តើអ្វីជាមូលហេតុចម្បងនៅពីក្រោយការធ្លាក់ចុះកំណើនសេដ្ឋកិច្ចចិន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:២៤
អាចមានហេតុផលចម្បងច្រើន នៅពីក្រោយកំណើនសេដ្ឋកិច្ចធ្លាក់ចុះមិនធ្លាប់មាន ក្នុងប្រទេសចិន ក្នុងអំឡុងពេលបីទសវត្សរ៍ចុងក្រោយ។ ប្រជាជនចិនមានវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័ស អត្រាកំណើតធ្លាក់ចុះ ការកើនឡើងបំណុល ការត្បិតត្បៀតធនបម្រុង និងកំណើនថមថយរបស់សេដ្ឋកិច្ចសាកល សុទ្ធតែបានរួមចំណែកដាក់សម្ពាធដល់សេដ្ឋកិច្ចរបស់ប្រទេសចិន។
កាលពីឆ្នាំមុន ប្រទេសចិនបានជួបប្រទះកំណើនសេដ្ឋកិច្ចទាបបំផុតមិនធ្លាប់មាន កំឡុងរយៈពេលបីទសវត្សរ៍ចុងក្រោយ។ បញ្ហានេះទំនងជាអាចបន្តទៅមុខតទៅទៀត។ បន្ថែមពីលើបញ្ហាដែលកំណើនប្រាក់ឈ្នួលក្នុងប្រទេសចិននៅជាប់គាំង លទ្ធផលនៃការស្ទង់មតិថ្មីៗបានបង្ហាញថា ក្រុមហ៊ុននៅក្នុងវិស័យឧស្សាហកម្មបានចាប់ផ្តើមបាត់បង់ការងាររបស់ខ្លួន។ ហើយការនាំចូលក៏បានធ្លាក់ចុះ ដែលវាបានរុញច្រានឱ្យមានផលប៉ះពាល់ដល់ការនាំចេញទំនិញផងដែរ។
នៅក្នុងពេលអតីតកាល សេដ្ឋកិច្ចចិនអាចទាញផលវិជ្ជមានបានយ៉ាងច្រើនពី កំណើនកម្លាំងពលកម្ម ដោយសារម្យ៉ាងចំនួនប្រជាជនចិនកើនឡើង ហើយកម្លាំងពលកម្មនៃពលរដ្ឋវ័យក្មេងមានផលិតភាពច្រើនជាងកម្លាំងពលកម្មនៃពលរដ្ឋវ័យចំណាស់។ ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០១២ ចំនួនប្រជាជនចិនក្នុងវ័យធ្វើការ បានបន្តធ្លាក់ចុះ។ នេះជាលទ្ធផលដែលមិនអាចជៀសរួចពី នយោបាយកូនមួយ ឬជាភាសាអង់គ្លេស “One Child Policy” ដែលបានដាក់ចេញកាលពីឆ្នាំ១៩៧៩។ តាមទ្រឹស្ដីសេដ្ឋកិច្ច ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចអាស្រ័យយ៉ាងជិតស្និតទៅនឹងការធ្លាក់ចុះចំនួនប្រជាសាស្រ្ដ។
កំណើនប្រាក់ឈ្នួលក៏បង្កើតជាបញ្ហាផ្សេងទៀតផងដែរ។ ប្រាក់ឈ្នួលក្នុងប្រទេសចិនសព្វថ្ងៃ ស្មើ ឬក៏លើស ប្រទេសភាគច្រើន ដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់។ កត្តានេះបានធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសមួយមិនសូវទាក់ទាញ សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស ដូចនៅពីអតីតកាល។ លើសពីនេះទៅទៀត បញ្ហាពាក់ព័ន្ធទៅនឹងរនាំងរដ្ឋបាល និងការកើនឡើងស្តង់ដារជីវភាពរស់នៅ បានកាត់បន្ថយលំហូរប្រជាជនពីតំបន់ជនបទដាច់ស្រយាលដែលធ្វើដំណើរមករស់នៅទីក្រុង។
នៅពីអតីតកាល សេដ្ឋកិច្ចប្រទេសចិនពឹងផ្អែកលើ ផលលើសផ្នែកពាណិជ្ជកម្ម ឬជាភាសាអង់គ្លេស “Trade Surplus” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ ក៏ប៉ុន្តែ រហូតមកដល់សព្វថ្ងៃនេះ ជញ្ជីងពាណិជ្ជកម្មហាក់មានភាពសមតុល្យ ឬមានន័យថា ការនាំចេញ និងនាំចូលមិនសូវខុសគ្នា។ ការវិនិយោគលើ វិស័យអចលនទ្រព្យ ដូចជា ការសាងសង់រោងចក្រ ម៉ាស៊ីន ការិយាល័យ និងការសាងសង់អគារ ជាទូទៅ តែងតែជា ប្រភពយ៉ាងចម្បងនៃកំណើនសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ការវិនិយោគរបៀបនេះបានធ្លាក់ចុះ គិតជាភាគរយនៃចំណូលជាតិសរុប ពី៨២ភាគរយនៅឆ្នាំ២០១៦ មកត្រឹម ៧១ភាគរយនៅឆ្នាំ២០១៨។ ទៅថ្ងៃអនាគត គេរំពឹងថា ការធ្លាក់ចុះនឹងមានបន្តទៀត ហើយទិន្នន័យស្ថិតិចុងក្រោយ បង្ហាញថា មួយក្នុងចំណោមផ្ទះល្វែងចំនួនបួន ក្នុងប្រទេសចិន មិនមានមនុស្សរស់នៅ។
បន្ថែមពីលើនេះ ចាប់តាំងពីឆ្នាំ២០០៨ ទំហំបំណុលរបស់ប្រទេសចិនមានការកើនឡើងយ៉ាងខ្លាំង។ បំណុលជាតិ និងបំណុលគ្រួសារ បានកើនឡើងដល់កម្រិតមួយដូចទៅនឹងបណ្តាប្រទេសអភិវឌ្ឍភាគច្រើន ហើយកំណើនបំណុលនេះមានកម្រិតលើសពីកំណើនចំណូលជាតិ ដែលវាបាននិងកំពុងបង្កជាផលប៉ះពាល់ដល់ការត្បិតត្បៀតប្រព័ន្ធធនបម្រុង។
ជាចុងក្រោយ បញ្ហាចម្បងផ្សេងៗគឺបណ្តាលមកពីកត្តាខាងក្រៅផងដែរ ដែលពាក់ព័ន្ធយ៉ាងជិតស្និតទៅនឹងជម្លោះពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ចថមថយរបស់បណ្តាប្រទេសនៅសហភាពអឺរ៉ុប ឬក៏ពិភពលោកទាំងមូល ដែលជាប្រភពទីផ្សារនាំចេញទំនិញរបស់ប្រទេសចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ