អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងប្រទេសបូលីវី វិបត្តិនយោបាយកំពុងពុះកញ្ជ្រោលខ្លាំង ដោយសារតែមានការខ្វែងគំនិតគ្នា ជុំវិញលទ្ធផលនៃបោះឆ្នោតប្រធានាធិបតី។ បើតាមលទ្ធផលឆ្នោតបឋម លោកប្រធានាធិបីអេវ៉ូ ម៉ូរ៉ាល់ ជាអ្នកឈ្នះការបោះឆ្នោតអាចបន្តដឹកនាំប្រទេសទៀតបាន។ ក៏ប៉ុន្តែ ខាងក្រុមអ្នកប្រឆាំងវិញថា លទ្ធផលនេះ ជាលទ្ធផលមិនពិត និងបានចុះផ្លូវធ្វើបាតុកម្ម រហូតដល់មានការប៉ះទង្គិចគ្នាខ្លាំងជាមួយអាជ្ញាធរបូលីវីទៀតផង នៅថ្ងៃព្រហស្បតិ៍ ទី២៤ តុលានេះ។ លោកប្រធានាធិបតីបូលីវី បានហៅទង្វើរបស់ក្រុមអ្នកប្រឆាំងថា ជាសកម្មភាពធ្វើរដ្ឋប្រហារខុសច្បាប់ និងបានបញ្ជាឲ្យដាក់ពង្រាយកងកម្លាំងដើម្បីការពារសន្តិសុខរបស់ប្រទេស។តើមានហេតុផលអ្វីខ្លះ ដែលជំរុញឲ្យក្រុមអ្នកប្រឆាំងហ៊ាននិយាយថា លទ្ធផលបោះឆ្នោត ជាលទ្ធផលក្លែងបន្លំ? ហើយចុះតើពេលនេះ ស្ថានការណ៍នៅក្នុងប្រទេសបូលីវី មានសភាពបែបណាទៅហើយ?

ក្រុមអ្នកគាំទ្របក្សប្រឆាំងចូលរួមក្នុងបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ក្នុងទីក្រុងឡាប៉ាស នាថ្ងៃទី ២៣ តុលា ឆ្នាំ២០១៩។
ក្រុមអ្នកគាំទ្របក្សប្រឆាំងចូលរួមក្នុងបាតុកម្មប្រឆាំងនឹងលទ្ធផលបោះឆ្នោត ក្នុងទីក្រុងឡាប៉ាស នាថ្ងៃទី ២៣ តុលា ឆ្នាំ២០១៩។ REUTERS/Manuel Claure NO RESALES
ផ្សាយពាណិជ្ជកម្ម

ភាពខុសប្រក្រតី ដែលធ្វើអ្នកប្រឆាំងគិតថាលទ្ធផលនៃការបោះឆ្នោត ជាលទ្ធផលមិនពិត

ការបោះឆ្នោតប្រធានាធិបតី នៅក្នុងប្រទេសបូលីវី ទើបតែប្រព្រឹត្តទៅប៉ុន្មានថ្ងៃមុននេះ ពោលគឺនៅថ្ងៃអាទិត្យ ទី ២០ តុលា។ នៅថ្ងៃអាទិត្យដដែល ក្រោយការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសត្រូវបានបិទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបូលីវី ក៏ចាប់ផ្តើមរាប់សន្លឹកឆ្នោតលោកទី១ ភ្លាមៗតែម្តង។

ក្រោយរាប់សន្លឹកឆ្នោតបានប្រមាណ ៧២% នៃសន្លឹកទាំងអស់នៅទូទាំងប្រទេស នៅថ្ងៃអាទិត្យដដែលនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបូលីវី បានប្រកាសលទ្ធផលបឋម។ លទ្ធផលនេះបង្ហាញថា លោកប្រធានាធិតបីអេវ៉ូ ម៉ូរ៉ាល់ នាំមុខមេបក្សប្រឆាំងគឺលោកការឡូស មេសា ប្រផុតប្រផើយខ្លាំងមែនទែន គឺតែត្រឹមចំនួន ០,៥៨ ភាគរយតែប៉ុណ្ណោះ។ នេះមានន័យថា ការបោះឆ្នោតជុំទី២ អាចនឹងត្រូវប្រព្រឹត្តធ្វើនាពេលខាងមុខទៀត ដើម្បីស្វែងរកអ្នកឈ្នះ ដោយសំឡេងភាគច្រើន និងឈានដល់ការកាន់កាប់តំណែងប្រធានាធិបតីដោយត្រឹមត្រូវ និងស្របច្បាប់របស់ប្រទេសបូលីវីបាន ។

ទាក់ទងរឿងនេះដែរ គួរបញ្ជាក់ជូនថា តាមច្បាប់ប្រទេសបូលីវី បេក្ខភាពប្រធានាធិបតី ត្រូវការសំឡេងឈ្នះ គូប្រកួតប្រជែងចំនួន ១០ ពន្ទុគិតជាភាគរយ នៅជុំទី១ ដើម្បីអាចឈ្នះការបោះឆ្នោតប្រធានាធិបតីទាំងស្រុងបាន។ ដូច្នោះហើយ បើតាមលទ្ធផលជាបឋម ប្រកាសដោយគណៈកម្មាធិការជាតិបូលីវី កាលពីថ្ងៃអាទិត្យ គេគិតថា មានភាគរយច្រើនណាស់ ដែលលោកប្រធានាធិបតីអេវ៉ូ ម៉ូរ៉ាល់ ត្រូវប្រឈមនឹង មេបក្សប្រឆាំង ក្នុងការបោះឆ្នោតជុំទី២ ទៀត។

ក៏ប៉ុន្តែ អ្វីៗហាក់ប្រែប្រួលអស់ ខុសពីការស្មានរបស់គ្រប់គ្នា ជាពិសេសខុសពីការគិតរបស់ ក្រុមអ្នកគាំទ្របក្សប្រឆាំងតែម្តង ដោយហេតុតែលទ្ធផលបឋមចេញជាលើកទី ២ នាថ្ងៃចន្ទ ទី២១ តុលា បែរជាបង្ហាញ ថា លោកប្រធានធិបតីអេវ៉ូ ម៉ូរ៉ាល់ ឈ្នះបានសំឡេងច្រើនគ្រប់គ្រាន់គឺមាន ១០,១២ ពិន្ទុភាគរយ។ ដូច្នោះហើយ ការបោះឆ្នោតជុំទី២ ដូចការរំពឹងទុក របស់សង្គមស៊ីវិល និងក្រុមបក្សប្រឆាំង ក៏គ្មានទៀតនោះដែរ។

គួរកត់សម្គាល់ដែរថា មុនការប្រកាសលទ្ធផលឆ្នោតបឋមលើកទី២ នេះ គេដឹងថា វេបសាយ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបូលីវី ត្រូវជាប់គាំង លែងដំណើរការរយៈពេលរហូតដល់ទៅ ២៤ ម៉ោង។ ហើយនេះ ជាមូលហេតុ ដែលធ្វើឲ្យមិនត្រឹមតែ ក្រុមបក្សប្រឆាំងទេមានការសង្ស័យ និងព្រួយបារម្ភ ក៏ប៉ុន្តែសហគមន៍អន្តរជាតិ ព្រមទាំងក្រុមអ្នកសង្កេតការបោះឆ្នោតឯករជ្យ ក៏មានការសង្ស័យ និងចិត្តបារម្ភដូចគ្នាអីចឹងដែរ។

មួយវិញទៀត ភ្លាមៗក្រោយការប្រកាសលទ្ធផលឆ្នោតដ៏ចម្រូងចម្រាសនេះ មេបក្សប្រឆាំងបានចេញមុខ មិនទទួលស្គាល់លទ្ធផល និងថាមានការលួចបន្លំសន្លឹកឆ្នោត។ ក្រោយមកទៀត ក្រុមអ្នកគាំទ្របក្សប្រឆាំង ក៏បាននាំគ្នា ចេញដើរផ្លូវជាច្រើនកន្លែង នៅតាមទីក្រុងជាច្រើន ដើម្បីប្រឆាំងតវ៉ានឹងលទ្ធផលបោះឆ្នោតប្រធានាធិបតីនេះ។

ប្រធានាធិបតីបូលីវី ហៅការប្រឆាំងតវ៉ារបស់បាតុករថាជាសកម្មភាពធ្វើរដ្ឋប្រហារខុសច្បាប់

មិនយូរប៉ុន្មាន ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោត នៅថ្ងៃពុធ ម្សិលមិញនេះ​ និងនៅថ្ងៃព្រហស្បតិត៍នេះផងដែរ ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង នៅតាមទីក្រុងធំៗមួយចំនួន ដែលក្នុងនោះមានទាំងរដ្ឋធានី ឡាប៉ាស ផង បាននាំគ្នាចេញតវ៉ា ថា មានការលួចបន្លំសន្លឹកឆ្នោត។

ក្នុងអំឡុងពេលធ្វើបាតុកម្ម បាតុករខ្លះ បានទៅជួបជុំគ្នាតវ៉ា នៅពីមុខទីស្នាក់ការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងទីក្រុងឡាប៉ាស ទៀតផង។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ក៏មានក្រុមបាតុករមួយចំនួនដែរ លើកគ្នាទៅដុត ការិយាល័យបោះឆ្នោត របស់រដ្ឋមួយចំនួនផងដែរ ដែលជាហេតុនាំឲ្យមានការប៉ះទង្គិចគ្នាហិង្សា រវាងប៉ូលិស និងក្រុមអ្នកតវ៉ា។

ចលនាបាតុកម្មតវ៉ា បានរីករាលដាលធំ នៅថ្ងៃព្រហស្បតិ៍ ហើយការប៉ះទង្គិចគ្នានៅតែបន្តកើតមានរវាងអាជ្ញាធរ និងក្រុមបាតុករ រហូតធ្វើឲ្យលោកប្រធានាធិបតីអេវ៉ូ ម៉ូរ៉ាល់ ហៅការតវ៉ារបស់អ្នកប្រឆាំងថា ជាការធ្វើរដ្ឋប្រហារ។

លោកអេវ៉ូ ម៉ូរ៉ាល់ តាមរយៈការថ្លែងសុន្ទរកថា ជាលើកដំបូង ក្រោយការបោះឆ្នោត បាននិយាយថា លោកចង់ឲ្យប្រជាពលរដ្ឋបូលីវី ដឹងថា នាខណៈនេះ ការធ្វើរដ្ឋប្រហារខុសច្បាប់ប្រឆាំង នឹងរដ្ឋាភិបាលកំពុងប្រព្រឹត្តទៅ។

ទន្ទឹមគ្នានេះ លោកបានអះអាងដែរថា រហូតមកទល់នឹងពេលនេះ រដ្ឋាភិបាលមានភាពអត់ធ្មត់ខ្ពស់ ហើយដើម្បីសន្តិសុខប្រទេសជាតិ រដ្ឋាភិបាលនឹងមិនទៅប្រឈមមុខជាមួយក្រុមអ្នកប្រឆាំងឡើយ។ តែទោះជាបែបនេះក្តី លោកប្រធានាធិបតីថ្លែងថា កងម្លាំងសន្តិសុខ នៅតែត្រូវដាក់ពង្រាយ នៅតាមទីតាំងសំខាន់ៗ នៅក្នុងប្រទេស ដើម្បីការពារសុខសុវត្តិភាព ជូនប្រជាពលរដ្ឋ។

បរាជ័យក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយ រវាងបក្សប្រឆាំង និងរដ្ឋាភិបាល

រហូតមកដល់ពេលនេះ តំណាងក្រុមអ្នកប្រឆាំង និងតំណាងរដ្ឋាភិបាល បានជួបចរចា គ្នាចំនួនពីរលើកហើយដើម្បីដោះស្រាយវិបត្តិ ក៏ប៉ុន្តែ មិនមានកិច្ចព្រមព្រៀងណាមួយត្រូវសម្រេចបានដោយភាគីទាំងពីរនោះឡើយ។

មិនតែប៉ុណ្ណោះ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង APF នៅថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមអ្នកគាំទ្របក្សកាន់អំណាច នឹងនាំគ្នាចេញធ្វើបាតុកម្មតប ទៅពួកប្រឆាំងវិញ ដែលជាហេតុនាំឲ្យស្ថានការណ៍នៅបូលីវី អាចកើនកម្តៅ ថែមមួយកម្រិតទៀត ក៏ថាបាន។

តែទោះជាយ៉ាងណាក៏ដោយ ការពិត ឬស្ថានការណ៍​ប្រែប្រួលទៅជាយ៉ាងណានោះ គេនៅមិនទាន់ហ៊ានធ្វើការសន្និដ្ឋាននោះទេ។ ដូច្នោះហើយ គេមានតែរងចាំមើលតាមការពិតជាក់ស្តែង នាពេលបន្តិចទៀតតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ