អានតួអត្ថបទ

បារាំង​គ្រោង​ដាក់ទណ្ឌកម្ម​សហគ្រាស​ដែល​មាន​គម្លាត​ប្រាក់បៀវត្សរ៍​រវាង​ស្រ្តី​និង​បុរស

នៅ​បារាំង​​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេ​ប៉ាន់ស្មានថា រវាង​បុរស និង​ស្រ្តី ដែល​​ធ្វើការ​ក្នុង​មុខងារ​ប្រហាក់ប្រហែលគ្នា ស្រ្តី​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ទាបជាង​បុរស គិតជា​មធ្យម​រហូតដល់​ទៅ​ប្រមាណ​ជា ៩%។ រដ្ឋាភិបាល​បារាំង ឆ្លៀត​ក្នុង​ឱកាស​ទិវា​សិទ្ធិនារី​អន្តរជាតិ​៨មីនានេះ បាន​ប្រកាស​ចាត់វិធានការ​យ៉ាងតឹងរ៉ឹង ដោយ​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុមហ៊ុនសហគ្រាស​​ណា ដែល​មិនខ្នះខ្នែង​កាត់បន្ថយ​គម្លាត​ប្រាក់​បៀវត្សរ៍​នេះ។

លោកស្រី ម៉ាឡែន ស្ហ៊ាប៉ា (Marlène Schiappa) រដ្ឋលេខាធិការ​ទទួល​បន្ទុក​សិទ្ធិស្រ្តីបារាំង
លោកស្រី ម៉ាឡែន ស្ហ៊ាប៉ា (Marlène Schiappa) រដ្ឋលេខាធិការ​ទទួល​បន្ទុក​សិទ្ធិស្រ្តីបារាំង Charles Platiau / REUTERS
ផ្សាយពាណិជ្ជកម្ម

គម្លាត​ប្រាក់​បៀវត្សរ៍ ៩% ​រវាង​ស្រ្តី​និង​បុរស នៅ​ក្នុង​ប្រទេស​បារាំង​ នាពេល​បច្ចុប្បន្ន​នេះ ត្រូវបាន​គេ​រកឃើញ​ថា​ជា​គម្លាតដែល​មិន​មាន​មូលដ្ឋាន​លើ​កត្តា​សមហេតុផល​ណា​ទាំងអស់ ពោលគឺ មិនមែន​គម្លាត​ដោយសារ​សញ្ញាបត្រ, សមត្ថភាព, ការទទួលខុសត្រូវ ឬ​ក៏​​​ពេលវេលា​និង​ទំហំការងារ។ កាលពីពេលកន្លងមក បារាំងក៏​​ធ្លាប់​​បាន​បង្កើត​ច្បាប់​ជាច្រើន​មកហើយ​ដែរ ដើម្បី​ព្យាយាម​លុបបំបាត់​គម្លាត​ប្រាក់បៀវត្សរ៍​នេះ ក៏ប៉ុន្តែ មិនមាន​ប្រសិទ្ធភាព ដោយ​សារតែ​ច្បាប់ទាំងនេះ​មិន​ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង នៅ​តាម​​សហគ្រាស។

ហេតុដូច្នេះហើយ​បាន​ជា​នៅថ្ងៃ​នេះ រដ្ឋាភិបាល​បារាំង​បាន​ប្រកាស​ឲ្យដឹង​ពី​វិធានការ​ថ្មី តាមរយៈ​ការ​បង្កើត​នូវ​យន្តការ​តាមដាន​​គម្លាត​ប្រាក់បៀវត្សរ៍​នៅ​តាម​ក្រុមហ៊ុន​សហគ្រាស។ យន្តការ​តាមដាន​នេះ​នឹង​ត្រូវ​ធ្វើ​តាមរយៈ​កម្មវិធី​កុំព្យូទ័រ​ ដែល​នឹង​ត្រូវ​ដំឡើង ចាប់ពីពេលនេះ រហូត​ទៅដល់​ឆ្នាំ២០១៩​ខាងមុខ ​នៅ​តាម​បណ្តា​សហគ្រាស​ទាំងអស់ ដែល​មាន​បុគ្គលិក​ចាប់ពី ៥០នាក់​ឡើងទៅ។

យន្តការ​នៃ​ការ​តាមដាន​គម្លាត​ប្រាក់បៀវត្សរ៍​នេះ​នឹង​ត្រូវ​ធ្វើ​ដោយ​គិត​ទៅលើ​លក្ខណៈវិនិច្ឆ័យ​មួយ​ចំនួន (រួមមាន​ដូចជា សញ្ញាបត្រ អាយុ និង​អតីតភាព​ការងារ ជាដើម) ដែល​នឹង​ត្រូវ​​កំណត់​រួមគ្នា​ជាមួយ​សហជីព​តំណាង​នយោជិក និង​​សហជីព​តំណាងនយោជក។ ប្រសិនបើ​នៅ​ក្នុង​សហគ្រាសណាមួយ គេ​សង្កេតឃើញ​មាន​គម្លាត​ប្រាក់​បៀវត្សរ៍​ខុសពី​ប្រក្រតី សហគ្រាស​នោះ​ចាំបាច់​ត្រូវតែ​ចាត់វិធានការ ដើម្បី​លុបបំបាត់​គម្លាតនេះ ហើយ​ប្រសិនបើ​គម្លាត​នេះ​នៅតែ​បន្ត​កើតមាន​ សហគ្រាស​នោះ​អាច​នឹង​ត្រូវ​ទទួល​ទណ្ឌកម្ម​ ដោយ​ពិន័យ​ជាប្រាក់​​​រហូត​ទៅដល់​ប្រមាណ​ជា ១% នៃ​ការ​ចំណាយលើ​បៀវត្សរ៍​សរុប​របស់​សហគ្រាស។

រដ្ឋាភិបាល​គ្រោង​នឹង​រៀបចំ​ដាក់​បញ្ចូល​វិធានការ​ខាងលើ​នេះ ទៅ​ក្នុង​ច្បាប់​ស្តីពី​កំណែទម្រង់​​ប្រព័ន្ធ​សង្គមកិច្ច​និង​ការងារ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​សភា​ពិភាក្សា​និង​អនុម័ត នៅ​អំឡុង​ពាក់​កណ្តាល​ខែ​មេសា​ខាងមុខ។ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​វិធានការ​នេះ រដ្ឋាភិបាល​ក៏​គ្រោង​នឹង​បង្កើន​ប្រតិបត្តិការ​អធិការកិច្ច​នៅ​តាម​ក្រុមហ៊ុន​សហគ្រាស​ផងដែរ ជាពិសេស ប្រតិបត្តិការ​ត្រួតពិនិត្យ​​​គម្លាត​ប្រាក់បៀវត្សរ៍​រវាង​ស្រ្តី​និង​បុរស​នេះ​​នឹង​ត្រូវ​បង្កើនមួយ​ជាបួន ធៀប​នឹង​ពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ