នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមបន្តរៀបរាប់ អំពីប្រវត្តិរបស់ នីកូឡា តេសឡា (Nikolas Tesla) ជាបន្តទៀត ដោយសូមលើកឡើង អំពីស្នាដៃដ៏សំខាន់ និងដ៏ល្បីល្បាញមួយរបស់លោក គឺបច្ចេកវិទ្យាផលិត និងចែកចាយថាមពលអគ្គិសនីតាមចរន្តឆ្លាស់ (AC)។
នៅក្នុងរយៈពេលប្រមាណជា ៣ឆ្នាំ ក្រោយពីបានចាកចេញពីក្រុមហ៊ុនរបស់ថូម៉ាស់ អេឌីសុន នីកូឡា តេសឡា ត្រូវឆ្លងកាត់នូវដំណាក់កាលដ៏លំបាកមួយនៅក្នុងជីវិត។ ពីដំបូង តេសឡាបានព្យាយាមបើកក្រុមហ៊ុនរកស៊ីដោយខ្លួនឯង ក៏ប៉ុន្តែ មិនបានជោគជ័យ ដោយសារតែមិនមានអ្នកបោះទុនវិនិយោគ។ តេសឡាក៏ត្រូវបង្ខំចិត្តទៅធ្វើការជាជាងអគ្គិសនីកំប៉ិកកំប៉ុក ដើម្បីបានលុយមកទ្រង់ទ្រង់ជីវភាព។
ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ តេសឡាក៏នៅតែមិនបោះបង់ចោលដែរ គំនិតចង់អភិវឌ្ឍបច្ចេកវិទ្យាទាក់ទងនឹងយន្តការផលិត និងចែកចាយថាមពលអគ្គិសនី តាមចរន្តឆ្លាស់ (AC)។ ការខិតខំប្រឹងប្រែងរបស់តេសឡាក៏បានសម្រេចជោគជ័យ រហូតឈានទៅដល់ការចុះបញ្ជីវិញ្ញាបនបត្រតក្កកម្មទទួលស្គាល់ដោយអាជ្ញាធរអាមេរិក។ លើសពីនេះទៅទៀត នៅឆ្នាំ១៨៨៨ បច្ចេកវិទ្យាចរន្តឆ្លាស់របស់តេសឡា ត្រូវបានក្រុមហ៊ុនអគ្គិសនីដ៏ធំមួយទិញយកទៅប្រើ គឺក្រុមហ៊ុនឈ្មោះ George Westinghouse ។
បច្ចេកវិទ្យាផលិតនិងចែកចាយអគ្គិសនីតាមចរន្តឆ្លាស់របស់នីកូឡា តេសឡា ត្រូវបានក្រុមហ៊ុន Westinghouse ទិញយកក្នុងតម្លៃខ្ពស់ ដោយផ្តល់ទាំងសាច់ប្រាក់ (៦ម៉ឺនដុល្លារ ពោលគឺប្រហែលជា ១,៥លានដុល្លារបច្ចុប្បន្ន) ទាំងចំណែកភាគហ៊ុនក្នុងក្រុមហ៊ុន និងទាំងការផ្តល់កម្រៃជាម្ចាស់សិទ្ធិ (Royalty) ដោយគិតជាភាគរយ ធៀបទៅនឹងបរិមាណអគ្គិសនីចរន្តឆ្លាស់ ដែលក្រុមហ៊ុនផលិតនិងចែកចាយ។ លើសពីនេះទៅទៀត តេសឡាក៏ត្រូវបានក្រុមហ៊ុន Westinghouse ជួលឲ្យធ្វើជាកុងស៊ុលតង់ ដោយផ្តល់នូវប្រាក់ខែដ៏ច្រើនផងដែរ។
ចាប់ពីពេលដែលបច្ចេកវិទ្យាចរន្តឆ្លាស់របស់តេសឡា ត្រូវបានក្រុមហ៊ុន Westinghouse ទិញយកទៅប្រើ ការប្រកួតប្រជែងគ្នាដ៏ស្រួចស្រាវមួយបានកើតមានឡើង រវាងបច្ចេកវិទ្យាចរន្តឆ្លាស់ (AC) របស់តេសឡា និងបច្ចេកវិទ្យាចរន្តជាប់ (DC) របស់អេឌីសុន។
បច្ចេកវិទ្យាចរន្តឆ្លាស់ (AC) របស់តេសឡា ដែលប្រើប្រាស់ដោយក្រុមហ៊ុន Westinghouse គឺមានទាំងបច្ចេកវិទ្យាផលិតថាមពលអគ្គិសនីដែលមានតង់ស្យុងខ្ពស់ស្រាប់ ហើយបន្ថែមពីនេះទៅទៀត គឺមានទាំងបច្ចេកវិទ្យាធ្វើត្រង់ស្វមម៉ាទ័រ ដែលអាចបង្កើនតង់ស្យុងនៃចរន្តចេញពីរោងចក្រអគ្គិសនីឲ្យបានកាន់តែខ្ពស់ ដើម្បីអាចធ្វើការចែកចាយបានរយៈចម្ងាយឆ្ងាយ រួចហើយបញ្ចុះតង់ស្យុងនេះឲ្យមកនៅទាបវិញ នៅពេលចែកចាយទៅតាមផ្ទះរបស់ប្រជាជន។
ចរន្តជាប់ (DC) ដែលប្រើដោយក្រុមហ៊ុនអេឌីសុនវិញ គឺជាប្រភេទចរន្តអគ្គិសនីដែលមានតង់ស្យុងទាប មិនសូវបង្កគ្រោះថ្នាក់ដល់មនុស្ស ក៏ប៉ុន្តែ គ្មានប្រសិទ្ធភាពក្នុងការចែកចាយអគ្គិសនីក្នុងរយៈចម្ងាយឆ្ងាយ។ បើគេប្រើបច្ចេកវិទ្យារបស់អេឌីសុន គេអាចចែកចាយថាមពលអគ្គិសនីបានតែក្នុងរង្វង់ប្រមាណជា ១ពាន់៦រយម៉ែត្រតែប៉ុណ្ណោះ ដែលមានន័យថា គេចាំបាច់ត្រូវសង់រោងចក្រអគ្គិសនីច្រើន ហើយមានទីតាំងនៅក្បែរៗគ្នា ទើបអាចផលិតនិងចែកចាយអគ្គិសនី សម្រាប់ផ្គត់ផ្គង់ទីក្រុងធំៗបានដោយពេញលេញ។
ទោះជាយ៉ាងណា សម្រាប់អេឌីសុន ចរន្តជាប់ (DC) គឺជាបច្ចេកវិទ្យាដែលលោកបានសិក្សាស្រាវជ្រាវតាំងពីដើមមក, ស្នាដៃជាច្រើនរបស់លោក ដែលបានចុះបញ្ជីទទួលវិញ្ញបានបត្រតក្កកម្មរួចហើយ គឺសុទ្ធតែជាប់ទាក់ទងនឹងចរន្តជាប់ (DC) ហើយលើសពីនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធនៃក្រុមហ៊ុនរបស់លោក រាប់ចាប់តាំងពីរោងចក្រផលិតថាមពលអគ្គិសនី រហូតទៅដល់បណ្តាញចែកចាយ និងអំពូលភ្លើងអគ្គិសនី គឺសុទ្ធតែមានមូលដ្ឋានគ្រឹះលើបច្ចេកវិទ្យាចរន្តជាប់នេះទាំងអស់។
ហេតុដូច្នេះហើយបានជាអេឌីសុនប្រកាន់គំនិតដាច់ខាតមិនប្តូរបច្ចេកវិទ្យាទៅរកចរន្តឆ្លាស់ (AC) ហើយដើម្បីអាចយកឈ្នះលើគូប្រជែង អេឌីសុនគិតឃើញមធ្យោបាយមួយ គឺធ្វើយុទ្ធនាការឃោសនាអំពីគ្រោះថ្នាក់នៃចរន្តឆ្លាស់ (AC) ចំពោះអាយុជីវិតមនុស្ស ដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនមានការខ្លាចរអា មិនប្រើប្រាស់ថាមពលអគ្គិសនីរបស់ក្រុមហ៊ុនគូប្រជែង។
នៅក្នុងយុទ្ធនាការឃោសនាប្រឆាំងនឹងចរន្តឆ្លាស់ (AC) ដែលគេច្រើននាំគ្នាហៅថា “War of Currents” អេឌីសុនបានធ្វើពិសោធន៍ជាច្រើនបង្ហាញសាធារណជន ដោយយកចរន្តឆ្លាស់ ទៅឆក់សម្លាប់សត្វ តាំងពីសត្វតូចៗដូចជាឆ្កែ រហូតទៅដល់សត្វធំៗ ដូចជា គោ និងសេះ ជាដើម។ គោលដៅរបស់អេឌីសុន គឺចង់បង្ហាញឲ្យសាធារណជនមើលឃើញថា បើសិនជាសត្វធំៗប្រភេទនេះអាចស្លាប់ដោយសារចរន្តឆ្លាស់បាន មនុស្សយើងក៏អាចស្លាប់ដោយចរន្តឆ្លាស់នេះបានដែរ។
បន្ថែមពីលើនេះទៅទៀត នៅក្នុងអំឡុងពេលនោះ ឧបករណ៍ថ្មីមួយទើបនឹងត្រូវបានគេបង្កើតឡើងដើម្បីប្រហារជីវិតអ្នកទោសដោយប្រើចរន្តឆ្លាស់ AC (Electric chair)។ អេឌីសុនមិនមែនជាអ្នកបង្កើតឧបករណ៍ប្រហារជីវិតថ្មីនេះទេ ក៏ប៉ុន្តែ លោកបានឆ្លៀតយកឧបករណ៍ថ្មីនេះមកធ្វើការឃោសនា ដើម្បីបង្ហាញអំពីគ្រោះថ្នាក់នៃចរន្តឆ្លាស់ (AC)។
យុទ្ធនាការរបស់អេឌីសុន នៅពេលនោះ គឺពិតជាទទួលជោគជ័យ ដូចការរំពឹងទុក ដោយសាធារណជននាំគ្នាខ្លាចរអា មិនហ៊ានតភ្ជាប់ជាមួយបណ្តាញអគ្គិសនីចរន្តឆ្លាស់ (AC) ហើយក្រុមហ៊ុន Westinghouse ដែលបានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើបច្ចេកវិទ្យានេះក៏ត្រូវប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ។
ស្ថិតនៅក្នុងស្ថានភាពបែបនេះ នីកូឡា តេសឡា ដែលមានគំនិតផ្តោតជាសំខាន់លើការបន្សល់ទុកនូវស្នាដៃសម្រាប់មនុស្សជាតិជំនាន់ក្រោយ ជាងភាពមានបានខ្លួនឯងនៅក្នុងពេលបច្ចុប្បន្ន ក៏បានសុខចិត្តសើរើឡើងវិញ នូវកិច្ចសន្យាជាមួយក្រុមហ៊ុន Westinghouse ជាពិសេស តេសឡាបានសុខចិត្តបោះបង់ចោលនូវសិទ្ធិជាម្ចាស់ស្នាដៃ ក្នុងការទទួលកម្រៃជាភាគរយនៃបរិមាណអគ្គិសនីដែលផលិតនិងចែកចាយដោយក្រុមហ៊ុន Westinghouse។
បន្ថែមពីលើនេះទៅទៀត ដើម្បីរំងាប់ការខ្លាចរអារបស់សាធារណជនចំពោះចរន្តឆ្លាស់ (AC) តេសឡាបានធ្វើពិសោធន៍ជាក់ស្តែង ទៅលើរូបលោកខ្លួនឯងផ្ទាល់ ដើម្បីបង្ហាញឲ្យសាធារណជនឃើញថា ចរន្តឆ្លាស់ (AC) នេះ មិនមានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ដូចការឃោសនារបស់អេឌីសុននោះទេ ឬយ៉ាងហោចណាស់ គ្រោះថ្នាក់ដែលបង្កឡើងដោយចរន្តឆ្លាស់ (AC) មិនមានអ្វីធ្ងន់ធ្ងរជាងគ្រោះថ្នាក់ដែលបង្កឡើងដោយចរន្តជាប់នោះទេ។
ការធ្វើពិសោធន៍របស់តេសឡាគឺជាកត្តាផ្លូវចិត្តដ៏សំខាន់មួយ ក្នុងការទប់ទល់នឹងយុទ្ធនាការឃោសនាអវិជ្ជមានរបស់អេឌីសុន។ ក្នុងពេលជាមួយគ្នានោះ បណ្តាអ្នកវិនិយោគក៏ចាប់ផ្តើមបង្ហាញនូវការមិនសប្បាយចិត្តផងដែរចំពោះយុទ្ធនាការអវិជ្ជមានរបស់អេឌីសុន ជាពិសេស គឺនៅក្រោយពីមានការលេចធ្លាយព័ត៌មាន ស្តីអំពីការឃុបឃិតគ្នាដោយសម្ងាត់ រវាងអេឌីសុន និងអ្នកបង្កើតឧបករណ៍ប្រហារជីវិតអ្នកទោសដោយប្រើចរន្តអគ្គិសនី ក្នុងគោលដៅវាយប្រហារលើចរន្តឆ្លាស់ (AC)។ ការដកសេចក្តីទុកចិត្តពីសំណាក់អ្នកវិនិយោគ គឺជាចំណុចចាប់ផ្តើមមួយ ដែលនាំទៅដល់បរាជ័យរបស់អេឌីសុន នៅក្នុង “សង្រ្គាម” ទល់នឹងចរន្តឆ្លាស់ (AC) របស់តេសឡា។
នៅឆ្នាំ១៨៩៣ ក្រុមហ៊ុន Westinghouse និងបច្ចេកវិទ្យាចរន្តឆ្លាស់ (AC) របស់នីកូឡា តេសឡា ត្រូវបានគេជ្រើសរើសឲ្យធ្វើជាអ្នករៀបចំប្រព័ន្ធភ្លើង ដើម្បីបំភ្លឺក្នុងពិព័រណ៍ពិភពលោក នៅទីក្រុង Chicago (World’s Columbian Exposition)។ ប្រតិបត្តិការនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ហើយអ្នកវិនិយោគក៏ចាប់ផ្តើមមើលឃើញកាន់តែច្បាស់ អំពីសក្តានុពលនៃចរន្តឆ្លាស់ (AC)។ ទាំងអស់នេះ គឺជាកត្តាដ៏សំខាន់ ដែលជួយឲ្យក្រុមហ៊ុន Westinghouse ទទួលបាននូវកិច្ចសន្យាសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ នៅឯទឹកធ្លាក់ញ៉ាហ្ការ៉ា (Niagara Falls) ដោយប្រើបច្ចេកវិទ្យារបស់តេសឡា។
សម្រាប់តេសឡា ការសាងសង់ទំនប់វារីអគ្គិសនីនៅញ៉ាហ្ការ៉ានេះ គឺជាការសម្រេចនូវក្តីស្រមៃដ៏ធំមួយកាលពីក្មេង ដែលនៅពេលនោះ តេសឡាធ្លាប់បានប្រាប់ឪពុកមាថា នៅថ្ងៃណាមួយ នៅពេលធំឡើង ខ្លួននឹងសង់រហាត់ទឹកដ៏ធំមួយដាក់នៅពីក្រោមទឹកធ្លាក់ញ៉ាហ្ការ៉ា ដើម្បីទាញយកថាមពលទឹកធ្លាក់នេះមកប្រើប្រាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ