អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ស្ទីវ ចប ​និង​ការ​បង្កើត​កុំព្យូទ័រ Macintosh (Mac)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី​​ការ​បង្កើត​កុំព្យូទ័រ​ “Macintosh​” ដែល​ក្រោយ​មក​​​ត្រូវ​បាន​គេ​ហៅ​ដោយ​ខ្លីថា “Mac” ។

កុំព្យូទ័រ Macintosh របស់​ក្រុមហ៊ុន Apple
កុំព្យូទ័រ Macintosh របស់​ក្រុមហ៊ុន Apple Public Domaine
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​ទើប​នឹង​បង្កើតឡើង​ភ្លាម Apple មិនទាន់​មាន​ទ្រង់ទ្រាយ​ជា​ក្រុមហ៊ុន​ធុំដុំ ដែល​មាន​បុគ្គលិក និង​ការិយាល័យ​ត្រឹមត្រូវ​នៅឡើយនោះទេ។ គឺ​ចេញ​ពី​រោងដាក់​ឡាន​​នៅ​ក្នុង​ផ្ទះ ដែល​ស្ទីវ ចប និង​ស្ទីវ វ៉ូសញ៉ាក់ ធ្វើការ​រចនា និង​ដំឡើង​ម៉ាស៊ីន​កុំព្យូទ័រ​​យក​ទៅលក់ ហើយ​ម៉ាស៊ីន​កុំព្យូទ័រ (ដែល​គេ​ឲ្យ​ឈ្មោះ​ថា Apple I)​ ដែល​ពួកគេ​ផលិតលក់​ពី​ដើមទីមកនោះ ក៏​មិនមែន​ជា​កុំព្យូទ័រ​ពេញលេញ​មួយ​នៅឡើយនោះ​ដែរ គឺ​គ្រាន់តែ​ជា​ “ក្តារមេ” (Motherboard) មួយតែ​ប៉ុណ្ណោះ។

តាមពិតទៅ នៅ​ក្នុង​អំឡុង​ពេលនោះ កុំព្យូទ័រ​នៅមិនទាន់​ជា​ឧបករណ៍​ ដែល​គេ​ផលិតឡើង​សម្រាប់​សាធារណជន​ជា​ទូទៅ​នៅឡើយនោះទេ គឺ​សម្រាប់តែ​ស្ថាប័ន ក្រុមហ៊ុន ឬ​អ្នក​ដែល​មាន​ចំណេះដឹង​ខាង​កុំព្យូទ័រ​នេះ​ស្រាប់​ហើយ​តែ​ប៉ុណ្ណោះ ហើយ​ជាទូទៅ កុំព្យូទ័រ​ដែល​គេ​ធ្វើ​អាជីវកម្ម​នៅពេលនោះ គឺ​មានត្រឹមតែ​ក្តារមេ និង​គ្រឿងផ្សំ​មួយចំនួន​ដាច់ៗ​ពីគ្នា បូករួម​ជាមួយ​នឹង​​គំរូ​ប្លង់​ដែល​គេ​រចនាឡើង ដើម្បី​ឲ្យ​អតិថិជន​​យក​ទៅ​រៀបចំ​ដំឡើង​ដោយ​ខ្លួនឯង។

​ស្ទីវ ចប​វិញ មាន​គំនិត​ចង់​ជំរុញ​ឧស្សាហកម្ម​កុំព្យូទ័រ​នេះ​​ឲ្យ​ឈាន​ទៅ​ដល់​ដំណាក់កាល​ថ្មី​មួយទៀត គឺ​​ពង្រីក​ទីផ្សារ​កុំព្យូទ័រ​​ទៅដល់​សាធារណជន​ជាទូទៅ។ ហេតុដូច្នេះហើយ​បាន​ជា​ស្ទីវ ចប បញ្ចុះបញ្ចូល​ស្ទីវ វ៉ូសញ៉ាក់ ឲ្យ​ធ្វើការ​រចនា​នូវ​កុំព្យូទ័រ​មួយ​ប្រភេទ​ថ្មី​ទៀត (ដែល​គេ​ឲ្យ​ឈ្មោះ​ថា Apple II) ដែល​មាន​គ្រប់គ្រឿង ហើយ​ដំឡើង​រួចជាស្រេច ដែល​​អតិថិជន​ទូទៅ ទោះជា​អ្នក​ដែល​មិនមាន​ជំនាញ​ខាង​កុំព្យូទ័រ ក៏​​​អាច​ទិញ​​យក​ទៅ​ប្រើប្រាស់​បាន ដោយ​មិន​ចាំបាច់​​រៀបចំ​ដំឡើង​ដោយ​ខ្លួនឯង។

ក៏ប៉ុន្តែ ការ​ធ្វើ​អាជីវកម្ម​ទៅលើ​ម៉ាស៊ីន​កុំព្យូទ័រ​ពេញលេញ​ប្រភេទ​ថ្មី​នេះ ទាមទារ​នូវ​ការ​ចំណាយ​ដើម​ទុន​យ៉ាងច្រើន ដែល​ស្ទីវ ចប និង ស្ទីវ វ៉ូសញ៉ាក់ មិន​មាន​លទ្ធភាព​ក្នុងការ​ចំណាយ។ ហេតុដូច្នេះហើយ​បានជា​កាល​ពីដំបូងឡើយ ស្ទីវ ចប និង​ស្ទីវ វ៉ូសញ៉ាក់​ចង់​យក​គំរូប្លង់​កុំព្យូទ័រ​ប្រភេទ​ថ្មី ដែល​ពួកគេ​រចនា​ឡើងនេះ​​លក់​ឲ្យ​ក្រុមហ៊ុន​ផ្សេង​យក​ទៅ​​ធ្វើ​អាជីវកម្ម ក៏ប៉ុន្តែ មិនមាន​ក្រុមហ៊ុន​ណា​សុខចិត្ត​ទិញយក។ ស្ទីវ ចប ក៏​ប្តូរ​គំនិត​ហើយ​ងាក​ទៅ​ស្វែងរក​ដៃ​គូវិនិយោគ​ គឺ​ស្វែងរក​អ្នក​ណា​ដែល​​សុខចិត្ត​បោះទុន​វិនិយោគ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ចំណែក​ហ៊ុន នៅ​ក្នុង​ក្រុមហ៊ុន Apple។

ការស្វែងរក​ដៃ​គូវិនិយោគ​នេះ​ក៏​មិនមែន​ជា​ការ​ងាយស្រួល​នោះដែរ ដោយសារ​តែ​ក្រុមហ៊ុន និង​អ្ន​កវិនិយោគ​ភាគច្រើន​មិន​មាន​ទំនុកចិត្ត​ចំពោះ Apple ដែល​ជា​​ក្រុមហ៊ុន​ដ៏តូច ​ទើប​នឹង​បង្កើត​ថ្មី គ្មាន​កេរ្តិ៍ឈ្មោះ ហើយ​​សូម្បីតែ​ការិយាល័យ​ធ្វើការ​ក៏​មិនមាន​​ត្រឹមត្រូវ​នឹងគេ​ផង។ នៅ​ទីបំផុត​ទៅ គឺ​អ្នក​វិនិយោគ​ម្នាក់ ឈ្មោះ​ថា ម៉ៃខ៍ ម៉ាឃូល័រ (Mike Markkula) ដែល​សុខចិត្ត​បោះទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន Apple។ ម៉ៃខ៍ ម៉ាឃូល័រ ដែល​នៅ​ពេលនោះ ទើប​នឹង​មាន​វ័យ​ត្រឹម ៣២ឆ្នាំ គឺ​ជា​សេដ្ឋី​វ័យក្មេង ដែល​សល់​លុយ​រាប់លាន​ដុល្លារ រក​បាន​ពី​ការងារ​ជា​អ្នក​គ្រប់គ្រង​ផ្នែក​ទីផ្សារ​ឲ្យ​ក្រុមហ៊ុន​ Intel។ ម៉ៃខ៍ ម៉ាឃូល័រ បាន​បោះទុន​ចំនួន ២៥ម៉ឺន​ដុល្លារ (មួយផ្នែក​ជា​ដើមទុន និង​មួយផ្នែក​ទៀត​ជា​កម្ចី) ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ចំណែក​ហ៊ុន ១ភាគ៣ នៅ​ក្នុង​ក្រុមហ៊ុន Apple។

គិ​តម​កទល់​នឹង​ពេលនោះ ម្ចាស់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន Apple នៅ​សល់​តែ​ ស្ទីវ ចប និង​ស្ទីវ វ៉ូសញ៉ាក់​តែ​ប៉ុណ្ណោះ ដោយសារ​តែ រ៉ូណាល់ដ៍ វេន (Ronald Wayne) បាន​ចាកចេញ​ពី​ក្រុមហ៊ុន​តាំង​ពី​ក្រោយ​ពេល​បង្កើត​ទើប​នឹង​បាន​១១ថ្ងៃ​មកម៉្លេះ។ ក្រោយ​ការ​ចូលហ៊ុន​របស់ ម៉ៃខ៍ ម៉ាឃូល័រ ម្ចាស់ភាគហ៊ុន​របស់ Apple បាន​កើនឡើង​ ៣នាក់​ដូចពីមុនវិញ ក៏ប៉ុន្តែ ផ្ទុយ​ពី រ៉ូណាល់ដ៍ វេន ដែល​មាន​ចំណែក​ភាគហ៊ុន​ដ៏តិចតួច ម៉ៃខ៍ ម៉ាឃូល័រ​វិញ ទទួល​បាន​ចំណែក​ភាគហ៊ុន​ស្មើ​គ្នា​ជាមួយ​នឹង​ស្ទីវ ចប និង​ស្ទីវ វ៉ូសញ៉ាក់ ពោលគឺ ម្នាក់ៗ​មាន​ភាគហ៊ុន ២៦% ចំណែក​ឯ​​ភាគហ៊ុន​ដែល​នៅ​សល់ គឺ​បម្រុង​ទុក​ក្រែង​មាន​អ្នក​វិនិយោគ​ផ្សេងទៀត​​ចង់​មក​ចូល​រួម​ទៅថ្ងៃ​ក្រោយ។

កុំព្យូទ័រ Apple II ត្រូវ​ដាក់​បង្ហាញ​ជា​សាធារណៈ និង​ដាក់​លក់​នៅលើ​ទីផ្សារ នៅ​ឆ្នាំ១៩៧៧។ មកទល់​នឹង​ពេលនោះ Apple បាន​ផ្លាស់ប្តូរ​មុខមាត់​ទៅជា​ក្រុមហ៊ុន​សមរម្យមួយ ដែល​ទីកន្លែង​ធ្វើការ​ត្រូវ​បាន​រើ​ចេញ​ពី​រោងដាក់ឡាន​របស់​ ស្ទីវ ចប ទៅ​ការិយាល័យ​​ត្រឹមត្រូវ, មាន​បុគ្គលិក​ជាង ១០នាក់, មាន​អតិថិជន ព្រមទាំងទំនុក​ចិត្ត​ល្មម ដែល​អាច​ឲ្យ​ធនាគារ​សុខចិត្ត​រកស៊ី​ជាមួយ​តាមរយៈ​ការ​ផ្តល់​ឥណទាន។

នៅ​ឆ្នាំ១៩៨០ Apple បាន​សម្រេច​ប្រែខ្លួន​ទៅ​ជា​ក្រុមហ៊ុន​សាធារណៈ ហើយ​បោះមូលបត្រ​លក់​នៅលើ​ទីផ្សារ។ ការបោះមូលបត្រ​ដំបូង (IPO) របស់​ក្រុមហ៊ុន​ Apple ត្រូវបាន​គេ​ចាត់ទុក​ថា​​ជា​ជោគជ័យ​មិនធ្លាប់មាន ចាប់តាំង​ពី​ការ​បោះមូលបត្រ​របស់​ក្រុមហ៊ុន​ផលិតរថយន្ត Ford កាល​ពី​ឆ្នាំ១៩៥៦។ លើស​ពីនេះ​ទៅទៀត ក្រោយ​ការ​បោះមូលបត្រ​​លក់​ជា​សាធារណៈ​នេះ តម្លៃ​របស់​ក្រុមហ៊ុន Apple ក៏​បាន​កើនឡើង​កប់ពពក​ផងដែរ។ កាលពី​ឆ្នាំ១៩៧៧ នៅ​មុន​ពេល​​​ចេញលក់​កុំព្យូទ័រ Apple II ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​​ប៉ាន់ស្មាន​ថា មាន​តម្លៃ​ត្រឹមតែ​ប្រមាណ​ជា​ជាង ៥ពាន់​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។ ត្រឹមតែ​ជាង​៣ឆ្នាំក្រោយមក នៅ​ចុងឆ្នាំ១៩៨០ ក្រោយ​ពេល​បោះមូលបត្រ​លក់​នៅ​លើ​ទីផ្សារ តម្លៃ​សរុប​របស់​ក្រុមហ៊ុន​ Apple បាន​កើនឡើង​រហូតដល់​ទៅ​ជិត ១ពាន់៨រយលាន​ដុល្លារ​អាមេរិក ហើយ​ ស្ទីវ ចប ដែល​នៅ​ពេលនោះ ទើប​នឹង​មាន​វ៏័យ ២៥ឆ្នាំ បាន​ក្លាយ​ទៅជា​សេដ្ឋី ដែល​មាន​ទ្រព្យសម្បត្តិសរុប​រហូតដល់​ទៅ​​ប្រមាណជា ២៥០លានដុល្លារ។

ការធ្វើ​អាជីវកម្ម​ម៉ាស៊ីន​កុំព្យូទ័រ Apple II វិញ ក៏​ទទួល​បាន​ជោគជ័យ​យ៉ាងខ្លាំង​ផងដែរ ដោយ​លក់ដាច់​រហូតដល់​ទៅ​ប្រមាណ​ជា​ជិត ៦លាន​គ្រឿង ​នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ១៦ឆ្នាំ​ក្រោយការ​ដាក់​បង្ហាញ​ជា​សាធារណៈ។

ក៏ប៉ុន្តែ ស្ទីវ ចប ក៏​មិនបាន​ស្កប់ចិត្ត​តែ​ត្រឹមនោះដែរ ដោយសារ​តែ​លោក​ប្រមើល​ទុក​ថា ម៉ាស៊ីន​កុំព្យូទ័រ Apple II មិន​អាច​ចេះតែ​បន្ត​មាន​ប្រជាប្រិយភាព ហើយ​អាច​មាន​ជោគជ័យ​នៅលើ​ទីផ្សារ​ជា​រៀងរហូត​បាន​នោះទេ។ ម្យ៉ាងទៀត នៅពេលនោះ ម៉ាស៊ីន​កុំព្យូទ័រ Apple II ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅថា​ជា​​កុំព្យូទ័រ​​​ដែល​រចនាឡើង​ដោយ ស្ទីវ វ៉ូសញ៉ាក់ ឯ​ស្ទីវ ចប មាន​មហិច្ឆតា​ចង់​ផលិត​កុំព្យូទ័រ​ថ្មីមួយ​ដោយខ្លួនឯង ហើយ​ជា​កុំព្យូទ័រ​ដែល​មាន​ភាព​អស្ចារ្យ​លើសពី​​អ្វីដែល​គេ​ធ្លាប់​ធ្វើ​កន្លងមក។ ស្ទីវ ចប ក៏​បាន​ចាប់ផ្តើម​គម្រោង​បង្កើត​កុំព្យូទ័រ​ប្រភេទ​ថ្មី​មួយទៀត ដែល​មាន​ឈ្មោះ​ថា Macintosh ហើយ​ដែល​ក្រោយ​មក​ត្រូវ​បាន​គេ​ហៅ​កាត់​ថា “Mac” រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

Macintosh ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​កុំព្យូទ័រ​ផ្ទាល់ខ្លួន​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ដែល​ប្រើ​ប្រព័ន្ធ​ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា “Graphical User Interface” ពោលគឺប្រព័ន្ធ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បញ្ជា​ម៉ាស៊ីន​កុំព្យូទ័រ ដោយ​ប្រើ​ “កណ្តុរ” (Mouse)។

កាលពីពេលមុននោះ គ្រប់ម៉ាស៊ីន​កុំព្យូទ័រ​ទាំងអស់​ប្រើប្រព័ន្ធបញ្ជាមួយ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា “Command-Line Interface” ដែល​អ្នក​ប្រើប្រាស់​អាច​បញ្ជា​កុំព្យូទ័រ​បានតែ​តាមរយៈ​ “ក្តារចុច” (Keyboard) ដោយ​ក្នុង​នោះ DOS (Disk Operating System) គឺ​ជា​កម្មវិធី​ដែល​​​គេ​ស្គាល់​ច្រើន​ជាងគេ​ គឺ Apple DOS សម្រាប់​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Apple និង MS-DOS របស់​ក្រុមហ៊ុន Microsoft ដែល​ជាទូទៅប្រើ​សម្រាប់​កុំព្យូទ័រ​របស់​ក្រុមហ៊ុន IBM។

ក៏ប៉ុន្តែ ប្រព័ន្ធបញ្ជា Command-Line Interface នេះ​មាន​លក្ខណៈ​ស្មុគស្មាញ​ខ្លាំង​សម្រាប់​អ្នកប្រើប្រាស់​ទូទៅ ជាពិសេស អ្នក​ដែល​គ្មាន​ជំនាញ​ខាង​កុំព្យូទ័រ។ ហេតុដូច្នេះហើយ​បាន​ជា​គេ​​បង្កើត​ប្រព័ន្ធ Graphical User Interface ឡើង។ ​ក្រុមហ៊ុន Apple របស់​ ស្ទីវ ចប និង​ក្រុមហ៊ុន Microsoft របស់​ ប៊ីល ហ្គេត ​សុទ្ធតែ​បាន​បង្កើត​គម្រោង​ធ្វើ​កុំព្យូទ័រ​ប្រើ​​ប្រព័ន្ធ Graphical User Interface នេះ​ដូចគ្នា ក៏ប៉ុន្តែ គឺ​ ស្ទីវ ចប ដែលធ្វើ​បាន​​មុន ដោយ​​ផលិត និង​ដាក់​លក់​កុំព្យូទ័រ Macintosh នៅលើ​ទីផ្សារ នៅ​ឆ្នាំ១៩៨៤ មួយឆ្នាំ​មុន​ការ​ផលិត​កម្មវិធី​ Microsoft Windows សម្រាប់​កុំព្យូទ័រ IBM នៅ​ឆ្នាំ១៩៨៥។

ទោះជាយ៉ាងណា ការចេញលក់​កម្មវិធី Microsoft Windows នេះ បាន​បង្កើត​ឲ្យ​មាន​ជា​ជម្លោះ​ដ៏​ក្តៅគគុក រវាង​ ស្ទីវ ចប និង​ប៊ីល​ហ្គេត ដោយ​នៅពេលនោះ ស្ទីវ ចប បាន​ចោទ​​ថា កម្មវិធី Microsoft Windows របស់​ប៊ីល ហ្គេត គឺ​ជា​ការ​លួចចម្លង​ពី​កម្មវិធី Macintosh Operating System (Mac OS) របស់​Apple៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ