នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមរៀបរាប់អំពីប្រវត្តិរបស់ទស្សនវិទូមួយរូប ដែលល្បីល្បាញ និងដែលមានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងមនោគមន៍វិជ្ជាកុម្មុយនិស្ត និងសង្គមនិយម គឺលោកកាល់ម៉ាក្ស៍។
គិតត្រឹមឆ្នាំ២០១៨ គឺជាខួបគម្រប់២០០ឆ្នាំគត់ នៃការចាប់កំណើតរបស់កាល់ម៉ាក្ស៍ ហើយនៅក្នុងឱកាសខួប២០០ឆ្នាំនេះ គេឃើញមានមតិយោបល់ចម្រុះគ្នា ជុំវិញគោលគំនិតរបស់កាល់ម៉ាក្ស៍ ដោយមានទាំងអ្នករិះគន់ និងទាំងអ្នកដែលគិតថា ទ្រឹស្តីរបស់កាល់ម៉ាក្ស៍នៅតែជាបច្ចុប្បន្នភាពនៅឡើយ ហើយរឹតតែមានអត្ថន័យសំខាន់ទៅទៀត នៅក្នុងសម័យកាលបច្ចុប្បន្ននេះ។
កាល់ម៉ាក្ស៍ (Karl Heinrich Marx) កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៨១៨ នៅអាល្លឺម៉ង់។ គេមិនសូវជាមានព័ត៌មានលម្អិតច្រើនទេ អំពីកុមារភាពរបស់កាល់ម៉ាក្ស៍ ដោយគេគ្រាន់តែដឹងថា កាល់ម៉ាក្សគឺជាកូនទី៣ ក្នុងចំណោមបងប្អូន ៩នាក់ ក្នុងត្រកូលអ្នកមានជីវភាពស្តុកស្តម្ភម្នាក់ ដោយឪពុករបស់កាល់ម៉ាក្សមានមុខរបរជាមេធាវី។
ទាំងឪពុក និងទាំងម្តាយរបស់កាល់ម៉ាក្ស៍ សុទ្ធតែជាអ្នកនៅក្នុងត្រកូលជាជនជាតិជ្វីហ្វ ក៏ប៉ុន្តែ ឪពុករបស់កាល់ម៉ាក្ស៍បានជ្រើសរើសផ្លូវដើរខុសពីវង់ត្រកូល ដោយងាកទៅរកគ្រិស្តសាសនានិកាយប្រូតេស្តង់។ កាល់ម៉ាក្ស៍វិញជាអ្នកដែលមិនមានជំនឿទៅលើសាសនាណាមួយទាំងអស់ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ការណ៍ដែលមានសាច់ឈាមក្នុងត្រកូលជ្វីហ្វបានធ្វើឲ្យកាល់ម៉ាក្ស៍ត្រូវរងនូវការរើសអើងនៅអាល្លឺម៉ង់។ ហេតុដូច្នេះហើយបានជា កាល់ម៉ាក្ស៍តែងតែមានគំនិតប្រឆាំងនឹងតួនាទីរបស់សាសនានៅក្នុងសង្គម។
នៅក្នុងសម័យកាលរបស់កាល់ម៉ាក្ស៍ អាល្លឺម៉ង់ស្ថិតក្រោមការគ្រប់គ្រងដោយរបបរាជានិយមផ្តាច់ការ ចំណែកឪពុករបស់កាល់ម៉ាក្ស៍ គឺជាអ្នកដែលជាប់ចិត្តនឹងទ្រឹស្តីរបស់ទស្សនវិទូសេរីនិយម ជាពិសេស គឺទស្សនវិទូអាល្លឺម៉ង់ អេម៉ានុយអែល កង់ (Emmanuel Kant) និងទស្សនវិទូបារាំង វ៉ុលទែរ ហើយជាអ្នកមានគំនិតប្រឆាំងនឹងរបបរាជានិយមផ្តាច់ការ។ ហេតុដូច្នេះហើយបានជាកាល់ម៉ាក្ស៍ត្រូវបានឪពុកបញ្ជូនឲ្យទៅរៀនសូត្រនៅវិទ្យាល័យមួយ ដែលសម្បូរទៅដោយគ្រូដែលមានគំនិតសេរីនិយម ហើយដែលត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីសំណាក់អាជ្ញាធរ ដោយសង្ស័យថាជាសាលាបណ្តុះគំនិតបដិវត្តន៍ប្រឆាំងនឹងព្រះមហាក្សត្រ។
ក្រោយរៀនចប់វិទ្យាល័យ កាល់ម៉ាក្ស៍បានទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅសកលវិទ្យាដោយពីដំបូងបានជ្រើសរើសយកជំនាញខាងអក្សរសាស្រ្ត និងទស្សនវិជ្ជា ក៏ប៉ុន្តែ ក្រោយមកបានប្តូរទៅរៀនខាងច្បាប់វិញ ទៅតាមបំណងរបស់ឪពុកដែលជាមេធាវី។ ទោះជាយ៉ាងណា នៅទីចុងបំផុតទៅ ក្រោយការបញ្ចប់ការសិក្សា កាល់ម៉ាក្ស៍ក៏មិនបានចាប់យកអាជីពជាអ្នកច្បាប់នោះដែរ តែបែរជាទៅធ្វើជាអ្នកកាសែតទៅវិញ។
ពេលនៅជានិស្សិតនៅសកលវិទ្យាល័យ កាល់ម៉ាក្ស៍ ថ្វីដ្បិតតែចាប់យកជំនាញខាងច្បាប់ ក៏ប៉ុន្តែ នៅតែមានការចាប់អារម្មណ៍ខ្លាំងទៅលើទស្សនវិជ្ជា ហើយលើសពីនេះទៅទៀត កាល់ម៉ាក្ស៍បានចូលរួមក្នុងចលនានិស្សិត ដែលមានគំនិតបដិវត្តន៍ឆ្វេងនិយម ទៅតាមទ្រឹស្តីរបស់ទស្សនវិទូអាល្លឺម៉ង់ ឈ្មោះថា ហឺហ្គែល (Hegel)។ ចលនានិស្សិតនេះមានគំនិតប្រឆាំងនឹងសាសនាផង (ដោយពីដំបូងប្រឆាំងនឹងគ្រិស្តសាសនា ហើយក្រោយមករាលដាលទៅជាចលនាប្រឆាំងនឹងគ្រប់សាសនាទាំងអស់) ហើយក៏មានគំនិតប្រឆាំងនឹងរបបរាជានិយមផងដែរ។
នៅឆ្នាំ១៨៤១ ក្នុងវ័យ ២៣ឆ្នាំ កាល់ម៉ាក្ស៍បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត។ ពីដំបូង កាល់ម៉ាក្សមានបំណងចាប់អាជីពជាសាស្រ្តាចារ្យ ឬជាអ្នកសិក្សាស្រាវជ្រាវនៅសកលវិទ្យាល័យ ក៏ប៉ុន្តែ បំណងនេះមិនអាចសម្រេចបាន ដោយសារតែមានការរារាំងពីសំណាក់អាជ្ញាធរ ដែលមើលឃើញថា កាល់ម៉ាក្ស៍មានជាប់ពាក់ព័ន្ធនឹងចលនានិស្សិតបដិវត្តន៍ឆ្វេងនិយម និងសេរីនិយម។
ហេតុដូច្នេះហើយបានជាកាល់ម៉ាក្ស៍ងាកទៅចាប់អាជីពជាអ្នកកាសែត ដោយសរសេរអត្ថបទទាក់ទងនឹងសេដ្ឋកិច្ច និងសង្គម ឲ្យកាសែតថ្មីមួយ ដែលទើបនឹងបង្កើតឡើង ហើយដែលភាគច្រើនសរសេរប្រឆាំងរដ្ឋាភិបាល។ ក៏ប៉ុន្តែ ធ្វើការបានតែប្រមាណជាមួយឆ្នាំ កាសែតប្រឆាំងនេះត្រូវរដ្ឋាភិបាលបិទលែងឲ្យចុះផ្សាយ។ កាល់ម៉ាក្ស៍ក៏បានចាកចេញពីអាល្លឺម៉ង់ ហើយទៅធ្វើការឲ្យសារព័ត៌មានឆ្វេងនិយមផ្សេងទៀត ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៉ារីស។
នៅពេលនោះ ទីក្រុងប៉ារីសត្រូវបានគេស្គាល់ថាជាសម្បុកនៃគំនិតបែបសង្គមនិយម រួមទាំងក្រុមអ្នកសង្គមនិយមជ្រុលមួយក្រុម ដែលគេឲ្យឈ្មោះថា "កុម្មុយនិស្ត”។ គឺនៅទីក្រុងប៉ារីសនោះហើយ ដែលកាល់ម៉ាក្ស៍បានជួបជាមួយនឹងទស្សនវិទូអាល្លឺម៉ង់មួយរូបទៀត ដែលមានគំនិតឆ្វេងនិយមដូចគ្នា គឺ ហ្វ្រ៊ីឌ្រិច អង់ហ្គែល (Friedrich Engel)។ កាល់ម៉ាក្ស៍ និងអង់ហ្គែលបានចាប់ផ្តើមធ្វើការជាមួយគ្នា ជាមិត្តរួមអាជីព រួមមនោគមន៍វិជ្ជា ហើយបន្តិចម្តងៗអ្នកទាំងពីរក៏បានរាប់អានគ្នាជាមិត្តភ័ក្តិដ៏ជិតស្និទ្ធិបំផុត។
នៅឆ្នាំ១៨៤៥ នៅពេលដែលសារព័ត៌មានឆ្វេងនិយមនៅប៉ារីសត្រូវអាជ្ញាធរបារាំងបិទលែងឲ្យផ្សាយ កាល់ម៉ាក្ស៍ និងអង់ហ្គែលបាននាំគ្នាចាកចេញទៅរស់នៅទីក្រុងព្រុចស៊ែល ប្រទេសប៊ែលហ្ស៊ិកទាំងពីរនាក់ មុននឹងបន្តដំណើរទៅកាន់ប្រទេសអង់គ្លេស។
នៅក្នុងអំឡុងពេលនោះ កាល់ម៉ាក្ស៍ និងអង់ហ្គែលបានសរសេរសៀវភៅមួយរួមគ្នា គឺសៀវភៅស្តីពី “គោលគំនិតកុម្មុយនិស្ត” ឬ “គោលគំនិតនៃបក្សកុម្មុយនិស្ត” (Manifeste du parti communiste)។ សៀវភៅនេះត្រូវបានចេញផ្សាយនៅក្នុងទីក្រុងឡុងដ៍ នៅឆ្នាំ១៨៤៨ ហើយក្រោយមកបានក្លាយទៅជាសៀវភៅដែលមានឥទ្ធិពលនយោបាយបំផុតមួយនៅក្នុងមនោគមន៍វិជ្ជាកុម្មុយនិស្ត ជាពិសេស គឺនៅបន្តមានឥទ្ធិពលរហូតមកទល់នឹងពេលបច្ចុប្បន្ន ជាពិសេស នៅក្នុងប្រទេសចិន។
ពេលរស់នៅក្នុងប្រទេសអង់គ្លេស កាល់ម៉ាក្ស៍បានចូលរួមយ៉ាងសកម្មនៅក្នុងបក្សសម្ព័ន្ធកុម្មុយនិស្ត (Ligue des communistes) ដែលជំរុញឲ្យមានចលនាបដិវត្តន៍ប្រឆាំងនឹងវណ្ណៈសក្តិភូមិ ហើយលើកតម្កើងវណ្ណៈពលករ។ ក៏ប៉ុន្តែក្រោយមក ទំនាក់ទំនង រវាងកាល់ម៉ាក្ស៍ និងបក្សសម្ព័ន្ធកុម្មុយនិស្តក៏ចាប់ផ្តើមបែកបាក់ ដោយសារតែកាល់ម៉ាក្ស៍ប្រឆាំងនឹងគំនិតរបស់មេដឹកនាំកុម្មុយនិស្តមួយក្រុមដែលទាមទារចង់ធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលនៅទូទាំងអឺរ៉ុប ដើម្បីដណ្តើមអំណាចមកកាន់កាប់ភ្លាមៗ។
កាល់ម៉ាក្ស៍យល់ថា ការធ្វើបដិវត្តន៍ផ្តួលរំលំរដ្ឋាភិបាលនៅទូទាំងតំបន់អឺរ៉ុបនៅពេលនោះ គឺប្រៀបដូចជាយកពងមាន់ទៅជល់នឹងថ្ម ហើយលើសពីនេះទៅទៀត កាល់ម៉ាក្ស៍ ក៏ដូចជាអង់ហ្គែលដែរ សុទ្ធតែប្រកាន់នូវគំនិតថា គោលដៅចម្បងនៃបដិវត្តន៍របស់ពួកគេ គឺមិនមែនដើម្បីដណ្តើមអំណាចមកកាន់កាប់ភ្លាមៗនោះទេ តែជាបដិវត្តន៍ដោយសន្សឹមៗ ដើម្បីនាំមកនូវការផ្លាស់ប្តូរខាងផ្នត់គំនិត និងរចនាសម្ព័ន្ធសង្គមក្នុងរយៈពេលវែង។
ការមានគំនិតផ្ទុយគ្នានេះបានធ្វើឲ្យកាល់ម៉ាក្ស៍ កាត់ផ្តាច់ទំនាក់ទំនងពីបក្សសម្ព័ន្ធកុម្មុយនិស្ត, លែងរវីរវល់នឹងរឿងបដិវត្តន៍កុម្មុយនិស្ត ហើយងាកទៅចំណាយពេលធ្វើការសិក្សា និងត្រិះរិះពិចារណា ជុំវិញទ្រឹស្តីសេដ្ឋកិច្ចនយោបាយវិញ ជាពិសេស ពិចារណាទៅលើទ្រឹស្តីរបស់អ្នកប្រាជ្ញសេដ្ឋកិច្ចអង់គ្លេសដ៏មានឥទ្ធិពលពីររូប គឺអាដាម ស្មីត (Adam Smith) និងដាវីដ រីការដូ (David Ricardo)។ នៅពេលនោះហើយ ដែលកាល់ម៉ាក្ស៍បានសរសេរសៀវភៅ ដែលជាស្នាដៃដ៏ល្បីល្បាញមួយទៀតរបស់លោក គឺសៀវភៅដែលមានចំណងជើងជាភាសាអាល្លឺម៉ង់ថា “Das Kapital” ដោយនៅក្នុងនោះ កាល់ម៉ាក្ស៍បានធ្វើការវិភាគទៅលើទ្រឹស្តីសេដ្ឋកិច្ចតាមបែបមូលធននិយម ជាពិសេស ទៅលើចំណុចអវិជ្ជមាន ដែលនាំឲ្យមានការផ្លាស់ប្តូរពីសេដ្ឋកិច្ចមូលធននិយម ទៅសេដ្ឋកិច្ចសង្គមនិយម ព្រមទាំងបង្កើតឲ្យមានទំនាស់រវាងវណ្ណៈនៅក្នុងសង្គម។
សៀវភៅ “Das Kapital” ត្រូវបានកាល់ម៉ាក្ស៍សរសេរចែកចេញជាបីភាគធំៗ។ ក៏ប៉ុន្តែ មានតែមួយភាគដំបូងប៉ុណ្ណោះ ដែលត្រូវបានចេញផ្សាយ នៅពេលដែលកាល់ម៉ាក្ស៍នៅរស់។ ចំណែកឯភាគ២ និងភាគ៣ ត្រូវបានរៀបចំបោះពុម្ពផ្សាយដោយអង់ហ្គែល ទៅតាមសំណៅដើមដែលបន្សល់ទុកដោយកាល់ម៉ាក្ស៍ ក្រោយពេលដែលលោកទទួលមរណភាពដោយជំងឺ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ១៨៨៣ ក្នុងវ័យ ៦៤ឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ