អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ទស្សនវិជ្ជា​នយោបាយ​របស់​ថូម៉ាស់ ហបស៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​អំ​ពី​ប្រវត្តិ​របស់​ទស្សនវិទូ​អង់គ្លេស ថូម៉ាស់ ហបស៍ (Thomas Hobbes) តទៅទៀត ដោយ​សូម​លើកឡើង​ពី​ស្នាដៃ​ដ៏ល្បីល្បាញ​បំផុត​របស់​លោក គឺ​សៀវភៅ ដែល​មាន​ចំណងជើង​ជា​ភាសាបារាំងថា “Léviathan”។

រូបគំនូរ​បង្ហាញ​ពី​ទស្សនវិទូ ថូម៉ាស់ ហបស៍ (Thomas Hobbes)
រូបគំនូរ​បង្ហាញ​ពី​ទស្សនវិទូ ថូម៉ាស់ ហបស៍ (Thomas Hobbes) Public Domain
ផ្សាយពាណិជ្ជកម្ម

“Léviathan” គឺ​ជា​សៀវភៅ​ទស្សនវិជ្ជា​នយោបាយ​ដ៏ល្បីល្បាញ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត។ នៅ​ក្នុង​សៀវភៅ​នេះ ថូម៉ាស់ ហបស៍ សរសេរ​អំពី​រចនាសម្ព័ន្ធ​នៃ​សហគមន៍ និង​រដ្ឋ ជាពិសេស អំពី​ចំណងទាក់ទង​រវាង​បុគ្គល និង​រដ្ឋ ទៅតាម​​ទ្រឹស្តី ដែល​គេ​ឲ្យ​ឈ្មោះ​ថា “កិច្ចសន្យាសង្គម” (Contrat social/Social contract)។

ទស្សនវិជ្ជា​នយោបាយ​របស់​ថូម៉ាស់ ហបស៍ ត្រូវ​បាន​បង្កើតឡើង​ជុំវិញ​សំណួរគន្លឹះៗ​មួយ​ចំនួន រួមមាន​ដូចជា​ ហេតុអ្វី​បាន​ជា​មនុស្ស​ត្រូវការ​បង្កើត​រដ្ឋ ? ហេតុអ្វី​ប្រជាជន​ត្រូវ​ដាក់​ខ្លួន​ក្រោម​អំណាចរដ្ឋ ? តើ​អ្វីទៅ​ជា​មូលដ្ឋានគ្រឹះ​នៃ​ធម្មនុរូបភាព​អំណាច​របស់​រដ្ឋ ? តើ​អំណាច​របស់​រដ្ឋ​មាន​ដែនកំណត់​ត្រឹមណា? ឬ​ថា តើ​ប្រជាជន​ត្រូវ​ស្តាប់បង្គាប់​មេដឹកនាំ​រហូត​ដល់​ត្រឹមកម្រិតណា?

ដើម្បី​ឆ្លើយ​ទៅនឹង​សំណួរ​អស់ទាំងនេះ ថូម៉ាស់ ហបស៍ ចាប់ផ្តើម​ទឡ្ហីករណ៍​របស់​លោក​ចេញ​ពី​ចំណុច​សំខាន់​មួយ គឺ​សភាព​របស់​មនុស្ស​នៅ​ពេល​ដែល​មិនទាន់​មាន​រដ្ឋ ដែល​គេ​ឲ្យឈ្មោះ​ថា “សភាព​ធម្មជាតិ​របស់​មនុស្ស” (Etat de nature/State of nature)។

គេ​នៅចាំបានថា នៅ​ប្រមាណ​ជា​ជិតពីរពាន់​ឆ្នាំ​មុន​ថូម៉ាស់ ហបស៍ ទស្សនវិទូ​ដ៏ល្បីល្បាញ​បំផុត​​ម្នាក់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ក៏​ធ្លាប់​បាន​លើកឡើង​ពី​ធម្មជាតិ​របស់​មនុស្ស​នេះដែរ គឺ​អារីស្តូត ដែល​លើកឡើងថា ធម្មជាតិ​របស់​មនុស្ស​គឺ​​ត្រូវ​ផ្សាភ្ជាប់​ដោយ​មិន​អាច​កាត់ផ្តាច់បាន​ពី​​​នយោបាយ ឬតាមភាសាបារាំងថា « L’homme est un animal politique »។ យោងតាម​អារីស្តូត ធម្មជាតិ​របស់​មនុស្ស គឺ​កើតមក​សម្រាប់​តែ​​រស់នៅ​ជុំគ្នា​ជា​សហគមន៍ ឬ​ជា​រដ្ឋ។

ថូម៉ាស់ ហបស៍​វិញ​យល់ឃើញ​ផ្ទុយ​ពីនេះ​ស្រឡះ។ យោងតាម​ថូម៉ាស់ ហបស៍ មនុស្ស​កើតមក​មិនមែន​ដើម្បី​រស់នៅ​ជាមួយគ្នា​ជា​សហគមន៍​នោះទេ។ ធម្មជាតិ​របស់​មនុស្ស គឺ​អាត្មានិយម ចូលចិត្ត​ប្រកួតប្រជែងគ្នា តែងតែគិតថា​ខ្លួនឯង​គ្រាន់បើ​ជាង​អ្នកដទៃ ហើយ​មិនញញើត​នឹង​ប្រើកម្លាំង​វាយប្រហារ​ទៅលើ​អ្នកដទៃ ដើម្បី​តែប្រយោជន៍​ផ្ទាល់ខ្លួនឯង។ ហេតុដូច្នេះហើយ​បាន​ជា​នៅ​ក្នុង​សភាព​ធម្មជាតិ​របស់​មនុស្ស​ គឺ​ពោរពេញ​ទៅដោយ​ភាព​អនាធិបតេយ្យ និង​ជម្លោះ​ជាប់ជាប្រចាំ នៅ​ក្នុង​ស្ថានភាពមួយ​ដែល​ថូម៉ាស ហបស៍ ឲ្យឈ្មោះ​ថា « ស្ថានភាព​ដែល​មនុស្ស​គ្រប់គ្នា​ធ្វើ​សង្រ្គាមទល់​នឹង​មនុស្ស​​គ្រប់គ្នាផ្សេងទៀត » (la guerre de tous contre tous/the war of all against all)។

ថូម៉ាស់ ហបស៍ យល់ឃើញ​ថា ដើម្បី​ចេញផុត​ពី​ស្ថានភាព​អនាធិបតេយ្យ និង​សង្រ្គាម​ជា​ប្រចាំ មនុស្ស​ចាំបាច់ត្រូវតែ​បោះបង់ចោល​សភាពធម្មជាតិ​របស់ខ្លួន ហើយ​​ព្រមព្រៀងគ្នា​ ​​ដាក់ខ្លួនក្រោម​អំណាច​របស់​មេដឹកនាំ នៅ​ក្នុង​រចនាសម្ព័ន្ធ​នៃ​សហគមន៍​មួយ ដែលគេហៅថា “រដ្ឋ”។ កិច្ចព្រមព្រៀង​នេះហើយ ដែល​ក្រោយមក​ត្រូវ​បាន​ទស្សនវិទូ​ដ៏ល្បីមួយរូបទៀត គឺ​ហ្សង់ហ្សាក់ រូសូ ឲ្យឈ្មោះ​ថា “កិច្ចសន្យាសង្គម” តាម​ភាសាបារាំងថា “Contrat social”។

យោងតាម​ទ្រឹស្តី “កិច្ចសន្យាសង្គម” របស់​ថូម៉ាស ហបស៍ មនុស្សម្នាក់ៗ​សុខចិត្ត​លះបង់​នូវ​សេរីភាព​ពីធម្មជាតិ​របស់ខ្លួន (ជាសេរីភាព​ដ៏ពេញលេញ​ដោយគ្មាន​អ្នកណាត្រួតត្រា តែ​ជា​សេរីភាព​ដាច់ពីគ្នារៀងៗខ្លួន ដែល​បង្កើត​ជា​ស្ថានភាព​អនាធិបតេយ្យ) ជាថ្នូរ​នឹង​ការទទួលបាន​នូវការ​ធានា​សុវត្ថិភាព ពី​សំណាក់​តួអង្គទីបី គឺមេដឹកនាំរដ្ឋ។ គេ​អាច​និយាយ​ដោយ​សាមញ្ញ​ងាយយល់ថា នៅ​ក្នុង “កិច្ចសន្យាសង្គម” នេះ មនុស្ស​ម្នាក់ៗ​សន្យាថា “ប្រសិនបើ​អ្នក​ផ្សេងទៀត​សុខចិត្ត​ធ្វើ​ដូចគ្នា ខ្ញុំ​នឹង​សុខចិត្ត​ផ្ទេរសិទ្ធិ​សេរីភាព​ក្នុងការ​ត្រួតត្រាខ្លួនឯង​ឲ្យ​ទៅ​ភាគី​ទីបី​ (មេដឹកនាំរដ្ឋ) ជា​អ្នក​ត្រួតត្រា​ជំនួស ដើម្បី​អាច​ធានា​នូវ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​រួម ហើយ​បញ្ចៀស​នូវ​ភាព​អនាធិបតេយ្យ និង​ស្ថានភាព​សង្រ្គាម​ទូទៅ​និង​អចិន្រ្តៃយ៍ ដែល​មាន​ក្នុង​សភាព​ធម្មជាតិ​របស់​មនុស្ស”។

“កិច្ចសន្យាសង្គម” របស់ ថូម៉ាស់ ហបស៍ មាន​លក្ខណៈពិសេស​មួយ ដែល​គេ​តែងតែ​ធ្វើការ​កត់សម្គាល់ គឺ​តួនាទី​របស់​មេដឹកនាំ​រដ្ឋ។ យោងតាម​ថូម៉ាស់ ហបស៍ “កិច្ចសន្យាសង្គម” គឺ​ធ្វើឡើង​តែ​រវាង​ប្រជាជន​ និង​ប្រជាជន​គ្នាឯងតែ​ប៉ុណ្ណោះ។ រីឯ​រដ្ឋាភិបាល ឬ​មេដឹកនាំ​រដ្ឋវិញ គឺ​មិនមែន​ជា​ភាគី​នៅ​ក្នុង​កិច្ចសន្យានេះទេ ដែល​មានន័យថា មេដឹកនាំ​រដ្ឋ​ទទួល​បាន​នូវ​សិទ្ធិ​ក្នុងការគ្រប់គ្រង​ដែល​ផ្តល់​ដោយ​​ប្រជាជន តែ​គ្មាន​ជាប់កាតព្វកិច្ច​អ្វី​តបទៅវិញ​ទាំងអស់។

​លើសពីនេះ​ទៅទៀត ថូម៉ាស់ ហបស៍ យល់ថា សិទ្ធិអំណាច​ក្នុងការ​ត្រួតត្រា ដែល​បុគ្គលនីមួយៗ​ព្រមព្រៀងគ្នា​ផ្ទេរ​ទៅ​ឲ្យ​​មេដឹកនាំ​រដ្ឋ​ហើយ គឺ​ត្រូវ​ផ្ទេរ​ជា​រៀងរហូត ហើ​យ​មេដឹកនាំ​រដ្ឋ​អាច​ប្រើ​សិទ្ធិអំណាច​នេះ​​ទៅតាម​ចិត្តចង់៖ មេដឹកនាំរដ្ឋ​ គឺ​ជា​អ្នកមាន​អំណាច​កំពូល​ខាង​កងទ័ព, ​អ្នក​កំណត់​ថា​តើ​អ្នកណា​មាន​កម្មសិទ្ធិ​លើ​អ្វី, អ្នកណា​អាច​កាន់មុខតំណែងអ្វី, ទង្វើ​បែបណា​ត្រូវ​ចាត់ទុកថា​ជា​បទល្មើស, សកម្មភាព​សេដ្ឋកិច្ច​ត្រូវ​ចាត់ចែង​យ៉ាងដូចម្តេច... ។ល។ និង ។ល។

យោងតាម​ថូម៉ាស ហបស៍ មេដឹកនាំ​អាច​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ខ្លះ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មិន​សប្បាយចិត្ត ឬ​ជា​ការ​សម្រេច​ចិត្ត​ខុសឆ្គង ហើយ​នយោបាយ​ ឬ​ច្បាប់ខ្លះ​អាច​​មាន​ភាព​អយុត្តិធម៌ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ប្រជាជន​នៅតែ​ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​អំណាច​របស់​មេដឹកនាំរដ្ឋ​ដដែល លើកលែងតែ​មេដឹកនាំ​រដ្ឋនោះ​អសមត្ថភាព​ខ្លាំងមែនទែន ដែល​ធ្វើ​ឲ្យ​ស្ថានភាព​ទូទៅ​នៅ​ក្នុង​រដ្ឋ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សភា​ពអនាធិបតេយ្យ អាក្រក់​ជាង​កាល​ពី​ពេល​មុន​បង្កើតរដ្ឋ​ទៅទៀត។

តាមរយៈ​ទស្សនាទាន​នៃ “កិច្ចសន្យាសង្គម”​ បែបនេះហើយ ដែល​ធ្វើ​ឲ្យ​ ថូម៉ាស់ ហបស៍ មាន​គោលគំនិត​ទោរទន់​ទៅរក​របៀបដឹកនាំ​​តាមបែប​រាជានិយមផ្តាច់ការ ដោយ​គាំទ្រ​ព្រះមហាក្សត្រ​អង់គ្លេស នៅ​ក្នុង​ជម្លោះ​តទល់​នឹង​ក្រុម​អ្នក​សភានិយម ក្នុង​សង្រ្គាមស៊ីវិល​អង់គ្លេស។

ទោះជាយ៉ាងនេះក៏ដោយ គេនៅតែ​ចាត់ទុក​ទស្សនវិជ្ជា​នយោបាយ​របស់ ថូម៉ាស់ ហបស៍ ថា ជា​ឫសគល់​ដ៏ចម្បងមួយ នៃ​ទ្រឹស្តី “កិច្ចសន្យាសង្គម” ដែល​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ទស្សនវិទូ​ក្រោយៗមកទៀត រួមមាន​ដូចជា ចន ឡក និង​ហ្សង់ហ្សាក់ រូសូ ជាដើម។ ជាការពិតណាស់​ថា ទ្រឹស្តី “កិច្ចសន្យាសង្គម” របស់​​ ចន ឡក ឬ​របស់​ ហ្សង់ហ្សាក់ រូសូ មាន​ចំណុច​ខុសប្លែកច្រើន​ពី​ទ្រឹស្តី​របស់ ថូម៉ាស់ ហបស៍ ក៏ប៉ុន្តែ វា​មាន​មូលដ្ឋាន​គ្រឹះ​ចេញ​ពី​​ទស្សនវិជ្ជា​របស់​ថូម៉ាស់ ហបស៍។

លើសពីនេះ​ទៅទៀត ទស្សនវិជ្ជា​នយោបាយ​របស់​ ថូម៉ាស់ ហបស៍ ក៏​មាន​ឥទ្ធិពល​យ៉ាង​សម្បើម​ផងដែរ ទៅលើ​ការ​សិក្សា​ក្នុងផ្នែកមួយទៀត គឺ​នីតិអន្តរជាតិ និង​ទំនាក់ទំនង​អន្តរជាតិ។

យោងតាម ថូម៉ាស់ ហបស៍ រដ្ឋ​ ក៏មាន​ “សភាព​ធម្មជាតិ” (Etat de nature/State of nature) ដូចគ្នាទៅនឹង​មនុស្ស​ដែរ។ មនុស្ស ទៅតាម​សភាព​ធម្មជាតិ​របស់​ខ្លួន​មុន​ពេល​បង្កើត​រដ្ឋ ​មានលក្ខណៈ​អាត្មានិយម ចូលចិត្ត​ប្រកួតប្រជែងគ្នា តែងតែគិតថា​ខ្លួនឯង​គ្រាន់បើ​ជាង​អ្នកដទៃ ហើយ​មិនញញើត​នឹង​ប្រើកម្លាំង​វាយប្រហារ​ទៅលើ​អ្នកដទៃ ដើម្បី​តែប្រយោជន៍​ផ្ទាល់ខ្លួនឯង​យ៉ាងណា រដ្ឋ​​ក៏​មាន​សភាព​ធម្មជាតិ​របស់​ខ្លួន​បែបនោះដែរ។ ដោយសារ​តែ​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ រដ្ឋនីមួយៗ​​សុទ្ធតែ​ជា​រដ្ឋ​អធិបតេយ្យ ដែល​មាន​អំណាច​កំពូល​រៀងៗខ្លួន គ្មាន​ “កិច្ចសន្យាសង្គម” រវាងគ្នា ហើយ​​គ្មាន​អំណាច​​​​អ្វី​ត្រួតពីលើ​រដ្ឋ​ ដូច្នេះ ទំនាក់ទំនង​អន្តរជាតិ គឺ​ត្រូវ​ស្ថិត​នៅ​ក្នុង “សភាព​ធម្មជាតិ” ជាប់ជា​ប្រចាំ។ ទស្សនវិជ្ជា​នេះហើយ ដែល​ជា​មូលដ្ឋានគ្រឹះ​ដ៏សំខាន់​ នៃ “ទ្រឹស្តីប្រាកដនិយម” (Réalisme)​ ដែល​​ទ្រឹស្តី​ដ៏ល្បីល្បាញ និង​ដ៏​មាន​ឥទ្ធិពល​បំផុត​​​មួយ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​​រហូតដល់​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ