អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតអ្វី​បានជា​អូស្ត្រាលី​ខិតខំ​ពង្រឹង​វិស័យ​ការពារជាតិ​ខ្លាំងម្ល៉េះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី​១១ កុម្ភៈ​ ឆ្នាំ ២០១៩​ ប្រទេស​អូស្ត្រាលី​បាន​ចុះ​កិច្ចព្រមព្រៀង​ដ៏ធំមួយ​មិនធ្លាប់មាន​ពីមុនមក​ជាមួយនឹង​ក្រុមហ៊ុន​បារាំង​។ ជាកិច្ចព្រមព្រៀង​ទាក់ទងនឹង​ការផលិត​នាវា​មុជទឹក​ដ៏ទំនើប​ជាច្រើន​គ្រឿង​ និង​មានតម្លៃជា​ទឹកប្រាក់​រហូត​ដល់ជាង​ ៣០​ ពាន់លានដុល្លារ​​។ រដ្ឋាភិបាល​អូស្ត្រាលី ​បានសាទរ​យ៉ាងខ្លាំង​ ចំពោះ​កិច្ចព្រមព្រៀងនេះ​ និងថា​ក្រុមហ៊ុនបារាំង​ គឺជាដៃ​គូសហការ​ដ៏ល្អ​បំផុតមួយ​សម្រាប់​អូស្ត្រាលី​។ ក៏ប៉ុន្តែ​ទន្ទឹមគ្នានេះ​ គេ​ក៏មាន​មន្ទិល​សង្ស័យ​ផងដែរជុំវិញ​និន្នាការថ្មី​របស់​ប្រទេស​អូស្ត្រាលីនាពេលថ្មីៗនេះ​។ការសង្ស័យ​នោះ​គឺថា​ ហេតុអ្វី​បានជា​អូស្ត្រាលី​ជ្រើសរើសយក​ក្រុមហ៊ុនបារាំង​ ឲ្យផលិតនាវាមុជទឹក​? ហេតុអ្វី​ អូស្ត្រាលី​សម្រេច​ផលិត​នាវាមុជទឹក​ជាច្រើន​នាខណៈនេះ​?

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Pyne និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Morrision ព្រមទាំងរដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Parly បានចាប់ដៃគ្នាបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាវាមុជទឹកនៅទីក្រុងកង់បេរ៉ាថ្ងៃទី១១ ខែកុម្ភៈ ទី១១ ឆ្នាំ២០១៩។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Pyne និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Morrision ព្រមទាំងរដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Parly បានចាប់ដៃគ្នាបន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាវាមុជទឹកនៅទីក្រុងកង់បេរ៉ាថ្ងៃទី១១ ខែកុម្ភៈ ទី១១ ឆ្នាំ២០១៩។ AAP Image/Lukas Coch via Reuters
ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ​ចូលដល់ដើម​ឆ្នាំ​២០១៩​ ភ្លាម រដ្ឋាភិបាល​អូស្ត្រាលី​បានបង្កជា​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ដោយសារ​ការចំណាយ​ដ៏ច្រើន​លើសលុប​ទៅលើ​វិស័យការពារ​ជាតិ តាមរយៈការផលិតនាវាមុជទឹក ដែលស្ថិតនៅក្នុង​ចំណោម​តម្លៃ​ដ៏ថ្លៃ​បំផុត​ដាច់គេមួយ​នៅក្នុង​ពិភពលោក​។

តាមរយៈ​ការដាក់​ដេញថ្លៃលើគម្រោង​ផលិតនាវាមុជទឹកនេះ​ នៅទីបំផុតទៅ​ ប្រទេស​អូស្ត្រាលី​ បានជ្រើសរើស​យក​ ក្រុមហ៊ុនបារាំង-Naval Group​ ជាជាង​ក្រុមហ៊ុនជប៉ុន​ និងអាល្លឺម៉ង់​ ឲ្យក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​ ក្នុងការ​ផលិត​នាវាទឹកមុជទឹក​ទំនើបចំនួន​ ១២គ្រឿង​។

ទាក់ទងនឹង​រឿងនេះដែរ​ អូស្ត្រាលី​មិនបាន​បញ្ជាក់ប្រាប់ពី​ហេតុផលពិស្តារ​ឡើយ​ ក្នុងការ​ជ្រើសរើស​យកក្រុ​មហ៊ុន​បារាំង​។ អូស្ត្រាលី​ គ្រាន់តែ​និយាយថា​ខ្លួន​មានទំនុកចិត្តខ្ពស់​ចំពោះ​ក្រុមហ៊ុនបារាំង​។

ថ្លែង​នៅក្នុង​កម្មវិធីមួយ​ នៅក្នុង​ទីក្រុង​កង់បេរ៉ា​នាពេលកន្លង​ទៅថ្មីៗនេះ​ នាយក​រដ្ឋមន្ត្រី​អូស្តា្រលី​ស្កុត ម៉ូរីសុន​ បានលើកឡើង​ដោយមោទនភាពថា​កិច្ចព្រមព្រៀងថ្មី​ដែលអូស្ត្រាលី​ទើប​សម្រេចបាន​គឺជាផ្នែកមួយ​នៃការវិនិយោគដ៏ធំ​លើ​វិស័យ​ការពារជាតិ​។ លោកស្កុត​ ម៉ូរីសុន​ បានបន្ថែមថា​ កិច្ចព្រមព្រៀង​ថ្មីនេះ​ក៏​បង្ហាញផងដែរ​អំពី​ចំណង​ទំនាក់ទំនង​ដ៏ល្អ​ និង​រឹងមាំ​រវាង​ប្រទេសបារាំង​ និង​អូស្ត្រាលី​។

បើយោងតាម​ ប្រធាន​ក្រុមហ៊ុន​បារាំង​ Naval Group លោក​ Herve Guillou ​ការណ៍​ដែល​បារាំង​អាច​ឈ្នះការដេញថ្លៃ​គឺ​ដោយសារតែ​ផលិតផល​ដែល​ប្រសូតចេញពី​ទឹកដៃ​របស់ក្រុមហ៊ុន​ Naval Group​ មាន​គុណភាពខ្ពស់​ រឹងធំ​ និងធន់បានយូរ​។

ទាក់ទង​រឿងនេះដែរ​ លោកសេម បេមេន (Sam Bateman) អ្នក​ជំនាញម្នាក់​នៅ​មជ្ឈមណ្ឌល​ជាតិអូស្ត្រាលី​ដើម្បី​ធនធាន​ និង​សន្តិសុខ​មហាសមុទ្រ​បាននិយាយថា​ ការខ្វះ​ទំនុកចិត្ត​របស់​អូស្រ្តាលី​ ក្នុង​ឧស្សាហកម្ម​ការពារជាតិ​របស់​ប្រទេសជប៉ុន​ បានធ្វើឲ្យ​ទីក្រុង​តូក្យូ​ ចាញ់ទីក្រុងប៉ារីស​ ក្នុងការ​ដេញថ្លៃ​លើ​គម្រោង​នាវាមុជទឹក​។

​នៅក្នុង​សិក្ខាសាលា​ប្រចាំឆ្នាំ​របស់​អង្គការឃ្លាំមើលកិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​កាលពីថ្ងៃ​ទី១៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ លោក​បេមេន​ក៏ធ្លាប់​បានលើកឡើង​ដែរថា​ ការសម្រេច​របស់​អូស្ត្រាលី​គឺ​ផ្អែកលើ​មូលដ្ឋាន​ពាណិជ្ជកម្ម​ និង​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​។

ដោយឡែក​ គេ​មើលឃើញថា​ និន្នាការថ្មី​របស់​ប្រទេសអូស្ត្រាលី​ក្នុងការពង្រឹងវិស័យការពារជាតិ ​ ក៏ជា​សញ្ញា​បញ្ជាក់​ប្រាប់ថា​ អូស្ត្រាលី​មានឆន្ទៈ​ចង់បង្កើន​ឥទ្ធិពល​នៅក្នុង​តំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ អូស្ត្រាលី​ចង់​កាត់បន្ថយ​ឥទ្ធិពល​របស់​ប្រទេសចិន​ ដែល​កំពុងតែ​បង្កើន​កិត្យានុភាព​ខ្លាំងឡើងៗ​ នៅក្នុងតំបន់​។ មួយវិញទៀត​នៅគ្រាកន្លងមក​ គេ​ធា្លប់​បានឮ​រដ្ឋមន្ត្រី​ការពារជាតិ​អូស្ត្រាលី​ និយាយអំពី​ភាពតានតឹង​នៅក្នុង​តំបន់​សមុទ្រចិនខាងត្បូង​ផងដែរ​។

តែទោះជាបែបនេះក្តី​ ចំណាត់ការ​ថ្មី​ របស់​អូស្ត្រាលី​នាពេលនេះ​ វា​ហាក់បី​ដូចជាយឺត​ពេលទៅហើយ​។ ជាក់ស្តែង​ មាន​អ្នក​រិះគន់ថា​ ដែនដីទឹក​នៃ​តំបន់​សមុទ្រចិន​ខាងត្បូង​ បានក្លាយ​ទៅជាតំបន់​ ដែល​ប្រទេសចិន​ និង​សហរដ្ឋអាមេរិក​ ព្រមទាំង​ប្រទេស​នៅក្នុង​តំបន់​មួយចំនួនទៀត​ ប្រកួតប្រជែង​ និង​ដណ្តើមឥទ្ធិពលគ្នា​ជាយូរ​រួចទៅហើយ​។

សូម​រំឭកជូនថា​ សមុទ្រ​ចិនខាងត្បូង​ គឺជា​តំបន់​ដែល​មានជម្លោះ​ក្តៅ​គគុកមួយ​ជាងគេ​នៅក្នុង​ពិភពលោក​ ដោយសារតែ​ការដណ្តើមគ្នាជាម្ចាស់កម្មសិទ្ធិ​រវាងប្រទេសចិន​ វៀតណាម ព្រមទាំង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួនទៀត​។ ប្រទេសទាំងនោះ​ប្រកួតប្រជែងគ្នា​ដណ្តើមយក​ តំបន់សមុទ្រចិនខាងត្បូង​ ពីព្រោះតែ​នៅទីនោះ​មាន​ធនធានធម្មជាតិ​ជាច្រើន​ដូចជា​ រ៉ែ​ ប្រេងឆៅ​ និងជីវៈចម្រុះ​ជាដើម​។

ដោយឡែក​ សម្រាប់​សហរដ្ឋអាមេរិក​វិញ​ ធនធាន​ធម្មជាតិ​មិនមែន​វារឿង​សំខាន់​មួយមុខ​នោះទេ​ ប៉ុន្តែ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​-ការ​ពង្រីក​ឥទ្ធិពល​នៅអាស៊ី​ ក៏ជា​កត្តា​ដែល​នាំឲ្យ​អាមេរិក​ដែល​មិនមែនជា​ប្រទេសជម្លោះ​បង្ហាញ​វត្តមានយ៉ាងខ្លាំង​នៅ​តំបន់សមុទ្រចិនខាងត្បូងផងដែរ។

បកមក​និយាយពី​អូស្ត្រាលី​វិញ​ អ្នកវិភាគ​ខាងផ្នែក​យោធា​អូស្ត្រាលី​និយាយថា​ ទោះបីមានការ​លើកឡើងថា​ ការ​លេចមុខ​របស់​អូស្ត្រាលី​នៅ​តំបន់សមុទ្រចិនខាងត្បូង​យឺតពេល​ទៅហើយក្តី​ លោកសង្ឃឹមថា​ យ៉ាងហោចណាស់​ ការពង្រឹង​វិស័យ​ការពារជាតិ​របស់​អូស្ត្រាលី​ នឹង​ជួយឲ្យ​ប្រទេសដទៃទៀត​ញញើត​អូស្ត្រាលី​ខ្លះដែរ​។ លោកបន្តថា​ ម្យ៉ាង​នៅ​ពេលមាន​នាវាមុជទឹក​ទំនើបទាន់សម័យ​ អូស្ត្រាលី​នឹងអាច​បង្កើនសមត្ថភាពការពារខ្លួន​ទល់នឹង​សត្រូវ​បានខ្លាំងនិងមាំទាំ​ជាង​មុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ