អានតួអត្ថបទ

សវនាការ​កាត់ក្តី​ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោកណាជីប​ ត្រូវពន្យារពេល​

អតីត​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​លោក​ណាជីប រ៉ាហ្សាក់​ ត្រូវចូលខ្លួន​ក្នុង​តុលាការ​ដើម្បី​ទទួលការជំនុំជម្រះក្តី​ លើ​ករណីចោទប្រកាន់ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ នៅថ្ងៃអង្គារ ទី១២ កុម្ភៈ ឆ្នាំ​២០១៩​។ ក៏ប៉ុន្តែ​ សវនាការ​ជំនុំជម្រះក្តីនេះ​ ត្រូវបាន​ពន្យារពេលទៅវិញ​ ហើយ​តុលាការម៉ាឡេស៊ី​ នៅ​មិនទាន់បាន​កំណត់​ពី​កាលបរិច្ឆេទថ្មី​នៃការកាត់ក្តី​នៅឡើយទេ​។

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកណាជីប រ៉ាហ្សាក់។
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកណាជីប រ៉ាហ្សាក់។ REUTERS/Edgar Su/
ផ្សាយពាណិជ្ជកម្ម

តុលាការ​ឧទ្ធរណ៍​ម៉ាឡេស៊ី​ នៅថ្ងៃចន្ទ​ ទី ១១​ កុម្ភៈ​ ឆ្នាំ២០១៩​ បាន​ប្រកាស​យល់ព្រម​ ពន្យារពេល​កាត់ក្តី​លើ​ករណី​សង្ស័យពុករលួយ​របស់​លោក​ណាជីប រ៉ាហ្សាក់ ទៅតាម​សំណើ​របស់​មេធាវីលោក​។ មេធាវី​ការពារក្តី​ឲ្យ​លោក​អតីត​នាយករដ្ឋមន្ត្រី​ណាជីប​ បានស្នើសុំ​ពន្រយាពេល​ជំនុំជម្រះក្តីនេះ​ ដោយសំអាង​លើហេតុផលថា​ មាន​បញ្ហា​បច្ចេកទេស​មួយចំនួន​ដែល​នាំឲ្យលោក​និងកូនក្តី​គឺលោកណាជីប​ មិនអាច​ចូលខ្លួន​ក្នុងសវនាការ​តាមកាល​កំណត់បានឡើយ​។

សូមជម្រាបជូនថា​ ការសម្រេច​របស់​តុលាការ​ពន្យារពេលកាត់ក្តីនេះ​បានធ្វើឲ្យ​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ខកចិត្ត​ ដោយសារ​ដំណើរការ​ក្នុងការ​ស្វែងរក​យុត្តិធម៌ពាក់ព័ន្ធនឹង​ករណី​សង្ស័យពី​ការកេងបន្លំ​ថវិកាជាតិ​របស់​លោកណាជីប ​មិនអាច​ប្រព្រឹត្ត​ទៅបានក្នុង​ពេលឆាប់ៗនេះ​។

តែទោះជាយ៉ាងណាក្តី​ មន្ត្រី​តុលាម៉ាឡេស៊ី​ម្នាក់​បានអះអាងថា​ សវនាការ​នឹងមិន​ពន្យារពេល​យូរនោះទេ​។ លោកសង្ឃឹមថា​ ការកាត់ក្តី​នឹងធ្វើឡើង​ក្នុងរយៈពេល​តែ ១ ឬ ២ សប្តាហ៍ទៀត​តែប៉ុណ្ណោះ​។

គួររឭកជូនថា​ រឿងអាស្រូវ​ពុករលួយ​ បានរុញច្រាន​ឲ្យ​លោកណាជីប​ រ៉ាហ្សាក់​ ចាញ់ការបោះឆ្នោត​និងខ្ទាតចេញពី​តំណែង​ជានាយករដ្ឋមន្ត្រី​កាលពីខែ​ឧសភា​ ឆ្នាំ២០១៨​ កន្លងទៅ​។

ក្រោយពី​បាត់បង់​តំណែង​ជានាយករដ្ឋមន្ត្រី​ភ្លាមមក​ លោកណាជីប​ ត្រូវបានចាប់ខ្លួន​ដោយរង​បទចោទប្រកាន់​ថា​មានជាប់ពាក់ព័ន្ធទៅនឹង​ករណីក្លែងបន្លំថវិកា​រដ្ឋ​ចំនួន​ ៤៩​ ករណី​ ពីធនាគារ​អភិវឌ្ឍន៍​ម៉ាឡេស៊ី​ (1MDB) ។ 1MDB ជាគម្រោង​ បង្កើតឡើង​ដើម្បី​ជួយ​អភិវឌ្ឍ​ដល់​សេដ្ឋកិច្ច​ម៉ាឡេស៊ី​។ លោកណាជីប​ និងបក្សពួក​​រងបទចោទថា​បានលួច​ប្រាក់​រាប់ពាន់លានដុល្លារ​ ពីគម្រោងមួយនេះ​។

តែទោះជាបែបនេះក្តី​ ក៏រហូតមកដល់ពេលនេះ​ អតីត​មេដឹកនាំ​ម៉ាឡេស៊ី​លោកណាជីប​ នៅតែ​បដិសេធ​ថា​លោក​មិនបានប្រព្រឹត្ត​អំពើពុករលួយ​ ដូចជា​ការចោទប្រកាន់​របស់​តុលាការឡើយ​។ លោកណាជីប រ៉ាហ្សាក់​ ព្រមទាំង​បក្សពួក​ បាន​ចាត់ទុក​ការចោទប្រកាន់​ខាងលើ​ ថា​ជាការ​សងសឹក​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោកម៉ាហាធា​ ម៉ូហាម៉េដ​ តែប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ