ស្ទីវ ចប៖ ពីបរាជ័យនៅសាលា ទៅការបង្កើតក្រុមហ៊ុន Apple
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤៣
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់អំពីប្រវត្តិរបស់លោកស្ទីវ ចប (Steve Jobs) តទៅទៀត ដោយសូមលើកឡើង អំពីបរាជ័យរបស់លោកក្នុងការសិក្សា ក៏ប៉ុន្តែ អាចឈានទៅបង្កើតក្រុមហ៊ុន Apple ដ៏ល្បីឈ្មោះរហូតមកទល់នឹងពេលបច្ចុប្បន្ន។
ស្ទីវ ចប គឺជាក្មេងដែលធំដឹងក្តីឡើង នៅក្នុងសង្កាត់បច្ចេកវិទ្យាដ៏ល្បីឈ្មោះនៅអាមេរិក គឺ Silicon Valley។ តាំងពីនៅក្មេងមក ស្ទីវ ចប បានមើលឃើញស្ទើរតែរៀងរាល់ថ្ងៃនូវការងារ ទាក់ទងនឹងបច្ចេកវិទ្យា។ ក្រៅពីកិច្ចការរបស់ឪពុក ដែលជាអ្នកធ្វើឡាន ទាំងខាងមេកានិច និងអេឡិចត្រូនិច ស្ទីវ ចប ក៏ឧស្សាហ៍ឃើញកិច្ចការរបស់អ្នកដែលរស់នៅជុំវិញនោះផងដែរ។
លើសពីនេះទៅទៀត ស្ទីវ មានឪពុកម្តាយ ដែលផ្តល់ការអប់រំ ប្រកបដោយអំណោយផល នៅក្នុងការជំរុញភាពឆ្លាតវៃរបស់កូន។ នៅពេលដែលស្ទីវលើកឡើងពីគំនិតអ្វីមួយ បើទោះបីជាផ្ទុយស្រឡះពីគំនិតរបស់ឪពុកម្តាយក៏ដោយ ក៏ឪពុកម្តាយរបស់លោកមិនបានប្រើអំណាចជាឪពុកម្តាយ ឬជាមនុស្សចាស់ ដើម្បីគ្របដណ្តប់ទៅលើគំនិតរបស់កូននោះដែរ ផ្ទុយទៅវិញ ពួកគាត់បានចំណាយពេលស្តាប់ហេតុផលរបស់កូន លើកហេតុផលរបស់ខ្លួនឯង យកមកជជែកដេញដោល ហើយពេលខ្លះ បើខ្លួនខុស សុខចិត្តទទួលស្គាល់ចំពោះមុខកូនថាខ្លួនខុស។ ម្យ៉ាងទៀត ឪពុកម្តាយរបស់ស្ទីវ តែងតែសុខចិត្តសម្របការរស់នៅ ឲ្យស្របទៅតាមភាពឆ្លាតវៃរបស់កូន ហើយធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជំរុញភាពឆ្លាតវៃនេះឲ្យកាន់តែទៅមុខថែមទៀត។
ក៏ប៉ុន្តែ ទាំងអស់នេះ ក៏បានបង្កើតនូវផលវិបាកជាអវិជ្ជមានមួយផងដែរដល់ស្ទីវនៅពេលចូលរៀននៅសាលា។ នៅពេលចូលរៀន ស្ទីវ ដែលជាក្មេងឆ្លាតស្រាប់ ហើយឪពុកម្តាយបង្រៀនឲ្យចេះច្រើនហើយនោះ ចាប់ផ្តើមមានភាពធុញទ្រាន់នឹងការរៀនសូត្រនៅក្នុងសាលា។ លើសពីនេះទៅទៀត ការណ៍ដែលនៅផ្ទះ មានឪពុកម្តាយចេះសម្របសម្រួលទៅតាមកូន លើកសរសើរកូន សារភាពទទួលថាខ្លួនជាឪពុកម្តាយជាអ្នកខុស និងការមិនប្រើអំណាចជាឪពុកម្តាយទៅគ្របលើកូន ក៏បានធ្វើឲ្យស្ទីវក្លាយជាសិស្សដែលមិនសូវខ្លាចគ្រូផងដែរ។
ទោះជាយ៉ាងណា ស្ទីវនៅតែរៀនបានលទ្ធផលល្អ រហូតបានជាប់ចូលថ្នាក់មហាវិទ្យាល័យ។ ក៏ប៉ុន្តែ នៅមហាវិទ្យាល័យនេះ ក៏មិនខុសពីនៅសាលាមុនៗដែរ ស្ទីវធុញទ្រាន់នឹងកម្មវិធីសិក្សា ហើយលើសពីនេះទៅទៀត ស្ទីវមិនចង់ឲ្យឪពុកម្តាយត្រូវរ៉ាប់រងបន្ទុកបង់ថ្លៃសាលាដែលថ្លៃកប់ពពក។ នៅទីបំផុតទៅ ស្ទីវក៏បានឈប់រៀនពាក់កណ្តាលទី។
នៅឆ្នាំ១៩៧៤ ក្រោយពីបានឈប់រៀនពីមហាវិទ្យាល័យ ស្ទីវ ចប បានចូលធ្វើការនៅក្នុងក្រុមហ៊ុនផលិតវីដេអូហ្គេមមួយ ឈ្មោះថា Atari ដែលទើបនឹងបង្កើតឡើង កាលពីពីរឆ្នាំមុន។ ក៏ប៉ុន្តែ ការងារនេះក៏មិនបានជាប់លាប់យូរប៉ុន្មាននោះដែរ ដោយនៅពេលនោះ ស្ទីវ ចប ដក់ចិត្តនឹងគំនិតចង់ចេញទៅធ្វើសមាធិ សិក្សាអំពីពុទ្ធសាសនា នៅឥណ្ឌា។
ក្រោយពីធ្វើការបានប៉ុន្មានខែ ហើយអាចសន្សំលុយបានគ្រប់ ស្ទីវ ចប ក៏បានឈប់ធ្វើការ ហើយធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា ដោយនៅទីនោះ ស្ទីវ ចប បានចំណាយពេលរហូតដល់ទៅ ៧ខែ ធ្វើសមាធិ និងសិក្សាអំពីពុទ្ធសាសនា ក៏ដូចជាសិក្សាព្រហ្មញ្ញសាសនា ព្រមទាំងវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនឥណ្ឌាជាទូទៅ។
វិលត្រឡប់មកអាមេរិកវិញ ស្ទីវ ចប ត្រូវបានក្រុមហ៊ុន Atari រើសឲ្យចូលធ្វើការវិញ ហើយ ជារឿយៗ នៅក្រោយពេលចេញពីធ្វើការ ស្ទីវ ចប ច្រើនតែចំណាយពេលជាមួយមិត្តភ័ក្តិដ៏ជិតស្និទ្ធម្នាក់ ឈ្មោះថា ស្ទីវ វ៉ូសញ៉ាក់ ដែលស្គាល់គ្នាតាំងពីកាលនៅរៀន។
ស្ទីវ វ៉ូសញ៉ាក់ (Steve Wozniak) មានអាយុច្រើនជាង ស្ទីវ ចប ដល់ទៅ ៥ឆ្នាំ ហើយផ្ទុយពី ចប ដែលរៀនមិនចប់ថ្នាក់មហាវិទ្យាល័យ វ៉ូសញ៉ាក់វិញ រៀនចប់ថ្នាក់វិស្វករអគ្គិសនី ពីសកលវិទ្យាល័យដ៏ល្បីល្បាញមួយ គឺ University of California, Berkeley។ ស្ទីវទាំងពីរនេះ (ស្ទីវ ចប និងស្ទីវ វ៉ូសញ៉ាក់) ថ្វីដ្បិតតែមានបុគ្គលិកលក្ខណៈខុសគ្នា ក៏ប៉ុន្តែ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងគ្នា ហើយបំពេញគ្នាទៅវិញទៅមក គឺ វ៉ូសញ៉ាក់ពូកែខាងបច្ចេកទេស ចំណែកឯ ចប វិញ ពូកែខាងយកគំនិតរបស់វ៉ូសញ៉ាក់ទៅរកលុយមកចែកគ្នាចាយតាំងពីពេលដែលពួកគេទាំងពីរនៅជាសិស្សមកម៉្លេះ។
នៅពេលដែលចបធ្វើការនៅក្រុមហ៊ុនវីដេអូហ្គេម Atari វ៉ូសញ៉ាក់ធ្វើការនៅក្រុមហ៊ុនអេឡិចត្រូនិច HP។ នៅថ្ងៃមួយ ថៅកែក្រុមហ៊ុន Atari បានឲ្យចបធ្វើការរចនាហ្គេមថ្មីមួយ ដោយយកចេញពីហ្គេមចាស់ដែលមានស្រាប់ ហើយបានសន្យាថា បើសិនជាចបធ្វើបានជោគជ័យ ចប នឹងទទួលបានប្រាក់រង្វាន់បន្ថែមពីលើប្រាក់ខែដែលមានស្រាប់។
ចបមិនមានជំនាញខាងបច្ចេកទេសគ្រប់គ្រាន់ ដើម្បីរចនាហ្គេមនេះទេ ក៏ប៉ុន្តែ ចប រំពឹងលើវ៉ូសញ៉ាក់។ ចបក៏ទទួលយកការងារនេះមកធ្វើ ដោយសហការជាមួយនឹងវ៉ូសញ៉ាក់ ហើយរចនាហ្គេមនេះបានដោយជោគជ័យ យកប្រាក់រង្វាន់ដែលទទួលបាន ទៅចែកគ្នាស្មើ ពាក់កណ្តាលម្នាក់។ បទពិសោធន៍នៅ Atari នេះ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ នៅក្នុងដំណើរជីវិតរបស់ស្ទីវ ចប ទាក់ទងនឹងមុខជំនួញខាងបច្ចេកវិទ្យា និងការចាប់ដៃគូជាមួយស្ទីវ វ៉ូសញ៉ាក់ ឈានទៅបង្កើតក្រុមហ៊ុន Apple។
គិតត្រឹមឆ្នាំ១៩៧៥ ម៉ាស៊ីនកុំព្យូទ័រសម័យទំនើប ទៅតាមទ្រឹស្តីរបស់អាឡាន់ ធួរីង ត្រូវបានគេផលិត និងមានដំណើរការ អាចឲ្យគេប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែងរួចទៅហើយ។ ក៏ប៉ុន្តែ នៅពេលនោះ កុំព្យូទ័រភាគច្រើនមានទំហំធំ តម្លៃថ្លៃ ហើយត្រូវបានប្រើប្រាស់ច្រើនតែនៅតាមស្ថាប័នរដ្ឋ ជាពិសេស ក្នុងវិស័យការពារជាតិ។
កុំព្យូទ័រផ្ទាល់ខ្លួន (Personal Computer) ដែលមានទំហំតូច ត្រូវបានគេផលិតឡើងជាដំបូង នៅឆ្នាំ១៩៧៤ (កុំព្យូទ័រនេះមានឈ្មោះថា Altair 8800)។ កុំព្យូទ័រនេះហើយ ដែលជាឫសគល់នាំទៅដល់ការបង្កើតក្រុមហ៊ុនកុំព្យូទ័រដ៏ល្បីល្បាញទាំងពីរនៅក្នុងពេលបច្ចុប្បន្ន គឺក្រុមហ៊ុន Microsoft និង Apple។
នៅឆ្នាំ១៩៧៥ នៅពេលដែលលោកប៊ីល ហ្គេតស៍ និងដៃគូរបស់លោក គឺលោកប៉ូល អាលែន បង្កើតក្រុមហ៊ុន Microsoft ស្ទីវ វ៉ូសញ៉ាក់ និងស្ទីវ ចប ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងដែរទៅលើកុំព្យូទ័រផ្ទាល់ខ្លួននេះ។ វ៉ូសញ៉ាក់ ដែលនៅពេលនោះកំពុងធ្វើការឲ្យក្រុមហ៊ុន HP បែកគំនិតចង់បង្កើតកុំព្យូទ័រមួយប្រភេទថ្មីទៀត ដែលមានតួម៉ាស៊ីន (Central Unit) និងក្តាចុច (Keyboard) ជាប្លុកតែមួយ ហើយអាចតភ្ជាប់ជាមួយទូរទស្សន៍ ដើម្បីធ្វើជាអេក្រង់។
វ៉ូសញ៉ាក់យករឿងនេះទៅប្រាប់ចប ហើយលើកនេះក៏មិនខុសពីកាលពីមុនដែរ គឺចប ដែលជាអ្នកមានគំនិតចង់យកកុំព្យូទ័រដែលវ៉ូសញ៉ាក់បានរចនាឡើងនេះទៅរកស៊ី។ ពីដំបូងឡើយ វ៉ូសញ៉ាក់មានការរារែក ដោយសារតែម្យ៉ាង ការបង្កើតជាក្រុមហ៊ុនរកស៊ី គឺត្រូវការចំណាយដើមទុនច្រើន ហើយម្យ៉ាងទៀត វ៉ូសញ៉ាក់ ដែលឆ្លាតតែខាងបច្ចេកទេស ហើយមិនយល់អំពីការធ្វើជំនួញ ចេះតែគិតថា វាទំនងជាមិនអាចទៅរួចទេ ដែលកុំព្យូទ័ររបស់ពួកគេអាចនឹងមានអ្នកទិញ។
ចបបានព្យាយាមបញ្ចុះបញ្ចូលវ៉ូសញ៉ាក់ ដោយលើកឡើងថា បើទោះបីជានៅទីចុងបំផុតទៅ មុខជំនួញរបស់ពួកគេមិនបានជោគជ័យ តែយ៉ាងហោចណាស់ វាក៏អាចជាបទពិសោធន៍ដ៏អស្ចារ្យមួយដែរនៅក្នុងជីវិត។ បើទោះបីជាពួកគេត្រូវខាតលុយ តែពួកគេអាចស្គាល់រសជាតិថាអ្វីទៅជាការមានក្រុមហ៊ុនផ្ទាល់ខ្លួនឯង។ វ៉ូសញ៉ាក់យល់ព្រម ហើយអ្នកទាំងពីរក៏បានលក់ទ្រព្យរបស់ខ្លួន ដើម្បីប្រមែរប្រមូលលុយយកមកធ្វើជាដើមទុនទៅបង្កើតក្រុមហ៊ុន។
នៅថ្ងៃទី១ ខែមេសា ឆ្នាំ១៩៧៦ ស្ទីវ ចប និងស្ទីវ វ៉ូសញ៉ាក់ រួមជាមួយនឹង រ៉ូណាល់ដ៍ វេន (Ronald Wayne) ដែលជាមិត្តរួមការងាររបស់ចប នៅឯក្រុមហ៊ុន Atari ក៏បានបង្កើតក្រុមហ៊ុនមួយឡើង ដោយដាក់ឈ្មោះថា Apple Computer Company។ នៅក្នុងក្រុមហ៊ុននេះ ចប និងវ៉ូសញ៉ាក់ មានចំណែកហ៊ុនស្មើគ្នា គឺ ៤៥% ម្នាក់ ចំណែក រ៉ូណាល់ដ៍ វេន ទទួលបានចំណែកហ៊ុន ១០%។ ការងារក៏ត្រូវបានបែងចែកគ្នាផងដែរ រវាងស្ថាបនិកទាំងបី គឺវេន មានមុខងារជាអ្នកមើលការខុសត្រូវខាងរដ្ឋបាលរបស់ក្រុមហ៊ុន, វ៉ូសញ៉ាក់ទទួលខុសត្រូវទូទៅខាងផ្នែកបច្ចេកវិទ្យា ចំណែកចប ក្រៅពីការទទួលខុសត្រូវមួយផ្នែកខាងផ្នែកវិស្វកម្មអេឡិចត្រូនិច គឺជាអ្នកទទួលខុសត្រូវរួមខាងយុទ្ធសាស្រ្តជំនួញ និងទីផ្សារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ