មេដឹកនាំសឹកថៃ ថាគម្រោងធ្វើរដ្ឋប្រហារសាជាថ្មីជា "ព័ត៌មានមិនពិត"
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០០
បញ្ហានយោបាយនៅក្នុងប្រទេសថៃ នៅតែជាព័ត៌មានដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់បណ្តាសារព័ត៌មាន ដោយសារតែរឿងរ៉ាវដ៏ចម្រូងចម្រាស ជុំវិញការឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី របស់ព្រះអង្គម្ចាស់ក្សត្រិយ៍ អ៊ុប៊ុនរ៉ាត់។ ជាមួយគ្នានេះ នៅថ្ងៃចន្ទទី១១ កុម្ភៈនេះ ឆាកនយោបាយថៃ កំពុងតែអង្រួនចិត្តសារធាណជនថៃជាខ្លាំង ដោយសារតែមានផ្ទុះពាក្យចចាមអារ៉ាមពាសពេញផ្ទៃប្រទេស ជាពិសេសនៅតាមបណ្តាញសង្គមតែម្តងអំពីគម្រោងធ្វើរដ្ឋប្រហារសាជាថ្មីម្តងទៀត។ តែទោះជាយ៉ាងណាក្តី លោកប្រាយុទ្ធ ចាន់អូចា បានចេញមុខបដិសេដភ្លាម នៅថ្ងៃចន្ទនេះដែរថា គ្មានឡើយគម្រោងធ្វើរដ្ឋប្រហារ ដូចពាក្យចចាមអារ៉ាមនោះ។
មូលហេតុធ្វើឲ្យលេចធ្លាយពាក្យចចាមអារ៉ាមទាក់ទងនឹងគម្រោងធ្វើរដ្ឋប្រហារនៅថៃ
តាមពិតទៅ ដើមហេតុដែលនាំឲ្យមានពាក្យចចាមអារ៉ាមល្បីខ្ទរខ្ទារពាសពេញប្រទេសថៃ ដ៏ដូចជាពាសពេញបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ គឺដោយសារតែមានទឡ្ហីករណ៍ ២ សំខាន់ៗ។
ទឡ្ហីករណ៍ទី១ គឺដោយសារម្យ៉ាង មានព័ត៌មានចុះផ្សាយព្រោងព្រាត អំពីបទបញ្ជាពីប្រមុខយោធាថៃ ឲ្យមានការផ្លាស់ប្តូរតួនាទី-មុខតំណែងរបស់ មន្ត្រីយោធាសំខាន់នៅក្នុងប្រទេស នាមួយរយៈពេលចុងក្រោយនេះ។ ឧទាហរណ៍ជាក់ស្តែង កាលពីឆ្នាំទៅមិញ ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានត្រាស់បង្គាប់តែងតាំង មេបញ្ជាការកងទ័ពថ្មី ឈ្មោះ អាភីរ៉ាត់ គង់សមពុង (Apirat Kongsompong)។ លោក អាភីរ៉ាត់ ដែលគេស្គាល់ថា ជាអតីតអ្នកនយោយបាយ ប្រឆាំងទៅនឹងរបបយោធាថៃ។
ការផ្លាស់ប្តូរមុខតំណែងធំៗនិងសំខាន់ៗ នៅក្នុងជួរកងទ័ពនេះ ជាពិសេសការទាក់ទាញក្រុមអ្នកប្រឆាំង មកក្លាយជាគូកនរបស់របបសឹកនេះហើយ ជាមូលហេតុធ្វើឲ្យគេមានការសង្ស័យថា ពួកយោធាថៃអាចកំពុងតែរៀបចំធ្វើរដ្ឋប្រហារសារជាថ្មីម្តងទៀត។
សូមជម្រាបជូនថា ពាក្យចចាមអារ៉ាម បានរីករាលដាលយ៉ាងលឿនឆ្លងកាត់ទូទាំងប្រទេសថៃ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន ពោលគឺនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១៩ មកម្ល៉ោះ ស្របពេលដែលគណបក្សថៃរ៉ាក់សាឆាត ស្នើដាក់ឈ្មោះ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ៊ុប៊ុនរ៉ាត់ ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោត នាថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។
នៅពេលកន្លងមកថ្មីៗនេះ មានបញ្ហាប្រទាញប្រទង់គ្នាខ្លាំងណាស់ ជុំវិញបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ព្រះអង្គម្ចាស់ក្សត្រិយ៍ អ៊ុប៊ុនរ៉ាត់។ ជាពិសេស មិនទាំងបានមួយថ្ងៃស្រួលបួលផង គណបក្សថៃរ៉ាក់សាឆាត ក៏ប្រកាសដកចេញបេក្ខភាព ព្រះអង្គម្ចាស់ក្សត្រិយ៍អ៊ុប៊ុនរ៉ាត់ ជានាយករដ្ឋមន្ត្រីវិញភ្លាម ដោយសារតែមានការប្រឆាំងជំទាស់ ពីសំណាក់ព្រះបរមរាជវាំងថៃ។
ក្រោយព្រឹត្តិការណ៍នេះភ្លាមដែរ ព័ត៌មានទាក់ទងនឹងការរំលាយគណបក្សថៃរ៉ាក់សាឆាត ក៏ចាប់ផ្ទុះឡើងតែម្តង។ ជាក់ស្តែង នៅថ្ងៃចន្ទនេះដែរ មានព័ត៌មានផ្សាយថា មន្ត្រីជាន់ខ្ពស់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ ធ្វើការជួបពិភាក្សាផងដែរ អំពីការដាក់បេក្ខភាព ព្រះអង្គម្ចាស់ក្សត្រិយ៍ អ៊ុប៊ុនរ៉ាត់ ជានាយករដ្ឋមន្ត្រីរបស់បក្សថៃរ៉ាក់សាឆាត ថាជាអំពើខុសនឹងរដ្ឋធម្មនុញ្ញឬក៏អត់? ប្រសិនជាការធ្វើដូចច្នោះ ពិតជាខុសនឹងច្បាប់រដ្ឋធម្មនុញ្ញថៃមែននោះ បក្សថៃរ៉ាក់សាឆាត អាចប្រឈមនឹងការរំលាយចោលពិតប្រាកដមែនហើយ។
ការបកស្រាយរបស់ប្រមុខយោធាថៃលោកប្រាយុទ្ធ ចាន់អូចា ចំពោះព័ត៌មានទាក់ទងនឹងគម្រោងធ្វើរដ្ឋប្រហារ
មេដឹកនាំយោធាថៃលោកប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទនេះ បានច្រានចោលរាល់ព័ត៌មានចុះផ្សាយអំពីបទបញ្ជា ដែលថាមានការដកហូត និងផ្លាស់ប្តូរតួនាទីរបស់មន្ត្រីកងទ័ពសំខាន់ៗ នៅក្នុងប្រទេស។ លោកប្រាយុទ្ធបន្តថាបទបញ្ជាដែលគេយកទៅចុះផ្សាយខាងលើ ជាបទបញ្ជាក្លែងក្លាយ ហើយថាពាក្យចចាមអារ៉ាម អំពីគម្រោងធ្វើរដ្ឋប្រហារសុទ្ធតែជា "ព័ត៌មានប្រឌិតក្លែងក្លាយ" ដើម្បីបង្កជាភាពចលាចលក្នុងប្រទេស។
ជាមួយគ្នានេះដែរ លោកប្រាយុទ្ធ ក៏បានប្រកាសធ្វើការស៊ើបអង្កេតភ្លាមៗអំពីប្រភព ដែលធ្វើឲ្យមានព័ត៌មានមិនពិតនេះផ្ទុះឡើងផងដែរ។ ជាក់ស្តែង មេដឹកនាំរបបសឹកថៃ រូបនេះ បានប្រាប់ទៅកាន់ អ្នកសារព័ត៌មានក្នុងស្រុកថា រដ្ឋាភិបាលទីក្រុងបាងកក នឹងចាត់វិធានការក្តៅប្រយុទ្ធប្រឆាំងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកុំឲ្យព័ត៌មានទាំងនេះ អាចបំពុលស្ថានភាពរបស់ស្រុកទេសបាន។ ជាពិសេសនៅអំឡុង ពេលដែលប្រទេសថៃកំពុងរៀបចំការបោះឆ្នោត ដែលជាព្រឹត្តការណ៍សំខាន់មួយនៅក្នុងប្រទេស។
ហេតុអ្វីបានជាព័ត៌មានស្តីអំពីគ្រោងធ្វើរដ្ឋប្រហារឆាប់ធ្វើឲ្យប្រជាពលរដ្ឋថៃជឿទុកចិត្តខ្លាំងម្ល៉ោះ?
ហេតុផលដែលធ្វើឲ្យពលរដ្ឋថៃឆាប់ជឿថា ការធ្វើរដ្ឋប្រហារអាចនឹងកើតមាននៅក្នុងស្រុកទេសពិតមែន គឺដោយសារតែប្រទេសអាស៊ីមួយនេះ មានបទពិសោធន៍ ឆ្លងកាត់ការធ្វើរដ្ឋប្រហារច្រើនលើកច្រើនសារនៅក្នុងប្រវត្តិសាស្ត្រ។
ជាក់ស្តែង ចាប់តាំងពីកកើតបង្កើតជារដ្ឋ-ជាប្រទេសមួយ រហូតមកទល់នឹងបច្ចុប្បន្ន ប្រទេសថៃ ធ្លាប់បានឆ្លងកាត់ការធ្វើរដ្ឋប្រហារដោយជោគជ័យចំនួន ១២ លើករួចមកហើយ។ ការធ្វើរដ្ឋប្រហារចុងក្រោយគេ ដែលបានបណ្តាលឲ្យប្រទេសថៃ ធ្លាក់ក្នុងវិបត្តិនយោបាយរហូតមកដល់សព្វថ្ងៃនេះ គឺ ការធ្វើរដ្ឋប្រហាររបស់ពួកយោធាថៃ ទៅលើរដ្ឋាភិបាលដឹកនាំដោយលោកថាក់ស៊ីន ស៊ីណាវ៉ាត់ នៅឆ្នាំ២០០៦។
រីឯការធ្វើរដ្ឋប្រហារចុងក្រោយគេនោះគឺ ការទម្លាក់អតីតនាយករដ្ឋមន្ត្រីលោកស្រីយីងឡាក់ ត្រកូលស៊ីណាវ៉ាត់ដែរ កាលពីឆ្នាំ ២០១៤ កន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ