អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បេនយ៉ាមីន ហ្វ្រែងឃ្លីន ​និង​អគ្គិសនី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​​បន្ត​រៀបរាប់​អំពី​ប្រវត្តិ​របស់​លោក​ ​បេនយ៉ាមីន ហ្វ្រែងឃ្លីន តទៅទៀត ដោយ​សូម​លើកឡើង​ អំពី​ស្នាដៃ​របស់​លោក​ទាក់ទង​នឹង​ផ្នែក​អគ្គិសនី។

រូបគំនូរ​បង្ហាញ​ពី​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ធ្វើ​ពិសោធន៍​ខាង​អគ្គិសនី
រូបគំនូរ​បង្ហាញ​ពី​លោក​បេនយ៉ាមីន ហ្វ្រែងឃ្លីន ធ្វើ​ពិសោធន៍​ខាង​អគ្គិសនី Public Domaine
ផ្សាយពាណិជ្ជកម្ម

នៅ​ឆ្នាំ១៧៤៨ បេនយ៉ាមីន ហ្វ្រែងឃ្លីន ក្នុងវ័យ ៤៨ឆ្នាំ បាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ល្មម​អាច​នឹង​រស់នៅ​ដោយ​ស្រួល ដោយ​មិនចាំបាច់​ធ្វើការ​ ឬ​រកស៊ី។ ហ្វ្រែងឃ្លីន​ក៏​បាន​ចូលនិវត្តន៍​ពី​ការងារ​ជា​ថៅកែរោងពុម្ព និង​សារព័ត៌មាន ហើយ​ចំណាយពេល​ទៅលើ​ការងារ​សង្គម ប្រឡូក​ចូល​ក្នុង​កិច្ចការ​នយោបាយ ព្រមទាំង​ធ្វើការ​សិក្សា​ និង​ពិសោធន៍​ខាង​ផ្នែក​វិទ្យាសាស្រ្ត ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​លោក​តាំង​ពី​ក្មេង ជាពិសេស ទាក់ទងនឹង​ផ្នែក​អគ្គិសនី។

គិតត្រឹម​សម័យកាល​របស់​ហ្វ្រែងឃ្លីន (សតវត្សរ៍ទី១៨) ថ្វីដ្បិត​តែ​មនុស្ស​យើង​ធ្លាប់​សង្កេតឃើញ​ ឬ​ធ្លាប់​ឆ្លងកាត់​បទពិសោធន៍​ខ្លះៗ អំពី​​អគ្គិសនី ក៏ប៉ុ​ន្តែ ការយល់ដឹង​អំពី​អគ្គិសនី​នេះ​​នៅ​មាន​កម្រិត​ដ៏តិចតួចនៅឡើយ ហើយ​ក៏​នៅមិនទាន់​អាច​យក​ថាមពល​អគ្គិសនី​នេះ​មក​ប្រើប្រាស់​​បាន​នៅឡើយនោះដែរ។ នៅពេលនោះ ថាមពល​អគ្គិសនី ដែល​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ជាក់ស្តែង គឺ​អគ្គិសនី​ស្តាទិច ហើយ​ប្រើ​តែ​នៅ​ក្នុង​ទស្សនិយភាព​ជា​​លក្ខណៈកម្សាន្ត​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​អំឡុង​ឆ្នាំ១៧៤៣ នៅ​ពេល​ទៅលេង​ស្រុកកំណើត​នៅ​បូស្តុន ហ្វ្រែងឃ្លីន​បាន​ឃើញ​​ការ​សម្តែងរបស់​អ្ន​កវិទ្យាសាស្រ្ត​ម្នាក់ (Archibal Spencer) ​មកពី​ស្កុតឡែនដ៍ ដែល​យក​បំពង់កែវ​ទៅ​ត្រដុស រួច​ហើយ​យក​ទៅ​ដាក់​ក្បែរ​ជើង​ក្មេងប្រុសម្នាក់ បង្កើត​ជា​ផ្កាភ្លើងដូចផ្លេកបន្ទោរ។ ទស្សនិយភាព​នេះ​បាន​ធ្វើ​ឲ្យ​​ហ្វ្រែងឃ្លីន​មាន​ការ​ភ្ញាក់ផ្អើល និង​ជក់ចិត្ត​​យ៉ាងខ្លាំង​ក៏ហើយ​ក្នុងពេល​ជាមួយគ្នា ក៏​មាន​នូវ​ចម្ងល់ជាច្រើន​ផងដែរ។ ហ្វ្រែងឃ្លីន​ចង់យល់​ស៊ីជម្រៅ ហួស​ពី​អ្វី​ដែល​ត្រឹមតែ​ជា​ទស្សនិយភាព​ដើម្បី​កម្សាន្តភ្នែក។ តើ​ហេតុអ្វី​បាន​ជា​ការត្រដុស​បំពង់កែវ​ ហើយ​យក​ទៅ​ដាក់​ក្បែរ​ជើង​ក្មេងប្រុសនេះ​អាច​បង្កើត​ជា​ផ្កាភ្លើង​អគ្គិសនី ? តើ​ផ្កាភ្លើង​នេះ​ និង​ផ្លេកបន្ទោរ​មាន​អ្វី​ខុសគ្នា ?

ពេល​ត្រឡប់​ទៅ​ហ្វីឡាដែលហ្វីយ៉ាវិញ ហ្វ្រែងឃ្លីន​បាន​ចំណាយពេល​យ៉ាងច្រើន ​ធ្វើការ​សិក្សា និង​​ពិសោធន៍​​ដោយផ្ទាល់​ អំពី​អ្វី​ដែល​លោក​បាន​សង្កេតឃើញ​នៅ​ក្នុង​ទស្សនិយភាព​នៅ​បូស្តុន។ នៅ​ក្នុង​ការ​ពិសោធន៍​នេះ ហ្វ្រែងឃ្លីន​បាន​រកឃើញ​ថា ការត្រដុស​វត្ថុមួយ​ទៅនឹង​វត្ថុមួយទៀត​មិន “បង្កើត” ឲ្យ​មាន​អគ្គិសនី​នោះទេ តែ​ផ្ទុយទៅវិញ គឺ​គ្រាន់តែ “ប្រមូល” អគ្គិសនី​ដែល​មាន​ស្រាប់​ហើយ​តែ​ប៉ុណ្ណោះ ពោលគឺ បន្ទុក​អគ្គិសនី​ដែល​មាន​នៅ​ក្នុង​វត្ថុមួយ អាច​ត្រូវ​ផ្ទេរ​ទៅ​វត្ថុមួយទៀត។ នៅ​ក្នុងករណី​នេះ បន្ទុក​អគ្គិសនី រវាង​វត្ថុ​ទាំងពីរ​ត្រូវ​បាត់លំនឹង ពោលគឺ វត្ថុមួយ​មាន​បន្ទុក​អគ្គិសនី​វិជ្ជមាន (បូក) ហើយ​វត្ថុមួយទៀត​មាន​បន្ទុក​អគ្គិសនី​អវិជ្ជមាន (ដក)។ ដូច្នេះហើយ​បាន​ជា​នៅ​ពេល​ដែល​គេ​យក​វត្ថុ​ទាំងពីរ​ទៅ​ដាក់ក្បែរគ្នា ឬ​ប៉ះគ្នា ដើម្បី​បង្កើត​នូវ​លំនឹងឡើងវិញ លំហូរ​នៃ​បន្ទុក​អគ្គិសនី​រវាង​វត្ថុទាំងពីរ​ក៏​កើតមានឡើង ហើយ​បង្កើត​ទៅជា​ចរន្តអគ្គិសនី។

ទ្រឹស្តីទាក់ទង​នឹង​បន្ទុកអគ្គិសនី (Electric charge) នេះ ត្រូវ​បាន​គេ​យក​មក​ប្រើ​រហូត​មកទល់​នឹង​សព្វថ្ងៃ ហើយ​សូម្បីតែ​ពាក្យ​ថា “បន្ទុកអគ្គិសនីវិជ្ជមាន” ឬ “បូក” និង​ “បន្ទុក​អគ្គិសនីអវិជ្ជមាន” ឬ “ដក” ក៏​ស្ថិត​នៅ​ជា​ពាក្យ​បច្ចេកទេសអគ្គិសនី ដែល​គេ​បន្ត​ប្រើប្រាស់​ជាទូទៅ​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ដែរ។ ក៏ប៉ុន្តែ នេះ​មិនមែន​ជា​ស្នាដៃ​​ខាង​វិទ្យាសាស្រ្ត​ដ៏​ចម្បងបំផុត​របស់​បេនយ៉ាមីន ហ្វ្រែងឃ្លីននោះទេ។ អ្វីដែល​បាន​ធ្វើ​ឲ្យ​ហ្វ្រែងឃ្លីន​មាន​កេរ្តិ៍ឈ្មោះល្បីរន្ទឺ ទាំង​ពីពេល​លោក​នៅរស់ និង​រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​ គឺ​ការ​សិក្សា​​ទៅលើ​ផ្លេកបន្ទោរ និង​រន្ទះ។

នៅ​ចុងឆ្នាំ១៧៤៩ បេនយ៉ាមីន ហ្វ្រែងឃ្លីន បាន​ផ្តោត​អារម្មណ៍​យ៉ាងខ្លាំង ទៅលើ​ភាពស្រដៀងគ្នា រវាង​ផ្កាភ្លើង​ដែល​កើតចេញ​ពី​បន្ទុកអគ្គិសនី និង​រន្ទះ។ ហ្វ្រែងឃ្លីន​បាន​ធ្វើការ​កត់សម្គាល់​ថា បាតុភូត​ទាំងពីរ​បង្កើត​​ជា​ពន្លឺដែល​មាន​ពណ៌ស្រដៀងគ្នា, ​ទម្រង់​ស្រដៀងគ្នា គ្រាន់តែ​មួយ​តូចមួយធំ​, បង្កើត​ជា​សំឡេង​ដូចគ្នា គ្រាន់តែ​មួយតិច មួយខ្លាំង, មាន​ទំនាញ​ជាមួយ​នឹង​លោហៈ​ដូចគ្នា... ។ល។ និង ។ល។ ហ្វ្រែងឃ្លីន​ក៏​​បាន​​ទាញ​ចេញ​នូវ​សម្មតិកម្ម​មួយ​ថា រន្ទះ និង​​អគ្គិសនី គឺ​ជា​បាតុភូតតែមួយ។ ក៏ប៉ុន្តែ នេះ​គ្រាន់តែ​ជា​ទ្រឹស្តី​មួយ​ប៉ុណ្ណោះ។ ដើម្បី​អាច​បញ្ជាក់​ច្បាស់លាស់​តាម​លក្ខណៈវិទ្យាសាស្រ្ត​អំពី​សម្មតិកម្ម​នេះ ហ្វ្រែងឃ្លីន​ត្រូវការ​ជាចាំបាច់​នូវការ​ពិសោធន៍​ជាក់ស្តែង។

ហ្វ្រែងឃ្លីន​បាន​សរសេរលិខិត​ទៅ​កាន់​អ្នក​វិទ្យាសាស្រ្ត​នៅ​អង់គ្លេស ដោយ​នៅ​ក្នុងនោះ ហ្វ្រែងឃ្លីន​​បាន​សរសេរ​រៀបរាប់​ ទាំងអំពី​ទ្រឹស្តី និង​អំពី​គម្រោង​របស់​លោក​ក្នុងការ​ធ្វើ​ពិសោធន៍​ទៅលើ​រន្ទះ និង​អគ្គិសនី។

តាមគំនិត​របស់​ហ្វ្រែងឃ្លីន ដើម្បី​ធ្វើ​ពិសោធន៍ គេ​ត្រូវការ​ទីតាំង​ខ្ពស់ ដូចជា​ ភ្នំ ឬ​អគារខ្ពស់ ឬ​បង្គោលខ្ពស់ណាមួយ ដែល​មាន​ចុងជាលោហៈ ដើម្បី​ទាក់ទាញ​រន្ទះ ហើយ​​គេ​ត្រូវការ​តភ្ជាប់​ខ្សែចម្លងអគ្គិសនី​ពី​ចុងបង្គោល​មក​លើ​ដី ដើម្បី​អាច​​វាស់​​មើល​​​ថា​តើ​រន្ទះពិតជា​អគ្គិសនី​មែន​ឬ​ក៏​យ៉ាងណា។ ក៏ប៉ុន្តែ ដោយសារ​តែ​នៅ​ហ្វីឡាដែលហ្វីយ៉ា​មិនមាន​អគារ​ខ្ពស់ ហើយ​ក៏​មិនមាន​ទីតាំង​ដែល​ជា​ទួល ឬ​ភ្នំខ្ពស់ ហ្វ្រែងឃ្លីន​បែកគំនិត​​ធ្វើ​ពិសោធន៍​ តាមរយៈ​ការ​បង្ហោះខ្លែង​ដែល​មាន​ចង​ខ្សែចម្លងអគ្គិសនីភ្ជាប់ទៅដី​​ជំនួស​បង្គោលលោហៈ។

ទ្រឹស្តី និង​គម្រោង​ធ្វើ​ពិសោធន៍​របស់​ហ្វ្រែងឃ្លីន ត្រូវ​បាន​គេ​យក​ទៅ​​​បង្ហាញ​អ្នក​វិទ្យាសាស្រ្ត​​នៅ​ឯ​​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស (The Royal Society) ព្រមទាំង​ត្រូវ​បាន​គេ​យក​ទៅ​ចុះផ្សាយ​ជាសាធារណៈ នៅ​ឆ្នាំ១៧៥០។ នៅ​ដើម​ឆ្នាំ១៧៥២ ទ្រឹស្តី និង​របៀប​ធ្វើ​ពិសោធន៍​របស់​ហ្វ្រែងឃ្លីន​ត្រូវ​បាន​គេ​បកប្រែ​ជា​ភាសាបារាំង ហើយ​ព្រះមហាក្សត្រ​បារាំង គឺ​ព្រះបាទ​ល្វីសទី១៥ បាន​បញ្ជា​ឲ្យ​អ្នកវិទ្យាសាស្រ្ត​បារាំង​ធ្វើ​ការពិសោធន៍​ជាក់ស្តែង​ ដើម្បី​អាច​បញ្ជាក់​ពី​ទ្រឹស្តី​របស់​ហ្វ្រែងឃ្លីន។

ការពិសោធន៍​ត្រូវ​បាន​គេ​​រៀបចំធ្វើឡើង នៅ​ក្នុង​ភូមិតូចមួយ ឈ្មោះថា ម៉ាលី​ (Marly-la-ville) ស្ថិត​នៅ​ជាយក្រុង​ប៉ែក​ខាង​ជើង​ក្រុង​ប៉ារីស ហើយ​នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ១៧៥២ លទ្ធផលនៃការធ្វើ​ពិសោធន៍​នេះ​បង្ហាញ​ថា រន្ទះ និង​អគ្គិសនី គឺ​ពិតជា​បាតុភូតតែមួយមែន ហើយ​អ្នក​វិទ្យាសាស្រ្ត​បារាំង​បាន​រាយការណ៍​ទៅកាន់​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​បារាំង​ថា អ្វីដែល​បេនយ៉ាមីន ហ្វ្រែងឃ្លីន​បាន​លើកឡើង មិនមែន​ត្រឹមតែ​ជា​សម្មតិកម្ម​លើ​ក្រដាសនោះទេ តែ​វា​ជា​ការពិតជាក់ស្តែង ដែល​បញ្ជាក់​ច្បាស់លាស់ ដោយ​ការ​ធ្វើ​ពិសោធន៍​តាម​លក្ខណៈវិទ្យាសាស្រ្ត។

នៅ​ឯ​ហ្វីឡាដែលហ្វីយ៉ា បេនយ៉ាមីន ហ្វ្រែងឃ្លីន នៅមិនទាន់​បាន​ដឹង​ពី​ការធ្វើ​ពិសោធន៍​នៅ​បារាំង​នេះនៅឡើយទេ ក៏ប៉ុន្តែ កេរ្តិ៍ឈ្មោះ​របស់​លោក​បាន​ល្បីសុះសាយ​ជា​អន្តរជាតិ​រួចជាស្រេចទៅហើយ។ ព្រះបាទល្វីសទី១៥ បាន​បញ្ជា​ឲ្យ​អ្នក​វិទ្យាសាស្រ្ត​បារាំង​​នាំដំណឹង​ស្តីពី​លទ្ធផល​នៃ​ការ​ធ្វើ​ពិសោធន៍​ទៅ​ប្រាប់​ហ្វ្រែងឃ្លីន ដោយ​នាំទៅជាមួយ​នូវ​ការកោតសរសើរ​ប្រកប​ដោយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​អ្វី​ដែល​លោក​បាន​រកឃើញ។

តាមការពិត ទ្រឹស្តី និង​វិធី​ធ្វើ​ពិសោធន៍ ដែល​រៀបចំ​ឡើង​ដោយ​បេនយ៉ាមិន ហ្វ្រែងឃ្លីន មិនត្រឹមតែ​អាច​ឲ្យគេ​ដឹងបានថា រន្ទះ និង​អគ្គិសនី គឺ​ជា​បាតុភូតតែមួយ​នោះទេ​ តែ​ជាងនេះ​ទៅទៀត គឺ​គេ​អាច​ប្រើ​វិធី​នេះ​ ជា​ប្រយោជន៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជីវិត​ជា​ប្រចាំថ្ងៃ​ គឺ​ការ​សាងសង់​ឧបករណ៍​ការពាររន្ទះ។

នៅឆ្នាំ១៧៥៣ បេនយ៉ាមីន ហ្វ្រែងឃ្លីន ដែល​ចូលសាលា​បានតែ​ពីរឆ្នាំ ហើយ​ត្រូវ​បង្ខំចិត្ត​ឈប់រៀន​តាំងពី​អាយុ ១០ឆ្នាំ ត្រូវបាន​សកលវិទ្យាល័យ​ដ៏ល្បីល្បាញ​ចំនួន​ពីរ​នៅអាមេរិក គឺ​ហាវ៉ាដ (Harvard) និង​យ៉េល (Yale) សម្រេច​ផ្តល់​សញ្ញាបត្រ​កិត្តិយស។ លើសពីនេះ​ទៅទៀត លោក​ត្រូវ​បាន​គេ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​​ស្ថាប័ន​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅលើ​ឆាកអន្តរជាតិ​នៅ​ពេលនោះ គឺ​​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​​អង់គ្លេស​ (The Royal Society)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ