តើក្រុមភេរវជននៅពីក្រោយការវាយប្រហារអត្តឃាតនៅឥណ្ឌូណេស៊ីជានរណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៥៣
កាលពីថ្ងៃសៅរ៍ និងថ្ងៃចន្ទកន្លងទៅនេះ ឥណ្ឌូណេស៊ីបានរងការវាយប្រហារភេរវកម្មអត្តឃាតផ្ទួនៗគ្នា ហើយបើយោងតាមប៉ូលិសឥណ្ឌូណេស៊ី អ្នកនៅពីក្រោយភេរវកម្មអត្តឃាតនេះ គឺក្រុមចាម៉ាអះអានស្ហារូតដៅឡះ (Jamaah Ansharut Daulah) ដែលជាក្រុមភេរវជនក្នុងស្រុកឥណ្ឌូណេស៊ី តែភ្ជាប់ខ្លួនជាមួយនឹងក្រុមជីហាតរដ្ឋអ៊ីស្លាម។ តើក្រុមចាម៉ាអះអានស្ហារូតដៅឡះនេះជានរណា? ហើយមានដើមកំណើតចេញមកពីណា?
ចាម៉ាអះអានស្ហារូតដៅឡះ ដែលគេច្រើនហៅកាត់ដោយខ្លីថា “JAD” គឺជាក្រុមអ៊ីស្លាមជ្រុលនិយមឥណ្ឌូណេស៊ី ដែលទើបនឹងបង្កើតឡើង កាលពីឆ្នាំ២០១៥ ហើយដែលត្រូវបានសហរដ្ឋអាមេរិកដាក់បញ្ចូលជាក្រុមភេរវជន កាលពីឆ្នាំទៅមិញ។
តាមការពិត មេដឹកនាំមួយផ្នែករបស់ក្រុម JAD នេះ គឺមានប្រភពដើមចេញពីក្រុងចេម៉ាអះអ៊ីស្លាមីយ៉ះ (Jemaah Islamiyah) ដែលជាសាខារបស់ក្រុមអាល់កៃដាប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយដែលជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មធំៗជាច្រើននៅឥណ្ឌូណេស៊ី ជាពិសេស ភេរវកម្មនៅកោះបាលី កាលពីឆ្នាំ២០០២ ដែលកាលណោះបានបណ្តាលឲ្យមនុស្សជាង២០០នាក់ត្រូវបាត់បង់ជីវិត និងរាប់រយនាក់ផ្សេងទៀតត្រូវរបួស ក្នុងនោះភាគច្រើនគឺជាអ្នកទេសចរបរទេស។
នៅឆ្នាំ២០១៣ ក្រុមអាល់កៃដាត្រូវបែកបាក់គ្នា ដោយសាខាមួយរបស់អាល់កៃដានៅក្នុងប្រទេសអ៊ីរ៉ាក់ ដឹកនាំដោយអាប៊ូបាគ័រអាល់បាក់ដាឌី បានផ្តាច់ខ្លួនទៅបង្កើតក្រុមថ្មី ដាក់ឈ្មោះថា “រដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់និងស៊ីរី” ហើយដែលជាទូទៅត្រូវបានគេហៅកាត់ដោយខ្លីថា ក្រុមរដ្ឋអ៊ីស្លាម។
ចាប់ពីពេលនោះមក ក្រុមភេរវជនអន្តរជាតិធំៗទាំងពីរ គឺអាល់កៃដា និងរដ្ឋអ៊ីស្លាម ក៏បានក្លាយជាគូសត្រូវនឹងគ្នា ហើយម្ខាងៗព្យាយាមប្រជែងដណ្តើមឥទ្ធិពលគ្នា ដើម្បីទាក់ទាញអ្នកគាំទ្រ និងបង្កើតសាខា នៅតាមបណ្តាប្រទេសអ្នកកាន់សាសនាអ៊ីស្លាមនៅទូទាំងពិភពលោក។ ជាទូទៅ គេសង្កេតឃើញថា នៅតាមបណ្តាប្រទេសដែលធ្លាប់តែមានសាខាអាល់កៃដាក៏ត្រូវបែកបាក់គ្នា ដោយម្ខាងបន្តនៅជាសាខាអាល់កៃដា ហើយម្ខាងទៀតផ្តាច់ខ្លួនចេញ ហើយប្រកាសភ្ជាប់ខ្លួនជាសាខារបស់អង្គការរដ្ឋអ៊ីស្លាម។
នៅឥណ្ឌូណេស៊ីក៏ដូចគ្នាដែរ។ ក្រុមអ៊ីស្លាមជ្រុលនិយមប្រមាណជាង១០ក្រុម ដែលកាលពីមុនធ្លាប់ស្ថិតនៅជាផ្នែកមួយនៃក្រុមចេម៉ាអះអ៊ីស្លាមីយ៉ា បានប្រកាសផ្តាច់ខ្លួនចេញ ទៅបង្កើតជាក្រុមថ្មី ដាក់ឈ្មោះថា “ចាម៉ាអះអានស្ហារូតដៅឡះ” ហើយប្រកាសដាក់ខ្លួនជាសាខាមួយរបស់ក្រុមរដ្ឋអ៊ីស្លាម នៅឆ្នាំ២០១៥។
ក្រុមថ្មីនេះមានទំនាក់ទំនងច្រើនជាមួយនឹងក្រុមជីហាតរដ្ឋអ៊ីស្លាមនៅស៊ីរី ដោយក្រុមនៅស៊ីរីជាអ្នកផ្តល់លុយកាក់ សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌូណេស៊ី ចំណែកឯមេដឹកនាំក្រុមចាម៉ាអះអានស្ហារូតដៅឡះវិញ ដែលមានឈ្មោះថា អាម៉ាន់អាប់ឌូរ៉ះម៉ាន់ (Aman Abdurrahman) ដែលតាមពិតចំណាយពេលភាគច្រើននៅក្នុងពន្ធនាគារឥណ្ឌូណេស៊ីតាំងពីឆ្នាំ២០០៤មកនោះ គឺជាមេដឹកនាំអ៊ីស្លាមជ្រុលនិយមដ៏មានឥទ្ធិពលមួយរូប ដែលដើរតួនាទីដ៏សំខាន់ក្នុងការអូសទាញប្រជាជនឥណ្ឌូណេស៊ីឲ្យចេញទៅធ្វើជីហាតនៅស៊ីរី ក៏ដូចជាធ្វើសកម្មភាពនៅក្នុងស្រុក។
ក្រុមចាម៉ាអះអានស្ហារូតដៅឡះត្រូវបានគេចាប់ផ្តើមស្គាល់ច្រើន ក្រោយពីពួកគេបានធ្វើការវាយប្រហារភេរវកម្មអត្តឃាតនៅក្នុងទីក្រុងហ្សារការតា កាលពីខែមករាឆ្នាំ២០១៦ ដែលកាលណោះបានបណ្តាលឲ្យមនុស្សស្លាប់ ៤នាក់ ហើយដែលត្រូវបានគេចាត់ទុកថាជាភេរវកម្មលើកដំបូងបង្អស់របស់ក្រុមជីហាតរដ្ឋអ៊ីស្លាម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ចាប់ពីពេលនោះមក ក្រុម JAD នេះ បានរៀបចំ ឬជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មមួយចំនួនទៀត នៅក្នុងប្រទេសឥណ្ឌូណេស៊ី មុននឹងឈានដល់ការវាយប្រហារភេរវកម្មផ្ទួនៗគ្នា កាលពីថ្ងៃសៅរ៍ និងថ្ងៃចន្ទកន្លងទៅ ដែលត្រូវបានគេចាត់ទុកថាជាភេរវកម្មដ៏ធំបំផុតមួយនៅឥណ្ឌូណេស៊ី នៅក្នុងរយៈពេលប្រមាណជា១០ឆ្នាំកន្លងមកនេះ។
តាមការពិត កាលពីពេលកន្លងមក អ្នកជំនាញខាងភេរវកម្មធ្លាប់បានលើកឡើងរួចមកហើយថា ការវាយប្រហារភេរវកម្មនៅឥណ្ឌូណេស៊ីយូរនឹងឆាប់ គឺប្រាកដជានឹងត្រូវកើតឡើង ហើយក្តីបារម្ភពីភេរវកម្មនៅឥណ្ឌូណេស៊ីនេះ គឺដោយសារតែគេមើលឃើញពីលំហូរនៃប្រជាជនឥណ្ឌូណេស៊ី ដែលនាំគ្នាចេញទៅធ្វើជីហាតជាមួយក្រុមរដ្ឋអ៊ីស្លាមនៅស៊ីរី កាលពីពេលកន្លងទៅ។
នៅពេលនេះ ពេលដែលក្រុមជីហាតរដ្ឋអ៊ីស្លាមកំពុងទទួលនូវបរាជ័យជាបន្តបន្ទាប់ នៅលើសមរភូមិក្នុងប្រទេសស៊ីរី អាចជាពេលដែលក្រុមយុទ្ធជនជីហាតបរទេស ក្នុងនោះរួមទាំងអ្នកមកពីឥណ្ឌូណេស៊ីផង ត្រូវនាំគ្នាចាក់ចេញពីស៊ីរី ហើយវិលត្រឡប់ចូលទៅកាន់ប្រទេសដើមរៀងៗខ្លួនវិញ ដោយនាំទៅជាមួយនូវមនោគមន៍វិជ្ជាជ្រុលនិយម និងជាពិសេស ការហ្វឹកហ្វឺន បទពិសោធន៍ និងជំនាញខាងភេរវកម្ម ដើម្បីទៅធ្វើសកម្មភាពនៅក្នុងប្រទេសរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ