ម៉ៃឃើល ហ្វារ៉ាដេ និងស្នាដៃសំខាន់ៗខាងអគ្គិសនី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥២
នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់ អំពីប្រវត្តិរបស់លោកម៉ៃឃើល ហ្វារ៉ាដេ (Michael Faraday) ជាបន្តទៀត ដោយសូមលើកឡើង អំពីស្នាដៃសំខាន់ៗរបស់លោកខាងផ្នែកអគ្គិសនី។
គិតមកទល់នឹងដើមសតវត្សរ៍ទី១៩ មនុស្សជាតិយើង ថ្វីដ្បិតតែមានការយល់ដឹងខ្លះៗអំពីអគ្គិសនី ក៏ប៉ុន្តែ នៅមិនទាន់អាចទាញយកថាមពលអគ្គិសនីមកប្រើប្រាស់ នៅក្នុងជីវិតរស់នៅជាប្រចាំថ្ងៃបាននៅឡើយនោះទេ។ អគ្គិសនីនៅត្រឹមតែជាប្រធានបទនៃការសិក្សាស្រាវជ្រាវ ការធ្វើពិសោធន៍ ឬប្រើប្រាស់ក្នុងទស្សនិយភាពជាការកម្សាន្តតែប៉ុណ្ណោះ។
នៅឆ្នាំ១៨២០ អ្នកវិទ្យាសាស្រ្តនៅអឺរ៉ុបកំពុងនាំគ្នាចាប់អារម្មណ៍ទៅលើបាតុភូតមួយ គឺទំនាក់ទំនង រវាងអគ្គិសនី និងម៉ាញេទិក។ នៅពេលនោះ អ្នកវិទ្យាសាស្រ្តដាណឺម៉ាក ឈ្មោះ ហានស៍ គ្រីស្ទីយ៉ាន អឺស្ទែត (Hans Christian Ørsted) បានសង្កេតឃើញថា ប្រសិនបើគេយកខ្សែភ្លើងដែលភ្ជាប់ចរន្តអគ្គិសនីទៅដាក់ក្បែរត្រីវិស័យ វាធ្វើឲ្យទ្រនិចត្រីវិស័យមានចលនា ហើយគេដឹងថា ទ្រនិចត្រីវិស័យគឺជាម៉ាញេទិក។ ហានស៍ គ្រីស្ទីយ៉ាន អឺស្ទែត ក៏បានទាញសេចក្តីសន្និដ្ឋានថា អគ្គិសនី និងម៉ាញេទិក គឺមានទំនាក់ទំនងនឹងគ្នា ពោលគឺ លំហូរនៃចរន្តអគ្គិសនីបង្កើតឲ្យមានជាកម្លាំងម៉ាញេទិកនៅជុំវិញខ្សែភ្លើងដែលចរន្តអគ្គិសនីឆ្លងកាត់។
លទ្ធផលនៃការសិក្សារបស់ ហានស៍ គ្រីស្ទីយ៉ាន អឺស្ទែត បានទាក់ទាញនូវចំណាប់អារម្មណ៍របស់អ្នកវិទ្យាសាស្រ្ត នៅទូទាំងតំបន់អឺរ៉ុបទាំងមូល នៅសម័យកាលនោះ។ អ្នកប្រាជ្ញបារាំង អង់ដ្រេម៉ារី អំពែរ បានសិក្សាលម្អិត រហូតក្រោយមក បង្កើតបាននូវទ្រឹស្តីបទស្តីពីទំនាក់ទំនង រវាងអគ្គិសនី និងម៉ាញេទិក។ នៅអង់គ្លេស បណ្តាអ្នកវិទ្យាសាស្រ្ត ដែលក្នុងនោះរួមមានទាំងលោកហាំហ្វ្រី ដេវី ដែលជាចៅហ្វាយរបស់ហ្វារ៉ាដេផង ក៏បាននាំគ្នាស្វះស្វែងធ្វើការសិក្សា និងពិសោធន៍ អំពីទំនាក់ទំនង រវាងអគ្គិសនី និងម៉ាញេទិកនេះដែរ ក៏ប៉ុន្តែ មិនបានលទ្ធផលអ្វីទាំងអស់។ ម៉ៃឃើល ហ្វារ៉ាដេវិញ ដែលធ្លាប់បានជួយរៀបចំការពិសោធន៍ឲ្យលោកហាំហ្វ្រី ដេវី ក៏បានបែកគំនិតរៀបចំធ្វើការពិសោធន៍ដោយខ្លួនឯង នៅឆ្នាំ១៨២១។
នៅក្នុងការពិសោធន៍នេះ ហ្វារ៉ាដេបានយកកែវមួយ ដែលនៅក្នុងនោះមានផ្ទុកសារធាតុបារ៉ត ហើយមានបង្គោលម៉ាញេទិក (ដែកឆក់) បញ្ឈរនៅចំកណ្តាល។ នៅពីលើ ហ្វារ៉ាដេចងព្យួរខ្សែភ្លើង ដោយចុងម្ខាងសំយ៉ុងចុះទៅក្នុងបារ៉តក្នុងកែវ ហើយចុងម្ខាងទៀតតភ្ជាប់ទៅនឹងថ្មពិល។ អ្វីដែលហ្វារ៉ាដេសង្កេតឃើញនៅពេលនោះ គឺនៅពេលភ្ជាប់ចរន្តអគ្គិសនី ចុងម្ខាងនៃខ្សែភ្លើងដែលនៅក្នុងកែវ មានចលនាជារង្វង់វិលជុំវិញបង្គោលម៉ាញេទិក។ នៅពេលនោះ ម៉ៃឃើល ហ្វារ៉ាដេ ទើបនឹងបានរកឃើញនូវគោលការណ៍ដ៏សំខាន់មួយ នៅក្នុងប្រវត្តិនៃថាមពលអគ្គិសនី គឺការប្រើម៉ាញេទិក ដើម្បីបំប្លែងថាមពលអគ្គិសនីឲ្យទៅជាថាមពលម៉េកានិក ហើយបង្កើតទៅជាម៉ូទ័រអគ្គិសនីលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត។
ក្រោយពីបានធ្វើពិសោធន៍រកឃើញម៉ូទ័រអគ្គិសនី នៅឆ្នាំ១៨២១ ម៉ៃឃើល ហ្វារ៉ាដេ ដែលកាលពីមុនគ្រាន់តែជាអ្នកជំនួយការមន្ទីរពិសោធន៍មួយរូបនោះ បានក្លាយទៅជាអ្នកវិទ្យាសាស្រ្តដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនៅអង់គ្លេស។ នៅឆ្នាំ១៨២៤ ហ្វារ៉ាដេ ក្នុងវ័យ ៣២ឆ្នាំ ហើយដែលមិនធ្លាប់បានចូលសាលាស្រួលបួលនឹងគេផងនោះ ត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិករាជបណ្ឌិតសភាវិទ្យាសាស្រ្តអង់គ្លេស (Royal Society) ដែលជាស្ថាប័នស្រាវជ្រាវខាងវិទ្យាសាស្រ្តដ៏ល្បីល្បាញបំផុតនៅអង់គ្លេស ក៏ដូចជានៅលើពិភពលោកទាំងមូល។
ក៏ប៉ុន្តែ នៅក្នុងពេលជាមួយគ្នានោះ អាជីពជាអ្នកវិទ្យាសាស្រ្តរបស់ហ្វារ៉ាដេក៏ត្រូវជួបនឹងបញ្ហាដ៏ធំមួយផងដែរ។ លោកហាំហ្វ្រី ដេវី ដែលជាចៅហ្វាយរបស់ហ្វារ៉ាដេ មានការខឹងសម្បារយ៉ាងខ្លាំង ដែលហ្វារ៉ាដេបានយកលទ្ធផលពិសោធន៍ អំពីម៉ូទ័រអគ្គិសនីទៅចុះផ្សាយ ដោយមិនបាននិយាយទាល់តែសោះ អំពីការងារដែលលោកបានធ្វើពីមុន ហើយដែលលោកគិតថាជាមូលដ្ឋាននៃការពិសោធន៍របស់ហ្វារ៉ាដេ។ ចាប់ពីពេលនោះមក លោកហាំហ្វ្រី ដេវី ក៏បានប្រគល់ភារកិច្ចផ្សេងទៅឲ្យហ្វារ៉ាដេ ហើយហ្វារ៉ាដេក៏លែងមានឱកាសធ្វើការងារខាងអគ្គិសនី និងម៉ាញេទិកដូចពីពេលមុនទៀត។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ហ្វារ៉ាដេនៅតែបន្តឆ្លៀតពេលដែលទំនេរពីការងារដែលលោកហាំហ្វ្រី ដេវីឲ្យធ្វើ ទៅបន្តធ្វើការសិក្សា និងពិសោធន៍ខាងអេឡិចត្រូម៉ាញេទិកតទៅទៀត ហើយក្រោយពីលោកហាំហ្វ្រី ដេវី ទទួលមរណភាព នៅឆ្នាំ១៨២៩ ហ្វារ៉ាដេក៏កាន់តែអាចផ្តោតការងារពិសោធន៍របស់លោកខាងអេឡិចត្រូម៉ាញេទិកនេះបានកាន់តែច្រើនថែមទៀត។
នៅឆ្នាំ១៨៣១ ការពិសោធន៍របស់ ម៉ៃឃើល ហ្វារ៉ាដេ បានឈានទៅដល់ការរកឃើញនូវគោលការណ៍ដ៏រឹតតែសំខាន់មួយទៀតខាងអេឡិចត្រូម៉ាញេទិក ហើយដែលជាទូទៅត្រូវបានគេចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់បំផុតនៃចំណេះដឹងរបស់មនុស្សទៅលើថាមពលអគ្គិសនី។
នៅក្នុងការធ្វើពិសោធន៍នេះ ហ្វារ៉ាដេបានសង្កេតឃើញថា នៅពេលដែលគេយកដែកឆក់ (ម៉ាញេទិក) ទៅដាក់ឲ្យមានចលនានៅចំកណ្តាលខ្សែភ្លើងដែលគេរុំជារ៉ឺស័រ ចលនារបស់ម៉ាញេទិកនេះបង្កើតឲ្យមានជាចរន្តអគ្គិសនី ហើយនៅពេលដែលម៉ាញេទិកលែងមានចលនាចរន្តអគ្គិសនីក៏លែងមានទៅវិញ។ ហ្វារ៉ាដេក៏បានទាញសេចក្តីសន្និដ្ឋានថា ប្រសិនបើគេអាចរកវិធីឲ្យម៉ាញេទិកនេះមានចលនាជាប់ជាប្រចាំ គេក៏អាចបង្កើតឲ្យមានចរន្តអគ្គិសនីជាប់ជាប្រចាំទៅតាមនោះដែរ។
នៅពេលនោះ ម៉ៃឃើល ហ្វារ៉ាដេ ទើបនឹងបានរកឃើញយន្តការថ្មីមួយ ដែលបញ្ច្រាសពីយន្តការនៃម៉ូទ័រអគ្គិសនីដែលលោកបានរកឃើញ កាលពី១០ឆ្នាំមុន។ នៅក្នុងម៉ូទ័រអគ្គិសនី គឺថាមពលអគ្គិសនីដែលបង្កើតទៅជាថាមពលមេកានិក ចំណែកនៅក្នុងយន្តការថ្មីនេះវិញ គឺថាមពលមេកានិកដែលបង្កើតទៅជាថាមពលអគ្គិសនី។ យន្តការទីពីរនេះហើយដែលជាមូលដ្ឋានគ្រឹះនៅក្នុងការផលិតថាមពលអគ្គិសនីដែលយើងប្រើប្រាស់ជាទូទៅនៅក្នុងពេលបច្ចុប្បន្ន រាប់ចាប់តាំងពីការផលិតថាមពលអគ្គិសនីដោយម៉ាស៊ីនភ្លើងតូចតាច រហូតទៅដល់រោងចក្រផលិតអគ្គិសនីដោយដោយធ្យូងថ្ម, រោងចក្រផលិតអគ្គិសនីដោយថាមពលនុយក្លេអ៊ែរ, ទំនប់វារីអគ្គិសនី... ។ល។ និង ។ល។
នៅក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់មកទៀត ហើយរហូតទៅដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោក ម៉ៃឃើល ហ្វារ៉ាដេ បានផ្តោតការសិក្សារបស់លោកទៅលើ ទំនាក់ទំនង រវាងអគ្គិសនី និងម៉ាញេទិក ហើយជាចុងក្រោយ ហ្វារ៉ាដេ បានទាញនូវសេចក្តីសន្និដ្ឋានមួយថា អគ្គិសនី និងម៉ាញេទិក មិនមែនជាកម្លាំងពីរដាច់ពីគ្នា ដែលគ្រាន់តែមានទំនាក់ទំនងនឹងគ្នានោះទេ តែតាមការពិត អគ្គិសនី និងម៉ាញេទិក គឺជាកម្លាំងតែមួយ គ្រាន់តែបង្ហាញចេញជាទម្រង់ខុសគ្នាតែប៉ុណ្ណោះ។
ក៏ប៉ុន្តែ នៅពេលនោះ ហ្វារ៉ាដេត្រូវប្រឈមមុខនឹងបញ្ហាដ៏ធំមួយ។ ហ្វារ៉ាដេអាចធ្វើការសង្កេតតាមរយៈការធ្វើពិសោធន៍ ហើយអាចទាញចេញជាសេចក្តីសន្និដ្ឋានសម្រាប់ខ្លួនឯង។ ប៉ុន្តែ ចំណោទនៅត្រង់ថា តើធ្វើដូចម្តេចអាចយកគំនិតនេះទៅបង្កើតជាទ្រឹស្តីវិទ្យាសាស្រ្តដ៏ពេញលេញមួយ ដែលអាចឲ្យគេទទួលយកបាន? នៅពេលនោះហើយ ដែលការមិនបានចូលរៀននៅសាលាត្រឹមត្រូវក្លាយជាចំណោទសម្រាប់ហ្វារ៉ាដេ ពីព្រោះ លោកមិនមានជំនាញខាងទ្រឹស្តី និងខាងគណិតវិទ្យា ដែលអាចយកគំនិតរបស់លោកទៅបង្កើតជាទ្រឹស្តី ដែលមានរូបមន្ត និងសមីការជាសំអាងអាចឲ្យអ្នកវិទ្យាសាស្រ្តទូទៅទទួលយកបាន។ គេត្រូវរង់ចាំជាច្រើនឆ្នាំក្រោយមកទៀត ទើបចំណោទរបស់ហ្វារ៉ាដេអាចមានដំណោះស្រាយ។
នៅក្នុងចន្លោះឆ្នាំ១៨៦១-១៨៦២ អ្នកប្រាជ្ញខាងវិទ្យាសាស្រ្តដ៏ចំណានមួយរូបទៀតមកពីស្កុតឡែនដ៍ គឺលោកជេមស៍ឃ្លើក ម៉ាក់ស្វ៊ែល (James Clerk Maxwell) ដែលជាអ្នកមានជំនាញខាងគណិតវិទ្យា និងទ្រឹស្តីរូបវិទ្យា បានយកគំនិតរបស់ហ្វារ៉ាដេទៅធ្វើការសិក្សាលម្អិត រហូតបង្កើតបានទៅជាសមីការ ដែលបញ្ជាក់ពីភាពរួមគ្នានៃអគ្គិសនី និងម៉ាញេទិកជាកម្លាំងតែមួយ ដែលគេឲ្យឈ្មោះថា “អេឡិចត្រូម៉ាញេទិក”។
ម៉ាក់ស្វ៊ែលខ្លួនឯងផ្ទាល់ បានទទួលស្គាល់ជាសាធារណៈថា ទ្រឹស្តីអេឡិចត្រូម៉ាញេទិក ដែលលោកបង្កើតឡើង គឺមានមូលដ្ឋានគ្រឹះចេញពីគំនិតរបស់ហ្វារ៉ាដេ។ ម៉ៃឃើល ហ្វារ៉ាដេ ទទួលមរណភាព នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ១៨៦៧ នៅក្នុងវ័យ ៧៥ឆ្នាំ ដោយបន្សល់ទុកនូវស្នាដៃ និងកេរ្តិ៍ឈ្មោះជាអ្នកប្រាជ្ញខាងវិទ្យាសាស្រ្តដ៏មានឥទ្ធិពលមួយរូបក្នុងប្រវត្តិសាស្រ្ត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ