អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ស្ទីវ ចប៖ ​បរាជ័យ ​និង ​“ការនិរទេស” ​ចេញពី​ក្រុមហ៊ុន ​Apple

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ស្ទីវ ចប (Steve Jobs) តទៅទៀត ដោយ​សូម​លើកឡើង អំពី ទំនាក់ទំនង​​​ដ៏​តានតឹង​នៅ​ក្នុង​ក្រុមហ៊ុន Apple បូករួម​ជាមួយ​នឹង​បរាជ័យ​នៃ​ផលិតផល​កុំព្យូទ័រ Macintosh ដែល​នាំ​ទៅដល់​ការ​ដកតំណែង​​លោក ស្ទីវ ចប។

ក្រោយ​ពី​ត្រូវ​គេ​ដកតំណែង ស្ទីវ ចប បាន​ដើរចេញ​ពី​ក្រុមហ៊ុន Apple នៅឆ្នាំ១៩៨៥ ហើយ​ទៅ​បង្កើត​ក្រុមហ៊ុនថ្មី
ក្រោយ​ពី​ត្រូវ​គេ​ដកតំណែង ស្ទីវ ចប បាន​ដើរចេញ​ពី​ក្រុមហ៊ុន Apple នៅឆ្នាំ១៩៨៥ ហើយ​ទៅ​បង្កើត​ក្រុមហ៊ុនថ្មី Reuters
ផ្សាយពាណិជ្ជកម្ម

ស្ទីវ ចប (Steve Jobs) ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ជា​អ្នក​ដែល​មាន​គំនិត​ច្នៃប្រឌិតខ្ពស់, មាន​ចក្ខុវិស័យវែងឆ្ងាយ​​ខាងផលិតផល​បច្ចេកវិទ្យា និង​មាន​ភាព​វ័យឆ្លាត​ខាង​កិច្ចការ​​ជំនួញ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា នៅ​ក្នុងក្រុមហ៊ុន Apple លោក​ក៏​ត្រូវ​បាន​គេ​ស្គាល់​ផងដែរ​ថា​​ជា​មនុស្ស​ដែល​មាន​អត្តចរិត​ចម្លែក​​​​ពិបាក​នឹង​ធ្វើការ​ជាមួយ។

បើ​និយាយ​ពី​គម្រោង​រចនា​ផលិតផល​របស់​ក្រុមហ៊ុន ស្ទីវ ចប តែងតែ​ចង់​គ្រប់គ្រង​កិច្ចការ​គ្រប់សព្វបែបយ៉ាងទាំងអស់​ តាំងពីដើម​រហូតដល់​ចប់ តាំង​ពីបច្ចេកវិទ្យា រូបរាង​ផលិតផល រហូត​ទៅដល់​ពណ៌​ដែល​ត្រូវ​លាប​អគារ​រោងចក្រ ឬ​ឃ្លាំង​ស្តុក​ផលិតផល។ តាមការពិត គោលគំនិត​ចង់​គ្រប់គ្រង​គ្រប់សព្វបែបយ៉ាង​នៅ​ក្នុងដៃ​​មិន​ឲ្យ​ខ្វះចន្លោះ​បែបនេះ ត្រូវ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​​​ផងដែរ​តាមរយៈ​ផលិតផល​របស់ Apple ដែល​ភាគច្រើន​​ត្រូវ​បាន​រឹតត្បឹត​មិន​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​នឹង​ផលិតផល​របស់​ក្រុមហ៊ុន​ផ្សេង ដោយ​កម្មវិធី ឬ​សុសវែរ​របស់ Apple មិនត្រូវ​បាន​ផ្តល់​អាជ្ញាបណ្ណ​ចែកចាយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ប្រើប្រាស់ ចំណែក​ឯ​ហាដវែរ​របស់ Apple ​ក៏​មិនត្រូវ​បាន​បើក​ចំហ​ទូលំទូលាយ​ សម្រាប់​ការ​ប្រើប្រាស់​​សុសវែរ​ពី​ក្រុមហ៊ុន​ផ្សេង​នោះដែរ។

លើសពីនេះ​ទៅទៀត នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ក៏ដូចជា​ជាមួយ​កូនចៅ ស្ទីវ ចប ត្រូវបាន​គេ​ស្គាល់​ថា​ជា​មនុស្ស​ដែល​មិនចេះ​និយាយ​លើកទឹកចិត្ត សរសើរ ឬ​​ទទួលស្គាល់​ស្នាដៃ​គេ នៅ​ពេល​​ធ្វើការ​ល្អ ផ្ទុយ​ទៅវិញ នៅ​ពេល​ដែល​ធ្វើ​អ្វី​មិនត្រូវ​ចិត្ត គឺ ​រិះគន់​ បន្ទោស​បង្អាប់​ដោយ​មិន​សំចៃ​មាត់ ហើយ​ពិសេស​ជាងនេះ​ទៅទៀត គឺ​បន្ទោសបង្អាប់​ ​នៅ​ចំពោះ​មុខ​គេឯងគ្រប់គ្នា។

ទាំងនេះ​តែងតែ​បង្កើត​ឲ្យ​មាន​ជាបញ្ហា​​តានតឹង​ជា​រឿយៗ នៅ​ក្នុងក្រុមហ៊ុន ក៏ប៉ុន្តែ ពីដំបូង គេនាំគ្នា​ធ្វើ​មិនដឹងមិនឮ មិនសូវ​ខ្វាយខ្វល់​ពី​អត្តចរិត​របស់ ស្ទីវ ចប ដោយសារ​តែ​អ្វីដែល​លោក​ធ្វើ គឺតែងតែ​ទទួល​ជោគជ័យ​សម្រាប់​ក្រុមហ៊ុន។ អ្វីៗ​ត្រូវ​ប្រែប្រួល នៅ​ក្រោយពេល​ដែល​​​កុំព្យូទ័រ Macintosh ​ត្រូវ​បាន​ចេញ​លក់​នៅលើ​ទីផ្សារ ហើយ​មិនបាន​ទទួល​ជោគជ័យ​ដូច​ការ​រំពឹងទុក។

ការ​រចនា និង​ផលិ​តកុំព្យូទ័រ​ Macintosh គឺ​ជា​គម្រោង​ដែល​ស្ថិត​ក្រោម​ការ​គ្រងផ្ទាល់​របស់ ស្ទីវ ចប។ ស្ទីវ ចប ធ្លាប់​បាន​អះអាង​ថា នឹង​ធ្វើ​ឲ្យ Macintosh នេះ ក្លាយ​ជា​កុំព្យូទ័រ​ដ៏​ល្អអស្ចារ្យ​បំផុត​មួយ ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ពីមុន។ ក៏ប៉ុន្តែ នៅ​ពេល​ចេញលក់​ដំបូង ​នៅ​ឆ្នាំ១៩៨៤ Macintosh ពិបាក​នឹង​រក​ទីផ្សារ ដោយសារ​តែ​​វា​ជា​កុំព្យូទ័រ​ដែល​មាន​​តម្លៃ​ថ្លៃ តែ​ល្បឿន​យឺត ហើយ​លើសពីនេះ​ទៅទៀត សុសវែរ​របស់ Macintosh ក៏​មាន​តិចតួច ចំណែក​ឯ​សុសវែរ​របស់​ក្រុមហ៊ុន​ផ្សេង​ក៏​មិន​អាច​យក​មក​ប្រើ​នៅលើ​ Macintosh បាន។

បរាជ័យ​របស់​ ស្ទីវ ចប ក្នុងការ​រចនា​ម៉ាស៊ីន​កុំព្យូទ័រ Macintosh នេះ បាន​បង្កើត​ឲ្យ​មានភាពតានតឹង​យ៉ាងខ្លាំង​​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ Apple រហូត​ឈាន​ទៅដល់​ការ​ដកតំណែង ស្ទីវ ចប ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន។

នៅ​ឆ្នាំ១៩៨៥ មួយឆ្នាំក្រោយ​ការ​ចេញលក់​កុំព្យូទ័រ Macintosh តែ​មិន​បាន​ជោគជ័យ ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ Apple បាន​សម្រេច​ដក​តំណែង ស្ទីវ ចប លែង​ឲ្យ​មាន​តួនាទី​អ្វី​ទាំងអស់ នៅ​ក្នុងការ​រចនា​ផលិតផល ឬ​​ចាត់ចែង​កិច្ចការ​ផ្សេងទៀត នៅ​ក្នុង​ក្រុមហ៊ុន។ ស្ទីវ ចប នៅ​រក្សា​មុខតំណែង​ជា​ប្រធានក្រុមហ៊ុន ក៏ប៉ុន្តែ ជា​ប្រធាន​ដែល​មាន​តែ​ឈ្មោះ តែ​គ្មានអំណាច។

ស្ទីវ ចប មិនសុខចិត្ត ក៏​បាន​សម្រេច​ដើរចេញ​ពី​ក្រុមហ៊ុន ដោយ​បាន​លក់​ចេញ​​ចំណែកហ៊ុន​ទាំងអស់​ដែល​លោក​មាន​នៅ​ក្នុង​ក្រុមហ៊ុន ព្រមទាំង​បាន​​នាំ​មនុស្ស​ជំនិតៗ​មួយ​ចំនួន​​ចេញ​ពី​ក្រុមហ៊ុន Apple ដើម្បី​ទៅ​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយទៀត គឺ​ក្រុមហ៊ុន NeXT ដែល​រកស៊ី​ខាង​ផលិត​ម៉ាស៊ីន​កុំព្យូទ័រ​ពិសេស​សម្រាប់​ប្រើ​ក្នុង​វិស័យ​អប់រំ។

ពីដំបូង ស្ទីវ ចប បាន​ដាក់ទុន​ផ្ទាល់​ខ្លួន​ចំនួន ៧លាន​ដុល្លារ ទៅ​ក្នុង​ក្រុមហ៊ុន ដែល​ទើប​នឹង​បង្កើត​ថ្មី​នេះ។ ក៏ប៉ុន្តែ​បាន​តែ​មួយឆ្នាំ ដើមទុន​ក៏​អស់ ហើយ​ NeXT ក៏​មិនទាន់​បាន​ចេញ​ផលិតផល​អ្វី​មួយ​ទាំងអស់ ដើម្បី​ដាក់​លក់​នៅលើ​ទីផ្សារ។ ស្ទីវ ចប ក៏​បាន​សម្រេច​បើក​ចំហ​ទទួល​ដៃ​គូ​វិនិយោគ​ឲ្យ​មក​​ដាក់ទុន ជា​ថ្នូរ​នឹង​ចំណែក​ហ៊ុន ដូចជា​អ្វី​ដែល​លោក​ធ្លាប់​បាន​ធ្វើ កាល​ពីពេល​បង្កើត​ក្រុមហ៊ុន​ Apple ដំបូង ហើយ​ដោយសារ​តែ​កេរ្តិ៍ឈ្មោះ​ដែលលោក​បាន​បន្សល់ទុក​ពី Apple នេះ ស្ទីវ ចប មិនមាន​ចំណោទ​អ្វី​នោះទេ ក្នុងការ​ស្វែងរក​ដៃគូវិនិយោគ។ ក៏ប៉ុន្តែ ការរក​បាន​ដៃ​គូ​វិនិយោគ​ដោយស្រួល​​ក៏​មិន​ប្រាកដ​ដែរ​ថា មុខ​ជំនួញ​នឹង​បាន​ទទួល​ជោគជ័យ។

ស្ទីវ ចប បាន​ចំណាយ​ពេល ៥ឆ្នាំ ទើប​អាច​រចនា និង​ផលិត​កុំព្យូទ័រ NeXT យក​ទៅ​ដាក់​លក់​នៅលើ​ទីផ្សារ​​បាន ហើយ​កុំព្យូទ័រ ដែល​ចេញលក់​ដំបូង នៅ​ឆ្នាំ​១៩៩០​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​កុំព្យូទ័រ​ដែល​មាន​រូបរាង​ក៏​ស្អាត ហើយ​បច្ចេកវិទ្យា​ក៏​ល្អ ក៏ប៉ុន្តែ មាន​បញ្ហា​ចោទ​មួយ​ដ៏ធំ គឺ​តម្លៃ ដែល​មួយគ្រឿង​ថ្លៃ​រហូតដល់​ទៅ ១ម៉ឺន​ដុល្លារ​អាមេរិក។

ជាលទ្ធផល កុំព្យូទ័រ​នេះ​មិន​អាច​ជ្រៀតចូល​ក្នុង​ទីផ្សារ ប្រកួតប្រជែង​ជាមួយ​ក្រុម​ហ៊ុន​ផ្សេងបាន ហើយ​៣ឆ្នាំក្រោយមក នៅ​ឆ្នាំ១៩៩៣ NeXT ក៏​បាន​សម្រេច​បោះបង់​ចោល​គម្រោង​ផលិត​កុំព្យូទ័រ​នេះ​ចោល ហើយ​ងាក​ទៅ​ផ្តោត​តែ​ទៅលើ​ការ​ផលិត​កម្មវិធី​កុំព្យូទ័រ​វិញ។ នៅ​ឆ្នាំ១៩៩៤ ទើប​ក្រុមហ៊ុន NeXT អាច​រក​ប្រាក់​ចំណេញ​បាន​ជា​លើកទី១ ក្រោយ​ពី​បាន​បង្កើត និង​មាន​ដំណើរការ​អស់រយៈពេល​ជិត ១០ឆ្នាំ។

សម្រាប់ ស្ទីវ ចប មុខជំនួញ​នៅ​ក្នុងក្រុមហ៊ុន NeXT អាច​រាប់​ថា​ជា​បរាជ័យ​មួយ បើ​ធៀប​ទៅនឹង​អ្វី​ដែល​លោក​បាន​ធ្វើ នៅ​ក្នុង​ក្រុមហ៊ុន Apple នាពេល​កន្លងមក។ ក៏ប៉ុន្តែ នៅ​​ក្រោយ​ពី ដើរ​ចេញ​ពី​ក្រុមហ៊ុន​ Apple ស្ទីវ ចប មិនមែន​មាន​តែ​មុខ​ជំនួញ នៅ​ក្នុង​ក្រុមហ៊ុន NeXT នេះ​មួយ​នោះទេ។

នៅ​ឆ្នាំ១៩៨៦ មួយឆ្នាំក្រោយ​ពី​បាន​​ដើរចេញ​ពី​ក្រុមហ៊ុន Apple ទៅ​បង្កើត​ក្រុមហ៊ុន NeXT ស្ទីវ ចប បាន​ចំណាយលុយ ១០លាន​ដុល្លារ​អាមេរិក ដើម្បី​ទិញយក​ក្រុមហ៊ុន​មួយ ឈ្មោះ​ថា Pixar ដែល​​ជំនាញ​ខាង​ការ​ផលិត​គំនូរជីវចល​ដោយ​ប្រើ​កុំព្យូទ័រ ហើយ​ដែល​​កាល​ពី​មុន​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​របស់​ក្រុមហ៊ុន Lucasfilm ដែល​ជា​ក្រុមហ៊ុន​ផលិត​ភាពយន្ត​​ដ៏ល្បីល្បាញ គឺ​​​​រឿង “សង្រ្គាមផ្កាយ” (Star Wars)។

ប្រមាណ​ជា​ជិត ១០ឆ្នាំ ក្រោយ​ពី​ ស្ទីវ ចប បាន​ទិញ​យក​ពី Lucasfilm ក្រុមហ៊ុន Pixar បាន​ក្លាយ​ទៅជា​ក្រុមហ៊ុន​ឈាន​មុខគេ​មួយ​ខាង​ផលិត​ភាពយន្ត​គំនូរ​ជីវចល។ នៅ​ឆ្នាំ១៩៩៥ Pixar បាន​ផលិត​ភាពយន្ត​គំនូរ​ជីវចល​ដ៏ល្បីល្បាញ​មួយ​ឲ្យ​ក្រុមហ៊ុន Disney គឺ Toy Story ដែល​នៅ​ពេលនោះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា ភាពយន្តគំនូរជីវចល​ដំបូង​បង្អស់ ដែល​ផលិត​ចេញ​ពី​កុំព្យូទ័រ​សុទ្ធសាធ តាំង​ពី​ដើម​រហូត​ដល់​ចប់។

ក្រៅពី​រឿង Toy Story (ដែល​មាន​ជាច្រើន​វគ្គ) ក្រុមហ៊ុន Pixar ក៏​បាន​ផលិត​ភាពយន្ត​គំនូរ​ជីវចល​ដ៏​ល្បីៗ​ជាច្រើន​ផ្សេងទៀត​ដែរ​ឲ្យ​ក្រុមហ៊ុន Disney មុននឹង​ត្រូវ​ ស្ទីវ ចប លក់​ក្រុមហ៊ុន​នេះ​​​ផ្តាច់​ទៅ​ឲ្យ​ Diseny ទាំងស្រុង នៅ​ឆ្នាំ២០០៦។

តាមការពិត មុខជំនួញ​ដែល​បាន​ជួយ​ឲ្យ​ ស្ទីវ ចប ក្លាយ​ជា​មហាសេដ្ឋី​មាន​លុយ​រហូតដល់​រាប់ពាន់លាន​ដុល្លារ​ជាលើក​ដំបូង មិនមែន​ក្រុមហ៊ុន Apple នោះទេ គឺ​ក្រុមហ៊ុន Pixar ដែល​បាន​បោះមូលបត្រ​លក់​ជា​សាធារណៈ​ជា​លើក​ដំបូង នៅ​ឆ្នាំ១៩៩៥ ហើយ​ចំណែក​ហ៊ុន ដែល​ ស្ទីវ ចប មាន​នៅ​ក្នុង​ក្រុមហ៊ុន Pixar នៅ​ពេលនោះ​មាន​តម្លៃ​ជា​សរុប​រហូតដល់​ទៅ ១ពាន់២រយលាន​ដុល្លារ​អាមេរិក ពោលគឺ ជិត ៥ដង ច្រើន​ជាង​​តម្លៃ​នៃ​ចំណែក​ហ៊ុន ដែល​ស្ទីវ ចប មាន​នៅ​ក្នុង​ក្រុមហ៊ុន Apple ​​កាល​ពី​ពេល​​បោះមូលបត្រលក់​លក់​​ជា​លើក​ដំបូង ដែល​​មាន​ត្រឹមតែ​ប្រមាណ​ជា​ ២៥០លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

លើសពីនេះ​ទៅទៀត នៅ​ពេល​ដែល​ក្រុមហ៊ុន Pixar ត្រូវ​បាន​លក់​ផ្តាច់​ទៅ​ឲ្យ​ក្រុមហ៊ុន Disney នៅ​ឆ្នាំ២០០៦ ស្ទីវ ចប ទទួលបាន​ចំណែក​ហ៊ុន​ដល់​ទៅ ៧% នៅ​ក្នុង​ក្រុមហ៊ុន Diseny ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់រហូតដល់​ទៅ​ជិត ៤ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​​នៅ​ពេលនោះ ស្ទីវ ចប បាន​ក្លាយ​ទៅ​ជា​បុគ្គល ដែល​មាន​ចំណែក​ហ៊ុន​ច្រើន​ជាង​គេ​បង្អស់ នៅ​ក្នុង​ក្រុមហ៊ុន Disney ពោលគឺ​​ច្រើន​ជាង​អគ្គនាយក​ក្រុមហ៊ុន ហើយ​ច្រើន​ជាង​ក្រុមគ្រួសារ​​ត្រកូល Diseny ដែល​ជា​ស្ថាបនិក​ដើម​របស់​ក្រុមហ៊ុន​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ