នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់អំពីប្រវត្តិរបស់ទស្សនវិទូអង់គ្លេស ថូម៉ាស់ ហបស៍ (Thomas Hobbes) តទៅទៀត ដោយសូមលើកឡើងពីស្នាដៃដ៏ល្បីល្បាញបំផុតរបស់លោក គឺសៀវភៅ ដែលមានចំណងជើងជាភាសាបារាំងថា “Léviathan”។
“Léviathan” គឺជាសៀវភៅទស្សនវិជ្ជានយោបាយដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។ នៅក្នុងសៀវភៅនេះ ថូម៉ាស់ ហបស៍ សរសេរអំពីរចនាសម្ព័ន្ធនៃសហគមន៍ និងរដ្ឋ ជាពិសេស អំពីចំណងទាក់ទងរវាងបុគ្គល និងរដ្ឋ ទៅតាមទ្រឹស្តី ដែលគេឲ្យឈ្មោះថា “កិច្ចសន្យាសង្គម” (Contrat social/Social contract)។
ទស្សនវិជ្ជានយោបាយរបស់ថូម៉ាស់ ហបស៍ ត្រូវបានបង្កើតឡើងជុំវិញសំណួរគន្លឹះៗមួយចំនួន រួមមានដូចជា ហេតុអ្វីបានជាមនុស្សត្រូវការបង្កើតរដ្ឋ ? ហេតុអ្វីប្រជាជនត្រូវដាក់ខ្លួនក្រោមអំណាចរដ្ឋ ? តើអ្វីទៅជាមូលដ្ឋានគ្រឹះនៃធម្មនុរូបភាពអំណាចរបស់រដ្ឋ ? តើអំណាចរបស់រដ្ឋមានដែនកំណត់ត្រឹមណា? ឬថា តើប្រជាជនត្រូវស្តាប់បង្គាប់មេដឹកនាំរហូតដល់ត្រឹមកម្រិតណា?
ដើម្បីឆ្លើយទៅនឹងសំណួរអស់ទាំងនេះ ថូម៉ាស់ ហបស៍ ចាប់ផ្តើមទឡ្ហីករណ៍របស់លោកចេញពីចំណុចសំខាន់មួយ គឺសភាពរបស់មនុស្សនៅពេលដែលមិនទាន់មានរដ្ឋ ដែលគេឲ្យឈ្មោះថា “សភាពធម្មជាតិរបស់មនុស្ស” (Etat de nature/State of nature)។
គេនៅចាំបានថា នៅប្រមាណជាជិតពីរពាន់ឆ្នាំមុនថូម៉ាស់ ហបស៍ ទស្សនវិទូដ៏ល្បីល្បាញបំផុតម្នាក់នៅក្នុងប្រវត្តិសាស្រ្តក៏ធ្លាប់បានលើកឡើងពីធម្មជាតិរបស់មនុស្សនេះដែរ គឺអារីស្តូត ដែលលើកឡើងថា ធម្មជាតិរបស់មនុស្សគឺត្រូវផ្សាភ្ជាប់ដោយមិនអាចកាត់ផ្តាច់បានពីនយោបាយ ឬតាមភាសាបារាំងថា « L’homme est un animal politique »។ យោងតាមអារីស្តូត ធម្មជាតិរបស់មនុស្ស គឺកើតមកសម្រាប់តែរស់នៅជុំគ្នាជាសហគមន៍ ឬជារដ្ឋ។
ថូម៉ាស់ ហបស៍វិញយល់ឃើញផ្ទុយពីនេះស្រឡះ។ យោងតាមថូម៉ាស់ ហបស៍ មនុស្សកើតមកមិនមែនដើម្បីរស់នៅជាមួយគ្នាជាសហគមន៍នោះទេ។ ធម្មជាតិរបស់មនុស្ស គឺអាត្មានិយម ចូលចិត្តប្រកួតប្រជែងគ្នា តែងតែគិតថាខ្លួនឯងគ្រាន់បើជាងអ្នកដទៃ ហើយមិនញញើតនឹងប្រើកម្លាំងវាយប្រហារទៅលើអ្នកដទៃ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឯង។ ហេតុដូច្នេះហើយបានជានៅក្នុងសភាពធម្មជាតិរបស់មនុស្ស គឺពោរពេញទៅដោយភាពអនាធិបតេយ្យ និងជម្លោះជាប់ជាប្រចាំ នៅក្នុងស្ថានភាពមួយដែលថូម៉ាស ហបស៍ ឲ្យឈ្មោះថា « ស្ថានភាពដែលមនុស្សគ្រប់គ្នាធ្វើសង្រ្គាមទល់នឹងមនុស្សគ្រប់គ្នាផ្សេងទៀត » (la guerre de tous contre tous/the war of all against all)។
ថូម៉ាស់ ហបស៍ យល់ឃើញថា ដើម្បីចេញផុតពីស្ថានភាពអនាធិបតេយ្យ និងសង្រ្គាមជាប្រចាំ មនុស្សចាំបាច់ត្រូវតែបោះបង់ចោលសភាពធម្មជាតិរបស់ខ្លួន ហើយព្រមព្រៀងគ្នា ដាក់ខ្លួនក្រោមអំណាចរបស់មេដឹកនាំ នៅក្នុងរចនាសម្ព័ន្ធនៃសហគមន៍មួយ ដែលគេហៅថា “រដ្ឋ”។ កិច្ចព្រមព្រៀងនេះហើយ ដែលក្រោយមកត្រូវបានទស្សនវិទូដ៏ល្បីមួយរូបទៀត គឺហ្សង់ហ្សាក់ រូសូ ឲ្យឈ្មោះថា “កិច្ចសន្យាសង្គម” តាមភាសាបារាំងថា “Contrat social”។
យោងតាមទ្រឹស្តី “កិច្ចសន្យាសង្គម” របស់ថូម៉ាស ហបស៍ មនុស្សម្នាក់ៗសុខចិត្តលះបង់នូវសេរីភាពពីធម្មជាតិរបស់ខ្លួន (ជាសេរីភាពដ៏ពេញលេញដោយគ្មានអ្នកណាត្រួតត្រា តែជាសេរីភាពដាច់ពីគ្នារៀងៗខ្លួន ដែលបង្កើតជាស្ថានភាពអនាធិបតេយ្យ) ជាថ្នូរនឹងការទទួលបាននូវការធានាសុវត្ថិភាព ពីសំណាក់តួអង្គទីបី គឺមេដឹកនាំរដ្ឋ។ គេអាចនិយាយដោយសាមញ្ញងាយយល់ថា នៅក្នុង “កិច្ចសន្យាសង្គម” នេះ មនុស្សម្នាក់ៗសន្យាថា “ប្រសិនបើអ្នកផ្សេងទៀតសុខចិត្តធ្វើដូចគ្នា ខ្ញុំនឹងសុខចិត្តផ្ទេរសិទ្ធិសេរីភាពក្នុងការត្រួតត្រាខ្លួនឯងឲ្យទៅភាគីទីបី (មេដឹកនាំរដ្ឋ) ជាអ្នកត្រួតត្រាជំនួស ដើម្បីអាចធានានូវសុវត្ថិភាព និងសណ្តាប់ធ្នាប់រួម ហើយបញ្ចៀសនូវភាពអនាធិបតេយ្យ និងស្ថានភាពសង្រ្គាមទូទៅនិងអចិន្រ្តៃយ៍ ដែលមានក្នុងសភាពធម្មជាតិរបស់មនុស្ស”។
“កិច្ចសន្យាសង្គម” របស់ ថូម៉ាស់ ហបស៍ មានលក្ខណៈពិសេសមួយ ដែលគេតែងតែធ្វើការកត់សម្គាល់ គឺតួនាទីរបស់មេដឹកនាំរដ្ឋ។ យោងតាមថូម៉ាស់ ហបស៍ “កិច្ចសន្យាសង្គម” គឺធ្វើឡើងតែរវាងប្រជាជន និងប្រជាជនគ្នាឯងតែប៉ុណ្ណោះ។ រីឯរដ្ឋាភិបាល ឬមេដឹកនាំរដ្ឋវិញ គឺមិនមែនជាភាគីនៅក្នុងកិច្ចសន្យានេះទេ ដែលមានន័យថា មេដឹកនាំរដ្ឋទទួលបាននូវសិទ្ធិក្នុងការគ្រប់គ្រងដែលផ្តល់ដោយប្រជាជន តែគ្មានជាប់កាតព្វកិច្ចអ្វីតបទៅវិញទាំងអស់។
លើសពីនេះទៅទៀត ថូម៉ាស់ ហបស៍ យល់ថា សិទ្ធិអំណាចក្នុងការត្រួតត្រា ដែលបុគ្គលនីមួយៗព្រមព្រៀងគ្នាផ្ទេរទៅឲ្យមេដឹកនាំរដ្ឋហើយ គឺត្រូវផ្ទេរជារៀងរហូត ហើយមេដឹកនាំរដ្ឋអាចប្រើសិទ្ធិអំណាចនេះទៅតាមចិត្តចង់៖ មេដឹកនាំរដ្ឋ គឺជាអ្នកមានអំណាចកំពូលខាងកងទ័ព, អ្នកកំណត់ថាតើអ្នកណាមានកម្មសិទ្ធិលើអ្វី, អ្នកណាអាចកាន់មុខតំណែងអ្វី, ទង្វើបែបណាត្រូវចាត់ទុកថាជាបទល្មើស, សកម្មភាពសេដ្ឋកិច្ចត្រូវចាត់ចែងយ៉ាងដូចម្តេច... ។ល។ និង ។ល។
យោងតាមថូម៉ាស ហបស៍ មេដឹកនាំអាចនឹងធ្វើការសម្រេចចិត្តខ្លះដែលធ្វើឲ្យប្រជាជនមិនសប្បាយចិត្ត ឬជាការសម្រេចចិត្តខុសឆ្គង ហើយនយោបាយ ឬច្បាប់ខ្លះអាចមានភាពអយុត្តិធម៌ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ប្រជាជននៅតែត្រូវដាក់ខ្លួននៅក្រោមអំណាចរបស់មេដឹកនាំរដ្ឋដដែល លើកលែងតែមេដឹកនាំរដ្ឋនោះអសមត្ថភាពខ្លាំងមែនទែន ដែលធ្វើឲ្យស្ថានភាពទូទៅនៅក្នុងរដ្ឋត្រូវធ្លាក់ទៅក្នុងសភាពអនាធិបតេយ្យ អាក្រក់ជាងកាលពីពេលមុនបង្កើតរដ្ឋទៅទៀត។
តាមរយៈទស្សនាទាននៃ “កិច្ចសន្យាសង្គម” បែបនេះហើយ ដែលធ្វើឲ្យ ថូម៉ាស់ ហបស៍ មានគោលគំនិតទោរទន់ទៅរករបៀបដឹកនាំតាមបែបរាជានិយមផ្តាច់ការ ដោយគាំទ្រព្រះមហាក្សត្រអង់គ្លេស នៅក្នុងជម្លោះតទល់នឹងក្រុមអ្នកសភានិយម ក្នុងសង្រ្គាមស៊ីវិលអង់គ្លេស។
ទោះជាយ៉ាងនេះក៏ដោយ គេនៅតែចាត់ទុកទស្សនវិជ្ជានយោបាយរបស់ ថូម៉ាស់ ហបស៍ ថា ជាឫសគល់ដ៏ចម្បងមួយ នៃទ្រឹស្តី “កិច្ចសន្យាសង្គម” ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទស្សនវិទូក្រោយៗមកទៀត រួមមានដូចជា ចន ឡក និងហ្សង់ហ្សាក់ រូសូ ជាដើម។ ជាការពិតណាស់ថា ទ្រឹស្តី “កិច្ចសន្យាសង្គម” របស់ ចន ឡក ឬរបស់ ហ្សង់ហ្សាក់ រូសូ មានចំណុចខុសប្លែកច្រើនពីទ្រឹស្តីរបស់ ថូម៉ាស់ ហបស៍ ក៏ប៉ុន្តែ វាមានមូលដ្ឋានគ្រឹះចេញពីទស្សនវិជ្ជារបស់ថូម៉ាស់ ហបស៍។
លើសពីនេះទៅទៀត ទស្សនវិជ្ជានយោបាយរបស់ ថូម៉ាស់ ហបស៍ ក៏មានឥទ្ធិពលយ៉ាងសម្បើមផងដែរ ទៅលើការសិក្សាក្នុងផ្នែកមួយទៀត គឺនីតិអន្តរជាតិ និងទំនាក់ទំនងអន្តរជាតិ។
យោងតាម ថូម៉ាស់ ហបស៍ រដ្ឋ ក៏មាន “សភាពធម្មជាតិ” (Etat de nature/State of nature) ដូចគ្នាទៅនឹងមនុស្សដែរ។ មនុស្ស ទៅតាមសភាពធម្មជាតិរបស់ខ្លួនមុនពេលបង្កើតរដ្ឋ មានលក្ខណៈអាត្មានិយម ចូលចិត្តប្រកួតប្រជែងគ្នា តែងតែគិតថាខ្លួនឯងគ្រាន់បើជាងអ្នកដទៃ ហើយមិនញញើតនឹងប្រើកម្លាំងវាយប្រហារទៅលើអ្នកដទៃ ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនឯងយ៉ាងណា រដ្ឋក៏មានសភាពធម្មជាតិរបស់ខ្លួនបែបនោះដែរ។ ដោយសារតែនៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋនីមួយៗសុទ្ធតែជារដ្ឋអធិបតេយ្យ ដែលមានអំណាចកំពូលរៀងៗខ្លួន គ្មាន “កិច្ចសន្យាសង្គម” រវាងគ្នា ហើយគ្មានអំណាចអ្វីត្រួតពីលើរដ្ឋ ដូច្នេះ ទំនាក់ទំនងអន្តរជាតិ គឺត្រូវស្ថិតនៅក្នុង “សភាពធម្មជាតិ” ជាប់ជាប្រចាំ។ ទស្សនវិជ្ជានេះហើយ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃ “ទ្រឹស្តីប្រាកដនិយម” (Réalisme) ដែលទ្រឹស្តីដ៏ល្បីល្បាញ និងដ៏មានឥទ្ធិពលបំផុតមួយក្នុងទំនាក់ទំនងអន្តរជាតិរហូតដល់ពេលបច្ចុប្បន្ននេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ