អានតួអត្ថបទ

ថៃ​បញ្ចេញ​វីដេអូ​បង្ហាញ​ពី​ប្រតិបត្តិការ​សង្រ្គោះ​ក្មេង​ចេញពី​រូងភ្នំ

មួយថ្ងៃ​ក្រោយ​ពី​បាន​បញ្ចប់​​ដោយ​ជោគជ័យ​នូវ​ប្រតិបត្តិការ​សង្រ្គោះ​ក្មេង ១២នាក់ និង​គ្រូបង្វឹកបាល់ទាត់​ម្នាក់​ចេញ​ពី​រូងភ្នំ វីដេអូ​បង្ហាញ​ពី​ក្មេងៗ ដែល​ស្ថិត​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​ត្រូវ​បាន​អាជ្ញាធរ​បញ្ចេញ​ជាសាធារណៈ កាល​ពីថ្ងៃ​ពុធ។ ​ក្នុងពេល​ជាមួយគ្នា​ កងកុម្ម៉ង់ដូ​ជើងទឹកថៃ​​ក៏​បាន​បញ្ចេញ​ផងដែរ នូវ​វីដេអូ​ដែល​បង្ហាញ​ពី​ដំណើរការ​នៃ​ប្រតិបត្តិការ​សង្រ្គោះ​នៅ​ក្នុង​រូងភ្នំ ដែល​គ្រប់គ្នា​សុទ្ធតែ​ចាត់ទុក​ថាជា​ប្រតិបត្តិការ​ដ៏​សែនស្មុគស្មាញ​​បំផុត។

រូបភាព​យក​ពី​ឃ្លីបវីដេអូ​ចេញផ្សាយ​ដោយ​កងកុម្ម៉ង់ដូជើងទឹកថៃ ដែល​បង្ហាញ​ពី​ប្រតិបត្តិការ​សង្រ្គោះ​ក្មេង​ចេញ​ពី​រូងភ្នំ
រូបភាព​យក​ពី​ឃ្លីបវីដេអូ​ចេញផ្សាយ​ដោយ​កងកុម្ម៉ង់ដូជើងទឹកថៃ ដែល​បង្ហាញ​ពី​ប្រតិបត្តិការ​សង្រ្គោះ​ក្មេង​ចេញ​ពី​រូងភ្នំ THAI NAVY SEAL/via REUTERS
ផ្សាយពាណិជ្ជកម្ម

ឃ្លីបវីដេអូ​​អំពី​ប្រតិបត្តិការ​សង្រ្គោះ​ត្រូវ​បាន​ចុះផ្សាយ​ នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​កងកុម្ម៉ង់ដូ​ជើងទឹកថៃ (Thai Navy SEAL) អមដោយ​ចំណងជើង​ថា “ប្រតិបត្តិការ​ដែល​ពិភពលោក​មិនអាច​បំភ្លេចបាន”។ ក្នុងពេល​ជាមួយគ្នា ប្រភព​ពី​​ក្នុង​ក្រុមសង្រ្គោះ ក៏ដូចជាពី​មេបញ្ជាការ​កងកុម្ម៉ង់ដូ​ជើងទឹកថៃ​ក៏​បាន​ឲ្យដឹង​ត្រួសៗ​ផងដែរ អំពី​ដំណើរការ​លម្អិត​នៃ​ប្រតិបត្តិការ​សង្រ្គោះ នៅ​ក្នុង​រយៈពេល ៣ថ្ងៃ​កន្លងទៅ គឺ​ចាប់តាំង​ពីថ្ងៃ​អាទិត្យ រហូតដល់​ថ្ងៃ​អង្គារ។

​ឃ្លីបវីដេអូ​មិនបាន​បង្ហាញ​ពី​រូបភាព​នៃ​ប្រតិបត្តិការ​សង្រ្គោះ​នៅ​ពេល​មុជក្រោម​ទឹកនោះទេ ក៏ប៉ុន្តែ ប្រភព​ពី​ក្រុម​សង្រ្គោះ​បាន​បញ្ជាក់​លម្អិត​ប្រាប់​ទូរទស្សន៍​ប៊ីប៊ីស៊ី​​ថា ក្មេងនីមួយៗ​ត្រូវ​បាន​គេ​បំពាក់​ម៉ាស់​អុកស៊ីសែន​ពេញផ្ទៃមុខ​ទាំងស្រុង​ ពោលគឺ មិនខាំ​ប្រដាប់ដកខ្យល់អុកស៊ីសែន​នៅនឹងមាត់​ដូចជា​អ្នក​ដែល​ចេះមុជទឹកនោះទេ ហើយ​ម្យ៉ាងទៀត ក្មេងម្នាក់ៗ​ត្រូវ​​គេ​ចងខ្សែ​ភ្ជាប់​ទៅនឹង​អ្នក​ជំនាញ​មុខទឹក​ម្នាក់ ក្នុង​ចំណោម​​​អ្នក​ជំនាញ​មុជទឹកពីរនាក់ ដែល​នៅ​អមក្មេង ដោយ​ម្នាក់​នាំមុខ ហើយ​ម្នាក់​ទៀត​នៅ​ពីខាងក្រោយ។ បំពង់​អុកស៊ីសែន​ដែល​ក្មេង​ត្រូវ​ដកដង្ហើម​​ក៏​ត្រូវ​ក្រុម​អ្នក​ជំនាញមុជទឹក​ពីរនាក់​នេះ​កាន់​ឲ្យ​ផងដែរ។

ចំណែក​នៅ​ក្នុង​ដំណាក់​កាល​ដែល​នៅលើ​ទឹក​វិញ ដែល​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ឃ្លីបវីដេអូ គេ​អាច​សង្កេតឃើញ​ថា នៅ​គ្រប់ពេល​ទាំងអស់ ក្មេង​នីមួយៗ​​ដែល​ទំនង​ជា​មិនដឹងខ្លួន​ផងនោះ ​ត្រូវ​គេ​ដាក់​​នៅលើ​ប្រង់កា ហើយ​ក្រុម​សង្រ្គោះ​ជា​អ្នក​សែង ឬ​អូស​កាត់ថ្ម និង​កាត់ទឹក ចាប់តាំង​ពី​នៅ​ក្នុង​រូងភ្នំ រហូតដល់​ច្រកចេញ។

គួររំឭកថា កាល​ពី​ប៉ុន្មានថ្ងៃ​កន្លងទៅនេះ មាន​លេចឮព័ត៌មាន​ថា ក្មេងៗ​ទាំង ១២នាក់ ត្រូវ​បាន​គេ​ដាក់​ថ្នាំ​ឲ្យ​សន្លប់​​នៅ​ពេញ​ក្នុង​អំឡុង​ប្រតិបត្តិការ​សង្រ្គោះ។ ព័ត៌មាន​ដែល​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ចេញមុខបដិសេធ កាល​ពីថ្ងៃ​អង្គារ ដោយ​លោក​បាន​លើកឡើង​ថា មិនមាន​ការ​ដាក់ថ្នាំសន្លប់​ដល់​ក្មេង​នោះទេ គឺ​មាន​ត្រឹមតែ​ឲ្យ​ថ្នាំ​ដើម្បី​រំងាប់​អារម្មណ៍​កុំ​ឲ្យ​​ក្មេង​ភ័យខ្លាច ឬ​តក់ស្លុត​តែ​ប៉ុណ្ណោះ ជាពិសេស គឺ​នៅ​​ពេល​ត្រូវ​មុជក្រោម​ទឹក ​ឆ្លងកាត់​ច្រកចេញ​ដ៏​ងងឹត និង​តូចចង្អៀត​។

ទោះជាយ៉ាងណា មន្រ្តី​ជាន់ខ្ពស់​នៃ​កងកុម្ម៉ង់ដូ​ជើងទឹកថៃ គឺ​លោក​ ឆៃយ៉ាណាន់ ភីរ៉ាណារ៉ុង បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ​​នៅថ្ងៃ​ពុធ​ថា គឺ​ពិតជា​មាន​ដាក់ថ្នាំសណ្តំដល់​ក្មេងពិតមែន នៅ​ក្នុង​អំឡុង​ប្រតិបត្តិការ​សង្រ្គោះ ដោយ​ក្មេងខ្លះ​ត្រូវ​ដេកលក់​ទាំងស្រុង ហើយ​ខ្លះ​ទៀត​នៅ​ក្នុង​ស្ថានភាព​ពាក់កណ្តាលដេកលក់ និង​ពាក់កណ្តាល​ដឹងខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ