អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រឹត្តិការណ៍​សំខាន់ៗបី​ បង្កើន​ភាពតានតឹងនៅវ៉េណេស៊ុយអេឡា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅមួយរយៈពេលចុងក្រោយនេះ​ ស្ថានការណ៍​នៅក្នុងប្រទេស​វ៉េណេស៊ុយអេឡា​ បានធ្លាក់ទៅក្នុង​ភាពច្របូកច្របូកខ្លាំង​។ ជាពិសេស​ នៅថ្ងៃសៅរ៍​ទី២ កុម្ភៈឆ្នាំ២០១៩នេះ​ប្រទេស​វ៉េណស៊ុយអេឡា​ អាចធា្លក់ចូលក្នុងអន្លង់​នៃវិបត្តិកាន់តែជ្រៅ​មួយកម្រិតទៀត​ ដោយសារ​តែមាន​ព្រឹត្តិការណ៍សំខាន់ៗ​ចំនួនបី​ កើតមាននៅក្នុងប្រទេស​។ព្រឹត្តិការណ៍សំខាន់ៗ​ទាំងនោះរួមមាន​ បាតុកម្មពីរ​ ដែលម្ខាង​រៀបចំឡើងដោយ​ក្រុមអ្នកគាំទ្រ​លោកហ័ន ហ្កាយដូ និង​ម្ខាងទៀតជា​អ្នកគាំទ្រលោកម៉ាឌូរ៉ូ​។ រឿង​ដ៏គួរឲ្យកត់សម្គាល់ទៀត​នោះគឺថា​ បាតុកម្ម​កើតឡើងនាថ្ងៃសៅរ៍ ទី០២ កុម្ភៈនេះ ​រៀបចំឡើង​ស្របនឹងព្រឹត្តិការណ៍សំខាន់ពីរផ្សេងទៀត​ ដែលក្នុងនោះរួមមាន​ការដាក់ឱសានវាទរបស់បណ្តាប្រទេសអឺរ៉ុបទៅលើលោកម៉ាឌូរ៉ូ ឲ្យយល់ព្រមរៀបចំការបោះឆ្នោតសារជាថ្មីម្តងទៀត។ មួយវិញទៀត ថ្ងៃនេះក៏ជាថ្ងៃខួប២០ឆ្នាំ នៃការគ្រប់គ្រង​អំណាចរបស់អតីត​ប្រធានាធិបតី​ល្បីឈ្មោះ​វ៉េណេស៊ុយអេឡា​គឺ លោក​អ៊ូហ្គោ ឆាវ៉េស​។

មេដឹកនាំបក្សប្រឆាំងដ៏ធំរបស់វ៉េណេស៊ុយអេឡាលោករ្ហ័ន ហ្កាយដូ។
មេដឹកនាំបក្សប្រឆាំងដ៏ធំរបស់វ៉េណេស៊ុយអេឡាលោករ្ហ័ន ហ្កាយដូ។ REUTERS/Carlos Garcia Rawlins/File Photo
ផ្សាយពាណិជ្ជកម្ម

ខួបគម្រប់​ ២០ឆ្នាំ​នៃការ​កាន់កាប់​អំណាច​របស់អតីត​ប្រធានាធិបតី​លោកអ៊ូហ្គោ ឆាវ៉េស ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០១៣

តាមពិតទៅ​ ដើមចម​ឫសគល់​ ដែលបណ្តាលឲ្យ​ប្រទេសវ៉េណេស៊ុយអេឡា​ ផុងខ្លួន​ធ្លាក់ចូលក្នុង​វិបត្តិដូចសព្វថ្ងៃនេះ​ គឺមាន​ជាប់ពាក់ព័ន្ធនឹង​គោលនយោបាយដឹកនាំ​របស់​លោកអ៊ូហ្គោ ឆាវ៉េស​។

លោកអ៊ូហ្គោ ឆាវ៉េស គឺជា​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ ដ៏មានប្រជាប្រិយភាពខ្លាំងមួយរូប​ ដែលបានឡើងគ្រប់គ្រង​ប្រទេសក្នុងចន្លោះឆ្នាំ​១៩៩៩​ដល់ ឆ្នាំ ២០១៣​។

ជាអ្នកប្រជានិយម​ លោកឆាវ៉េស​ បានដឹកនាំ​ប្រទេសតាមបែបផែន​ថ្មីមួយ​ ដែល​លោកឲ្យឈ្មោះថា​ បដិវត្តន៍​ប៊ូលីវ៉ា​។ បំណងសំខាន់​ នៃគោលនោបាយនេះ​ គឺជួយ​ប្រជាជន​ក្រីក្រ​វ៉េណេស៊ុយអេឡា​ តាមរយៈ​ប្រាក់ចំនូល​ ដែលបានមកពី​ការលក់ប្រេង​។ កាលណោះ​ លោកអ៊ូហ្គោ ឆាវ៉េស​ បានប្រែក្លាយក្រុមហ៊ុន​លក់ប្រេង​ឯកជនទាំងអស់​ ឲ្យក្លាយជា​ក្រុមហ៊ុន​ដែលគ្រប់គ្រង​ដោយរដ្ឋវិញ​។ ថវិកា​ ដែលបានមកពី​ការលក់ប្រេងមួយចំនួនធំ​ ត្រូវយក​ទៅប្រើក្នុងកម្មវិធីសង្គម​ ដើម្បីជួយអ្នកក្រ​។

គួរជ្រាបទៀតថា​ លោកអ៊ូហ្គោ ឆាវ៉េស​ ជាអតីតប្រធានាធិបតី​វ៉េណេស៊ុយអេឡាម្នាក់​ ដែល​មិនចូលចិត្ត​សហរដ្ឋអាមេរិកសោះឡើយ​ ហើយជារឿយៗ​លោកតែងតែ​និយាយរិះគន់​ សហរដ្ឋអាមេរិក​ ដោយមិនសំចៃមាត់​ទៀតផង​។

ក៏ប៉ុន្តែ​ ដោយសារ​សករាជ​ដឹកនាំ​របស់លោកអ៊ូហ្គូ ឆាវ៉េស ត្រូវ​គេចាត់ទុកថា​ជាសម័យកាល​រុងរឿងមួយ​ ក្នុងប្រវត្តិសាស្ត្រ​របស់ប្រទេស​ ជាពិសេស​គឺ​តាមរយៈ​បដិវត្តន៍ប៊ូលីវ៉ា​-ជួយប្រជាពលរដ្ឋក្រីក្រ​ ទើបកាលណោះ​ ប្រជានជាន​វ៉េណេស៊ុយអេឡា​ ភាគច្រើន​នាំគ្នាគាំទ្រ​ បក្សកាន់អំណាច​។ តែផ្ទុយទៅវិញ​ ពួកគេ​មិនជាសូវគាំ​បក្សប្រឆាំ​ង ដែល​មាននិន្នាការអាមេរិក​ និងបច្ចឹមលោកនិយម​ ដូចពេល​បច្ចុប្បន្ននេះឡើយ​។

ក្រុមបក្សប្រឆាំង​ធ្វើបាតុកម្មចំ​ថ្ងៃរឮកខួប២០ឆ្នាំ​នៃការគ្រប់គ្រង​តំណែង​របស់​លោកឆាវ៉េស​

ចលនាប្រឆាំងតវ៉ា​ ដឹកនាំដោយ​លោកហ័ន ហ្កាយដូ ធ្វើឡើង​ដើម្បីរំលេចអំពី​ភាពខុសគ្នាដាច់ឆ្ងាយប្រលះ​ រវាងការ​ដឹកនាំ​ប្រទេស​របស់បក្សកាន់អំណាច​ ដែល​គ្រប់គ្រងដោយលោក​អ៊ូហ្គោ ឆាវ៉េស និងលោកម៉ាឌូរ៉ូ​។

នៅត្រង់ចំណុចនេះ​ គេអាច​ទាញសេចក្តីសន្និដ្ឋានបានថា​ លោកហ្កាយដូ​ ចង់ឆ្លៀតយក​ឱកាសនេះ​ បង្ហាញឲ្យឃើញច្បាស់​អំពីអសត្ថភាព​ ក្នុងការ​ដឹកនាំប្រទេស​របស់​លោកម៉ាឌូរ៉ូ ដែលបានឡើងកាន់តំណែង​ប្រធានាធិបតី​តាំងពីឆ្នាំ​ ២០១៣​ ពោល​គឺនៅ​ក្រោយមរណភាព​របស់​លោកឆាវ៉េសមក​។

រឿងដ៏គួរឲ្យកត់សម្គាល់​មួយទៀតនោះ​ គឺថា​លោកហ្កាយដូ​ សម្រេច​ដឹកនាំធ្វើបាតុកម្ម​ ជំរុញឲ្យ​លោកម៉ាឌូរ៉ូ​ ចុះចេញពីតំណែង​ នៅចំថ្ងៃដែល​ បណ្តាប្រទេស​សហភាពអឺរ៉ុប​មួយចំនួនធំ​ ដាក់ឱសានវាទ ឲ្យលោកម៉ាឌូរ៉ូ​យល់ព្រម​រៀបចំ​បោះឆ្នោត​ប្រធានាធិបតីថ្មី​ឡើងវិញ​។ ប្រទេស​លោកខាងលិច​ យល់ថា​លទ្ធផល​នៃការបោះឆ្នោត​ នៅគ្រាកន្លងមក​ ពោលគឺ​នៅ ខែឧសភា​ ឆ្នាំ ២០១៨​ មិនមែនជាលទ្ធផលត្រឹមត្រូវឡើយ ពីព្រោះថា​គ្មានវត្តមាន​គណបក្ស​ប្រឆាំង​ចូលរួមនោះទេ​។

គួរជម្រាបជូន​ផងដែរថា​ រហូតមកដល់ពេលនេះ​ មាន​ប្រទេស​កាន់តែ​ច្រើនឡើងៗ​ បានក្រោកឈរ​គាំទ្រ​មេបក្សប្រឆាំង​ និងជា​អ្នកប្រកាស​ខ្លួនឯងថា​ជាប្រធានាធិបតីស្តីទី​ វ៉េណស៊ុយអេឡា​លោកហ្កាយដូ។ ជាក់ស្តែង​ សហរដ្ឋអាមេរិក​ ព្រមទាំង​ប្រទេសអាមេរិកឡាទីន​រាប់សិបប្រទេស​ផ្សេងទៀត​ បានបង្ហាញ​ជំហរយ៉ាងលឿន​ ទទួលស្គាល់​លោកហ្កាយដូ​ ជាប្រធានាធិបតីស្តីទី​ បន្ទាប់ពី​លោក​ធ្វើសេចក្តីប្រកាសនាថ្ងៃ​ទី២៣​ មករា​ រួចភ្លាម​មក​។

មិនតែប៉ុណ្ណោះ​ កាលពីថ្ងៃព្រហស្បតិ៍​ ទី៣១ មករា ឆ្នាំ២០១៩ សភាតំណាងរាស្ត្រ​សហភាពអឺរ៉ុប​ ក៏បាន​បោះឆ្នោតអនុម័ត​ ទទួលស្គាល់​លោករ្ហ័ន ហ្កាយដូ ក្នុងតួនាទីជា​ប្រធានាធិបតីស្តីទីដែរ​។

សរុបមក​ គេអាចយល់បានថា​ គម្រោងការណ៍​ ធ្វើបាតុកម្ម​របស់​ក្រុមអ្នកប្រឆាំង​ នាថ្ងៃសៅរ៍ ទី០២ កុម្ភៈ ឆ្នាំ២០១៩​នេះ​ គឺ​ដើម្បីដាក់​បន្ទុកបន្ថែម​ដល់​លោកម៉ាឌូរ៉ូ​។ ជាពិសេស​ គឺ​ដើម្បី​ធ្វើឲ្យលោកម៉ាឌូរ៉ូ​ យល់ព្រម​រៀបចំការបោះឆ្នោត​សារជាថ្មីម្តងទៀត​ ឬក៏ទ័លច្រកខ្លាំង​ ហើយយល់ព្រម​ ចុះចេញពីតំណែង​ប្រធានាធិបតី​ក្នុងពេលឆាប់ៗនេះ​តែម្តង​។

ការប្រឈមមុខដាក់គ្នារវាងក្រុមអ្នកគាំទ្រលោកម៉ាឌូរ៉ូ និង អ្នកគាំទ្រលោកហ្កាយដូ

បើពិនិត្យមើលទៅលើទីតាំង​ដែលក្រុមអ្នកប្រឆាំង​ និងក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាលបច្ចុប្បន្ន​ ធ្វើបាតុកម្ម​ អំពើហិង្សា​ ឬការប៉ះទង្គិចគ្នា​រវាងក្រុមទាំងពីរ​ ប្រហែលជា​មិនអាចកើតមានឡើង​នោះទេ​។

លោកហ្កាយដូ​ និងក្រុមអ្នកប្រឆាំង​រាប់ម៉ឺននាក់​ ចេញធ្វើបាតុកម្ម​នៅឯ​ភាគខាងកើត​ទីក្រុងការ៉ាកាស​ នៅពីមុខ​ការិយាល័យ​របស់​សហភាពអឺរ៉ុប​។ ចំណែកឯ​ក្រុមអ្នកគាំទ្រ​លោក ម៉ាឌូរ៉ូវិញ​ ប្រមូលម្តុំគ្នា​ធ្វើបាតុកម្ម​ក្នុងសង្កាត់​ប្រមាណជា​១០ ក្នុងទី​ក្រុងការ៉ាស​។ ទីតាំងទាំងនោះ​មានចម្ថាយ​ ពោលគឺ​ឆ្ងាយពី​ការិយាល័យ​របស់សហភាពអឺរ៉ុប​ ចំនួនប្រមាណជា​ ១០ គីឡូម៉ែត​ឯណោះ​។

ជោគវាសនាអនាគត របស់ប្រទេសវ៉េណស៊ុយអេឡា

បើនិយាយពី​ជោគវាសនា​របស់​ប្រទេសវ៉ណេស៊ុយអេឡា​ នាពេលនេះ​ គេពិ​បាកនិយាយថា​យ៉ាងម៉េចយ៉ាងម៉ា​ឲ្យប្រាកដណាស់​។ ក៏ប៉ុន្តែ​ បើយើង​ពិនិត្យមើល​ដានជើង​ប្រវត្តិសាស្ត្រ​វិញ​ បើប្រ​ទេសមួយ​មានជម្លោះផ្ទៃ​ក្នុងរុំារៃ​ កាប់ចាក់​ដណ្តើមអំណាចគ្នា​ យកគ្នាឯង​ធ្វើជាសត្រូវ​ ហើយចេះ​តែរត់ទៅពឹង​បរទេសនោះ​ ជោគវាសនា​របស់​ប្រទេសនោះ​ អាច​ប្រឈមនឹងការ​ធ្លាក់ចុះខ្សោយ​ និងដុនដាប​ជាមិនខានឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ