អានតួអត្ថបទ

នាយកទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្ដរជាតិ ទទួល​មរណភាព​ក្នុង​វ័យ​៧២​ឆ្នាំ

ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្ដរជាតិ ហៅ​កាត់​ថា AIEA បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ ទី​២២​កក្កដា អំពី​ដំណឹង​មរណភាព​របស់​ លោក Yukiya Amano។ លោក Yukiya Amano ដែល​​ជា​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ AIEA បាន​ទទួល​មរណភាព​ក្នុង​វ័យ​៧២​ឆ្នាំ តាំង​ពី​ថ្ងៃ​ទី​១៨​កក្កដា ប៉ុន្តែ​ដំណឹង​នេះ​មិន​ត្រូវ​បាន​គ្រួសារ​សព​បញ្ចេញ​ឲ្យ​ដឹងជា​សាធារណៈ​ភ្លាម​ៗ​​ឡើយ​​។

khmer.rfi.fr/នាយកទីភ្នាក់ងារAIEA-ទទួលមរណភាព-22-07-2019
khmer.rfi.fr/នាយកទីភ្នាក់ងារAIEA-ទទួលមរណភាព-22-07-2019 REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

ក្រុម​គ្រួសារលោក Yukiya Amano បានស្នើ​សុំ​ទៅ​កាន់​ទីភ្នាក់ងារ AIEA ឲ្យ​ផ្អិប​ទុក​ដំណឹង​មរណភាព​នេះ រហូត​ទាល់​តែ​ពិធី​បុណ្យ​សព​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២២​កក្កដា​។ គ្មាន​ព័ត៌មាន​លម្អិត​អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​​លោក Yukiya Amano ទេ​។ គេ​គ្រាន់​តែ​ដឹង​ថា លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​អស់​មួយ​រយៈ​ហើយ​។

លោក Yukiya Amano បាន​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ទីភ្នាក់ងារ​បរិមាណូ​អន្ដរជាតិ AIEA តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ! នៅ​ក្នុងតំណែង​​រយៈ​ពេល​១០​ឆ្នាំ​ លោក​បាន​ធ្វើ​ជា​សាក្សី​នៃ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ដ៏​សំខាន់​មួយ នៅ​ឆ្នាំ​២០១៥​។ នោះ​គឺ កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ រវាង​អ៊ីរ៉ង់ និង​ប្រទេស​មហាអំណាច​ប្រាំ​មួយ​ផ្សេង​ទៀត រួម​មាន៖ បារាំង អង់គ្លេស ចិន រុស្ស៊ី អាឡឺម៉ង់ និង​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នេះ កាល​ពី​ខែ​ឧសភា​ឆ្នាំ​២០១៨ ក្នុង​អាណត្តិ​ដឹក​នាំ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​។

សូម​ជម្រាប​ថា អាណត្តិ​ទី​៣ ជា​នាយក AIEA របស់​លោក Yukiya Amano នឹង​ត្រូវ​ផុត​កំណត់​នៅខែ​វិច្ឆិកា ​ឆ្នាំ​២០២១​។ ប៉ុន្តែ​គេ​រំពឹង​ថា លោក​នឹង​ប្រកាស​លាលែង​ចេញ​ពី​តំណែងមុន​កាល​កំណត់ ដោយ​សារ​តែ​លោក​មាន​បញ្ហា​សុខភាព​មួយ​រយៈ​មក​ហើយ​។

សម្រាប់​ទីភ្នាក់ងារ AIEA, ក្រៅពី​កាន់​ទុក្ខ ការងារ​សំខាន់​បន្ទាប់​គឺ​ជ្រើស​រើស​មេ​ដឹក​នាំ​ថ្មី​។ AIEA ត្រូវ​ការ​មេ​ដឹក​នាំ​ថ្មី ដើម្បី​បន្ត​តាម​ដាន​សកម្មភាព​បរិមាណូ​របស់​អ៊ីរ៉ង់ ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​នេះ គោរព​ទៅ​តាម​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥​។ តើ​តំណែង​​នាយក​ប្រតិបត្តិ​នៃ​ទី​ភ្នាក់ងារ AIEA នឹង​ធ្លាក់​ទៅ​លើ​នរណា? គឺ​មាន​តែ​ក្រុម​ប្រឹក្សា​ភិបាល​ដែល​មាន​សមាជិក​មក​ពី​៣៥​ប្រទេស​ទេ ដែល​អាច​ឆ្លើយ​នឹង​សំណួរ​នេះ​បាន​។ ប៉ុន្តែ​បើ​តាម​ប្រមើល​មើល​ពី​សហគមន៍​អន្ដរជាតិ មាន​បេក្ខជន​ពីរ​រូប ដែល​មាន​ឱកាស​ខ្ពស់​ជាង​គេ ឈាន​ទៅ​អង្គុយ​កៅអី​នាយក​នៃ​ទី​ភ្នាក់ងារ AIEA៖ ទី​១ គឺ​ប្រធានសម្រប​សម្រួល AIEA លោក Cornel Feruta ជា​ជន​ជាតិ​រ៉ូម៉ានី និង​ទី​២ គឺ​លោក Rafael Grossi តំណាង​​​ប្រទេស​អាហ្សង់ទីន ប្រចាំទីភ្នាក់ងារ AIEA៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ