ដំឡើងពន្ធជារឿងដ៏រសើប តែហេតុអ្វីបានជារដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវតែធ្វើ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៤
អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដែលគេនាំគ្នាចោទជាសំណួរជុំវិញ គម្រោងរបស់លោកស្ហ៊ីនហ្សូ អាបេ ក្នុងការដំឡើងពន្ធលើការលក់ទំនិញ និងសេវាកម្មនៅក្នុងប្រទេសជប៉ុន។ ពន្ធនេះធ្លាប់ត្រូវបានដំឡើងម្តងរួចមកហើយ កាលពីឆ្នាំ២០១៤ ដោយកាលណោះ ដំឡើងពី ៥% មក ៨% ហើយកាលពីឆ្នាំ២០១៥ រដ្ឋាភិបាលជប៉ុនគ្រោងដំឡើងមួយកម្រិតទៀត គឺ ពី ៨% ទៅរហូតដល់ ១០% ក៏ប៉ុន្តែ គម្រោងនេះត្រូវបានលើកពេលទៅវិញមួយលើកជាពីរលើក ដោយសារតែវាជារឿងដ៏ចម្រូងចម្រាស។ តើហេតុអ្វីបានជាលោកស្ហ៊ីនហ្សូ អាបេ ចាំបាច់ត្រូវដំឡើងពន្ធនេះ? ហើយតើហេតុអ្វីបានជាវាត្រូវជារឿងចម្រូងចម្រាស?
ពន្ធលើការលក់ទំនិញ និងសេវាកម្ម ដែលជប៉ុនគ្រោងដំឡើងនេះ គឺមានលក្ខណៈស្រដៀងគ្នាទៅនឹងពន្ធលើតម្លៃបន្ថែម ដែលមាននៅក្នុងប្រទេសបារាំង ឬក៏នៅក្នុងប្រទេសកម្ពុជាដូច្នោះដែរ។ គោលដៅធំបំផុត នៃការដំឡើងពន្ធនេះ គឺដើម្បីកាត់បន្ថយបំណុលរដ្ឋ។
ជប៉ុនត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដែលពន្ធលើការលក់ទំនិញនិងសេវាមានអត្រាទាប ចំណែកឯបំណុលរដ្ឋវិញមានកម្រិតខ្ពស់កប់ពពក។
គេឃើញថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ៩០មក សេដ្ឋកិច្ចជប៉ុនតែងតែជួបនឹងបញ្ហាស្ទើរតែជាប់ជាប្រចាំ ហើយដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចនេះ រដ្ឋាភិបាលជប៉ុនស្ទើរតែគ្រប់អាណត្តិ បាននាំគ្នាបង្កើនកញ្ចប់ថវិកា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលជាហេតុធ្វើឲ្យការចំណាយរបស់រដ្ឋចេះតែកើនឡើងឥតឈប់ឈរ។ ក្នុងពេលជាមួយគ្នា ចំណូលបានពីការប្រមូលពន្ធក៏មានការធ្លាក់ចុះ ដោយសារតែសេដ្ឋកិច្ចមិនមានកំណើន។
ម្យ៉ាងទៀត លក្ខខណ្ឌប្រជាសាស្រ្តរបស់ជប៉ុនក៏មិនអំណោយផល ដោយមនុស្សចាស់មានចំនួនកាន់តែច្រើន ធ្វើឲ្យការចំណាយទៅលើសោធននិវត្តន៍ និងជំនួយដល់មនុស្សចាស់មានការកើនឡើងខ្លាំង ចំណែកឯក្មេងៗពេញកម្លាំងធ្វើការ និងត្រូវបង់ពន្ធ មានកាន់តែតិច។
ចំណាយកើនឡើងខ្ពស់ ហើយចំណូលធ្លាក់ចុះ។ ជាលទ្ធផល ថវិកាជាតិជប៉ុនមានឩនភាពខ្ពស់ និងជាអចិន្រ្តៃយ៍ ហើយបំណុលសាធារណៈក៏កើនឡើងកប់ពពក។ សព្វថ្ងៃនេះ បំណុលរដ្ឋជប៉ុនបានកើនឡើងលើសពី ២២០% នៃផលិតផលក្នុងស្រុកសរុប មានន័យថា បំណុលមានចំនួនច្រើនជាងផលិតផលក្នុងស្រុកសរុបរហូតដល់ទៅជាង២ដង។
ជប៉ុននៅមិនទាន់ធ្លាក់ចូលក្នុងវិបត្តិបំណុល ដោយសារតែបំណុលរបស់រដ្ឋភាគច្រើន ជាបំណុលដែលជំពាក់ពលរដ្ឋជប៉ុនខ្លួនឯង ដែលចេះតែបន្តឲ្យលុយរដ្ឋខ្ចី ដោយមិនទាមទារការប្រាក់ខ្ពស់ ទោះបីជាបំណុលរដ្ឋមានកម្រិតខ្ពស់។ ក៏ប៉ុន្តែ ទោះបីជាយ៉ាងនេះក៏ដោយ ទាំងរដ្ឋាភិបាលជប៉ុន ទាំងអ្នកសេដ្ឋកិច្ចជាទូទៅសុទ្ធតែយល់ថា ជប៉ុនមិនអាចចេះតែបណ្តោយឲ្យបំណុលសាធារណៈបន្តកើនឡើងតទៅទៀតបានទេ។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាលរបស់លោកស្ហ៊ីនហ្សូ អាបេ បានបង្កើនពន្ធលើការលក់ទំនិញ និងសេវាកម្ម ពី ៥% មក ៨% កាលពីឆ្នាំ២០១៤ ហើយគ្រោងនឹងដំឡើងបន្ថែមទៀតទៅដល់ ១០% ដើម្បីបង្កើនចំណូល យកមកកាត់បន្ថយបំណុលរដ្ឋ។
សំណួរថា បើនេះជាវិធានការក្នុងការកាត់បន្ថយបំណុលសាធារណៈ ហេតុអ្វីបានជាការដំឡើងពន្ធនេះ តែងតែជាបញ្ហាចម្រូងចម្រាស ធ្វើឲ្យរដ្ឋាភិបាលរារែកមិនចង់ធ្វើទៅវិញ?
បញ្ហាចោទដ៏ធំដែលបង្កឡើងដោយការដំឡើងពន្ធលើការលក់ទំនិញ និងសេវាកម្មនេះ អាចមានពីរ។
ទីមួយ ខាងផ្នែកសេដ្ឋកិច្ច។ កាលណាពន្ធកើនឡើង ប្រជាជនអាចនឹងកាត់បន្ថយការចំណាយ។ កាលណាការចំណាយនៅក្នុងទីផ្សារក្នុងស្រុកធ្លាក់ចុះ វាអាចនឹងធ្វើឲ្យប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ច ហើយនៅពេលដែលសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះវាអាចនឹងធ្វើលុយដែលបានពីការប្រមូលពន្ធបែរជាមិនកើនឡើង ឬក៏អាចធ្លាក់ចុះទាបជាងកាលពីមុនពេលដំឡើងអត្រាពន្ធទៅទៀតក៏អាចថាបាន។
ដើម្បីចៀសវាងបញ្ហានេះ លោកស្ហ៊ីនហ្សូ អាបេ អាចមានជម្រើសមួយ គឺយកលុយមួយផ្នែក ដែលបានពីការដំឡើងពន្ធ ទៅប្រើជាកញ្ចប់ថវិកាពិសេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ បើធ្វើបែបនេះមែន វាអាចនឹងកាត់បន្ថយផលអវិជ្ជមានលើកំណើនសេដ្ឋកិច្ច ក៏ប៉ុន្តែ លុយចំណូល ដែលត្រូវយកទៅកាត់បន្ថយបំណុលក៏ត្រូវថយចុះដូចគ្នា។
បញ្ហាទីពីរ គឺខាងផ្នែកនយោបាយ។ តាំងពីដើមរៀងមក គេសង្កេតឃើញថា ប្រជាជនជប៉ុនជាទូទៅតែងតែនាំគ្នាប្រឆាំងទៅនឹងការដំឡើងពន្ធលើការលក់ទំនិញ និងសេវាកម្ម ហើយ បើយើងមើលពីមេរៀនពីអតីតកាល យើងឃើញថា នាយករដ្ឋមន្រ្តីជប៉ុន ដែលដំឡើងពន្ធនេះ ច្រើនតែត្រូវខ្ទាតចេញពីតំណែង។ នាយករដ្ឋមន្រ្តី ណូបូរូ តាកេស្ហ៊ីតា ដែលបង្កើតពន្ធនេះដំបូង នៅឆ្នាំ១៩៨៩ ត្រូវបង្ខំចិត្តចុះចេញពីតំណែង ដោយសារបាត់បង់ប្រជាប្រិយភាព។ ក្រោយមកទៀត នៅឆ្នាំ១៩៩៧ នាយករដ្ឋមន្រ្តី ហាស្ហ៊ីម៉ូតូ បានដំឡើងពន្ធនេះ ពី ៣% ទៅ ៥% បានតែប៉ុន្មានខែក្រោយមក ក៏ត្រូវទទួលបរាជ័យក្នុងការបោះឆ្នោតជាតិ។ ដោយសារតែហេតុនេះហើយបានជាយើងមិនដែលឃើញមាននាយករដ្ឋមន្រ្តីជប៉ុនណាហ៊ានដំឡើងពន្ធលើការលក់ទំនិញ និងសេវាកម្មនេះទៀតទេ ចាប់តាំងពីឆ្នាំ១៩៩៧មក។
នៅក្នុងពេលបច្ចុប្បន្ននេះ លោកស្ហ៊ីនហ្សូ អាបេ ប្រហែលជាមានខែលការពារមាំគ្រាន់បើក្នុងការដំឡើងពន្ធ ព្រោះលោកកំពុងមានប្រជាប្រិយភាពខ្ពស់ ដោយសារតែលោកធ្លាប់បានដាក់ចេញនូវនយោបាយសេដ្ឋកិច្ច ដែលមានប្រសិទ្ធភាពទាញសេដ្ឋកិច្ចជប៉ុនឲ្យប្រសើរឡើងវិញ។ តួលេខកាលពីថ្ងៃចន្ទ ដែលបង្ហាញថា សេដ្ឋកិច្ចជប៉ុន នៅដើមឆ្នាំ២០១៩នេះ មានកំណើនខ្ពស់ដ៏គួរឲ្យគេភ្ញាក់ផ្អើលនោះ អាចនឹងជាសញ្ញាវិជ្ជមានមួយទៀត សម្រាប់លោកស្ហ៊ីនហ្សូ អាបេ។
ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ការដំឡើងពន្ធលើការលក់ទំនិញ និងសេវាកម្មនេះ នៅតែអាចជាគ្រោះថ្នាក់នយោបាយធំមួយ ជាពិសេស ប្រសិនបើក្រោយការដំឡើងពន្ធនេះ វាធ្វើឲ្យការចំណាយរបស់ប្រជាជនជប៉ុនមានការធ្លាក់ចុះ បណ្តាលឲ្យកំណើនសេដ្ឋកិច្ចត្រូវហើយផ្លែផ្កានៃនយោបាយសេដ្ឋកិច្ចរបស់លោកស្ហ៊ីនហ្សូ អាបេ នាពេលកន្លងមកត្រូវបាត់បង់ទៅវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ