អានតួអត្ថបទ

អ៊ុយក្រែន​ សម្រេច​ប្រើ​ច្បាប់​អាជ្ញាសឹក​ បន្ទាប់ពី​ប្រឈមមុខគ្នា​ជាមួយរុស្ស៊ី​

សភា​អ៊ុយក្រែន​ កាលពី​ថ្ងៃចន្ទ​ទី២៦​ វិច្ឆិកា​ម្សិលមិញ​នេះ​ បាន​អនុម័ត​ភ្លាមៗ​នូវ​ច្បាប់​អាជ្ញាសឹក​ ក្រោយពី​មានការ​ប៉ះទង្គិចគ្នា​ជាមួយ​ប្រទេសរុស្សី​កាលពី​យប់ថ្ងៃអាទិត្យ​រំលងអធ្រាត្រចូលព្រឹក​ថ្ងៃចន្ទ​។ ការ​ប៉ះទង្គិច​នេះ​បង្កឡើង​ដោយ​សារ ​កងទ័ពរុស្សី​ ចាប់នាវាចម្បាំង​របស់​អ៊ុយក្រែន​ចំនួនបីកាលពីម្សិលមិញ។ 

សមាជិកសភាអ៊ុយក្រែន នៅក្នុងសម័យប្រជុំសភា ពិនិត្យមើលនូវសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ដើម្បីអនុញ្ញាតឲ្យប្រើច្បាប់អាជ្ញាសឹកនាថ្ងៃទី២៦ ខែវិច្ឆិកា ២០១៨ ។
សមាជិកសភាអ៊ុយក្រែន នៅក្នុងសម័យប្រជុំសភា ពិនិត្យមើលនូវសំណើរបស់ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ដើម្បីអនុញ្ញាតឲ្យប្រើច្បាប់អាជ្ញាសឹកនាថ្ងៃទី២៦ ខែវិច្ឆិកា ២០១៨ ។ REUTERS/Valentyn Ogirenko
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ភាពតានតឹង​ជាមួយ​ប្រទេស​រុស្ស៊ី​កើនឡើងខ្លាំង​ លោក​ប្រធានាធិបតី​ Petro Poroshenko​ បានដាក់​ស្នើភ្លាមៗ​ទៅកាន់​សភា​អ៊ុយក្រែន​ ឲ្យតែ​ប្រកាស​អនុវត្ត​ច្បាប់​អាជ្ញាសឹក​រយៈពេល​៦០​ថ្ងៃ​។ សំណើ​នេះ​ ត្រូវ​បាន​សភា​អនុម័ត​ភ្លាមៗ​កាលពី​យប់ថ្ងៃចន្ទ​ដោយ​អនុញ្ញាត​ឲ្យប្រើ​ច្បាប់អាជ្ញាសឹក​នៅតាម​តំបន់ព្រំដែន​ក្នុង​រយៈពេល​៣០ថ្ងៃ​។

គួរជ្រាបថា​ ច្បាប់​អាជ្ញាសឹក​នៃ​ប្រទេស​អ៊ុយក្រែន​ផ្តល់​លទ្ធភាព​ឱ្យ​អាជ្ញាធរ​អ៊ុយក្រែន​មានអំណាច​អាច​កែន​ប្រជាពលរដ្ឋ​ដែល​មាន​បទ​ពិសោធន៍​ខាង​យោធា​ គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​រឹតត្បិត​ការ​ប្រមូលផ្តុំ​គ្នា​ជា​សាធារណៈ​។ មុន​ការអនុម័ត​នូវ​ច្បាប់​អាជ្ញាសឹក​នេះ​ដែរ​ លោក​ប្រធានាធិបតី​ Poroshenko​ បាន​ចោទ​ប្រកាន់​ទីក្រុង​ម៉ូស្គូ​ថា​ បាន​ធ្វើសកម្មភាព​ឈ្លានពាន​មកលើ​អ៊ុយក្រែន​យ៉ាងគឃ្លើន​។

សូម​ជ្រាប​ផងដែរ​ថា​ ភាព​តានតឹង​រវាង​ប្រទេស​រុស្ស៊ី​ និង​អ៊ុយក្រែន​បាន​ផ្តើមឡើង​កម្តៅខ្លាំង​កាលពី​ថ្ងៃចន្ទ​ម្សិលមិញ​ ដោយសារ​កងទ័ព​រុស្ស៊ី​បាន​បាញ់រះ​ និង​រឹបអូស​យក​នាវា​ចម្បាំង​របស់អ៊ុយក្រែន​ចំនួនបី​ ខណះពេល​ដែល​នាវា​ទាំងនោះ​កំពុង​ធ្វើដំណើរ​កាត់តាម​ច្រក​សមុទ្រ​អាហ្សូ​វក្បែរ​ តំបន់​គ្រីមេ​។ គ្រីមេ​ ជា​តបន់​ធ្លាប់​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់អ៊ុយកែ្រន​ តែ​ក្រោយមក​ត្រូវ​រុស្ស៊ី​ដណ្តើម​យក​មកកាន់កាប់​នា​ឆ្នាំ២០១៤​។

ក្រោយ​ហេតុការណ៍នេះ​ អ៊ុយក្រែន​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​យ៉ាងខ្លាំង​ ហើយ​បានចោទ​រដ្ឋាភិបាល​ទីក្រុង​ម៉ូស្គូ​ ថាបាន​ធ្វើសកម្មភាព​ខុសនឹង​ច្បាប់អន្តរជាតិ​ ដែល​អ៊ុយក្រែន​មិនអាច​ទទួលយក​បានឡើយ​។ បន្ថែម​លើនេះទៀត​ រដ្ឋាភិបាល​អ៊ុយក្រែន​ថែមទាំង​បានស្នើ​ផងដែរ​ ឲ្យ​ក្រុមប្រទេស​លោកខាង​លិច​ និង​ប្រឹក្សាសន្តិសុខ​ នៃ​អង្គការ​សហប្រជាជាតិ​ ចាត់វិធានការ​បន្ទាន់​ប្រឆាំង​ទៅនឹង​សកម្មភាព​អាងយ៉ាង​របស់​រុស៊្សីនេះ​។

គួរ​កត់សម្គាល់​ដែរថា​ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​ជួបប្រជុំ​គ្នា​ជាបន្ទាន់​កាលពី​យប់​ថ្ងៃចន្ទ​ ហើយ​នៅក្នុង​កិច្ចប្រជុំ​នោះដែរ​ ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោកស្រី​ Nikki Haley ក៏​បាន​ព្រមាន​ផងដែរ​ចំពោះ​សកម្មភាព​រុស្ស៊ី​ដែល​បាន​ធ្វើ​ដាក់​អ៊ុយក្រែន​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ