អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សប្តាហ៍​នេះ ចិន​កំពុង​ប្រារព្ធ​ខួប៧០ឆ្នាំ នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩។ ក្នុងរយៈពេល ៧០​ឆ្នាំ​កន្លងទៅនេះ ចិន​បាន​ប្រែក្លាយ​ខ្លួន ពី​ប្រទេស​ស្ថិត​ក្រោម​ការ​ត្រួតត្រា​បរទេស ឲ្យ​ទៅ​ជា​ប្រទេស​មហាអំណាច​ដ៏​មាន​ឥទ្ធិពល​នៅលើ​ពិភពលោក ហើយ​មេដឹកនាំ​ចិន​ជាទូទៅ​តែងតែ​នាំគ្នា​រំឭក​គុណ​បំណាច់​​ទៅ​ដល់​ម៉ៅសេទុង។ ក៏ប៉ុន្តែ តាមការពិត​ទៅ ថ្វីដ្បិត​តែ​របបសាធារណរដ្ឋប្រជាមានិត​ចិន​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ម៉ៅសេទុង ក៏ប៉ុន្តែ ចំណុច​ចាប់ផ្តើម​ដែល​នាំ​ទៅ​ដល់​ការ​រីក​ចម្រើន​​ដូច​សព្វថ្ងៃ​នេះ គឺ​កំណែទម្រង់​របស់​តេង ស៊ាវភីង។

លោក តេង ស៊ាវភីង មេដឹកនាំ​កុម្មុយនិស្ត​ចិន ដែល​ជា​អ្នក​ដាក់ចេញ​នូវ​កំណែទម្រង់​សេដ្ឋកិច្ចបើកចំហតាមបែប​ទីផ្សារសេរី កាល​ពី​ឆ្នាំ១៩៧៨
លោក តេង ស៊ាវភីង មេដឹកនាំ​កុម្មុយនិស្ត​ចិន ដែល​ជា​អ្នក​ដាក់ចេញ​នូវ​កំណែទម្រង់​សេដ្ឋកិច្ចបើកចំហតាមបែប​ទីផ្សារសេរី កាល​ពី​ឆ្នាំ១៩៧៨ Public Domaine
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ១៩៤៩ បក្ស​កុម្មុយនិស្ត​ចិន​បាន​ទទួល​ជោគជ័យ​ឡើង​មក​កាន់​អំណាច​ ក៏ប៉ុន្តែ នៅ​ក្នុងរយៈពេល​ប្រមាណ​ជា​ជិត ៣០ឆ្នាំក្រោយ​មក​ទៀត ​ចិន​ក្រោម​ការ​ដឹកនាំ​របស់​ម៉ៅសេទុង​បាន​ធ្លាក់ចូល​ទៅ​ក្នុង​សោកនាដកម្ម​ជាច្រើន ដែល​អ្នក​ប្រវត្តិសាស្រ្ត​ជាទូទៅ​ចាត់ទុក​ថា​ជា​ ​ដំណាក់កាល​ដ៏​ខ្មៅងងឹត​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន​សម័យ​ទំនើប។

ដំណាក់កាល​ដ៏​ខ្មៅ​ងងឹត​នេះ ចាប់ផ្តើម​ពី​បរាជ័យ​នៃ​នយោបាយ​សេដ្ឋកិច្ច​តាមបែបកុម្មុយនិស្ត និង​កំណែទម្រង់​​ "មហាលោតផ្លោះ" ដែល​ម៉ៅសេទុង​បាន​ដាក់​ចេញ ហើយ​ដែល​អនុវត្ត​យ៉ាង​ពេញ​ទំហឹង​នូវ​របបសមូហភាព​នៅ​ទូទាំង​ប្រទេស​ចិន។ នយោបាយ​នេះ​​មិនត្រឹមតែ​មិនបាន​ប្រែក្លាយ​ចិន​ឲ្យ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​ដូច​ការ​ចង់​បាន​របស់​ម៉ៅសេទុង​នោះទេ ក៏ប៉ុន្តែ ថែម​ទាំង​បាន​បំផ្លិចបំផ្លាញ​វិស័យ​កសិកម្ម​ដែល​មាន​ស្រាប់ ហើយ​​​បង្កើត​ឲ្យ​មាន​នូវ​គ្រោះ​អត់ឃ្លាន​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​​បណ្តាល​ឲ្យ​ប្រជាជន​ចិន​រាប់សិបលាននាក់​ត្រូវ​បាត់បង់​ជីវិត។

បរាជ័យ​នៃ​នយោបាយ “មហាលោតផ្លោះ” នេះ បាន​ធ្វើ​ឲ្យ​អំណាច​របស់​ម៉ៅសេទុង​ត្រូវ​រង្គោះរង្គើ ហើយ​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន ម៉ៅសេទុង​ក៏​បាន​ដាក់ចេញ​នូវ​នយោបាយ​មួយ​ទៀត ដែល​បង្ក​ឲ្យ​មាន​សោកនាដកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត គឺ​ “បដិវត្តន៍វប្បធម៌” ដែល​នៅ​ក្នុង​នោះ មនោគមន៍វិជ្ជា​កុម្មុយនិស្ត​តាមបែប​ម៉ៅនិយម​ត្រូវ​បាន​គេ​លើកតម្កើង ចំណែក​ឯ​គំនិត​ដែល​ផ្ទុយ​ពី​នោះ​ត្រូវ​បាន​គេ​បង្រ្កាប។

សង្រ្គាម​មនោគមន៍​វិជ្ជា​នេះ​បាន​រាលដាល​ទៅ​ជា​ជម្លោះ​ផ្ទៃក្នុង​បក្ស​កុម្មុយនិស្ត​គ្នាឯង ហើយ​ការ​បង្រ្កាប​ និង​ការ​បោសសម្អាត​ផ្ទៃក្នុង​នេះ​បាន​កើតមានឡើង តាំង​ពី​សមាជិក​​ថ្នាក់​ទាប រហូត​ទៅដល់​ជួរ​​មេដឹកនាំ​បក្ស​ថ្នាក់​កំពូល ដោយ​មេដឹកនាំ​ជាន់ខ្ពស់​ខ្លះ​ត្រូវ​គេ​សម្លាប់ ហើយ​ខ្លះ​ទៀត រួមមាន​ទាំង តេង ស៊ាវភីង​ផង ត្រូវ​បាន​ម៉ៅសេទុង​​ដក​តំណែង ហើយ​បញ្ជូន​ឲ្យ​ទៅ​លត់ដំ​កសាងខ្លួន នៅ​ឯ​ស្រុកស្រែ។

រហូត​ទាល់តែ​ដល់​ក្រោយ​ពេល​ដែល​ម៉ៅសេទុង​ទទួល​មរណភាព នៅ​ឆ្នាំ១៩៧៦ ហើយ​តេង ស៊ាវភីង ឡើង​មក​កាន់​អំណាច ទើប “បដិវត្តន៍​វប្បធម៌​” ត្រូវ​បិទបញ្ចប់។

នៅ​ឆ្នាំ១៩៧៨ ពីរឆ្នាំ​ក្រោយ​ពី​បាន​ឡើងមក​កាន់អំណាច តេង ស៊ាវភីង បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ចិន គឺ​ការ​ផ្លាស់ប្តូរ​ពី​​ការ​អនុវត្ត​​សេដ្ឋកិច្ច​តាមបែប​កុម្មុយនិស្ត ទៅ​ជា​សេដ្ឋកិច្ច​​បើក​ចំហ​តាមបែប​ទីផ្សារ​សេរីវិញ​ម្តង ដោយ​របបសមូហភាព​ត្រូវ​បាន​លុបបំបាត់​ចោល ចំណែក​ឯរបបកម្មសិទ្ធិឯកជន​ត្រូវ​បាន​បង្កើតឡើងវិញ​យ៉ាងពេញលេញ។ ប្រជាកសិករ​ចិន​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​​ធ្វើ​កសិកម្ម​ជាលក្ខណៈ​ជន ហើយលើសពីនេះ​ទៅទៀត ប្រជាជន​ចិន​ម្នាក់ៗ មាន​សិទ្ធិ​បោះទុន​រកស៊ី បង្កើត​ជា​​ក្រុមហ៊ុន​សហគ្រាស​ជាលក្ខណៈ​ឯកជនសុទ្ធសាធ ដែល​ជា​រឿង​មិន​ធ្លាប់​មាន ចាប់តាំង​ពី​បក្ស​កុម្មុយនិស្ត​ឡើងកាន់អំណាច កាល​ពី​ឆ្នាំ​១៩៤៩។

វិស័យ​វិនិយោគ​នេះ​មិនត្រឹមតែ​បើក​ចំហ សម្រាប់​ប្រជាជន​ចិន​ជា​លក្ខណៈ​បុគ្គលបែបនេះ​ទេ តែ​ក៏​បាន​បើក​ចំហ​យ៉ាងទូលំទូលាយ​ផងដែរ ទៅដល់​វិនិយោគិន​បរទេស ហើយ​​ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស​នេះ​ តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ត្រូវ​បាន​រដ្ឋាភិបាល​​ក្រុងប៉េកាំង​​បង្កើតឡើង នៅ​តាម​តំបន់​ជាប់​នឹង​ឆ្នេរ​សមុទ្រ។

​វិស័យអប់រំ​វិញ​ក៏​ត្រូវ​បាន​បើក​ចំហ​ឲ្យ​ចេញ​ផុត​ពី​​នឹម​នៃ​មនោគមន៍​វិជ្ជា​ចាស់គំរិល​ផងដែរ ដោយ​​សាលារៀន និង​សកលវិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​​បាន​ចាប់ផ្តើម​បើក​ទ្វារទទួល​សិស្ស ព្រមទាំង​ពង្រីក​កម្មវិធី​សិក្សា ជាពិសេស នៅ​ក្នុង​វិស័យបច្ចេកទេស ហើយ​ការចុះឈ្មោះ​ទទួល​សិស្ស​នៅ​តាម​សកលវិទ្យាល័យ​ត្រូវ​បាន​ធ្វើឡើង ដោយ​ផ្អែក​ទៅលើ​សមត្ថភាព ជាជាង​ទៅតាម​មនោគមន៍វិជ្ជា​នយោបាយ ឬ​តាម​ខ្សែស្រឡាយ​ជាបក្ខជន ដូចដែល​គេ​ធ្លាប់​ធ្វើ​ពីមុន។ មិនត្រឹមតែ​ប៉ុណ្ណោះ និស្សិត​ចិន​រាប់​ម៉ឺននាក់​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ដែល​សុទ្ធសឹង​ជា​ប្រទេស​មូលធន​និយម ហើយ​មាន​មនោគមន៍វិជ្ជា​នយោបាយ​ផ្ទុយ​ពី​បក្ស​កុម្មុយនិស្ត​ចិន។

ដោយសារតែ​ការ​​បើក​ចំហរ​ក្នុង​វិស័យ​វិនិយោគ, ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​​ដែល​មាន​អត្រា​ពន្ធ​ទាប ព្រមទាំង​ការ​អភិវឌ្ឍធនធាន​មនុស្ស​បែបនេះហើយ បាន​ជា​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៨០ វិនិយោគ​បរទេស​ក៏​ចាប់ផ្តើម​ហូរចូល​មក​ក្នុង​ប្រទេស​ចិន​ ហើយ​​សេដ្ឋកិច្ច​ចិន​​ក៏​ចាប់ផ្តើម​មាន​កំណើន​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត​មិន​ធ្លាប់មាន​ចាប់តាំង​ពី​ពេលនោះ​មក ​រហូត​ធ្វើ​ឲ្យ​ចិន​បាន​ក្លាយ​​​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទីពីរ​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​ ហើយ​អាច​នឹង​ប្រជែង​យក​ឈ្នះ​អាមេរិក​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទីមួយ​​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

ភាពរុងរឿង​របស់​ចិន​នៅពេលនេះ ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ផ្លូវការ​របស់​ចិន​ចារទុក​ថា​ ជា​ស្នាដៃ​ដ៏ធំ​មហិមា​របស់​ម៉ៅសេទុង ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែង ម៉ៅសេទុង​​គ្រាន់តែ​ជា​អ្នក​ដែល​បាន​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ឲ្យ​បាន​ឡើង​មក​កាន់​អំណាច​តែ​ប៉ុណ្ណោះ រីឯ​អ្នកដែល​​បាន​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ ហើយ​ដែល​ជា​ដើមឫស​នៃ​ភាពរុងរឿង​នៃ​សេដ្ឋកិច្ច​​របស់​ចិន​នៅពេលនេះ គឺ តេង ស៊ាវភីង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ