នៅក្នុងនាទីប្រវត្តិសាស្រ្តពិភពលោករបស់យើង នៅសប្តាហ៍នេះ សេង ឌីណា សូមលើកឡើងអំពីប្រវត្តិឥស្សរជនដ៏ល្បីឈ្មោះមួយរូបទៀត ដែលបានដើរតួនាទីដ៏សំខាន់ នៅក្នុងការរកឃើញគំនិតថ្មីៗជាច្រើនទាក់ទងនឹងថាមពលអគ្គិសនី គឺលោកនីកូឡា តេសឡា (Nikolas Tesla)។
ជាទូទៅ គេសង្កេតឃើញថា កាលណានិយាយអំពីអគ្គិសនី គេច្រើនតែគិតទៅដល់ ម៉ៃឃើល ហ្វារ៉ាដេ និងថូម៉ាស់ អេឌីសុន ហើយកាលណានិយាយអំពីប្រព័ន្ធទាក់ទងតាមវិទ្យុ គេច្រើនតែគិតទៅដល់អ្នកវិទ្យាសាស្រ្តអ៊ីតាលី ហ្គូលីយែលម៉ូ ម៉ាកូនី (Guglielmo Marconi)។ ក៏ប៉ុន្តែ តាមពិត នៅមានអ្នកប្រាជ្ញដ៏ឆ្នើមម្នាក់ទៀត ដែលគេច្រើនតែនាំគ្នាមើលរំលង ហើយជាអ្នកប្រាជ្ញដែលបានបន្សល់ទុកនូវស្នាដៃដ៏សំខាន់ និងដ៏មានឥទ្ធិពល ទាំងនៅក្នុងវិស័យអគ្គិសនី និងប្រព័ន្ធទាក់ទងតាមវិទ្យុ គឺ នីកូឡា តេសឡា។
នីកូឡា តេសឡា កើតនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៨៥៦ នៅក្នុងស្រុកមួយ ដែលបច្ចុប្បន្នស្ថិតនៅក្នុងប្រទេសក្រូអាស៊ី ក៏ប៉ុន្តែ កាលណោះ ស្ថិតនៅក្នុងទឹកដីនៃចក្រភពអូទ្រីសហុងគ្រី។ តេសឡាមានឈាមជ័រជាជនជាតិស៊ែរប៊ី ដោយមានឪពុកជាបុព្វជិតគ្រិស្តសាសនានិកាយអកតូដុកស៍ (Orthodox) ចំណែកម្តាយគឺជាមេផ្ទះ ក៏ប៉ុន្តែ ពូកែខាងមេកានិក, ជំនាញខាងកែច្នៃរបស់របរប្រើប្រាស់នៅក្នុងផ្ទះ និងពូកែចងចាំ។ ប្រហែលជាកាត់ទៅរកម្តាយនេះហើយ ទើបនីកូឡា តេសឡា ចូលចិត្តខាងវិស្វកម្មអគ្គិសនី ផ្ទុយពីបំណងរបស់ឪពុក ដែលចង់ឲ្យតេសឡាធ្វើជាបុព្វជិតគ្រិស្តសាសនា។
តាំងពីនៅតូចមក តេសឡាចូលចិត្តធ្វើពិសោធន៍ទៅលើអ្វីៗគ្រប់សព្វបែបយ៉ាង ហើយមានវត្ថុមួយដែលតេសឡាមានចំណាប់អារម្មណ៍ជាពិសេស គឺរហាត់ទឹក។ នៅថ្ងៃមួយ ក្រោយពីបានឃើញរូបគំនូរទឹកធ្លាក់ដ៏ធំនៅចន្លោះព្រំដែនអាមេរិក និងកាណាដា គឺទឹកធ្លាក់ញ៉ាហ្ការ៉ា (Niagara Falls) តេសឡាបាននិយាយប្រាប់ឪពុកមាថា នៅពេលធំឡើង ខ្លួននឹងសង់រហាត់ទឹកដ៏ធំមួយ ទៅដាក់ពីក្រោមទឹកធ្លាក់នេះ ដើម្បីទាញយកកម្លាំងទឹកធ្លាក់មកប្រើប្រាស់។ ក្តីស្រម៉ៃដែលតេសឡាពិតជាអាចសម្រេចបាន នៅឆ្នាំ១៨៩៣ ពេលដែលតេសឡាមានវ័យ ៣៧ឆ្នាំ។
ក្រោយពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ តេសឡាបានចូលរៀននៅសាលាប៉ូលីតិចនិច ដែលជាសាលាវិស្វកម្មដ៏ល្បីមួយ នៅអូទ្រីស។ នៅទីនោះហើយដែលតេសឡាបានឃើញជាលើកទីមួយនូវឌីណាម៉ូ ដែលបង្កើតឡើងដោយវិស្វករប៊ែលហ្ស៊ិក (Zénobe Gramme) ហើយយកតាមគោលការណ៍របស់ម៉ៃឃើល ហ្វារ៉ាដេ ដើម្បីផលិតថាមពលអគ្គិសនី តែ ថាមពលដែលផលិតដោយឌីណាម៉ូនេះ គឺជាប្រភេទចរន្តជាប់ ឬ Direct Current (DC)។
ក្រោយពីបានឃើញឌីណាម៉ូនេះ តេសឡាបានជជែកជាមួយគ្រូ អំពីវិធីសាស្រ្តក្នុងការបង្កើតម៉ាស៊ីនដែលអាចផលិតអគ្គិសនីជាចរន្តឆ្លាស់ ឬ Alternating Current (AC) ក៏ប៉ុន្តែ គ្រូបានឆ្លើយតបទៅវិញថា អ្វីដែលតេសឡាបានលើកឡើងនេះ គឺជារឿងដែលមិនអាចទៅរួចនោះទេ។ ទោះជាយ៉ាងណា តេសឡានៅតែជឿថា វាគឺជារឿងដែលអាចធ្វើទៅរួច ហើយបានចំណាយពេលជាច្រើនឆ្នាំបន្តបន្ទាប់មកទៀត ធ្វើការសិក្សាទៅលើវិធីសាស្រ្តផលិតអគ្គិសនីជាចរន្តឆ្លាស់។
នៅសាលាប៉ូលីតិចនិច តេសឡាគឺជានិស្សិតដ៏ឆ្នើមម្នាក់ ក៏ប៉ុន្តែ ក៏ជានិស្សិតដែលចំណាយពេលរៀនសូត្រដ៏ច្រើនហួសហេតុផងដែរ រហូតធ្វើឲ្យគ្រូសរសេរសំបុត្រទៅប្រាប់ឪពុករបស់តេសឡាថា ប្រសិនបើទុកបណ្តោយឲ្យតេសឡារៀនហួសហេតុបែបនេះ តេសឡាអាចនឹងត្រូវខូចខួរក្បាល ឬក៏អាចស្លាប់ដោយសាររៀនក៏អាចថាបាន។
ចូលដល់ឆ្នាំទី៣ ការសិក្សារបស់តេសឡានៅសាលាប៉ូលីតិចនិចចាប់ផ្តើមជួបនឹងបញ្ហា។ ការចំណាយពេលដ៏ច្រើនសិក្សាទៅលើចរន្តឆ្លាស់ ដោយគ្មានបានលទ្ធផល បានធ្វើឲ្យតេសឡាបាក់ទឹកចិត្ត ហើយមុខវិជ្ជាទូទៅផ្សេងទៀតនៅក្នុងសាលាក៏លែងចង់រៀន។ នៅពេលនោះ តេសឡាចាប់ផ្តើមដើរលេង ស៊ីចាយ ហើយងប់នឹងល្បែងស៊ីសង រហូតចាញ់អស់លុយកាក់ ដែលឪពុកម្តាយបញ្ជូនមកឲ្យរៀន និងបង់ថ្លៃសាលា។ នៅទីបំផុតទៅ តេសឡាត្រូវគេបញ្ឈប់ពីសាលា ដោយមិនបានសញ្ញាបត្រអ្វីទាំងអស់។
ក្រោយមកទៀត ដោយមានការជួយជ្រោមជ្រែងពីឪពុក ព្រមទាំងឪពុកមា តេសឡាក៏បានចូលរៀននៅសាលាថ្មីមួយទៀត គឺសកលវិទ្យាល័យនៅប្រាក (ប្រទេសឆែកបច្ចុប្បន្ន) ក៏ប៉ុន្តែ រៀនបានតែមួយឆ្នាំ តេសឡាក៏ឈប់រៀន ហើយចេញទៅធ្វើការ ដោយដំបូងទៅធ្វើការឲ្យក្រុមហ៊ុនទូរលេខ នៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី និងបន្ទាប់មកទៀត ទៅធ្វើការឲ្យសាខាក្រុមហ៊ុនអំពូលភ្លើងរបស់ថូម៉ាស់ អេឌីសុន នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
គិតមកត្រឹមពេលនោះ ថូម៉ាស់ អេឌីសុន គឺជាអ្នកជំនួញ និងជាអ្នកជំនាញខាងអគ្គិសនីដ៏ល្បីឈ្មោះបំផុតមួយ ទាំងនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប ហើយការណ៍ដែលអាចធ្វើការក្នុងក្រុមហ៊ុនរបស់អេឌីសុន គឺជាបំណងប្រាថ្នាដ៏ធំមួយរបស់តេសឡា។ ក្តីស្រម៉ៃកាន់តែធំមួយទៀតរបស់តេសឡា គឺចង់ទៅធ្វើការដោយផ្ទាល់ជាមួយនឹងថូម៉ាស់ អេឌីសុន នៅសហរដ្ឋអាមេរិក។
នៅឆ្នាំ១៨៨៤ ក្រោយពីធ្វើការនៅប៉ារីសបានពីរឆ្នាំ នីកូឡា តេសឡា ក៏បានសម្រេចធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ហើយបានចូលធ្វើការឲ្យក្រុមហ៊ុនរបស់អេឌីសុន នៅក្នុងទីក្រុងញូយ៉ក។ ក៏ប៉ុន្តែ តេសឡាធ្វើការនៅទីនោះបានតែប្រមាណជា ៦ខែប៉ុណ្ណោះ ក៏លាឈប់ពីការងារដោយសារតែមានទំនាស់ជាមួយនឹងអេឌីសុន។
គេដឹងថា នីកូឡា តេសឡា និងថូម៉ាស់ អេឌីសុន គឺមានគំនិតផ្ទុយគ្នាស្រឡះ ទាក់ទងនឹងចរន្តអគ្គិសនី។ តេសឡា គឺជាអ្នកដែលមានជំនឿយ៉ាងមុតមាំទៅលើអគ្គិសនីចរន្តឆ្លាស់ ចំណែកឯអេឌីសុនវិញប្រកាន់គំនិតខាងចរន្តជាប់ ហើយរចនាសម្ព័ន្ធក្រុមហ៊ុនរបស់អេឌីសុន ទាំងអំពូលភ្លើងអគ្គិសនី និងទាំងការផលិតនិងចែកចាយថាមពលអគ្គិសនី គឺសុទ្ធតែរៀបចំធ្វើឡើង ដោយមានមូលដ្ឋានគ្រឹះទៅលើចរន្តជាប់នេះឯង។
ដូច្នេះ នៅក្នុងការបំពេញការងារឲ្យអេឌីសុន តេសឡាមិនអាចយកគំនិតរបស់លោកទាក់ទងនឹងចរន្តឆ្លាស់ទៅអនុវត្តបាននោះទេ ដោយត្រូវធ្វើការតែទៅលើចរន្តជាប់ទាំងស្រុង។ នៅថ្ងៃមួយ អេឌីសុនបានឲ្យតេសឡាសិក្សារកវិធីកែលម្អយន្តការផលិតអគ្គិសនី ដោយម៉ាស៊ីនភ្លើងចរន្តជាប់ ដោយសន្យាថា ប្រសិនបើតេសឡាអាចធ្វើបានជោគជ័យនឹងផ្តល់ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារ ដែលនៅពេលនោះ គឺជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពោលគឺ ប្រហាក់ប្រហែល ១លាន២សែនដុល្លារ បើគិតទៅតាមតម្លៃលុយបច្ចុប្បន្ន។
បើទោះបីជានេះគឺជាការងារខាងចរន្តជាប់ ដែលខ្លួនមិនសូវចូលចិត្ត ក៏ប៉ុន្តែ នីកូឡា តេសឡាបានខិតខំព្យាយាមទាំងថ្ងៃទាំងយប់ ទាំងថ្ងៃធ្វើការ ទាំងថ្ងៃឈប់សម្រាក ដើម្បីសិក្សាទៅលើបញ្ហាដែលអេឌីសុនដាក់ឲ្យ រហូតបានទទួលជោគជ័យ។ ក៏ប៉ុន្តែ នៅពេលដែលតេសឡាទៅទារយកប្រាក់រង្វាន់ អេឌីសុនមិនឲ្យ ដោយប្រាប់តេសឡាថា ការសន្យាផ្តល់ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ គឺគ្រាន់តែជាការនិយាយលេងតែប៉ុណ្ណោះ។ តេសឡាអន់ចិត្តនឹងអេឌីសុន ក៏បានដើរចេញ ឈប់ធ្វើការឲ្យអេឌីសុន។
ភ្លាមៗនោះ ការចាកចេញរបស់នីកូឡា តេសឡា មិនទាន់ជាបញ្ហាដែលគួរឲ្យអេឌីសុនត្រូវព្រួយបារម្ភនោះទេ។ ទាល់តែប៉ុន្មានឆ្នាំក្រោយមកទៀត ទើបអេឌីសុនដឹងខ្លួនថា ការបណ្តោយឲ្យតេសឡាចេញពីក្រុមហ៊ុន គឺប្រៀបដូចជាលែងខ្លាឲ្យចូលព្រៃបែបនោះដែរ ពីព្រោះថា ចំណេះដឹងខាងចរន្តឆ្លាស់របស់នីកូឡា តេសឡានេះហើយ ដែលជួយឲ្យក្រុមហ៊ុនជាគូប្រជែងអាចយកឈ្នះលើចរន្តជាប់របស់ថូម៉ាស់ អេឌីសុន នៅក្នុងការប្រកួតប្រជែងគ្នាដ៏ស្វិតស្វាញមួយ ដែលច្រើនហៅតាមភាសាអង់គ្លេសថា “War of Currents” (សង្រ្គាមរវាងចរន្ត DC និង AC)៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ