អ្នកស្រី Angelina Jolie ទាមទារឲ្យភូមាបញ្ឈប់រាល់អំពើហិង្សាលើក្រុមរ៉ូហ៊ីងយ៉ា
ភូមាត្រូវតែមានឆន្ទៈពិតប្រាកដ ក្នុងការបញ្ចប់នូវរាល់ការធ្វើទុក្ខបុកម្នេញ ដែលបានរុញច្រានឲ្យជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម រាប់សែននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស។ នេះ គឺជាការលើកឡើង របស់តារាហូលីវូដដ៏ល្បីល្បាញ គឺអ្នកស្រី Angelina Jolie នៅថ្ងៃអង្គារ ទី៥ កុម្ភៈ ឆ្នាំ២០១៩ ក្នុងពេលជួបសួរសុខទុក្ខក្រុមរ៉ូហ៊ីងយ៉ា ក្នុងប្រទេសបង់ក្លាដែស។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អ្នកស្រីAngelina Jolie បាននិយាយថា វាគឺជារឿងដ៏សោកសៅបំផុត នៅពេលបានដឹងឮ អំពីរឿងរ៉ាវជីវិតរបស់ក្រុមជនជាតិភាគតិចរ៉ូហ៊ីយ៉ាដែលរងទុក្ខដោយសារអំពើហិង្សា។ ហិង្សា ដែលត្រូវពួកយោធាភូមា កាប់សម្លាប់ វាយធ្វើបាប និងចាត់ទុកដូចសត្វធាតុ។
ទន្ទឹមគ្នានេះ តារាភាពយន្តអាមេរិកមានសញ្ជាតិខ្មែររូបនេះបានលើកឡើង ដោយទឹកមុខមាំជំរុញឲ្យ អាជ្ញាធរភូមាបង្ហាញនូវការតាំងចិត្តខ្ពស់ និងប្រកបទឹកចិត្តស្មោះសរពិតប្រាកដ ក្នុងការបញ្ឃប់នូវរាល់ការធ្វើទុក្ខបុកម្នេញទាំងឡាយ ទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ បន្ថែមលើនេះ អ្នកស្រីក៍ជំរុញផងដែរ ឲ្យយោធាភូមាជំនួសមកវិញនូវលក្ខខណ្ឌរស់នៅសមរម្យ និងប្រកដដោយសុវត្តិភាព សម្រាប់សហគមន៍នានា ដែលរស់នៅក្នុងរដ្ឋរ៉ាឃីន។
មួយវិញទៀត អ្នកស្រីJolie បាននិយាយដោយទទូចថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ចង់ត្រលប់ទៅរស់នៅ ក្នុងភូមិឋានរបស់ពួកគេវិញ។ វាក៏ដល់ពេលហើយ ដែលពួកគេ គួរអាចធ្វើដំណើរត្រលប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ នៅឯរដ្ឋរ៉ាឃីន ក្នុងប្រទេសភូមា។ ប៉ុន្តែពួកគេអាចត្រលប់ទៅកាន់ទឹកដីកំណើតវិញបាន ល្គឹកណាតែសុវត្តិភាពនិងសិទ្ធិសេរីភាព របស់ពួកគេត្រូវបានធានាជាមុនសិន។
ជាមួយគ្នានេះ អ្នកស្រី Jolie ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ទៀតថា អ្នកដែលមានទំនួលខុសត្រូវ ក្នុងការធានាឲ្យបាននូវសុខសុវត្តិភាព និងសិទ្ធិសេរីភាព សម្រាប់ក្រុមរ៉ូហ៊ីងយ៉ា គឺគ្មានអ្នកណាក្រៅពី រដ្ឋាភិបាល និងក្រុមយោធាភូមានោះទេ។
សូមជម្រាបជូនថា នេះជាលើកទី៣ ហើយ ដែលតារា Angelina Jolie បានជួបផ្ទាល់ជាមួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ក្នុងនាមជាបេសកជនរបស់ អ.ស.ប ទទួលបន្ទុកកិច្ចការជនភៀសខ្លួន។
ជំនួបលើកនេះ ធ្វើឡើង មុនពេលដែល អ.ស.ប រៃអង្គាសថវិកាចំនួនប្រមាណជា មួយពាន់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចំនួនប្រមាណជាមួយលាននាក់ ដែលកំពុងស្នាក់នៅក្នុងជំរុំ នៅឯទីក្រុង Cox's Bazar.នៃប្រទេសបង់ក្លាដែស។
មួយវិញទៀត បើតាមសេចក្តីថ្លែងការណ៍របស់អ.ស.ប អ្នកស្រី Jolie នឹងបញ្ចប់បេសកម្មរបស់អ្នកស្រីនៅថ្ងៃពុធ ទី៦ កុម្ភៈ ឆ្នាំ២០១៩ ដោយជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់បង់ក្លាដែសជាច្រើននាក់ទៀត។ កិច្ចពិភាក្សានេះផ្តោតទៅលើយុទ្ធវិធីប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលភ្នាក់ងាររបស់អ.ស.ប អាចជួយប្រទេសបង់ក្លាដែសបាន ក្នុងដំណើរការដោះស្រាយបញ្ហារបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ