អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បេនយ៉ាមីន ហ្វ្រែងឃ្លីន (១៧០៦-១៧៩០)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកយក​ប្រវត្តិ​អ្នកនយោបាយ និង​ជា​អ្នក​វិទ្យាសាស្រ្ត​ដ៏ល្បីល្បាញ​មួយរូប ​មក​រៀបរាប់​ជូន​លោក​អ្ន​កស្តាប់ គឺ​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន (Benjamin Franklin)។

រូប​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន នៅលើ​ក្រដាសប្រាក់​ ១០០ដុល្លារអាមេរិក
រូប​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន នៅលើ​ក្រដាសប្រាក់​ ១០០ដុល្លារអាមេរិក Public Domaine
ផ្សាយពាណិជ្ជកម្ម

បេនយ៉ាមីន ហ្វ្រែងឃ្លីន... បើទោះបីជា​អ្នក​ខ្លះ​មិនស្គាល់ឈ្មោះ តែ​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​ឃើញមុខ ពីព្រោះ​ថា រូបថត​របស់​លោក​​ស្ថិត​នៅលើ​ក្រដាសប្រាក់​ដុល្លារ​អាមេរិក គឺ​ក្រដាស ១០០ដុល្លារ។ លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន គឺ​ជា​ឥស្សរជន​មួយ​រូប ក្នុង​ចំណោម​ឥស្សរជន​តែ​ពីររូប​គត់ ដែល​មិនមែន​ជា​ប្រធានាធិបតី​អាមេរិក តែ​មាន​រូបថត​លើ​ក្រដាសប្រាក់​ដុល្លារ (ឥស្សរជនមួយរូបទៀត​ គឺ​លោកអាឡិចសិនឌ័រ ហាមីលតុន រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ដំបូងបង្អស់​របស់​អាមេរិក ហើយ​​ដែល​មាន​រូបនៅលើ​ក្រដាស ១០ដុល្លារ)។

ថ្វីដ្បិត​តែ​មិនធ្លាប់​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ក៏ប៉ុន្តែ លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ពីព្រោះ​លោក​ស្ថិត​ក្នុង​ចំណោម​ឥស្សរជន​ទាំង ៧រូប ដែល​ជា​បិតា​ស្ថាបនិក​សហរដ្ឋ​អាមេរិក ព្រមទាំង​ជា​អ្នក​ដែល​បាន​ចូលរួម​ក្នុងការ​តាក់តែង​សេចក្តីប្រកាស​ឯករាជ្យ​របស់​អាមេរិក។

លើសពីនេះ​ទៅទៀត លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏​ជា​អ្នក​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​មួយរូបផងដែរ ដោយលោក​ត្រូវ​បាន​គេ​ចាត់បញ្ចូល​ទៅ​ក្នុង​ចំណោម​អ្នក​វិទ្យាសាស្រ្ត​​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅ​ក្នុងប្រវត្តិនៃ​ការ​រកឃើញ​ថាមពល​អគ្គិសនី ដែល​មនុស្ស​ជាតិ​យើង​​ប្រើប្រាស់​យ៉ាងទូលំទូលាយ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

បេនយ៉ាមីន ហ្វ្រែងឃ្លីន កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៧០៦ នៅ​ក្នុង​ទីក្រុង​បូស្តុន សហរដ្ឋ​អាមេរិក ដែល​​ពេលនោះ នៅ​ជា​ដែនដី​អាណានិគម​មួយ​របស់​អង់គ្លេស ហើយ​​មិនទាន់​ចាប់កំណើត​ជា​រដ្ឋឯករាជ​មួយ​នៅឡើយ​នោះទេ។ ឪពុកម្តាយ​របស់​បេនយ៉ាមីន ហ្វ្រែងឃ្លីន គឺ​ជា​អ្នក​កើត​នៅ​ក្នុង​ប្រទេស​អង់គ្លេស ហើយ​ធ្វើ​ចំណាកស្រុក​មក​ទឹកដីថ្មី​ កាល​ពី​ ២៣ឆ្នាំ​មុន​។ បេនយ៉ាមីន ហ្វ្រែងឃ្លីន គឺ​ជា​កូន​ទី ៨ នៅ​ក្នុង​ចំណោម​បងប្អូន​បង្កើត ១០នាក់ បូករួម​ជាមួយ​នឹង​បងប្អូនឪពុកតែមួយ​ម្តាយទីទៃ ៧នាក់​ផ្សេងទៀត។

ពីដំបូងឡើយ ឪពុក​របស់​ហ្វ្រែងឃ្លីន​​មាន​បំណង​ចង់​ឲ្យ​កូន​ទៅ​រៀន​​នៅ​សកលវិទ្យាល័យ​ហាវ៉ាដ (Harvard) ហើយ​ចាប់អាជីព​ជា​បុព្វជិតគ្រិស្តសាសនា ទើប​បញ្ជូន​ហ្វ្រែងឃ្លីន​ឲ្យ​ទៅ​រៀន​ត្រៀម​នៅសាលាភាសាឡាតាំង។ ក៏ប៉ុន្តែ នៅទីបំផុត​ទៅ ដោយសារ​តែ​បញ្ហា​ជីវភាព ហ្វ្រែងឃ្លីន​ចូល​សាលា​បានតែ​ពីរឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​បោះបង់​សាលា តាំង​ពី​​ទើប​នឹង​មាន​អាយុបាន ១០ឆ្នាំ។

ឈប់ពីសាលា ហ្វ្រែងឃ្លីន​នៅ​ជួយ​ធ្វើការ​ឪពុក​បាន​ពីរឆ្នាំ មុននឹង​ទៅ​ធ្វើ​ជា​កូនជាង​រៀន​ខាង​បោះពុម្ព​ជាមួយ​នឹង​បងប្រុស។ បងប្រុស​របស់​ហ្វ្រែងឃ្លីន​បាន​បង្កើត​កាសែត​មួយ ដែល​គេចាត់បញ្ចូល​ក្នុង​ចំណោម​​​កាសែត​ឯករាជ​ដំបូងគេ​នៅ​អាមេរិក។ នៅ​ពេលនោះ ​ហ្វ្រែងឃ្លីន​ ដែល​ជា​កូនជាង គឺ​ជា​អ្នក​ទទួល​ការងារខាង​​រៀបពុម្ពអក្សរ ហើយ​ក្នុងពេល​ជាមួយគ្នា ហ្វ្រែងឃ្លីន ដែល​មាន​អាយុទើប​នឹង​បាន ១៥ឆ្នាំ ​បាន​សុំ​សរសេរ​អត្ថបទ​ ដើម្បី​ចុះផ្សាយ​ក្នុង​កាសែត ក៏ប៉ុន្តែ បងប្រុស​មិន​អនុញ្ញាត។

ការ​បដិសេធ​របស់​បងប្រុស​មិនបាន​ធ្វើ​ឲ្យ​ហ្វ្រែងឃ្លីន​រួញរា​នោះទេ។ ហ្វ្រែងឃ្លីន​នៅតែ​សរសេរ​អត្ថបទ ដោយប្រើ​ឈ្មោះ​ក្លែងក្លាយ ហើយ​ផ្ញើ​​​ទៅ​ឲ្យ​កាសែត​ចុះផ្សាយ។ អត្ថបទ​របស់​ហ្វ្រែងឃ្លីន​​មិន​ត្រឹមតែ​ត្រូវ​បាន​កាសែត​​សុខចិត្ត​យក​ទៅ​ចុះផ្សាយ​នោះទេ តែ​ថែម​ទាំង​បាន​ ​ដាក់​នៅលើ​ទំព័រមុខថែម​ទៀត។ ចាប់ពីពេលនោះ​មក ហ្វ្រែងឃ្លីន​បាន​បន្ត​សរសេរ​អត្ថបទ​ដោយ​ប្រើ​ឈ្មោះក្លែងក្លាយ​នេះ​ជាច្រើន​​ទៀត ផ្ញើ​ទៅ​ឲ្យ​កាសែត​ចុះផ្សាយ ហើយនៅ​ក្នុងអត្ថបទ​ខ្លះ ហ្វ្រែងឃ្លីន​បាន​សរសេរ​រិះគន់​អាជ្ញាធរ និងការពារ​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ។

គិតជាសរុប ហ្វ្រែងឃ្លីន​បាន​សរសេរ​អត្ថបទ​ចំនួន ១៤ ​ចុះផ្សាយ​លើ​ទំព័រ​កាសែត​របស់​បងប្រុស ហើយ​នៅ​ក្នុង​អត្ថបទទី១៤ ដែល​ជា​អត្ថបទចុងក្រោយ ហ្វ្រែងឃ្លីន​បាន​បង្ហាញ​អត្តសញ្ញាណ​ពិត​​ឲ្យ​គេ​ដឹង​ថា លោក​គឺ​ជា​អ្នក​សរសេរ។

ក្រោយមក ទំនាក់ទំនង រវាង​ហ្វ្រែងឃ្លីន​ និង​បងប្រុស មាន​ភាព​តានតឹង​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ រហូត​ដល់​ពេលមួយ ហ្វ្រែងឃ្លីន​ក៏​បាន​រត់ចេញ​ពី​ផ្ទះ លែង​នៅ​ធ្វើ​ជា​កូនជាង​ជាមួយ​បងប្រុស​តទៅទៀត។

នៅឆ្នាំ១៧២៣ បេនយ៉ាមីន ហ្វ្រែងឃ្លីន ក្នុងវ័យ ១៧ឆ្នាំ ដែល​បាន​រត់ចេញ​ពី​ផ្ទះ​របស់​បងប្រុស​នៅ​បូស្តុន បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ហ្វីឡាដែលហ្វីយ៉ា។ នៅទីនោះ ហ្វ្រែងឃ្លីន​បាន​ចាប់ផ្តើម​ជីវិត​ពីដៃទទេ ដោយ​​​ប្រកប​របរ​ជា​ជាង​​បោះពុម្ព ទៅតាម​ជំនាញ​ដែល​រៀន​ពីបងប្រុស។ ដំបូង ហ្វ្រែងឃ្លីន​ធ្វើការ​ជា​កូនឈ្នួល បន្ទាប់​មក​​បាន​ឡើង​ធ្វើ​ជា​អ្នក​គ្រប់គ្រង​រោងពុម្ព ហើយ ៥ឆ្នាំក្រោយ​មក នៅឆ្នាំ១៧២៨ ហ្វ្រែងឃ្លីនបាន​សម្រេច​ឈប់​ធ្វើការ​ឲ្យគេ ហើយ​ចាប់បើក​រោងពុម្ពមួយ​ដោយ​ខ្លួនឯង ព្រមទាំង​បាន​បង្កើត​កាសែត​ថ្មីមួយ​ ដោយដាក់​ឈ្មោះ​ថា The Pennsylvania Gazette។

គិតមកត្រឹមនឹង​ពេលនោះ បេនយ៉ាមីន ហ្វ្រែងឃ្លីន​​ បាន​ក្លាយ​ទៅជា​អ្នក​មាន​មុខមានមាត់​ម្នាក់​នៅ​ហ្វីឡាដែលហ្វី (ជា​ថៅកែរោងពុម្ព ថៅកែកាសែត និង​អ្នក​សរសរ​អត្ថបទ​កាសែត)។ ហ្វ្រែងឃ្លីន​​រៀបការ​សាងគ្រួសារ ដែល​មាន​កូនប្រុសម្នាក់ និង​ស្រីម្នាក់។ នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ បេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏​បាន​ធ្វើ​សកម្មភាព​ខាង​ផ្នែក​សង្គម​​ជាច្រើន​ផងដែរ ជាពិសេស គឺសកម្មភាព​​ទាក់ទង​នឹង​ការលើកតម្កើង​​ការអប់រំ និង​សីលធម៌សង្គម។​

ហ្វ្រែងឃ្លីន​​បង្កើត​ក្លឹបមួយ ឈ្មោះ​ថា Junto ដើម្បី​ប្រមូលផ្តុំ​សមាជិក​ឲ្យ​ធ្វើការ​ជជែក​ដេញដោល​គ្នា​​អំពី​បញ្ហា​សង្គម សីលធម៌ នយោបាយ ទស្សនវិជ្ជា វិទ្យាសាស្រ្ត ព្រមទាំង​​ចែករំលែកចំណេះដឹង និង​បទពិសោធន៍​គ្នា​ទៅវិញ​ទៅមក ទាក់ទង​ទៅនឹង​កិច្ចការ​ជំនួញ។ បន្តិចម្តងៗ ការងារ​ក្លឹប​ Junto នេះ បាន​​រីក​រាលដាល​ទៅ​សកម្មភាព​សង្គម​ជាច្រើន​ផ្សេងទៀត។

នៅ​ឆ្នាំ១៧៣១ ដើម្បី​បំពេញ​តម្រូវការ​ខាង​ចំណេះដឹង និង​ការ​អាន​របស់​សមាជិកក្លឹប Juntoហ្វ្រែងឃ្លីន​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​​​បណ្ណាល័យ​មួយ ឈ្មោះ​ថា « Library Company of Philadelphia » ដែល​នៅ​ដំណើរការ​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន ហើយ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្ថាប័ន​វប្បធម៌​ដ៏​ចំណាស់​បំផុត​របស់​សហរដ្ឋ​អាមេរិក។

លើសពីនេះ​ទៅទៀត តាមការ​ជជែកផ្តោះប្តូរ​យោបល់​គ្នា​ក្នុង​ក្លឹប Junto ហ្វ្រែងឃ្លីន​ក៏​បាន​ស្នើផងដែរ​ឲ្យ​បង្កើត​ជា​ក្រុម​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​​ប្រចាំក្រុង​ហ្វីឡាដែលហ្វី និង​បង្កើត​កងរក្សា​សន្តិសុខ​ប្រចាំក្រុង ដែល​ធ្វើការ​ពេញម៉ោង ដោយ​ទទួល​ប្រាក់​ខែ​ ហើយ​​​ប្រាក់​ខែ​នេះ​បាន​មក​ពី​ការ​យកពន្ធ​លើ​អចលនទ្រព្យ។

ក្រៅពី​បណ្ណាល័យ ក្រុមពន្លត់អគ្គិភ័យ និង​កងរក្សា​សន្តិសុខ​ក្រុង ហ្វ្រែងឃ្លីន​បាន​ចូលរួម​ផ្តួចផ្តើម​គំនិត​បង្កើត​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន​ទៀត​ខាង​វិស័យ​អប់រំ រួមមាន បណ្ឌិតសភា​ហ្វីឡាដែលហ្វី ដែល​ក្រោយមក​បាន​ក្លាយ​ទៅជា​សកលវិទ្យាល័យផេនស៊ីលវេនញ៉ា (University of Pennsylvania) និង​ បណ្ឌិតសភា​ទស្សនវិជ្ជា (American Philosophical Society) ដែល​សុទ្ធសឹង​តែ​ជា​ស្ថាប័នអប់រំ​ដ៏​ចំណាស់​ៗបំផុត​របស់​អាមេរិក ហើយ​ដែល​នៅ​បន្ត​មាន​ដំណើរការ​រហូតមក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ