នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា លើកឡើងអំពីប្រវត្តិអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញមួយរូប ដែលបានដើរតួនាទីដ៏សំខាន់ នៅក្នុងការរកឃើញថាមពលអគ្គិសនី គឺលោកម៉ៃឃើល ហ្វារ៉ាដេ (Michael Faraday)។
ម៉ៃឃើល ហ្វារ៉ាដេ ចាប់កំណើតឡើងប្រមាណជាជាងមួយឆ្នាំ ក្រោយមរណភាពរបស់បេនយ៉ាមីន ហ្វ្រែងឃ្លីន ហើយនៅក្នុងចន្លោះពេលចាប់ពីបេនយ៉ាមីន ហ្វ្រែងឃ្លីនរកឃើញថាមពលអគ្គិសនីនៅក្នុងបាតុភូតធម្មជាតិ គឺរន្ទះ រហូតមកដល់សម័យកាលរបស់ម៉ៃឃើល ហ្វារ៉ាដេ ការយល់ដឹងរបស់មនុស្សទៅលើអគ្គិសនីមានភាពជឿនលឿនទៅមុខគួរសមរួចទៅហើយដែរ ជាពិសេស តាមរយៈការរកឃើញរបស់អ្នកវិទ្យាសាស្រ្តល្បីៗមួយចំនួន នៅក្នុងសម័យកាលប្រហាក់ប្រហែលនឹងហ្វារ៉ាដេ។
អ្នកប្រាជ្ញអ៊ីតាលី អាឡិចសាន់ដ្រូ វ៉ុលតា (Alessandro Volta) បានរកឃើញវិធីផលិតថាមពលអគ្គិសនីដោយប្រើធាតុផ្សំគីមី ហើយឈានទៅបង្កើតបាននូវថ្មពិលដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្ត ដែលគេឲ្យឈ្មោះថា “ថ្មពិលវ៉ុលតា” (Voltaic pile/Pile Volta)។ ឈ្មោះរបស់អាឡិចសាន់ដ្រូ វ៉ុលតា ត្រូវបានគេយកទៅប្រើជារង្វាស់នៃតង់ស្យុងអគ្គិសនី គឺ “វ៉ុល”។
អ្នកប្រាជ្ញបារាំង អង់ដ្រេម៉ារី អំពែរ (André-Marie Ampère) បានរកឃើញទ្រឹស្តីអំពីទំនាក់ទំនងរវាងអគ្គិសនី និងម៉ាញ៉េទិក ហើយដែលបង្កើតទៅជាផ្នែកថ្មីមួយនៃវិទ្យាសាស្រ្ត គឺ “អេឡិចត្រូឌីណាមិក” ហើយដែលក្រោយមកក្លាយទៅជា “អេឡិចត្រូម៉ាញេទិក”។ ឈ្មោះរបស់អង់ដ្រេម៉ារី អំពែរ ត្រូវបានគេយកទៅប្រើជារង្វាស់នៃចរន្តអគ្គិសនី គឺ « អំពែរ”។
អ្នកប្រាជ្ញអាល្លឺម៉ង់ ចច អូម (George Ohm) ដែលបានរកឃើញទ្រឹស្តីដែលកំណត់ពីទំនាក់ទំនងរវាងចរន្តអគ្គិសនី តង់ស្យុង និងរ៉េស៊ីស្តង់។ ឈ្មោះរបស់ ចច អូម ត្រូវបានគេយកទៅប្រើជារង្វាស់នៃរ៉េស៊ីស្តង់ គឺ “អូម”។
ក៏ប៉ុន្តែ ជាទូទៅ គឺម៉ៃឃើល ហ្វារ៉ាដេ ដែលត្រូវបានគេចាត់ទុកថាជាអ្នកដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងការរកឃើញទ្រឹស្តី ដែលអាចឲ្យមនុស្សទាញយកថាមពលអគ្គិសនីមកប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃរហូតមកទល់នឹងពេលបច្ចុប្បន្ន។
ម៉ៃឃើល ហ្វារ៉ាដេ កើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៧៩១ នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ហ្វារ៉ាដេគឺជាកូនទី៣ នៅក្នុងចំណោមបងប្អូន ៤នាក់ នៅក្នុងគ្រួសារដ៏ក្រីក្រមួយ ដែលមានឪពុកជាជាងដំដែក។ ដោយសារតែជីវភាពក្រីក្រ ហ្វារ៉ាដេមិនបានរៀនសូត្រជ្រៅជ្រះនោះទេ ដោយត្រូវធ្វើការរកលុយចិញ្ចឹមជីវិតតាំងពីក្មេង ដោយដំបូងធ្វើជាអ្នកចែកចាយកាសែត និងបន្ទាប់មកធ្វើជាកូនជាងខាងធ្វើសៀវភៅ។
ក៏ប៉ុន្តែ បើទោះបីជាមិនបានចូលសាលា ហ្វារ៉ាដេ ដែលជាក្មេងចង់ចេះចង់ដឹង ក៏នៅតែខិតខំព្យាយាមរៀនសូត្រដោយខ្លួនឯង ហើយការធ្វើការនៅកន្លែងធ្វើសៀវភៅ គឺជាឱកាសដ៏ល្អមួយសម្រាប់ហ្វារ៉ាដេ ដែលចូលចិត្តអាន។ ហ្វារ៉ាដេឆ្លៀតអានសៀវភៅដែលគេយកមកឲ្យធ្វើ ហើយហ្វារ៉ាដេបានចាប់អារម្មណ៍ជាពិសេស ទៅលើសៀវភៅដែលនិយាយអំពីអគ្គិសនី។ ក៏ប៉ុន្តែ ឱកាសដ៏ល្អបំផុត និងជាចំណុចរបត់ដ៏សំខាន់នៅក្នុងជីវិតរបស់ហ្វារ៉ាដេ គឺនៅពេលដែលហ្វារ៉ាដេបានចូលទៅស្តាប់ការបង្រៀនរបស់អ្នកប្រាជ្ញខាងគីមីដ៏ល្បីល្បាញបំផុតមួយរូបនៅអង់គ្លេសនាសម័យកាលនោះ គឺលោកហាំហ្វ្រី ដេវី (Humphry Davy)។
នៅឆ្នាំ១៨១២ ម៉ៃឃើល ហ្វារ៉ាដេ ក្នុងវ័យ ២០ឆ្នាំ បានទទួលកាដូជាសំបុត្រ ដើម្បីចូលទៅស្តាប់ការបង្រៀនរបស់លោកហាំហ្វ្រី ដេវី នៅឯវិទ្យាស្ថានវិទ្យាសាស្រ្តអង់គ្លេស (The Royal Institution)។ ហ្វារ៉ាដេបានត្រង់ត្រាប់ស្តាប់ ព្រមទាំងបានកត់ត្រានូវសេចក្តីបង្រៀនដោយយកចិត្តទុកដាក់។ នៅពេលនោះហើយ ដែលហ្វារ៉ាដេបានដាក់ក្តីស្រម៉ៃចង់ក្លាយជាអ្នកវិទ្យាសាស្រ្តនៅ Royal Institution។
ក្រោយពីបានស្តាប់ការបង្រៀននេះ ហ្វារ៉ាដេបានយកអ្វីដែលលោកកត់ត្រាបានទៅចងក្រងជាសៀវភៅ ដែលមានកម្រាសរហូតដល់ទៅ ៣០០ទំព័រ ផ្ញើទៅកាន់លោកហាំហ្វ្រី ដេវី អមជាមួយនឹងពាក្យសុំចូលធ្វើការ។ ភ្លាមៗនោះ សំណើរបស់ហ្វារ៉ាដេត្រូវបានលោកហាំហ្វ្រី ដេវី បដិសេធ ដោយសារតែមិនមានកន្លែងទំនេរ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏លោកមិនភ្លេចហ្វារ៉ាដេនោះដែរ។ ប្រមាណជាមួយឆ្នាំក្រោយមក នៅពេលដែលមុខងារជាជំនួយការខាងពិសោធន៍ត្រូវនៅទំនេរ លោកហាំហ្វ្រី ដេវី ក៏បានហៅហ្វារ៉ាដេឲ្យចូលធ្វើការជាមួយលោក នៅឯ Royal Institution។
នៅទីនោះ ហ្វារ៉ាដេមានភារកិច្ចជួយលោកហាំហ្វ្រី ដេវី ក្នុងការរៀបចំការពិសោធន៍ខាងគីមី ហើយក្នុងពេលជាមួយគ្នា ហ្វារ៉ាដេក៏មានឱកាសយ៉ាងច្រើនផងដែរ ក្នុងការរៀនសូត្របានយ៉ាងស៊ីជម្រៅអំពីគីមីវិទ្យា គឺរៀនសូត្របានទាំងខាងទ្រឹស្តី និងជាពិសេស គឺមានទាំងឧបករណ៍សម្រាប់ធ្វើពិសោធន៍។
បន្ថែមពីលើនេះទៅទៀត ការងារជាជំនួយការរបស់លោកហាំហ្វ្រី ដេវី ក៏ផ្តល់នូវឱកាសដ៏ល្អមួយដែរដល់ហ្វារ៉ាដេ ក្នុងការធ្វើដំណើរជុំវិញតំបន់អឺរ៉ុប ហើយអាចជួបជាមួយនឹងអ្នកប្រាជ្ញខាងវិទ្យាសាស្រ្តដ៏ល្បីល្បាញ និងដ៏មានឥទ្ធិពល នៅក្នុងសម័យកាលនោះ ជាពិសេស គឺនៅក្នុងអំឡុងការធ្វើដំណើររយៈពេល ១៨ខែ ទៅកាន់ប្រទេសបារាំង ស្វីស និងអ៊ីតាលី (ក្នុងចន្លោះពីឆ្នាំ១៨១៣ ដល់ឆ្នាំ១៨១៥) ដែលហ្វារ៉ាដេមានឱកាសជួបជាមួយ អង់ដ្រេម៉ារី អំពែរ នៅក្នុងទីក្រុងប៉ារីស (បារាំង) និងជួបជាមួយ អាឡិចសាន់ដ្រូ វ៉ុលតា នៅក្នុងទីក្រុងមីឡង់ (អ៊ីតាលី)។
មួយឆ្នាំក្រោយពីវិលត្រឡប់មកដល់ប្រទេសអង់គ្លេសវិញ នៅឆ្នាំ១៨១៦ ហ្វារ៉ាដេ ដែលមិនទាំងបានចូលសាលាស្រួលបួលផងនោះ ត្រូវបានគេអញ្ជើញឲ្យទៅធ្វើបឋកថាជាសាធារណៈនៅឯវិទ្យាស្ថានទស្សនវិជ្ជាអង់គ្លេស ចំណែកឯអត្ថបទស្តីពីគីមីវិទ្យារបស់លោក ក៏ត្រូវបានទស្សនាវដ្តីវិទ្យាសាស្រ្តយកទៅចុះផ្សាយផងដែរ។
ប្រាំឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ១៨២១ ហ្វារ៉ាដេត្រូវបាន Royal Institution គេដំឡើងតំណែងពីជំនួយការ ទៅជាអ្នកមើលការខុសត្រូវមន្ទីរពិសោធន៍ ហើយនៅឆ្នាំដដែលនោះ ហ្វារ៉ាដេបានធ្វើពិសោធន៍ រកឃើញ និងចុះផ្សាយនូវទ្រឹស្តីដ៏សំខាន់មួយខាងផ្នែកអេឡិចត្រូម៉ាញ៉េទិក គឺចលនារង្វិលនៃអេឡិចត្រូម៉ាញេទិក ពោលគឺការប្រើថាមពលអគ្គិសនី ដើម្បីបង្កើតជាចលនាម៉េកានិក ដែលក្រោយមកបានក្លាយទៅជាមូលដ្ឋានគ្រឹះក្នុងការបង្កើតម៉ូទ័រដើរដោយអគ្គិសនី ដែលយើងប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពេលបច្ចុប្បន្ន ចាប់តាំងពីឧបករណ៍ទំនើបៗ ដូចជា រថភ្លើង ឬរថយន្តដើរដោយថាមពលអគ្គិសនី រហូតដល់ឧបករណ៍តូចតាចដែលយើងប្រើប្រាស់ក្នុងផ្ទះជាប្រចាំថ្ងៃ រួមមានដូចជាកង្ហារ ឬម៉ាស៊ីនបោកខោអាវ ជាដើម។
ដប់ឆ្នាំក្រោយមកទៀត គឺនៅឆ្នាំ១៨៣១ ហ្វារ៉ាដេបានធ្វើពិសោធន៍រកឃើញទ្រឹស្តីបញ្ច្រាស់មកវិញ ពោលគឺការប្រើប្រាស់ចលនាម៉េកានិក ដើម្បីបង្កើតជាថាមពលអគ្គិសនី ដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុត នៅក្នុងការផលិតថាមពលអគ្គិសនី។
ស្នាដៃអស់ទាំងនេះបានធ្វើឲ្យហ្វារ៉ាដេបានក្លាយទៅជាអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញមួយរូប នៅក្នុងសម័យកាលនោះ។ លោកត្រូវបានគេជ្រើសរើសឲ្យចូលជាសមាជិកវិទ្យាស្ថានវិទ្យាសាស្រ្តដ៏ល្បីល្បាញបំផុត គឺរាជបណ្ឌិតសភាវិទ្យាសាស្រ្តអង់គ្លេស (Royal Society) ព្រមទាំងត្រូវបានគេស្នើតែងតាំងជាប្រធានរាជបណ្ឌិតសភានេះដល់ទៅពីរលើក តែលោកបដិសេធ ដោយសុខចិត្តនៅត្រឹមជាសមាជិកធម្មតា។
កេរ្តិ៍ឈ្មោះរបស់ហ្វារ៉ាដេមិនមែនល្បីល្បាញនៅត្រឹមតែក្នុងប្រទេសអង់គ្លេសនោះទេ តែល្បីរន្ទឺទៅដល់បណ្តាប្រទេសជាច្រើនផ្សេងទៀត ហើយលោកត្រូវបានវិទ្យាស្ថានវិទ្យាសាស្រ្តបរទេសល្បីៗជាច្រើនជ្រើសរើសឲ្យចូលជាសមាជិក គឺរួមមាន រាជបណ្ឌិតសភាវិទ្យាសាស្រ្តស៊ុយអែត (Royal Swedish Academy of Sciences), បណ្ឌិតសភាវិទ្យាសាស្រ្តហូឡង់ (Royal Netherlands Academy of Arts and Sciences), បណ្ឌិតសភាវិទ្យាសាស្រ្តអាមេរិក (American Academy of Arts and Sciences) និងបណ្ឌិតសភាវិទ្យាសាស្រ្តបារាំង (Académie des sciences)៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ