តើកម្ពុជាអាចធ្វើអ្វីបានខ្លះដើម្បីអភិវឌ្ឍមូលធនមនុស្សរបស់ខ្លួន?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៣៩
កុមារម្នាក់ដែលកើតនៅថ្ងៃនេះ ក្នុងប្រទេសកម្ពុជា អាចនឹងចូលរួមចំណែកក្នុងទីផ្សារកម្លាំងពលកម្ម នៅប្រមាណជាឆ្នាំ២០៤០។ នេះជាពេលវេលាដ៏សមរម្យមួយ ភ្ជាប់ទៅនឹងអ្វីដែលជាគោលបំណងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការក្លាយខ្លួនជាប្រទេសដែលមានចំណូលខ្ពស់។ តើកម្ពុជាអាចធ្វើអ្វីបានខ្លះដើម្បីអភិវឌ្ឍមូលធនមនុស្សរបស់ខ្លួននៅថ្ងៃអនាគត?
លទ្ធផលនៃការសិក្សាស្រាវជ្រាវយ៉ាងច្រើនបានបង្ហាញថា ការវិនិយោគលើធនធានមនុស្សគឺពិតជាកត្តាដ៏ចម្បងមួយ សម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅពេលដែលការកសាងមូលធនមនុស្ស ឬជាភាសាបរទេស “Human capital” អាចផ្តល់ជាអត្ថប្រយោជន៍អរូបិយ និងសម្រាប់បុគ្គលឯកជនផ្ទាល់ក៏ដោយ ក៏ជារួម វាបានផ្តល់ផលវិជ្ជមានដល់សេដ្ឋកិច្ចទាំងមូលផងដែរ។ យោងតាមការសិក្សាថ្មីៗបានបង្ហាញថា មូលធនមនុស្សរួមចំណែកប្រមាណលើសពីរភាគបីនៃការបង្កើនទ្រព្យសម្បត្តិរបស់ពិភពលោកទាំងមូល។
លើសពីការអភិវឌ្ឍមូលធន (ពាក់ព័ន្ធទៅនឹង អគារ គ្រឿងយន្ត និងហេដ្ឋារចនាសម្ព័ន្ធ) ឬការអភិវឌ្ឍ មូលធនធម្មជាតិ (ពាក់ព័ន្ធទៅនឹង ដីកសិកម្ម ព្រៃឈើ តំបន់អភិរក្ស រ៉ែ ប្រេង ធ្យូង ឬធនធានផ្សេងៗ) ការអភិវឌ្ឍមូលធនមនុស្ស ពាក់ព័ន្ធទៅនឹងជំនាញ សុខភាព និងចំណេះដឹង របស់ប្រជាជនក្នុងប្រទេសមួយ។
យោងតាមរបាយការណ៍ចេញផ្សាយក្នុងពេលថ្មីៗនេះ របស់ធនាគារពិភពលោកស្ដីអំពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១៩” ការបង្កើនគុណភាពនៃមូលធនមនុស្ស នៅក្នុងប្រទេសកម្ពុជា គឺជាកត្តាស្នូល ដើម្បីសម្រេចឱ្យបានគោលបំណង ក្នុងការឈានទៅក្លាយខ្លួនជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅត្រឹមឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ យ៉ាងណាមិញ បើប្រៀបធៀបនៅក្នុងតំបន់ ការអភិវឌ្ឍមូលធនមនុស្សក្នុងប្រទេសកម្ពុជា នៅមានភាពយឺតយ៉ាវនៅឡើយ។
លទ្ធផលនៃការទទួលបានអាហាររូបត្ថម្ភរបស់កុមារ មានការរីកចម្រើនជាលំដាប់ ចាប់តាំងពីឆ្នាំ១៩៩០ ក៏ប៉ុន្តែ កម្រិតនៃភាពក្រិន និងការរីកលូតលាស់ទាប ក្នុងចំណោមកុមារក្រោមអាយុ៥ឆ្នាំ នៅតែមានកម្រិតខ្ពស់នៅឡើយ ដោយកម្ពុជាមានគម្លាតខុសគ្នាខ្ពស់នៃការទទួលបានអាហារូបត្ថម្ភរបស់កុមារ តាមល័ក្ខខ័ណ្ឌសេដ្ឋកិច្ចសង្គម និងទីតាំងភូមិសាស្រ្ត។
កត្តាសំខាន់ៗនៃកង្វះអាហារូបត្ថម្ភ នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធទៅនឹង ឳពុកម្ដាយក្រីក្រ ទារក និងឥរិយាបថនៃការទទួលបានអាហារូបត្ថម្ភរបស់កុមារ។ ក៏មានផងដែរ លទ្ធភាពតិចតួច និងគុណភាពទាប ក្នុងការទទួលបានចំណីអាហារមានជីវជាតិ និងមានតម្លៃសមរម្យ ការទទួលបានសេវាអាហារូបត្ថម្ភ និងការផ្គត់ផ្គង់ទឹកស្អាត ហើយមានអនាម័យ ជាដើម។
ការទទួលបានថវិកាក្នុងប្រទេសកម្ពុជា សម្រាប់អាហារូបត្ថម្ភកំពុងដំណើរការរួចហើយ ក៏ប៉ុន្តែបរិមាណចំណាយលើអាហារូបត្ថម្ភនៅមានមិនគ្រប់គ្រាន់ទេ បើប្រៀបធៀបទៅនឹងតម្រូវការចំណាយជាក់ស្ដែង សម្រាប់វិស័យសុខាភិបាល និងវិស័យពាក់ព័ន្ធផ្សេងៗ។ ទោះជាយ៉ាងណា កម្ពុជានៅមានឱកាសដើម្បីធ្វើឱ្យប្រសើរឡើងចំពោះបញ្ហានេះ សម្រាប់កញ្ចប់ថវិកាដែលមានស្រាប់។ ការដាក់ចេញនូវយុទ្ធសាស្រ្តនៃការអភិវឌ្ឍមូលធនមនុស្សដ៏ទូលំទូលាយមួយ គឺជារឿងចាំបាច់ រួមមានការវិនិយោគយូរអង្វែងលើសុខភាពកុមារ និងការទទួលបានអាហារូបត្ថម្ភ រួមជាមួយនឹងវិធានការរយៈពេលខ្លី ក្នុងការកសាងជំនាញ និងការអប់រំជាន់ខ្ពស់។
ជាចុងក្រោយ របាយការណ៍ក៏បានបង្ហាញផងដែរថា ការយកចិត្តទុកដាក់ជាពិសេសដែលគួរតែត្រូវធ្វើជាចាំបាច់ ពាក់ព័ន្ធទៅនឹង ការទទួលបានអាហារូបត្ថម្ភ ការថែទាំសុខភាព កិច្ចគាំពារសង្គម និងកិច្ចគាំពារកម្លាំងពលកម្មសម្រាប់មាតាដែលកំពុងធ្វើការ និងគ្រួសាររបស់ពួកគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ