អ្នកទោសអ៊ីស្លាមជ្រុលនិយមម្នាក់វាយប្រហារដោយកាំបិតលើឆ្មាំគុកពីរនាក់នៅបារាំង
អ្នកទោសម្នាក់នៅក្នុងពន្ធនាគារមួយនៅភាគពាយ័ព្យប្រទេសបារាំងត្រូវបានប៉ូលិសបាញ់ឲ្យរងរបួស បន្ទាប់ពីអ្នកទោសរូបនេះវាយប្រហារដោយកាំបិត ទៅលើឆ្មាំគុកពីរនាក់ឲ្យរងរបួសធ្ងន់កាលពីថ្ងៃអង្គារ ទី៥ មីនា ម្សិលមិញនេះ។ អ្នកទោសខាងលើ ជាជនអ៊ីស្លាមជ្រុលនិយមហើយអាជ្ញាធរបារាំងបានចាត់ទុកការវាយប្រហាររបស់គេថាជាអំពើភេរវកម្ម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គភាពប៉ូលិសពិសេសរបស់បារាំងបានបើកការវាយឆ្មក់រយៈពេល ១០ ម៉ោង បន្ទាប់ពីអ្នកទោសជាជនអ៊ីស្លាមជ្រុលនិយមម្នាក់ឈ្មោះមីកាអែល គីយ៉ូឡូ (Michael Chiolo) បានធ្វើឱ្យឆ្មាំគុកពីរនាក់រងរបួសធ្ងន់ដោយសារការវាយប្រហារដោយប្រើកាំបិត។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បារាំងអ្នកស្រីនីកូល បេលូបេ(Nicole Belloubet) បានប្រាប់ក្រុមអ្នកសារព័ត៌ថាវាច្បាស់ណាស់ ដែលថាការវាយប្រហារកាលពីថ្ងៃអង្គារម្សិលមិញ គឺជាការវាយប្រហារភេរវកម្ម ពីព្រោះថាអ្នកទោសឈ្មោះគីយ៉ូឡូ គឺជាជនដែលមានជំនឿលើគំនិតអ៊ីស្លាមជ្រុលនិយម។
ទាក់ទងរឿងនេះដែរ តំណាងភ្នាក់ងារពន្ធនាគារបានប្រាប់សារព័ត៌មានបារាំង AFP ថា គីយ៉ូឡូបានស្រែកឡើងថា "Allahu Akhbar" មានន័យជាភាសាខ្មែរថា “ព្រះអាឡាជាម្ចាស់ ដ៏ឧត្តុង្គឧត្តមបំផុត” ក្នុងអំឡុងពេលដែលគេវាយប្រហារលើឆ្មាំគុក ខណៈពេលដែលជួបនិយាយជាមួយមិត្តស្រី ដែលទៅសួរសុខទុក្ខរូបគេនៅក្នុងពន្ធនាគារ។
បន្ទាប់ពីសកម្មភាពបង្ក្រាបបានបិទបញ្ចប់ទៅ បុគ្គលគីយ៉ូឡូ និងមិត្តស្រី ត្រូវបានឃុំខ្លួននៅក្នុងកន្លែងមួយ ដែលមានការយាមកាមសន្តិសុខខ្ពស់នៅក្នុងតំបន់ Normandy។ នេះបើតាម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង សរសេរនៅលើបណ្តាញសង្គម Twitter។ ជាមួយគ្នានេះដែរ បើតាមសារព័ត៌មាន AFP អ្នកទោសបារាំងខាងលើ កំពុងតែរងរបួសធ្ងន់ធ្ងរត្រង់ថ្ពាល់ រីឯមិត្តស្រីរបស់គេវិញ បានស្លាប់បាត់បង់ជីវិតហើយ ដោយសារតែរងរបួសធ្ងន់ធ្ងរពេក។
គួរជម្រាបជូនថា អំពើហិង្សានាថ្ងៃអង្គារម្សិលមិញនេះ បានធ្វើឲ្យបុគ្គលិកពន្ធនាគារចំនួន ១៨ កន្លែងនៅទូទាំងប្រទេសបារាំងនាំគ្នាធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារល្អប្រសើរពីសំណាក់រដ្ឋាភិបាលនៅថ្ងៃពុធ ទី៦ មីនានេះ។
ទាក់ទងរឿងនេះដែរ ក្រុមអ្នកជំនាញ និងខាងសហជីព បានលើកឡើងនូវការព្រួយបារម្ភអំពីការរីករាលដាល នៃអំពើហិង្សានៅក្នុងពន្ធនាគារបារាំង និងថារដ្ឋាភិបាលគួរសាងសង់មន្ទីរឃុំឃាំងដាច់ដោយឡែកមួយ ប្រកបដោយការរឹតបន្តឹងសន្តិសុខ សម្រាប់ដាក់ជនដែលមានគ្រោះថ្នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ