លោកអូបាម៉ា៖ការចងចាំព្រឹត្តិការណ៍ហ៊ីរ៉ូស្ហ៊ីម៉ានឹងគ្មានថ្ងៃរលត់សាបសូន្យទេ
នៅថ្ងៃសុក្រ ទី២៧ ឧសភាដែលជាថ្ងៃបិទបញ្ចប់ជំនួបកំពូលនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ ក្នុងលោក លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាបានអញ្ជើញទៅទស្សនកិច្ចក្នុងទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា។ ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ាដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូអាមេរិកាំងកាលពីថ្ងៃទី៦ សីហា ឆ្នាំ ១៩៤៥ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ ១៤០ ០០០នាក់ និងរបួសជាច្រើនម៉ឺននាក់ផ្សេងទៀត។ នេះជាលើកទី១ដែលមានប្រធានាធិបតីអាមេរិកម្នាក់បានទៅកាន់ទីនោះ។ លោកអូបាម៉ាបានចូលរួមគោរពវិញ្ញាក្ខន្ធចំពោះជនរងគ្រោះ និងបានថ្លែងថា គេត្រូវសម្លឹងមើលប្រវត្តិសាស្រ្តដើម្បីកុំឲ្យរឿងអតីតកាលកើតមានជាថ្មី និងថា ៖ការចងចាំព្រឹត្តិការណ៍នៅហ៊ីរ៉ូស្ហ៊ីម៉ាថ្ងៃទី៦ សីហា ១៩៤៥ នឹងគ្មានថ្ងៃរលត់សាបសូនន្យបានទេ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០៣
« សង្រ្គាមនៃពិភពលោកសម័យទំនើបបានបង្ហាត់បង្រៀនយើងឲ្យស្គាល់ការពិតនេះ ហ៊ីរ៉ូស្ហ៊ីម៉ាបានបង្រៀនយើងឲ្យស្គាល់រឿងពិតនេះ។ ការធ្វើឲ្យចម្រើនផ្នែកបច្ចេកវិទ្យាដែលមិនបានគិតដល់តម្លែមនុស្សជាតិអាចបង្កឲ្យយើងខាតបង់ធំធេងណាស់។ បដិវត្តន៍វិទ្យាសាស្រ្តដែលឈានដល់ការបំផ្ទុះសារធាតុអាតូមក៏តម្រូវឲ្យមានបដិវត្តន៍ផ្លូវចិត្ត និងសីលធម៌ដែរ។
គឺដោយផ្អែកលើហេតុផលនេះហើយដែលយើងបានមកកាន់ទីនេះ។
យើងកំពុងឈរនៅចំកណ្តាលទីក្រុងមួយនេះ ហើយយើងបានបង្ខំខ្លួនយើងឲ្យប្រមូលអារម្មណ៍នឹកស្រម៉ៃពេលគ្រាប់បែកបរមាណូបានធ្លាក់។ យើងបានបង្ខំខ្លួនយើងឲ្យប្រមូលអារម្មណ៍នឹកស្រម៉ៃក្តីរន្ធត់របស់កូនក្មេងដែលមិនយល់សោះឡើយនូវអ្វីដែលពួកគេកំពុងមើលឃើញផ្ទាល់ភ្នែក។
យើងកំពុងស្តាប់សម្លេងសម្រែកដ៏ស្ងៀមស្ងាត់។ យើងបានចងចាំប្រជាជនស្លូតត្រង់គ្រប់រូបដែលបានស្លាប់នៅក្នុងសង្រ្គាមដ៏គួរឲ្យខ្លាចមួយនេះ រួមទាំងសង្រ្គាមដែលបានកើតមានពីមុន និងសង្រ្គាមដែលបានកើតមានបន្តមកទៀត។ ការថ្លែងត្រឹមតែពាក្យសម្តីមិនអាចគ្រប់គ្រាន់ដើម្បីបង្ហាញ និងសម្តែងក្តីឈឺចាប់បែបនេះបានទេ។
ក៏ប៉ុន្តែ យើងមានការទទួលខុសត្រូវចែករំលែកគ្នា។ យើងត្រូវសម្លឹងមើលប្រវត្តិសាស្រ្ត និងចោទជាសំណួរថា តើយើងត្រូវធ្វើអ្វីខ្លះឲ្យខុសពីអ្វីដែលយើងបានធ្វើដើម្បីប្រយុទ្ធប្រឆាំងនឹងការរងទុក្ខវេទនាបែបនេះ។ នៅថ្ងៃណាមួយ សម្លេងរបស់អ្នករួចជីវិតពីព្រឹត្តិការណ៍ហ៊ីរ៉ូស្ហ៊ីម៉ានឹងលែងស្ថិតនៅជាមួយយើងដើម្បីធ្វើជាសាក្សីទៀតឡើយ។ ក៏ប៉ុន្តែ ការចងចាំនៃព្រឹកថ្ងៃទី៦ សីហា ១៩៤៥ នឹងគ្មានថ្ងៃរលត់សាបសូន្យបានទេ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ