តើរថយន្តអគ្គិសនីអាចជួយបរិស្ថានបានប៉ុណ្ណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៥៣
រថយន្តអគ្គិសនីគឺជាប្រធានបទដ៏ធំមួយនៃពិព័រណ៍រថយន្តអន្តរជាតិឆ្នាំនេះ ដែលចាប់បើកធ្វើនៅក្នុងទីក្រុងហ្សឺណែវ តាំងពីថ្ងៃទី៧មីនាសប្តាហ៍មុន។ រដ្ឋាភិបាលនៅតាមបណ្តាប្រទេសជាទូទៅ នៅទូទាំងពិភពលោក ជឿថា រថយន្តអគ្គិសនីដើរតួនាទីដ៏សំខាន់ នៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងអាចជួយទប់ស្កាត់ការឡើងកម្តៅនៃភពផែនដី។ ក៏ប៉ុន្តែ អ្នកវិទ្យាសាស្រ្តមួយចំនួនបានចោទជាសំណួរជុំវិញប្រសិទ្ធភាពនៃរថយន្តអគ្គិសនី ក្នុងការជួយដល់បរិស្ថាន។
ជាការពិតថា រថយន្តអគ្គិសនីមិនបញ្ចេញឧស្ម័នកាបូនិកដូចជារថយន្តប្រើប្រេងធម្មតានោះទេ។ អ្នកវិទ្យាសាស្រ្តជាទូទៅ សុទ្ធតែឯកភាពគ្នានៅត្រង់ចំណុចនេះ។ ក៏ប៉ុន្តែ អ្វីដែលអាចចោទជាបញ្ហាចំពោះបរិស្ថាន មិនមែនចេញពីរថយន្តអគ្គិសនីដោយផ្ទាល់នោះទេ គឺចេញពីចំណុចពីរផ្សេងទៀត គឺទីមួយ ដំណើរការផលិតតួរថយន្ត និងអាគុយ និង ទីពីរ ដំណើរការផលិតថាមពលអគ្គិសនី ដើម្បីយកទៅប្រើក្នុងរថយន្តអគ្គិសនី។
ការសិក្សាជាទូទៅបង្ហាញថា នៅក្នុងដំណាក់កាលនៃការផលិត រថយន្តអគ្គិសនីបង្កផលប៉ះពាល់ដល់បរិស្ថានច្រើនជាងរថយន្តធម្មតា ដោយសារតែដំណើរការផលិតរថយន្តអគ្គិសនីត្រូវបញ្ចេញឧស្ម័នកាបូនិកច្រើនជាងការផលិតរថយន្តធម្មតា។
បានជាការផលិតរថយន្តអគ្គិសនីត្រូវបញ្ចេញឧស្ម័នកាបូនិកច្រើន គឺដោយសារតែគេត្រូវបូកបញ្ចូលគ្នានូវឧស្ម័នកាបូនិកដែលបញ្ចេញដោយដំណើរការផលិតតួរថយន្តផង និងឧស្ម័នកាបូនិកដែលបញ្ចេញដោយដំណើរការផលិតអាគុយរបស់វាផង ហើយឧស្ម័នកាបូនិកដែលបញ្ចេញដោយដំណើរការផលិតអាគុយនេះ គេត្រូវគិតចាប់តាំងពីប្រតិបត្តិការជីកយករ៉ែ ដើម្បីធ្វើជាវត្ថុធាតុដើម ការដឹកជញ្ជូនវត្ថុធាតុដើម រហូតដល់ដំណើរការផលិតចេញជាអាគុយ។
ហេតុដូច្នេះហើយបានជានៅក្នុងការសិក្សាមួយចំនួន គេរកឃើញថា ដំណើរការផលិតរថយន្តអគ្គិសនីត្រូវបញ្ចេញឧស្ម័នកាបូនិកច្រើនជាងដំណើរការផលិតរថយន្តធម្មតា រហូតដល់ទៅ ប្រមាណពី ៥០% ទៅ ៦០% ឯណោះ។
បន្ទាប់ពីដំណាក់កាលនៃការផលិត ចូលដល់ដំណាក់កាលប្រើប្រាស់។ ជាទូទៅ គេច្រើនតែនាំគ្នាគិត ដោយយល់ច្រឡំថា ការប្រើប្រាស់រថយន្តអគ្គិសនីមិនបញ្ចេញឧស្ម័នកាបូនិកទាល់តែសោះ។ ជាការពិតថា តួរថយន្តអគ្គិសនីខ្លួនឯងផ្ទាល់មិនមានបញ្ចេញឧស្ម័នកាបូនិកនោះទេ ដោយសារតែវាដើរដោយអាគុយ។ ក៏ប៉ុន្តែ អាគុយនេះវាត្រូវការថាមពលអគ្គិសនី ហើយការផលិតថាមពលអគ្គិសនី ដើម្បីយកមកបញ្ចូលអាគុយនេះហើយ ដែលត្រូវបញ្ចេញឧស្ម័នកាបូនិក។
ដូច្នេះ នៅក្នុងដំណាក់កាលនៃការប្រើប្រាស់ រថយន្តអគ្គិសនីក៏បណ្តាលឲ្យមានការបញ្ចេញឧស្ម័នកាបូនិកផងដែរ ហើយការបញ្ចេញឧស្ម័នកាបូនិកនៅក្នុងអំឡុងពេលប្រើប្រាស់នេះវាអាចមានកម្រិតតិច ឬច្រើន ដោយអាស្រ័យទៅលើថា តើថាមពលអគ្គិសនីដែលគេយកមកប្រើដើម្បីបញ្ចូលអាគុយរថយន្តអគ្គិសនីនេះ ត្រូវផលិតឡើងដោយវិធីណា ? បើសិនថាមពលអគ្គិសនីនេះត្រូវផលិតឡើង ពីរោងចក្រដើរដោយនុយក្លេអ៊ែរ, ពីទំនប់វារីអគ្គិសនី, ពីកញ្ចក់ស្រូបពន្លឺព្រះអាទិត្យ ឬពីថាមពលខ្យល់ ដែលជាវិធីផលិតអគ្គិសនីមិនបញ្ចេញឧស្ម័នកាបូនិក ការប្រើប្រាស់រថយន្តអគ្គិសនីក៏មិនត្រូវបញ្ចេញឧស្ម័នកាបូនិក។ ផ្ទុយទៅវិញ បើសិនជាថាមពលអគ្គិសនីត្រូវផលិតឡើងពីរោងចក្រដើរដោយប្រេង ឬធ្យូងថ្ម ដែលត្រូវបញ្ចេញឧស្ម័នកាបូនិកច្រើន ការប្រើប្រាស់រថយន្តអគ្គិសនីក៏ត្រូវបង្កឲ្យមានការបញ្ចេញឧស្ម័នកាបូនិកច្រើនទៅតាមនោះដែរ។
និយាយបែបនេះ មិនមែនមានន័យថា រថយន្តអគ្គិសនីមិនជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក ហើយមិនជួយដល់បរិស្ថាននោះទេ។
យោងតាមការសិក្សារបស់អ្នកជំនាញជាច្រើន ជាពិសេស ការសិក្សាថ្មីៗចុងក្រោយដោយក្រុមអ្នកជំនាញនៅឯសកលវិទ្យាល័យក្នុងប្រទេសន័រវែស និងការសិក្សារបស់អ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យា MIT របស់សហរដ្ឋអាមេរិក ដែលធ្វើការប្រៀបធៀបគ្នា រវាងរថយន្តអគ្គិសនី និងរថយន្តប្រើប្រេងធម្មតា ចាប់តាំងពីដំណើរការជីកយកវត្ថុធាតុដើម រហូតដល់ការផលិត និងការប្រើប្រាស់រថយន្ត គេបានរកឃើញថា គិតជាសរុបទៅ រថយន្តអគ្គិសនីនៅតែបញ្ចេញឧស្ម័នកាបូនិកតិចជាងរថយន្តធម្មតា ដោយខ្លះអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិករហូតដល់ទៅប្រមាណជា ៥០% រីឯខ្លះទៀតជួយកាត់បន្ថយបានត្រឹមតែ ៨០% អាស្រ័យទៅតាមម៉ូដែល ទៅតាមបច្ចេកវិទ្យាដែលគេប្រើ និងជាពិសេស គឺអាស្រ័យទៅលើប្រភពនៃថាមពលអគ្គិសនីដែលគេយកមកប្រើប្រាស់។
ដូច្នេះ និយាយជាសរុបមកវិញ រថយន្តអគ្គិសនីពិតជាអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកបាន ក៏ប៉ុន្តែ វាក៏មិនមែនមិនបញ្ចេញឧស្ម័នកាបូនិកទាល់តែសោះនោះដែរ ហើយប្រសិនបើគេគិតគូរតែពីការកែលម្អបច្ចេកវិទ្យានៃរថយន្តអគ្គិសនី ក៏ប៉ុន្តែ នៅតែបន្តផលិតថាមពលអគ្គិសនីដោយប្រើប្រេង ឬធ្យូងថ្មដដែលនោះ រថយន្តអគ្គិសនីក៏នឹងមិនអាចជួយអ្វីបានច្រើនប៉ុន្មានដល់បរិស្ថាននោះដែរ។ នេះគេនៅមិនទាន់និយាយផងទៅដល់ការប៉ះពាល់ខាងផ្នែកបរិស្ថាន និងខាងផ្នែកសង្គម ដែលបង្កឡើង ដោយការធ្វើអាជីវកម្មរ៉ែលោហៈកម្រ ដែលជាវត្ថុធាតុដើមចម្បង ក្នុងការផលិតអាគុយសម្រាប់រថយន្តអគ្គិសនី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ