនប្រមាណជា ៣លាននាក់ ហើយផ្តល់ចំណូលដល់អាមេរិករហូតដល់ទៅជាង ៣០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ដូច្នេះ បើសិនជាចិនធ្វើពហិការឈប់ទៅលេងអាមេរិក វាអាចនឹងធ្វើឲ្យអាមេរិកត្រូវបាត់បង់ចំណូលដ៏ចម្បងមួយក្នុងវិស័យទេសចរណ៍។
លក់មូលបត្របំណុលរដ្ឋអាមេរិក
ចិនគឺជាម្ចាស់បំណុលដ៏ធំជាងគេរបស់អាមេរិក។ បច្ចុប្បន្ននេះ ចិនមានបំណុលអាមេរិកក្នុងដៃ ក្នុងទម្រង់ជាមូលបត្របំណុល ដែលគិតជាទឹកប្រាក់រហូតដល់ទៅ ១២០០ពាន់លានដុល្លារអាមេរិក។ បើសិនជាចិនបញ្ចេញមូលបត្របំណុលទាំងនេះមកលក់នៅលើទីផ្សារ វាអាចនឹងធ្វើឲ្យតម្លៃមូលបត្របំណុលនេះត្រូវធ្លាក់ចុះ ធ្វើឲ្យអត្រាការប្រាក់បំណុលរដ្ឋអាមេរិកត្រូវកើនឡើង ហើយអាចបង្កនូវផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ចអាមេរិក។
ឈប់ទិញយន្តហោះប៊ូអ៊ីង
បច្ចុប្បន្ននេះ ចិនគឺជាអតិថិជនដ៏ធំមួយរបស់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីងរបស់អាមេរិក។ នៅក្នុងចំណោមយន្តហោះដែលក្រុមហ៊ុនប៊ូអ៊ីងផលិតលក់នៅលើទីផ្សារនៅទូទាំងពិភពលោក មានប្រមាណជា ២៥% គឺលក់ទៅឲ្យចិន។ ជាមួយនឹងទីផ្សារអាកាសចរណ៍កំពុងតែកើនឡើងខ្លាំងផងនោះ គេព្យាករថា ចិនអាចនឹងត្រូវការទិញយន្តហោះថ្មីៗចំនួនប្រមាណជា ៧៤០០គ្រឿងបន្ថែមទៀត ចាប់ពីពេលនេះទៅដល់២០ឆ្នាំខាងមុខ ហើយតម្រូវការខាងយន្តហោះនៅចិនអាចនឹងកើនឡើងរហូតដល់ទៅស្មើនឹង ២០% នៃតម្រូវការទីផ្សារសរុបនៅទូទាំងពិភពលោកទាំងមូល។
ដូច្នេះ បើសិនជាចិនចង់សងសឹកអាមេរិកវិញ ដោយឈប់ទិញ ឬកាត់បន្ថយការទិញយន្តហោះប៊ូអ៊ីង ហើយងាកទៅទិញពីក្រុមហ៊ុនផ្សេង ដូចជាក្រុមហ៊ុនអ៊ែរប៊ូសរបស់អឺរ៉ុប ជាដើមនោះ ក្រុមហ៊ុនអាមេរិកនឹងត្រូវបាត់បង់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់ពីការលក់យន្តហោះនេះ។
អាវុធមុខពីរ
ទាំងនេះសុទ្ធសឹងជាអាវុធដែលចិនអាចប្រើ នៅក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក ក៏ប៉ុន្តែ ភាគច្រើនវាជាអាវុធមុខពីរ។ វិធានការទាំងអស់នេះអាចនឹងធ្វើឲ្យប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចអាមេរិក ក្នុងពេលជាមួយគ្នា វាក៏មានផលអវិជ្ជមានច្រើនផងដែរទៅដល់សេដ្ឋកិច្ចចិនខ្លួនឯង។
ការលក់មូលបត្របំណុលអាមេរិកអាចនឹងធ្វើឲ្យតម្លៃមូលបត្របំណុលអាមេរិកទាំងអស់ រួមទាំងមូលបត្រដែលចិននៅមានក្នុងដៃផងត្រូវធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យចិនខ្លួនឯងក៏ត្រូវខាតលុយ។ ម្យ៉ាងទៀត ការឈប់វិនិយោគលើមូលបត្របំណុលអាមេរិក វានឹងធ្វើឲ្យចិនត្រូវបាត់បង់ប្រភពវិនិយោគដ៏សំខាន់មួយដែលមានការប្រាក់និងមានសុវត្ថិភាពខ្ពស់ សម្រាប់រក្សាទុកសាច់ប្រាក់ដុល្លារដ៏ច្រើនសន្ធឹកសន្ធាប់ ដែលចិនសល់ពីការនាំចេញទំនិញទៅក្រៅប្រទេស។
សូមអាន៖ តើចិនអាចប្រើលុយបំណុលអាមេរិកជាអាវុធក្នុងសង្រ្គាមពាណិជ្ជកម្មដោយប្រសិទ្ធភាពបានដែរឬទេ?
ចំពោះវិធានការផ្សេងទៀត ដូចជា ការបញ្ចុះតម្លៃលុយយ័ន គឺអាចនឹងធ្វើឲ្យចិនត្រូវប្រឈមនឹងលំហូរចេញនៃមូលធនទៅក្រៅប្រទេស។ ការរំខានកិច្ចការរកស៊ីរបស់ក្រុមហ៊ុនអាមេរិកអាចនឹងធ្វើឲ្យចិនត្រូវបាត់បង់ទំនុកចិត្តពីអ្នកវិនិយោគបរទេសផ្សេងទៀត។ ចំណែកឯការធ្វើពហិការឈប់ទិញផលិតផលអាមេរិក គឺអាចនាំឲ្យបាត់បង់ការងារដល់ប្រជាជនចិនខ្លួនឯង ដោយសារតែផលិតផលអាមេរិកភាគច្រើនដែលលក់នៅក្នុងទីផ្សារចិន គឺផលិតនៅក្នុងប្រទេសចិនខ្លួនឯងផ្ទាល់។
ក៏ប៉ុន្តែ ជាទូទៅ នៅក្នុងសង្រ្គាមពាណិជ្ជកម្ម គូប្រជែងនីមួយៗច្រើនតែនាំគ្នាគិតគូរអំពីការយកឈ្នះលើគូប្រជែង ដើម្បីពង្រឹងជំហរក្នុងការចរចា ច្រើនជាងគិតពីផលអវិជ្ជមានខាងផ្នែកសេដ្ឋកិច្ចដល់ខ្លួនឯង។ មែនទែនទៅ ការដំឡើងពន្ធនាំចូល ដែលអាមេរិក និងចិន បានធ្វើកន្លងទៅនេះ ក៏សុទ្ធតែជាអាវុធមុខពីរនោះដែរ។ វាបង្កការខូចខាតដល់សេដ្ឋកិច្ចរបស់គូប្រជែងផង ចំណែកសេដ្ឋកិច្ចរបស់ខ្លួនឯងក៏ត្រូវទទួលរងនូវផលប៉ះពាល់នោះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ