អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

នីកូឡា តេសឡា ​និងចរន្តឆ្លាស់ (AC)

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់​ អំពី​ប្រវត្តិ​​របស់ នីកូឡា តេសឡា (Nikolas Tesla) ជា​បន្ត​ទៀត ដោយ​សូម​លើកឡើង អំពី​ស្នាដៃ​ដ៏​​សំខាន់ និង​ដ៏ល្បីល្បាញ​មួយ​របស់​លោក គឺ​បច្ចេកវិទ្យា​ផលិត និង​ចែកចាយ​ថាមពល​អគ្គិសនី​តាម​ចរន្តឆ្លាស់ (AC)។

នីកូឡា តេសឡា នៅ​ក្នុង​មន្ទីរពិសោធន៍​
នីកូឡា តេសឡា នៅ​ក្នុង​មន្ទីរពិសោធន៍​ Public Domaine
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ៣ឆ្នាំ ក្រោយ​ពី​បាន​ចាកចេញ​ពី​ក្រុមហ៊ុន​របស់​ថូម៉ាស់ អេឌីសុន នីកូឡា តេសឡា ត្រូវ​ឆ្លងកាត់​នូវ​ដំណាក់កាល​ដ៏​លំបាក​មួយ​នៅ​ក្នុង​ជីវិត។ ពីដំបូង តេសឡា​បាន​ព្យាយាម​បើក​ក្រុមហ៊ុន​រកស៊ី​ដោយ​ខ្លួនឯង ក៏ប៉ុន្តែ មិនបាន​ជោគជ័យ ដោយសារ​តែ​មិនមាន​អ្នក​បោះទុនវិនិយោគ។ តេសឡា​ក៏​ត្រូវ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​ជាជាង​អគ្គិសនី​កំប៉ិកកំប៉ុក ដើម្បី​បាន​លុយ​មក​ទ្រង់ទ្រង់​ជីវភាព។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​នោះ តេសឡា​ក៏​នៅតែ​មិនបោះបង់​​ចោលដែរ គំនិត​ចង់អភិវឌ្ឍ​បច្ចេកវិទ្យា​​ទាក់ទង​នឹង​យន្តការ​ផលិត និង​ចែកចាយ​ថាមពល​អគ្គិសនី​ តាម​ចរន្តឆ្លាស់ (AC)។ ការខិតខំប្រឹងប្រែង​របស់​តេសឡា​ក៏​បាន​សម្រេច​ជោគជ័យ រហូត​ឈាន​ទៅដល់​ការ​ចុះបញ្ជី​វិញ្ញាបនបត្រ​តក្កកម្ម​ទទួលស្គាល់​ដោយ​អាជ្ញាធរ​អាមេរិក។ លើសពីនេះ​ទៅទៀត នៅឆ្នាំ១៨៨៨ បច្ចេកវិទ្យា​ចរន្តឆ្លាស់​របស់​តេសឡា ត្រូវបាន​ក្រុមហ៊ុន​​អគ្គិសនី​ដ៏ធំមួយ​ទិញ​យក​ទៅ​ប្រើ គឺ​ក្រុមហ៊ុន​ឈ្មោះ George Westinghouse ។

បច្ចេកវិទ្យា​ផលិត​និង​ចែកចាយ​អគ្គិសនី​តាម​ចរន្តឆ្លាស់​របស់​នីកូឡា តេសឡា ត្រូវបាន​ក្រុមហ៊ុន Westinghouse ទិញយក​ក្នុង​​តម្លៃ​ខ្ពស់ ដោយ​ផ្តល់​ទាំង​សាច់ប្រាក់​​ (៦ម៉ឺនដុល្លារ ពោលគឺ​ប្រហែល​ជា ១,៥លាន​ដុល្លារ​បច្ចុប្បន្ន) ទាំង​ចំណែក​ភាគហ៊ុន​ក្នុងក្រុមហ៊ុន និង​ទាំង​ការផ្តល់​កម្រៃ​ជា​ម្ចាស់សិទ្ធិ (Royalty)​ ដោយ​គិត​ជា​​ភាគរយ ធៀប​ទៅនឹង​បរិមាណ​អគ្គិសនី​ចរន្តឆ្លាស់ ដែល​ក្រុមហ៊ុន​ផលិត​និង​ចែកចាយ។ លើសពីនេះ​ទៅទៀត តេសឡា​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ Westinghouse ជួល​ឲ្យ​ធ្វើ​ជា​កុងស៊ុលតង់​ ដោយ​ផ្តល់​នូវ​ប្រាក់​ខែ​ដ៏ច្រើន​ផងដែរ។

ចាប់ពីពេល​ដែល​បច្ចេកវិទ្យា​ចរន្តឆ្លាស់​របស់​តេសឡា ត្រូវ​បាន​​ក្រុមហ៊ុន Westinghouse ទិញ​យក​ទៅ​ប្រើ ​ការ​ប្រកួតប្រជែងគ្នា​ដ៏​ស្រួចស្រាវមួយ​បាន​កើតមាន​ឡើង រវាងបច្ចេកវិទ្យាចរន្តឆ្លាស់ (AC) ​របស់​តេសឡា និង​បច្ចេកវិទ្យា​ចរន្តជាប់ (DC) ​របស់​អេឌីសុន។

បច្ចេកវិទ្យា​ចរន្តឆ្លាស់ (AC) របស់​តេសឡា​ ដែល​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ Westinghouse គឺ​មាន​ទាំង​បច្ចេកវិទ្យា​​ផលិត​ថាមពលអគ្គិសនី​ដែល​មាន​តង់ស្យុងខ្ពស់​ស្រាប់ ហើយ​បន្ថែម​ពីនេះទៅទៀត គឺ​មាន​ទាំង​បច្ចេកវិទ្យា​ធ្វើ​ត្រង់ស្វមម៉ាទ័រ ដែល​អាច​បង្កើន​តង់ស្យុង​នៃ​ចរន្ត​ចេញ​ពី​រោងចក្រអគ្គិសនី​ឲ្យ​បាន​កាន់តែ​ខ្ពស់ ដើម្បី​អាច​ធ្វើការ​ចែកចាយ​បាន​រយៈចម្ងាយ​ឆ្ងាយ រួចហើយ​បញ្ចុះ​តង់ស្យុង​នេះ​ឲ្យ​មក​នៅ​ទាប​វិញ នៅ​ពេល​ចែកចាយ​ទៅតាម​ផ្ទះ​របស់​ប្រជាជន។

ចរន្តជាប់ (DC) ដែល​ប្រើ​ដោយ​ក្រុមហ៊ុន​អេឌីសុន​វិញ គឺ​ជា​ប្រភេទ​ចរន្តអគ្គិសនី​ដែល​មាន​តង់ស្យុងទាប មិនសូវ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ក៏ប៉ុន្តែ គ្មាន​ប្រសិទ្ធភាព​ក្នុងការ​ចែកចាយ​អគ្គិសនី​ក្នុងរយៈចម្ងាយ​ឆ្ងាយ។ បើ​គេ​ប្រើ​បច្ចេកវិទ្យា​របស់​អេឌីសុន គេ​អាច​ចែកចាយ​ថាមពល​អគ្គិសនី​បានតែ​ក្នុង​រង្វង់​ប្រមាណ​ជា ១ពាន់៦រយម៉ែត្រ​តែ​ប៉ុណ្ណោះ ដែល​មានន័យថា គេ​ចាំបាច់​ត្រូវ​សង់​រោងចក្រ​អគ្គិសនី​ច្រើន ហើយ​មាន​ទីតាំង​នៅ​ក្បែរៗគ្នា ទើប​អាច​ផលិត​និង​​ចែកចាយ​អគ្គិសនី​ សម្រាប់​ផ្គត់ផ្គង់​ទី​ក្រុង​ធំៗ​បាន​ដោយ​ពេញលេញ។

ទោះជាយ៉ាងណា សម្រាប់​អេឌីសុន ចរន្តជាប់ (DC) គឺ​ជា​បច្ចេកវិទ្យា​ដែល​លោក​បាន​សិក្សាស្រាវជ្រាវ​តាំង​ពីដើម​មក, ស្នាដៃ​ជាច្រើន​របស់​លោក ដែល​បាន​ចុះ​បញ្ជី​ទទួល​វិញ្ញបានបត្រ​តក្កកម្ម​រួចហើយ គឺ​សុទ្ធតែ​​ជាប់​ទាក់ទង​នឹង​ចរន្ត​ជាប់ (DC) ហើយ​លើសពីនេះ​ទៅទៀត ហេដ្ឋារចនាសម្ព័ន្ធ​​នៃ​ក្រុមហ៊ុន​របស់​លោក រាប់ចាប់តាំង​ពី​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី រហូត​ទៅដល់​បណ្តាញ​ចែកចាយ និង​អំពូលភ្លើងអគ្គិសនី គឺ​សុទ្ធតែ​មាន​មូលដ្ឋាន​គ្រឹះ​លើ​បច្ចេកវិទ្យា​ចរន្តជាប់​នេះ​ទាំងអស់។

ហេតុដូច្នេះហើយ​បាន​ជា​អេឌីសុន​ប្រកាន់​គំនិត​ដាច់ខាត​មិន​ប្តូរ​បច្ចេកវិទ្យា​ទៅ​រក​ចរន្តឆ្លាស់ (AC) ហើយ​ដើម្បី​អាច​យក​ឈ្នះ​លើ​គូប្រជែង អេឌីសុន​​គិតឃើញ​មធ្យោបាយ​មួយ គឺ​ធ្វើ​យុទ្ធនាការ​ឃោសនា​អំពី​គ្រោះថ្នាក់​នៃ​ចរន្តឆ្លាស់ (AC) ចំពោះ​អាយុជីវិត​មនុស្ស ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​មាន​ការ​ខ្លាច​រអា មិនប្រើ​ប្រាស់​ថាមពលអគ្គិសនី​​របស់​​ក្រុមហ៊ុន​គូប្រជែង។

នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​ប្រឆាំង​នឹង​ចរន្តឆ្លាស់ (AC) ដែល​គេច្រើន​នាំគ្នាហៅ​ថា “War of Currents” អេឌីសុន​បាន​ធ្វើ​ពិសោធន៍​ជាច្រើន​បង្ហាញ​សាធារណជន ដោយ​យក​ចរន្តឆ្លាស់​ ទៅ​ឆក់​សម្លាប់​សត្វ តាំងពីសត្វតូចៗ​ដូចជា​ឆ្កែ​ រហូត​ទៅដល់​សត្វធំៗ ដូចជា គោ និង​សេះ ជាដើម។ គោលដៅ​របស់​អេឌីសុន គឺ​ចង់​បង្ហាញ​ឲ្យ​សាធារណជន​មើល​ឃើញ​ថា បើ​សិន​ជា​​សត្វធំៗ​ប្រភេទនេះ​អាច​ស្លាប់​ដោយ​សារ​ចរន្ត​ឆ្លាស់​បាន មនុស្ស​យើង​ក៏​អាច​ស្លាប់​ដោយ​ចរន្ត​ឆ្លាស់នេះ​បាន​ដែរ។

បន្ថែម​ពីលើ​នេះ​ទៅទៀត នៅ​ក្នុង​អំឡុង​ពេលនោះ ឧបករណ៍​ថ្មីមួយ​ទើប​នឹង​ត្រូវ​បាន​គេ​បង្កើតឡើង​ដើម្បី​​ប្រហារ​ជីវិត​អ្នក​ទោស​​ដោយ​ប្រើ​​ចរន្ត​ឆ្លាស់ AC (Electric chair)។ អេឌីសុន​មិនមែន​ជា​អ្នក​​បង្កើត​ឧបករណ៍​ប្រហារ​ជីវិត​ថ្មី​នេះ​ទេ ក៏ប៉ុន្តែ លោក​បាន​ឆ្លៀត​យក​​ឧបករណ៍​ថ្មីនេះ​មក​​ធ្វើការ​ឃោសនា ដើម្បី​បង្ហាញ​អំពី​គ្រោះថ្នាក់​នៃ​ចរន្ត​ឆ្លាស់ (AC)។

យុទ្ធនាការ​របស់​អេឌីសុន នៅ​ពេលនោះ គឺ​ពិត​ជា​ទទួល​ជោគជ័យ ដូចការ​រំពឹងទុក ដោយ​សាធារណជន​នាំគ្នា​ខ្លាចរអា មិន​ហ៊ាន​តភ្ជាប់​ជាមួយ​បណ្តាញ​អគ្គិសនី​ចរន្តឆ្លាស់ (AC) ហើយ​ក្រុមហ៊ុន Westinghouse ដែល​បាន​បោះទុន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៅលើ​បច្ចេកវិទ្យា​នេះ​ក៏​ត្រូវ​ប្រឈមមុខ​នឹង​វិបត្តិហិរញ្ញវត្ថុ។

ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែបនេះ នីកូឡា តេសឡា ដែល​មាន​គំនិត​ផ្តោត​ជា​សំខាន់​លើ​ការ​បន្សល់ទុ​ក​នូវស្នាដៃ​សម្រាប់​មនុស្ស​ជាតិ​ជំនាន់ក្រោយ ជាង​ភាព​មាន​បាន​ខ្លួនឯង​នៅ​ក្នុង​ពេល​បច្ចុប្បន្ន ក៏​បាន​សុខចិត្ត​សើរើ​ឡើងវិញ នូវ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន Westinghouse ជាពិសេស តេសឡា​​បាន​សុខចិត្ត​បោះបង់​ចោល​នូវ​សិទ្ធិ​ជា​ម្ចាស់​ស្នាដៃ ក្នុងការ​ទទួល​កម្រៃ​ជា​ភាគរយ​នៃ​បរិមាណ​អគ្គិសនី​ដែល​ផលិត​និង​ចែកចាយ​ដោយ​ក្រុមហ៊ុន Westinghouse។

បន្ថែម​ពីលើ​នេះ​ទៅទៀត ដើម្បី​​រំងាប់​ការខ្លាចរអា​របស់សាធារណជន​​ចំពោះ​ចរន្តឆ្លាស់ (AC) តេសឡា​បាន​ធ្វើ​ពិសោធន៍​ជាក់ស្តែង ទៅលើ​រូបលោក​ខ្លួនឯង​ផ្ទាល់ ដើម្បី​បង្ហាញ​​ឲ្យ​សាធារណជន​ឃើញ​ថា ចរន្តឆ្លាស់ (AC) នេះ មិនមាន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស ដូចការ​ឃោសនា​របស់​អេឌីសុន​នោះទេ ឬ​យ៉ាងហោចណាស់ គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ចរន្តឆ្លាស់ (AC) មិនមាន​អ្វី​ធ្ងន់ធ្ងរ​ជាង​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ចរន្តជាប់​នោះទេ។

ការធ្វើ​ពិសោធន៍​របស់​តេសឡា​គឺ​ជា​កត្តា​ផ្លូវចិត្ត​ដ៏​សំខាន់​មួយ ក្នុងការ​ទប់ទល់​នឹង​យុទ្ធនាការ​ឃោសនា​អវិជ្ជមាន​របស់​អេឌីសុន។ ក្នុងពេល​ជាមួយគ្នា​នោះ បណ្តា​អ្នក​វិនិយោគ​​ក៏​ចាប់ផ្តើម​បង្ហាញ​នូវ​ការ​មិនសប្បាយចិត្តផងដែរ​ចំពោះ​យុទ្ធនាការ​អវិជ្ជមាន​របស់​អេឌីសុន ជាពិសេស គឺ​នៅក្រោយ​ពី​មាន​ការ​លេចធ្លាយ​ព័ត៌មាន ស្តីអំពីការ​ឃុបឃិតគ្នា​ដោយ​សម្ងាត់ រវាង​អេឌីសុន និង​អ្នក​បង្កើត​ឧបករណ៍​ប្រហារ​ជីវិត​អ្នក​ទោស​ដោយប្រើ​ចរន្តអគ្គិសនី ក្នុងគោលដៅ​វាយប្រហារ​លើ​ចរន្តឆ្លាស់ (AC)។ ការដកសេចក្តីទុកចិត្ត​ពី​សំណាក់​អ្ន​កវិនិយោគ​ គឺ​ជា​ចំណុច​ចាប់ផ្តើម​មួយ ដែល​នាំ​ទៅដល់​បរាជ័យ​របស់​អេឌីសុន នៅ​ក្នុង​ “សង្រ្គាម” ទល់​នឹង​ចរន្តឆ្លាស់ (AC) របស់​តេសឡា។

នៅ​ឆ្នាំ១៨៩៣ ក្រុមហ៊ុន Westinghouse និង​បច្ចេកវិទ្យា​ចរន្តឆ្លាស់ (AC) របស់​នីកូឡា តេសឡា ត្រូវ​បានគេ​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​អ្នក​រៀបចំ​ប្រព័ន្ធ​ភ្លើង ដើម្បី​បំភ្លឺ​ក្នុង​ពិព័រណ៍​ពិភពលោក​ នៅ​ទីក្រុង​ Chicago (World’s Columbian Exposition)។ ប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ជោគជ័យ ហើយ​អ្នក​វិនិយោគ​ក៏​ចាប់ផ្តើម​មើល​ឃើញ​កាន់តែ​ច្បាស់ អំពី​សក្តានុពល​នៃ​ចរន្តឆ្លាស់ (AC)។ ទាំងអស់​នេះ គឺ​ជា​កត្តា​ដ៏សំខាន់​ ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន Westinghouse ទទួល​បាន​នូវ​កិច្ចសន្យា​សាងសង់​ទំនប់​វារីអគ្គិសនី​​ដ៏ធំមួយ នៅ​ឯ​ទឹកធ្លាក់​ញ៉ាហ្ការ៉ា (Niagara Falls) ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​តេសឡា។

សម្រាប់​តេសឡា ការសាងសង់​ទំនប់វារីអគ្គិសនី​នៅ​ញ៉ាហ្ការ៉ា​នេះ គឺ​ជា​ការ​សម្រេច​នូវ​ក្តីស្រមៃ​ដ៏​ធំមួយ​កាល​ពី​ក្មេង ដែល​នៅ​ពេលនោះ តេសឡា​​ធ្លាប់​បាន​ប្រាប់​ឪពុកមា​ថា នៅថ្ងៃណាមួយ នៅពេល​ធំឡើង ខ្លួន​នឹង​សង់​រហាត់ទឹកដ៏ធំមួយ​ដាក់​នៅ​ពីក្រោម​ទឹកធ្លាក់ញ៉ាហ្ការ៉ា ដើម្បី​ទាញ​យក​ថាមពល​ទឹកធ្លាក់​នេះ​ម​កប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ