តើយុទ្ធសាស្រ្តរបស់លោកដូណាល់ត្រាំពិតជាមានប្រសិទ្ធភាពក្នុងការចរចាពាណិជ្ជកម្មមែនឬ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:៤៥
ក្រោយពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី រវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវបានបិទបញ្ចប់ និងប្រកាសជាផ្លូវការ អ្នកជំនាញបានលើកឡើងថា យុទ្ធសាស្ត្រដាក់សម្ពាធខ្លាំងៗក្នុងការចរចាពាណិជ្ជកម្មរបស់លោកដូណាល់ ត្រាំ ទទួលបានជោគជ័យផ្លែផ្កាលើកាណាដា និងម៉ិកស៊ិក។ ជាមួយគ្នា អ្នកជំនាញទាំងនោះក៏បានបង្ហាញផងដែរអំពី ការព្រួយបារម្ភលើនយោបាយរបស់លោកដូណាល់ ត្រាំ ចំពោះភាពផុយស្រួយនៃសេដ្ឋកិច្ចសាកល និងបញ្ជាក់ថា យុទ្ធសាស្រ្ដរបស់លោកត្រាំមិនប្រាកដថាទទួលបានផលនោះទេ ចំពោះប្រទេសផ្សេងទៀតដែលមិនសូវពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ចអាមេរិក។
យុទ្ធសាស្ត្រពើងទ្រូងរបស់លោកត្រាំទទួលបានផ្លែផ្កា
ផ្អែកលើលទ្ធផលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី រវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក (l'Accord Etats-Unis-Mexique-Canada ‘AEUMC’) គេមើលឃើញថា យុទ្ធសាស្ត្រពើងទ្រូង ដំឡើងសាច់ដុំ ឬជាភាសាបារាំង “Bomber le Torse” របស់លោកត្រាំ ទទួលបានជោគជ័យ និងផ្លែផ្កា។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបារាំងAFP ពីទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ សប្តាហ៍នេះ។
តាមអ្នកជំនាញ ទោះបីជា សហរដ្ឋអាមេរិកមិនបានទទួលអ្វីដូចដែលខ្លួនសង្ឃឹមទាមទារចង់បានតាំងពីដំបូង ក៏ការដាក់សម្ពាធបង្ខំចរចាលើដៃគូពាណិជ្ជកម្មពីសំណាក់រដ្ឋបាលរបស់លោកដូណាល់ ត្រាំ (អតីតអ្នកជំនួញដ៏ល្បីល្បាញ ឬបុគ្គលដែលគេមិនអាចទាយទុកមុនបាន) បានចេញជាផ្លែផ្កាហើយនាលពេលនេះ។
យុទ្ធសាស្រ្ដរបៀបនេះរបស់លោកដូណាល់ ត្រាំ ត្រូវបានធ្វើឡើងមិនមែនត្រឹមតែចំពោះប្រទេសគូប្រជែងពាណិជ្ជកម្មធំបំផុតតួយ៉ាងដូចប្រទេសចិន ក៏ប៉ុន្តែការដាក់សម្ពាធក៏មានផងដែរចំពោះប្រទេសឥណ្ឌា ឬប្រេស៊ីល និងសូម្បីតែសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រដូចជាបណ្ដាប្រទេសនៅសហភាពអឺរ៉ុប ឬជប៉ុន និងកូរ៉េខាងត្បូង។
គោលដៅផ្សេងទៀតរបស់លោកត្រាំបន្ទាប់ពីកាណាដា និងម៉ិកស៊ិក
នៅក្នុងគំនិតរបស់លោកត្រាំ និយាយជាលក្ខណៈសាមញ្ញ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងប្រទេសណាមួយផ្សេងទៀតជារឿងចម្បងដែលត្រូវយកចិត្តទុកដាក់ ហើយឱនភាពជញ្ជីងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមានលើប្រទេសនោះគឺជាបញ្ហាដែលបង្កជាការខាតបង់ផលប្រយោជន៍ជាតិចំពោះសហរដ្ឋអាមេរិក។
ភ្លាមៗ ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីរវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ត្រូវបានប្រកាសចាប់កំណើតជាផ្លូវការ លោកត្រាំបានថ្លែងសាទរពីការសម្រេចសមិទ្ធិផលជោគជ័យរបស់រដ្ឋបាលក្រុងវ៉ាស៊ីនតោន និងបានសង្កត់ធ្ងន់ៗផងដែរអំពី ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយនឹងបណ្ដាប្រទេសធំៗផ្សេងទៀត ដូចជាចិន ឥណ្ឌា សហភាពអឺរ៉ុប ប្រេស៊ីល ជប៉ុន និងកូរ៉េខាងត្បូង ហើយខ្លួនបានប្រកាសសន្យាទាមទារឱ្យមានការសើរើចរចាកិច្ចព្រមព្រៀងឡើងវិញ។ លោកត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា ឱនភាពជញ្ជីងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសក្រីក្រមិនជាបញ្ហាទេ តែជាមួយប្រទេសអ្នកមាន លោកទទួលយកមិនបានទេ ហើយអ្វីដែលលោកត្រាំទាមទារចង់បាននាលពេលនេះគឺឱ្យប្រទេសទាំងនោះត្រូវចាត់វិធានការទិញទំនិញ ឬសេវាកម្មនាំចូលពីអាមេរិកឱ្យបានច្រើនជាងមុន។
ប្រតិកម្មរបស់អ្នកជំនាញ
ក៏មានផងដែរ ប្រតិកម្មជាបន្តបន្ទាប់របស់អ្នកជំនាញ ជាពិសេសពីសំណាក់សាស្រ្ដាចារ្យសកលវិទ្យាល័យ និងសេដ្ឋវិទូ ពីប្រទេសកាណាដា ម៉ិកស៊ិក អឺរ៉ុប និងពីអាមេរិកផ្ទាល់។ អ្នកជំនាញខ្លះយល់ថា យុទ្ធសាស្រ្ដរបស់លោកត្រាំជាយុទ្ធសាស្រ្ដថ្មីក្នុងពេលបច្ចុប្បន្ន ហើយការទាមទារចរចាឡើងវិញដោយការដាក់សម្ពាធធ្ងន់ធ្ងររបៀបនេះ សម្រាប់ករណីខ្លះ គឺមិនអាចទទួលយកបានទេ ដូចជាករណីដំឡើងពន្ធលើអាលុយមីញ៉ូម និងដែកថែប ចំពោះប្រទេសកាណាដា ចិន ម៉ិកស៊ិក និងសហភាពអឺរ៉ុប។ ប្រសិនបើ នៅចុងបញ្ចប់ កិច្ចព្រមព្រៀងណាមួយមិនត្រូវបានសម្រេចឡើងជាផ្លូវការទេ នោះផលប៉ះពាល់ជាអវិជ្ជមានដល់សុខភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកទាំងមូល នឹងប្រឈមនឹងហានិភ័យខ្ពស់ និងមានភាពផុយស្រួលខ្លាំងណាស់។
ទោះជាយ៉ាងណា ប្រសិទ្ធភាពនៃយុទ្ធសាស្រ្តចរចារបស់លោកដូណាល់ ត្រាំ វាអាស្រ័យថាតើទំហំពាណិជ្ជកម្មរបស់ប្រទេសជាដៃគូចរចានោះពឹងផ្អែកខ្លាំងប៉ុណ្ណាលើសេដ្ឋកិច្ចរបស់អាមេរិក? ក្នុងករណីប្រទេសកាណាដា និងម៉ិកស៊ិក ប្រាកដណាស់ ប្រទេសទាំងពីរពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ចអាមេរិក ហើយនេះ វាជាមូលហេតុចម្បងដែលពួកគេចាំបាច់ត្រូវស្វែងរកកិច្ចព្រមព្រៀងណាមួយជាមួយអាមេរិក នៅទីបញ្ចប់។ ផ្ទុយទៅវិញ សម្រាប់បណ្ដាប្រទេសដែលមានទីតាំងភូមិសាស្រ្ដនៅឆ្ងាយពីអាមេរិក ហើយទំហំពាណិជ្ជកម្មមិនសូវពឹងផ្អែកខ្លាំងលើសេដ្ឋកិច្ចអាមេរិក ដូចករណីប្រទេសឥណ្ឌា និងប្រេស៊ីល យុទ្ធសាស្រ្ដដាក់សម្ពាធរបស់លោកត្រាំមិនប្រាកដថាបានជោគជ័យនោះទេ។ អ្នកជំនាញខ្លះសង្កត់ធ្ងន់ថា រដ្ឋាភិបាលឥណ្ឌាអាចនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រឈមនឹងសម្ពាធនេះ។
គួររំលឹកផងដែរថា សម្រាប់ពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយឥណ្ឌា ក្នុងទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារអាមេរិក ជាមួយប្រើស៊ីល ២៨ពាន់លានដុល្លារអាមេរិក ប្រៀបធៀបជាមួយចិន ឱនភាពជញ្ជីងពាណិជ្ជកម្មមានរហូតដល់ ៣៣៥ពាន់លានដុល្លារអាមេរិក ក្នុងទំនាក់ទំនងពាណិជ្ជកម្មទំនិញ និងសេវាកម្ម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ