អានតួអត្ថបទ

មេដឹកនាំ​ក្រុមជីហាត​ជាជនជាតិ​បារាំង​ម្នាក់​ត្រូវបាន​សម្លាប់​នៅស៊ីរី​

មេដឹកនាំ​ជាន់ខ្ពស់​ជីហាត​ជា​ជនជាតិ​បារាំង​ និង​ជា​មេខ្លោង​ម្នាក់​ដែរ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​ដ៏ល្បី​កក្រើក​ នាកណ្តាល​ទីក្រុងប៉ារីស​កាលពីឆ្នាំ​២០១៥​ ត្រូវ​គេ​រាយការណ៍​ថាបានស្លាប់​ហើយ​កាលពី​ថ្ងៃពុធ​ ទី២០​ កុម្ភៈ​ ឆ្នាំ២០១៩។ បើតាម​ប្រភព​ប្រាប់​សារព័ត៌មាន​បារាំង​ មេដឹកនាំជី​ហាត​រូប​នេះ​បាន​ស្លាប់​ដោយសារ​ការវាយ​ប្រហារ​តាមអាកាស​ពី​សំណាក់​កងកម្លាំង​សម្ព័ន្ធ​ដឹកនាំ​ដោយ​អាមេរិក​។ ក៏ប៉ុន្តែ ​រហូតមកដល់ពេលនះ​ប្រទេសបារាំង​និង​សហរដ្ឋអាមេរិក​នៅ​មិនទាន់​បានចេញ​មុខ​អះអាង​ថា​ ព័ត៌មាននេះ​គឺជា​ការពិត​មែន​ឬ​ក៏អត់​នោះទេ​។

កងកម្លាំងប្រយុទ្ធដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកកំពុងជិះរថយន្តពិនិត្យមើលតំបន់ក្បែរព្រំដែនរវាងប្រទេសស៊ីរី-អ៊ីរ៉ាក់ ក្នុងខេត្ត Deir Al Zor។ ជាកន្លែង ដែលគេជឿថា Fabien Clain មេដឹកនាំក្រុមជីហាតជនជាតិបារាំង ត្រូវបានសម្លាប់។
កងកម្លាំងប្រយុទ្ធដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកកំពុងជិះរថយន្តពិនិត្យមើលតំបន់ក្បែរព្រំដែនរវាងប្រទេសស៊ីរី-អ៊ីរ៉ាក់ ក្នុងខេត្ត Deir Al Zor។ ជាកន្លែង ដែលគេជឿថា Fabien Clain មេដឹកនាំក្រុមជីហាតជនជាតិបារាំង ត្រូវបានសម្លាប់។ REUTERS/Rodi Said
ផ្សាយពាណិជ្ជកម្ម

Fabien Clain ជាមេដឹកនាំ​ក្រុម​ជីហាត​ជនជាតិបារាំង​ដ៏ល្បី​ឈ្មោះ​ និង​ត្រូវបាន​គេស្គាល់ច្រើន​ ក្រោយពី​លោក​បាន​ប្រកាស​ទទួលខុសត្រូវចំពោះ​ការវាយប្រហារ​ភេរវកម្ម​ដ៏​ល្បីរន្ទឺមួយ​ នាកណ្តាលទីក្រុងប៉ារីស​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១០០នាក់​ កាលពីឆ្នាំ​ ២០១៥​កន្លងទៅ​។

បើតាម​ប្រភព​ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មានបារាំង​ AFP មេដឹកនាំ​របស់​ក្រុមជីហាត​ Clain​ បានស្លាប់​ដោយសារតែ​ការវាយ​ប្រហារ​តាមផ្លូវអាកាស​ពីសំណាក់​កងម្លាំង​សម្ព័ន្ធ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ នៅក្នុង​តំបន់មួយ​ក្បែរ​ព្រំប្រទល់ដែន​រវាងប្រទេសស៊ីរី និងអ៊ីរ៉ាក់​។

រហូតមកដល់ពេលនេះ​ សហរដ្ឋអាមេរិក​ព្រមទាំង​សម្ព័ន្ធមិត្ត​ជាពិសេស​ប្រទេសបារាំង​ នៅមិនទាន់បាន​ចេញមុខបញ្ជាក់ថា​ ព័ត៌មាន​អំពី​ការស្លាប់​របស់​មេដឹកនាំ​ជីហាត​ឈ្មោះ​ Clain​ ជា​ការពិត​ឬក៏អត់​នោះទេ​។

តែទោះជាយ៉ាងណាក្តី​ នាខណៈនេះ​ កងកម្លាំង​ចម្រុះ​ដឹកមុខ​ដោយ​សហរដ្ឋអាមេរិក​ កំពុង​ធ្វើការ​ផ្ទៀងផ្ទាត់​ជុំវិញ​រឿងនេះ​យ៉ាងសកម្ម​។ ចំណែកឯ​ រដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​ គឺ​លោក​ស្រី​ Florence Parly​ វិញ​ អ្នកស្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ Twitter កាលពី​យប់​ថ្ងៃ​ទី២១ កុម្ភៈ​ថា​ វាពិត​ជាអាច​ទៅរួចមែន​ដែលថា​មេជីហាត​ Fabien Clain ​បានស្លាប់​។

សូមរំឭកជូនថា​ Fabien Clain ត្រូវគេ​ជឿថា​បាន​ចាកចេញទៅ​ចូលរួម​ជាមួយ​ក្រុមអង្គការដ្ឋអ៊ីស្លាម​ នៅក្នុង​ប្រទេសស៊ីរី​កាលពី​ខែមីនា​ ឆ្នាំ ២០១៥​។ Clain​ បានដូរ​ទៅកាន់​សាសនា​អ៊ីស្លាម​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ ក្នុងវ័យ​ប្រហែល​ជា៤០​ឆ្នាំ​ស្តើង​។

មុនពេល​ចាកចេញពី​ប្រទេស​បារាំង​ ទៅ​ប្រទេស​ស៊ីរី​ Fabien Clain​ ធ្លាប់​ជាប់​ពន្ធធាគារ​រយៈពេល​៥ឆ្នាំ​ កាលពី​ឆ្នាំ​២០០៩​ ពីបទ​បាន​ចូលរួម​រៀបចំ​ក្នុង​គម្រោង​បញ្ជូន​ក្រុម​សកម្មប្រយុទ្ធ​ជីហាត​ឲ្យទៅ​វាយប្រហារ​កងទ័ព​របស់​អាមេរិក​ ដែល​ឈរជើង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ