ស្ទីវ ចប៖ ការវិលត្រឡប់ទៅសង្រ្គោះក្រុមហ៊ុន Apple
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៤
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់អំពីប្រវត្តិរបស់លោកស្ទីវ ចប (Steve Jobs) តទៅទៀត ដោយសូមលើកឡើង អំពី ការវិលត្រឡប់ទៅជួយសង្រ្គោះ Apple ពីការដួលរលំ ហើយព្រមទាំងបានប្រែក្លាយ Apple ឲ្យទៅជាក្រុមហ៊ុនដ៏ជោគជ័យ និងជាផលិតផលដ៏មានឥទ្ធិពលរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ ក្រោយការចាកចេញរបស់ ស្ទីវ ចប (Steve Jobs) Apple នៅតែជាក្រុមហ៊ុនដែលមានជោគជ័យក្នុងការរកស៊ី ហើយនៅតែអាចរកបានប្រាក់ចំណេញច្រើន ក៏ប៉ុន្តែ ជោគជ័យនេះមិនស្ថិតស្ថិរនៅបានយូរប៉ុន្មាននោះទេ។
បញ្ហាចោទចម្បងរបស់ Apple នៅពេលនោះ គឺខ្វះគំនិតច្នៃប្រឌិត មិនបង្កើតផលិតផលប្លែកថ្មី ហើយពឹងផ្អែកខ្លាំងតែទៅលើការកែលម្អកុំព្យូទ័រ Macintosh ដែលត្រូវបានចេញលក់ជាច្រើនឆ្នាំមកហើយ ពោលគឺ តាំងពីមុនពេលដែល ស្ទីវ ចប មិនទាន់ចាកចេញពីក្រុមហ៊ុនមកម៉្លេះ។ ក្នុងពេលជាមួយគ្នានោះ ក្រុមហ៊ុន Microsoft ដែលជាគូប្រជែង បានផលិតនូវកម្មវិធី Windows របស់ខ្លួនកាន់តែល្អឡើង ហើយបានវាយលុកចូលដណ្តើមចំណែកទីផ្សាររបស់ Apple បានកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
នៅឆ្នាំ១៩៩៥ Microsoft បានចេញលក់កម្មវិធី Windows 95 ដែលនៅពេលនោះ ត្រូវបានគេចាត់ទុកថាជាកម្មវិធី Operating System ដ៏ជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្ត។ ក្រោយការចេញកម្មវិធី Windows 95 នេះ កុំព្យូទ័ររបស់ Apple ក៏លក់លែងដាច់ ប្រាក់ចំណូលរបស់ Apple ក៏ត្រូវធ្លាក់ចុះយ៉ាងគំហុក ហើយនៅឆ្នាំ១៩៩៦ Apple ត្រូវខាតលុយរហូតដល់ទៅប្រមាណជា ១ពាន់លានដុល្លារ ហើយតម្លៃហ៊ុននៅលើទីផ្សារក៏ធ្លាក់ដាំដូងផងដែរ (៧០ដុល្លារក្នុងមួយហ៊ុន កាលពីឆ្នាំ១៩៩១ ធ្លាក់ចុះមកនៅត្រឹមតែ ១៤ដុល្លារប៉ុណ្ណោះក្នុងមួយហ៊ុន)។
នៅពេលនោះ ស្ទីវ ចប ក៏បានដឹងដែរ អំពីការធ្លាក់ដុនដាបនៃក្រុមហ៊ុន Apple ហើយ ស្ទីវ ចប ថ្វីដ្បិតតែកំពុងតែទទួលជោគជ័យនៅក្នុងមុខជំនួញ នៅក្នុងក្រុមហ៊ុន Pixar ក៏ប៉ុន្តែ លោកនៅតែមានបំណងចង់វិលត្រឡប់មកដឹកនាំក្រុមហ៊ុន Apple វិញ ដោយសារតែ ម្យ៉ាង Apple គឺជាក្រុមហ៊ុនដែលលោកជាអ្នកបង្កើតឡើងតាំងពីបាតដៃទទេ ហើយកាន់តែសំខាន់ជាងនេះទៅទៀត លោកនៅតែដក់គំនិតស្រឡាញ់ការងារទាក់ទងនឹងការរចនាផលិតផលថ្មី, បង្កើតបច្ចេកវិទ្យាថ្មី ហើយអាចប្រើគំនិតច្នៃប្រឌិតរបស់លោកបានយ៉ាងពេញលេញ ដែលលោកធ្លាប់ធ្វើនៅក្នុងក្រុមហ៊ុន Apple កាលពីពេលកន្លងមក។
ពីដំបូងឡើយ មានអ្នកវិនិយោគដ៏ធំមួយបានមកជជែកជាមួយនឹងស្ទីវ ចប ដោយគ្រោងចំណាយលុយ ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក ប្រមូលទិញភាគហ៊ុនរបស់ Apple នៅលើទីផ្សារ គឺទិញឲ្យបានសំឡេងភាគច្រើនល្មមអាចច្បាមយកក្រុមហ៊ុនមកកាន់កាប់នៅក្នុងដៃបាន ហើយយកស្ទីវ ចប ឲ្យទៅដឹកនាំក្រុមហ៊ុនវិញ។ ក៏ប៉ុន្តែ នៅពេលនោះ ស្ទីវ ចប បានបដិសេធ ដោយបានលើកឡើងថា លោកមិនចូលចិត្តវិធីប្រមូលទិញភាគហ៊ុន ដើម្បីដណ្តើមយកក្រុមហ៊ុនមកកាន់កាប់ដោយបង្ខំបែបនេះទេ ក៏ប៉ុន្តែ ប្រសិនបើក្រុមហ៊ុន Apple ហៅលោកឲ្យទៅដឹកនាំក្រុមហ៊ុនវិញតាមការព្រមព្រៀងគ្នាទាំងសងខាង លោកពេញចិត្តនឹងទៅ។
នៅចុងឆ្នាំ១៩៩៦ ក្រុមហ៊ុន Apple បានចរចាទិញយកក្រុមហ៊ុន NeXT ពីស្ទីវ ចប ព្រមទាំងបានយក ស្ទីវ ចប ឲ្យវិលត្រឡប់ចូលមកធ្វើការនៅ Apple វិញ ដោយពីដំបូងត្រឹមជាទីប្រឹក្សា ហើយក្រោយមកត្រូវបានតែងតាំងឲ្យធ្វើជាអគ្គនាយកក្រុមហ៊ុន នៅខែកញ្ញាឆ្នាំ១៩៩៧។ មុននឹងសុខចិត្តទទួលយកតំណែងនេះ ស្ទីវ ចប បានទាមទារឲ្យមានការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនស្ទើរតែទាំងអស់ ដោយក្នុងចំណោមអ្នកដែល ស្ទីវ ចប ទាមទារឲ្យលាឈប់ពីតំណែងនោះ ក៏មានដែរ ម៉ៃខ៍ ម៉ាឃូល័រ។
ម៉ៃខ៍ ម៉ាឃូល័រ គឺជាឥស្សរជនដែលបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងដំណើរជីវិតរបស់ក្រុមហ៊ុន Apple ។ គឺ ម៉ៃខ៍ ម៉ាឃូល័រ ដែលជាអ្នកបានបោះទុនវិនិយោគចូលក្នុងក្រុមហ៊ុន Apple កាលពីដើមដំបូង នៅពេលដែល Apple មិនទាន់មានរូបរាងជាក្រុមហ៊ុនត្រឹមត្រូវ ហើយដែលគ្មានអ្នកណាចង់បោះទុនរកស៊ីជាមួយ។ ហើយ ម៉ៃខ៍ ម៉ាឃូល័រ ស្ថិតក្នុងចំណោមម្ចាស់ហ៊ុនដំបូងទាំង៣របស់ Apple ដោយមានចំណែកហ៊ុនស្មើគ្នានឹង ស្ទីវ ចប និងស្ទីវ វ៉ូសញ៉ាក់។
ក៏ប៉ុន្តែ ម៉ៃខ៍ ម៉ាឃូល័រ ស្ថិតក្នុងចំណោមអ្នកដែលបានគាំទ្រសេចក្តីសម្រេចដកតំណែង ស្ទីវ ចប កាលពីឆ្នាំ១៩៨៥។ ហេតុដូច្នេះហើយបានជា ស្ទីវ ចប លែងទុកចិត្ត ម៉ៃខ៍ ម៉ាឃូល័រ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ លោកនៅតែគោរពនិងស្រឡាញ់ ម៉ៃខ៍ ម៉ាឃូល័រ ដោយចាត់ទុកដូចជាឪពុក។ ដូច្នេះហើយបានជា នៅពេលទាមទារឲ្យមានការរុះរើសមាជិកក្រុមប្រឹក្សាភិបាលថ្មី ស្ទីវ ចប ដែលចង់បង្ហាញពីការគោរពដល់ ម៉ៃខ៍ ម៉ាឃូល័រ ក៏បានធ្វើដំណើរទៅដល់គេហដ្ឋានរបស់ ម៉ៃខ៍ ម៉ាឃូល័រ ដើម្បីស្នើសុំដោយផ្ទាល់មាត់ឲ្យលោកលាឈប់ពីតំណែង។
នៅពេលនោះ ស្ទីវ ចប មានការធូរចិត្តដោយបានដឹងថា ម៉ៃខ៍ ម៉ាឃូល័រ មិនអាក់អន់ចិត្តនឹងលោក ហើយបង្ហាញនូវការយោគយល់ថា វាក៏ល្មមដល់ពេលដែលលោកត្រូវចាកចេញពីក្រុមហ៊ុនហើយដែរ។
មុននឹងចាកចេញ ស្ទីវ ចប បានសុំយោបល់ជាលើកចុងក្រោយពី ម៉ៃខ៍ ម៉ាឃូល័រ អំពីអនាគតនៃក្រុមហ៊ុន Apple គឺថាតើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យ Apple ក្លាយជាក្រុមហ៊ុនដែលជោគជ័យ ហើយស្ថិតស្ថិរនៅបានយូរអង្វែងទៅថ្ងៃខាងមុខ។ ម៉ៃខ៍ ម៉ាឃូល័រ បានឆ្លើយតបទៅវិញថា មធ្យោបាយមានតែមួយគត់ គឺ Apple ត្រូវតែចេះផ្លាស់ប្តូរ បត់បែន សម្របខ្លួនទៅតាមទីផ្សារ ដោយត្រូវបង្កើតបច្ចេកវិទ្យាថ្មី ឬឧបករណ៍ប្រើប្រាស់ថ្មីសម្រាប់អតិថិជន។ នៅពេលនោះ ស្ទីវ ចប មិនបាននិយាយអ្វីតបតទៅវិញច្រើននោះទេ ក៏ប៉ុន្តែ នៅក្នុងចិត្ត លោកឯកភាពនឹងគំនិតយោបល់របស់ ម៉ៃខ៍ ម៉ាឃូល័រ ហើយនេះគឺជាអ្វីដែលលោកនឹងធ្វើសម្រាប់ក្រុមហ៊ុន Apple នៅពេលក្រោយៗមកទៀត។
នៅឆ្នាំ១៩៩៨ មួយឆ្នាំក្រោយពីបានឡើងមកគ្រប់គ្រងក្រុមហ៊ុន Apple វិញ ស្ទីវ ចប បានចេញលក់កុំព្យូទ័រសេរីថ្មី គឺកុំព្យូទ័រ iMAC ហើយគិតត្រឹមចុងឆ្នាំ ១៩៩៨ iMAC នេះ បានក្លាយជាកុំព្យូទ័រដែលលក់ដាច់ច្រើនជាងគេបំផុត នៅសហរដ្ឋអាមេរិក។ មួយឆ្នាំក្រោយមកទៀត នៅឆ្នាំ១៩៩៩ ស្ទីវ ចប បានចេញលក់កុំព្យូទ័រប្រភេទមួយទៀត គឺកុំព្យូទ័រយួរដៃ iBook ដែលរចនាឡើងតម្រូវទៅតាមទីផ្សារនៃអតិថិជនជានិស្សិត។
គិតត្រឹមនឹងពេលនោះ Apple ថ្វីដ្បិតតែមិនអាចយកឈ្នះគូប្រជែង គឺក្រុមហ៊ុន Microsoft ក្នុងការគ្រប់គ្រងទីផ្សារកុំព្យូទ័រ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ស្ទីវ ចប បានសង្រ្គោះក្រុមហ៊ុន Apple ពីការដួលរលំ ឲ្យក្លាយទៅជាក្រុមហ៊ុនដែលមានប្រាក់ចំណេញខ្ពស់ និងមានកេរ្តិ៍ឈ្មោះឡើងវិញ។
ប៉ុន្មានឆ្នាំក្រោយមកទៀត ស្ទីវ ចប បាននាំក្រុមហ៊ុន Apple មកដល់ចំណុចរបត់ដ៏សំខាន់មួយទៀត គឺពង្រីកមុខជំនួញចេញពីវិស័យកុំព្យូទ័រ ដោយដំបូងឈានជើងចូលទៅក្នុងវិស័យឧស្សាហកម្មដូរតន្រ្តី តាមរយៈការបង្កើតកម្មវិធី iTune សម្រាប់ស្តុក ចាត់ចែង និងចាក់ស្តាប់បទចម្រៀងនៅលើកុំព្យូទ័រ, ហើយប៉ុន្មានខែក្រោយមកទៀត ចេញលក់ឧបករណ៍សម្រាប់ស្តាប់ភ្លេង គឺ iPod មុននឹងដាក់ឲ្យដំណើរការ iTune Store សម្រាប់លក់បទចម្រៀងអនឡាញ (Online store) នៅឆ្នាំ២០០៣។
នៅឆ្នាំ២០០៧ ក្រោយពីបានផ្លាស់ប្តូរឈ្មោះក្រុមហ៊ុន ពី “Apple Computer” ដោយលុបពាក្យ “Computer” ចេញ ទុកត្រឹមតែ “Apple” ស្ទីវ ចប បានបោះជំហានចូលក្នុងវិស័យថ្មីមួយទៀត គឺវិស័យទូរគមនាគមន៍ តាមរយៈការចេញលក់ទូរស័ព្ទ iPhone ដែលជាផលិតផលដ៏ជោគជ័យបំផុតមួយរបស់ Apple។
ក៏ប៉ុន្តែ គិតមកទល់នឹងពេលនោះ ស្ទីវ ចប ត្រូវប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនដ៏ធំមួយ ដែលភាពឆ្លាតវៃ គំនិតច្នៃប្រឌិត និងទ្រព្យសម្បត្តិដ៏មហាសាលរបស់លោកក៏មានអាចជួយបាន គឺបញ្ហាសុខភាព។
ស្ទីវ ចប ត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺមហារីកលំពែង តាំងពីឆ្នាំ២០០៣ ហើយទទួលការវះកាត់ម្តង នៅឆ្នាំ២០០៤ ក៏ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមកទៀត ជំងឺមហារីកនេះក៏បានរើឡើងវិញ ធ្វើឲ្យសុខភាពរបស់ ស្ទីវ ចប ធ្លាក់ចុះដុនដាបពីមួយថ្ងៃទៅមួយថ្ងៃ រហូតត្រូវបង្ខំចិត្តឈប់សម្រាកពីការងារ នៅក្នុងក្រុមហ៊ុន Apple នៅខែមករាឆ្នាំ២០១១ មុននឹងលាឈប់ពីមុខតំណែងជាអគ្គនាយកក្រុមហ៊ុនទាំងស្រុង នៅខែសីហា។
ជាង២ខែក្រោយមក គឺនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១១ ស្ទីវ ចប បានទទួលមរណភាព ដោយបន្សល់ទុកនូវក្រុមហ៊ុនដ៏ជោគជ័យមួយ ដែលបច្ចុប្បន្នក្លាយជាក្រុមហុនដែលមានតម្លៃខ្ពស់ជាងគេបំផុតនៅលើពិភពលោក ព្រមទាំងបន្សល់ទុកនូវផលិតផល និងបច្ចេកវិទ្យា ដ៏មានឥទ្ធិពលបំផុតមួយ សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទូទាំងពិភពលោកទាំងមូល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ