អានតួអត្ថបទ

បាត់ខ្លួន​៥នាក់​នៅក្នុង​ហេតុការណ៍​យន្តហោះ​យោធា​អាមេរិក​បុកគ្នា​នៅ​ជប៉ុន

យន្តហោះ​ពីរគ្រឿង​របស់​កងម៉ារីន​អាមេរិក ដែល​កំពុងហោះហើរ​ក្នុងការ​ហាត់សម​ចាក់សាំង​លើ​អាកាស នៅ​ក្បែរឆ្នេរសមុទ្រ​ជប៉ុន បាន​ហោះបុកគ្នា នៅ​ព្រឹកព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ បណ្តាល​ឲ្យ​​យន្តហោះ​ទាំងពីរ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ ហើយ​ទាហាន​អាមេរិក​ចំនួន ៥នាក់​ត្រូវ​បាត់ខ្លួន។ នេះ​បើយោងតាម​ការ​ឲ្យដឹង​របស់​ក្រសួង​ការពារជាតិ​ជប៉ុន ដោយ​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ពេលនេះ​ ប្រតិបត្តិការ​សង្រ្គោះ​កំពុងតែ​ប្រព្រឹត្ត​ទៅ​ ដើម្បី​តាមរក​ទាហាន​ដែល​បាត់ខ្លួន​ទាំង ៥នាក់។

នាវា​របស់​កងឆ្មាំសមុទ្រ​ជប៉ុន នៅ​ក្នុង​ប្រតិបត្តិការ​តាមរក​ទាហាន​អាមេរិក ៥នាក់ ដែល​បាត់ខ្លួន ក្រោយ​ពី​យន្តហោះ​យោធា​ពីរ​គ្រឿង​បើក​បុកគ្នា​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ជប៉ុន នៅថ្ងៃ​ព្រហស្បតិ៍ ៦ ធ្នូ ២០១៨
នាវា​របស់​កងឆ្មាំសមុទ្រ​ជប៉ុន នៅ​ក្នុង​ប្រតិបត្តិការ​តាមរក​ទាហាន​អាមេរិក ៥នាក់ ដែល​បាត់ខ្លួន ក្រោយ​ពី​យន្តហោះ​យោធា​ពីរ​គ្រឿង​បើក​បុកគ្នា​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ជប៉ុន នៅថ្ងៃ​ព្រហស្បតិ៍ ៦ ធ្នូ ២០១៨ Mandatory credit Kyodo/via REUTERS
ផ្សាយពាណិជ្ជកម្ម

យន្តហោះ​ទាំងពីរ​គ្រឿង​ដែល​ហោះបុកគ្នា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មួយគ្រឿង​ជា​យន្តហោះ​ចម្បាំង​ធុន F/A-18 និង​មួយគ្រឿង​ជា​យន្តហោះ​ធុន KC-130 ប្រើ​សម្រាប់​ការ​ចាក់សាំង​លើ​អាកាស។ យន្តហោះ​ទាំងពីរ​គ្រឿងនេះ​​​គឺ​ជា​របស់​កង​ម៉ារីន​អាមេរិក ដែល​ប្រចាំការ​នៅ​ឯ​កោះ​អូគីណាវ៉ា​ប្រទេស​ជប៉ុន។

រហូតមក​ទល់​នឹង​ពេលនេះ គេនៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយទេ អំពី​ដំណើររឿង​ពិតប្រាកដ នៅ​ក្នុង​ហេតុការណ៍​យន្តហោះ​បុកគ្នា​នេះ ដោយ​កងម៉ារីន​អាមេរិក​គ្រាន់តែ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​​ថា ហេតុការណ៍​នេះ​កើតឡើង នៅ​ក្នុង​ពេល​ដែល​យន្តហោះ​ទាំងពីរ​​កំពុង​ធ្វើការ​ហាត់សម​ចាក់សាំង​លើ​អាកាស ទៅតាម​អ្វី​ដែល​គេ​តែងតែ​រៀបចំ​​ធ្វើ​ជា​លក្ខណៈ​ធម្មតា។

យន្តហោះ​ទាំងពីរ​នេះ​មាន​ផ្ទុក​ទាហាន​ចំនួន ៧នាក់ គឺ ២នាក់ នៅលើ​យន្តហោះ​ចម្បាំង​ F/A-18 និង ៥នាក់ នៅលើ​យន្តហោះ​ចាក់សាំង KC-130។ ក្រោយ​ពី​បុកគ្នា យន្តហោះ​ទាំងពីរ​បាន​ធ្លាក់​ទៅ​ក្នុង​សមុទ្រ នៅ​ចម្ងាយ​ប្រមាណ​ជា ៣២០គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ជប៉ុន។ ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​ឲ្យដឹង​ថា ទាហាន​ទាំងពីរនាក់​ដែលស្ថិត​នៅ​ក្នុង​យន្តហោះ​ F/A-18 ត្រូវ​បាន​ក្រុមសង្រ្គោះ​របស់​ជប៉ុន​រកឃើញ និង​សង្រ្គោះចេញ​ពី​សមុទ្រ ហើយ​ប្រតិបត្តិការសង្រ្គោះ​នៅតែ​កំពុង​បន្ត​ធ្វើ ដើម្បី​តាមរក​ទាហាន ៥នាក់​ផ្សេងទៀត ដែល​កំពុង​បាត់ខ្លួន។

នៅ​ក្នុង​ប្រតិបត្តិការ​សង្រ្គោះនេះ​ មាន​យន្តហោះ​១០គ្រឿង និង​នាវា​ជាច្រើន​គ្រឿង​មក​ពី​ក្រសួង​ការពារជាតិ និង​កងឆ្មាំ​សមុទ្រ​ជប៉ុន បូករួម​ជាមួយ​នឹង​យន្តហោះ​​យកការណ៍ និង​ល្បាតដែនសមុទ្រចំនួន​ពីរគ្រឿង​របស់​កងទ័ព​ជើងទឹកអាមេរិក។ ក៏ប៉ុន្តែ បើ​យោងតាម​ក្រសួង​ការពារជាតិ​ជប៉ុន បញ្ហា​ចោទ​ដ៏ធំ​នៅ​ក្នុង​ប្រតិបត្តិការ​សង្រ្គោះ​នេះ គឺ​បញ្ហា​អាកាសធាតុ ដោយសារ​តែ​​នៅ​ជុំវិញ​តំបន់​នោះ កំពុងតែ​មាន​ភ្លៀង​ និង​ខ្យល់​ខ្លាំង។

គួរបញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ អាមេរិក​មាន​ទាហាន​ប្រមាណ​ជា ៥ម៉ឺននាក់ កំពុងឈរជើង​​នៅ​ក្នុង​ប្រទេស​ជប៉ុន ហើយ​គេ​សង្កេតឃើញ​ថា គ្រោះថ្នាក់ ឬ​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​យន្តហោះ​​ចម្បាំងអាមេរិក​នៅ​ជប៉ុន​នេះ​ ធ្លាប់​បាន​កើតមាន​ឡើង​ជា​ច្រើន​លើក​រួចមក ​កាលពីពេល​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ