អានតួអត្ថបទ

អាជ្ញាធរ​បារាំង​ ចាប់ខ្លួន​មន្ត្រី​ព្រឹទ្ធសភា​បារាំង​ម្នាក់​ ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​​កូរ៉េ​ខាងជើង​

មន្ត្រី​ព្រឹទ្ធសភា​បារាំង​ម្នាក់​ ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់ថ្ងៃអាទិត្យ​ទី២៥​ វិច្ឆិកា​ ឆ្នាំ២០១៨​ កន្លងទៅ​ ពីបទ​ធ្វើចារកម្ម​ ឲ្យ​ប្រទេស​កូរ៉េ​ខាងជើង​។ រហូត​មកដល់​ពេលនេះ​ ជនសង្ស័យ​ដែល​ជា​មន្ត្រីជាន់ខ្ពស់​បារាំង​រូបនេះ​ កំពុង​ស្ថិតនៅក្នុង​ដៃ​របស់​ប៉ូលីស​ ហើយ​រដ្ឋាភិបាលបារាំង​កំពុង​ស៊ើបអង្កេត​អំពី​ករណីនេះ​យ៉ាង​យកចិត្តទុក​ជាទីបំផុត។ នេះ​ បើតាម​ប្រភព​ពី​តុលាការ​បារាំង​នៅទី​ក្រុងប៉ារីស​។

មន្ត្រីព្រឹទ្ធសភាបារាំង ដែលទើបត្រូវបានចាប់ខ្លួន លោក Benoit Quennedey
មន្ត្រីព្រឹទ្ធសភាបារាំង ដែលទើបត្រូវបានចាប់ខ្លួន លោក Benoit Quennedey France 24
ផ្សាយពាណិជ្ជកម្ម

បើ​យោងតាម​វេបសាយ​របស់​ព្រឹទ្ធសភា​បារាំង​ មន្ត្រី​ជាន់ខ្ពស់​បារាំង​ដែល​ទើប​ត្រូវបាន​ចាប់ខ្លួន​នោះ​ មានឈ្មោះ​ថា​ Benoit​ Quennedey​ ធ្វើការ​នៅ​នាយកដ្ឋាន​ស្ថាបត្យកម្ម​បេតិកភណ្ឌ​ជាតិ​បារាំង​។ ក្រៅតែពីនេះ​ លោក​ Quennedey​ ក៏​មាន​តួនាទី​សំខាន់​មួយ​ផ្សេងទៀត​ផងដែរ​ជា​ប្រធាន​សមាគម​មិត្តភាព​បារាំង​-កូរ៉​ ដែល​ទទួល​ការខុសត្រូវ​ ក្នុងការ​ជំរុញ​ចំណង​ទំនាក់​ទំនង​ល្អ​ រវាង​ប្រទេស​បារាំង​ និង​កូរ៉េ​ខាងជើង​ ព្រមទាំង​ជួយគាំទ្រ​ដល់ការ​បង្រួបបង្រួម​ ប្រទេស​កូរ៉េទាំងពីរ​គឺ​កូរ៉េខាងត្បូង​-ខាងជើង​។

នាពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅថ្មីៗ​នេះ​ លោក​ Quennedey​ ធ្លាប់បាន​ធ្វើដំណើរ​ជាច្រើន​ដង​ ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ ហើយ​លោក​ក៏ធ្លាប់​បាន​សរសេរ​អត្ថបទ​ និង​សៀវភៅ​ជាច្រើនក្បាល​អំពី​ប្រទេស​កូរ៉េខាងជើង​ទៀតផង​។ ជាក់ស្តែង​ ស្នាដៃ​និពន្ធ​ចុងក្រោយ​របស់​លោក​ ត្រូវបាន​បោះពុម្ពផ្សាយ​កាលពី​ឆ្នាំ២០១៧​ កន្លងទៅ​ មាន​ចំណងជើង​ថា​ “កូរ៉េខាងជើង​ ប្រទេស​ដែល​គេ​មិនស្គាល់​” "North Korea, The Unknown."។

គួរ​រំឭក​ជូនថា​ អាជ្ញាធរ​បារាំង​បាន​ផ្តើមសង្ស័យ​ និង​តាមដាន​ស៊ើបអង្កេត​ សកម្មភាព​របស់​លោក​ Quennedey​ ចាប់តាំងពី​ខែមីនា​ ឆ្នាំ២០១៨​ មកម្ល៉េះ​។ ព្រះរាជអាជ្ញា​បារាំង​ សង្ស័យ​ថា​ មន្ត្រីជាន់ខ្ពស់​ជាតិ​បារាំង​ គឺ​លោក​ Quennedey​ បាន​ប្រមូល​ព័ត៌មាន​ ហើយ​លួច​ផ្តល់​ព័ត៌មាន​ទាំងនោះ​ ទៅឲ្យ​កូរ៉េខាងជើង​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ប៉ះពាល់​ជាខ្លាំង​ ដល់​ផល​ប្រយោជន៍​ជាតិ​របស់​បារាំង​។

សូម​រំឭកជូន​ទៀតថា​ ប្រទេស​កូរ៉េខាងជើង​ អស់​ជាច្រើន​ទសវត្សរ៍​ បាន​បង្ក​ជាក្តី​កង្វល់​ជាច្រើន​ដល់​សហគមន៍​អន្តរជាតិ​ ដោយសារ​តែ​មហិច្ឆតា​ផលិត​ អាវុធនុយក្លេអ៊ែរ​។ បច្ចុប្បន្ននះ​ កូរ៉េខាងជើង​ កំពុង​ស្ថិតនៅក្រោម​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ ពី​សំណាក់​អង្គការសហប្រជាជាតិ​នៅឡើយ​ បើទោះជា​ស្ថានការណ៍​នៅឧបទ្វីបកូរ៉េ​មានភាព​ល្អប្រសើរ​ បន្ទាប់ពី​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ ជុងអ៊ុន​ បាន​ជួបចចា​ជាមួយ​ប្រធានាធិបតី​អាមរិក​លោកត្រាំ ​កាលពី​ខែមិថុនា​ យ៉ាងណាក្តី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ