តើវិបត្តិប្រជាសាស្រ្តជប៉ុនអាចបង្កនូវផលប៉ះពាល់អ្វីខ្លះខាងសេដ្ឋកិច្ច?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៤
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលចំនួនប្រជាជនជប៉ុនមានការថយចុះជារៀងរាល់ឆ្នាំ។ លើសពីនេះទៅទៀត ចំនួនប្រជាជនវ័យចំណាស់ដែលផុតអាយុធ្វើការក៏មានការកើនឡើងខ្ពស់ ចំណែកឯចំនួនក្មេងដែលនឹងត្រូវចូលខ្លួនមកជំនួសកម្លាំងពលកម្មក៏មានការធ្លាក់ចុះ។ ភាពចាស់រិចរឹលនៃប្រជាសាស្រ្តនេះអាចនឹងបង្កនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងនៅក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចរបស់ជប៉ុន។
ទិន្នន័យផ្លូវការចេញផ្សាយដោយរដ្ឋាភិបាលជប៉ុន កាលពីខែមេសាកន្លងទៅ បានបង្ហាញថា ចំនួនប្រជាជនជប៉ុននៅឆ្នាំ២០១៧ បានធ្លាក់ចុះមកនៅត្រឹម ១២៦,៧លាននាក់ ពោលគឺធ្លាក់ចុះជាង ២សែននាក់ បើធៀបទៅនឹងឆ្នាំ២០១៦ ហើយនេះ គឺជាឆ្នាំទី៧ហើយ ដែលចំនួនប្រជាជនជប៉ុនមានការថយចុះជាប់ៗគ្នាជារៀងរាល់ឆ្នាំ។
លើសពីនេះទៅទៀត រដ្ឋាភិបាលជប៉ុនក៏បានធ្វើការព្យាករផងដែរថា ចំនួនប្រជាជនជប៉ុននឹងនៅតែបន្តធ្លាក់ចុះនៅក្នុងរយៈពេលជាច្រើនឆ្នាំតទៅមុខទៀត ដោយចំនួនប្រជាជនសរុបអាចនឹងធ្លាក់ចុះមកនៅត្រឹមតែប្រមាណជា ៨៨លាននាក់ប៉ុណ្ណោះ នៅក្នុងរយៈពេល ៥០ឆ្នាំខាងមុខ (៨៨,០៨លាននាក់ នៅឆ្នាំ២០៦៥)។
ក្រៅពីការធ្លាក់ចុះខាងបរិមាណ រចនាសម្ព័ន្ធនៃប្រជាសាស្រ្តរបស់ជប៉ុនក៏មានភាពចាស់រិចរឹលយ៉ាងខ្លាំងផងដែរ ដោយចំនួនកូនក្មេងអាយុក្រោម ១៥ឆ្នាំ មានការធ្លាក់ចុះ ចំណែកឯចំនួនមនុស្សចាស់ចាប់ពីអាយុ ៦៥ឆ្នាំឡើង មានការកើនឡើង។
គិតត្រឹមឆ្នាំ២០១៧កន្លងទៅនេះ អត្រានៃមនុស្សចាស់វ័យចាប់ពី ៦៥ឆ្នាំឡើង មានរហូតដល់ទៅ ២៧,៧% នៃចំនួនប្រជាជនសរុប។ ចំណែកឯអត្រាកូនក្មេងអាយុក្រោម ១៥ឆ្នាំវិញ មានត្រឹមតែ ១២,៣% ប៉ុណ្ណោះ។
គួរបញ្ជាក់ថា យោងតាមស្តង់ដារបស់អង្គការសុខភាពពិភពលោក ប្រទេសមួយដែលមាន មនុស្សចាស់វ័យចាប់ពី ៦៥ឆ្នាំឡើង លើសពី ៧% នៃចំនួនប្រជាជនសរុប ត្រូវចាត់ទុកថាជាប្រទេសដែលមាន “ប្រជាសាស្រ្តកំពុងចាស់រិចរឹល”, លើសពី ១៤% គឺ “ប្រជាសាស្រ្តចាស់រិចរឹល” ហើយចាប់ពី ២១% ឡើងទៅ គឺ “ប្រជាសាស្រ្តចាស់រិចរឹលខ្លាំង”។
ដូច្នេះ ជប៉ុន គឺស្ថិតក្នុងចំណោមប្រទេសដែលមានប្រជាសាស្រ្តចាស់រិចរឹលខ្លាំង ហើយភាពចាស់រិចរឹលនៃប្រជាសាស្រ្តនេះ វាអាចនឹងបង្កនូវផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ច្រើនវិស័យ ទាំងចំពោះកំណើនសេដ្ឋកិច្ច ហិរញ្ញវត្ថុសាធារណៈ និងសង្គមកិច្ច។
ប្រជាសាស្រ្តមានតួនាទីដ៏សំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពីព្រោះថា ប្រជាជនគឺជាកម្លាំងពលកម្មសម្រាប់ការផលិតផង និងជាកត្តាជំរុញការចំណាយនៅក្នុងទីផ្សារក្នុងស្រុកផងដែរ។ សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនដូចជាជប៉ុននេះ ការចំណាយនៅក្នុងទីផ្សារក្នុងស្រុក គឺជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
នៅពេលដែលចំនួនប្រជាជនធ្លាក់ចុះ ជាពិសេស ប្រជាជនដែលពេញវ័យធ្វើការ កម្លាំងផលិតកម្មក៏ត្រូវធ្លាក់ចុះ ហើយការចំណាយក្នុងទីផ្សារក្នុងស្រុកក៏ត្រូវធ្លាក់ចុះ ដែលជាឧបសគ្គដ៏ចម្បងមួយសម្រាប់កំណើនសេដ្ឋកិច្ច។ លើសពីនេះទៅទៀត នៅពេលដែលសេដ្ឋកិច្ចជួបបញ្ហា វានឹងធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាជនត្រូវធ្លាក់ចុះ កម្រិតជីវភាពក៏ត្រូវធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យប្រជាជនមិនសូវចង់បានកូន ហើយចំនួនប្រជាជនក៏កាន់តែធ្លាក់ចុះថែមទៀត។ សម្រាប់ជប៉ុន ដែលប្រជាជនមានទម្លាប់ធ្វើការច្រើន ហើយមិនសូវចង់បានកូនស្រាប់ទាំងនៅពេលមានជីវភាពខ្ពង់ខ្ពស់ផងនោះ អាចនឹងរឹតតែមិនចង់បានកូនទៅទៀត នៅពេលដែលជីវភាពធ្លាក់ចុះ។
ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយទៀត នៃភាពចាស់រិចរឹលនៃប្រជាសាស្រ្តរបស់ជប៉ុន គឺខាងផ្នែកសង្គមកិច្ច និយាយឲ្យចំ គឺប្រព័ន្ធធានារ៉ាប់រងសង្គម។
ជាទូទៅ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសង្គមកិច្ច ប្រជាជនដែលពេញវ័យធ្វើការគឺជាប្រភពនៃចំណូល តាមរយៈការបង់ពន្ធ ចំណែកឯមនុស្សចាស់ដែលផុតអាយុធ្វើការ គឺជាបន្ទុកចំណាយ ជាពិសេស ការចំណាយទៅលើសោធននិវត្តន៍ និងការថែទាំសុខភាព។ ដូច្នេះ នៅពេលដែលមនុស្សចាស់ផុតអាយុធ្វើការមានអត្រាកាន់តែខ្ពស់ បន្ទុកចំណាយសង្គមកិច្ចមានកាន់តែធ្ងន់ ហើយបើក្នុងពេលជាមួយគ្នា ប្រជាជនដែលពេញវ័យធ្វើការ និងបង់ពន្ធ ដែលជាប្រភពចំណូលមិនកើនឡើង ឬកើនឡើងមិនសមាមាត្រទៅនឹងមនុស្សចាស់ទេនោះ ប្រព័ន្ធហិរញ្ញវត្ថុសង្គមកិច្ចប្រាកដជានឹងត្រូវបាត់លំនឹង។
នេះគឺដំណើរវិវឌ្ឍនៃប្រជាសាស្រ្តរបស់ជប៉ុន នៅក្នុងពេលបច្ចុប្បន្ន ហើយអ្វីដែលធ្វើឲ្យគេកាន់តែបារម្ភ គឺនៅត្រង់ថា ភាពចាស់រិចរឹលនៃប្រជាសាស្រ្តជប៉ុនអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនៅថ្ងៃអនាគត ពីព្រោះថា ជប៉ុនជាប្រទេសជឿនលឿន ហើយប្រជាជនក៏មានអាយុវែង។ នេះមានន័យថា មនុស្សចាស់ផុតអាយុធ្វើការអាចរស់នៅជាបន្ទុកនៃការចំណាយសង្គមកិច្ចក្នុងរយៈពេលវែង។ ក្នុងពេលជាមួយគ្នា អត្រាកំណើតមានកម្រិតទាប ក្មេងៗដែលជាសក្តានុពលត្រូវឡើងមកបំពេញកម្លាំងពលកម្មជំនួសមនុស្សចាស់ចូលនិវត្តន៍ក៏មានការធ្លាក់ចុះ។ ជាលទ្ធផល គេព្យាករថា គិតត្រឹមឆ្នាំ២០៥០ខាងមុខនេះ នៅជប៉ុន ប្រជាជនវ័យចំណាស់ផុតអាយុធ្វើការអាចនឹងត្រូវកើនឡើងរហូតទៅជិត ៣ភាគ៤ នៃប្រជាជនដែលពេញវ័យធ្វើការ ដែលមានន័យថា ប្រជាជនពេញវ័យ ៤នាក់ ត្រូវធ្វើការនិងបង់ពន្ធ ដើម្បីរ៉ាប់រងបន្ទុកចំណាយមនុស្សចាស់ដល់ទៅ ៣នាក់ ដែលជាអត្រាមួយដ៏ខ្ពស់ ហើយជាបន្ទុកដ៏ធ្ងន់ធ្ងរទៅលើថវិកាជាតិ និងទៅលើសេដ្ឋកិច្ចជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ