របាយការណ៍ជំរឿនថ្មី៖ ចំនួនខ្លាធំនៅឥណ្ឌាកើនឡើងដល់ជិត៣០០០ក្បាល
សត្វខ្លាធំដែលជាប្រភេទសត្វរងការគំរាមកំហែងជិតផុតពូជ កំពុងមានសញ្ញាវិវត្តជាវិជ្ជមាន។ របាយការណ៍ជំរឿនចំនួនសត្វខ្លាធំនៅប្រទេសឥណ្ឌាដែលទើបតែចេញផ្សាយនៅថ្ងៃចន្ទទី២៩កក្កដា បង្ហាញថា ចំនួនសត្វខ្លាធំនៅក្នុងប្រទេសនេះ បានកើនឡើងពីចំនួនជាង២ពាន់២រយក្បាលកាលពី៤ឆ្នាំមុន ដល់ជិត៣ពាន់ក្បាល នៅឆ្នាំ២០១៨។ សម្រាប់អ្នកជំនាញខាងសត្វព្រៃ កំណើននេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌា នៅក្នុងការអភិរក្សសត្វខ្លាធំ ដែលជាប្រភេទសត្វរងការគំរាមកំហែងជិតផុតពូជបំផុតមួយលើពិភពលោក។
ចុះផ្សាយនៅថ្ងៃ៖
ជំរឿនសត្វខ្លាធំនៅប្រទេសឥណ្ឌា ធ្វើឡើងជារៀងរាល់៤ឆ្នាំម្ដង។ សម្រាប់ការជំរឿនចុងក្រោយនេះ ឥណ្ឌាបានប្រើពេលអស់១៥ខែ ដាក់ពង្រាយកាមេរ៉ាស្វ័យប្រវត្តិចំនួន២ម៉ឺន៦ពាន់គ្រឿង នៅតំបន់ដែលជាជម្រករបស់សត្វខ្លាធំក្នុងប្រទេសឥណ្ឌា។ រូបថតដែលបានពីកាមេរ៉ាស្វ័យប្រវត្តិ ដែលមានចំនួនជាង៣៥ម៉ឺនសន្លឹក ត្រូវគេយកទៅធ្វើការវិភាគតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីកំណត់ និងបែងចែកអត្តសញ្ញាណរបស់សត្វខ្លាធំនីមួយៗ មុនពេលសរុបចេញជារបាយការណ៍ជំរឿនចុងក្រោយនេះ។
ជាការក់សម្គាល់ សត្វខ្លាធំ ត្រូវបានអង្គការ IUCN ដាក់ទៅក្នុងបញ្ជីក្រហម ជាប្រភេទសត្វដែលរងការគំរាមកំហែងជិតផុតពូជបំផុតមួយលើលោក។ សត្វខ្លាធំនៅទូទាំងពិភពលោក មានចំនួនសរុបត្រឹមតែប្រមាណ៣ពាន់៩រយក្បាលតែប៉ុណ្ណោះ។ ឥណ្ឌាដែលមានសត្វខ្លាធំរស់នៅច្រើនជាងគេ បានចុះកិច្ចព្រមព្រៀងរួមគ្នាជាមួយប្រទេសចំនួន១២ផ្សេងទៀត ដើម្បីបង្កើនចំនួនសត្វខ្លាធំនៅក្នុងព្រៃធម្មជាតិឲ្យបាន២ដង នៅឆ្នាំ២០២២។
បើតាមអង្គការអភិរក្សសត្វព្រៃ WWF សព្វថ្ងៃនេះ ទោះបីជាមានចំនួនកើនឡើងវិញបន្តិចក៏ដោយ ក៏គេកត់សម្គាល់ឃើញថា សត្វខ្លាធំនៅតែប្រឈមនឹងបញ្ហាជាច្រើន ដូចជាការប្រមាញ់ ដាក់អន្ទាក់ធ្វើអាជីវកម្មសម្រាប់ធ្វើជាអាហារ និងធ្វើថ្នាំសង្កូវ។ ក្រៅពីនោះ ការបាត់បង់ព្រៃដែលជាទីជម្រក ក៏ជាបញ្ហាប្រឈមដ៏ធំមួយដែរសម្រាប់សត្វខ្លាធំ។ អង្គការ WWF បានគូសបញ្ជាក់ថា សត្វខ្លាធំ ត្រូវការជម្រកដ៏ទូលំទូលាយសម្រាប់ការរស់រានមានជីវិត។ កង្វះទីជម្រកគ្រប់គ្រាន់ បានផ្ដល់ផលប៉ះពាល់ដល់ការបង្កាត់ពូជ ពិសេសធ្វើឲ្យសត្វខ្លាធំ ត្រូវប្រឈមមុខកាន់តែខ្លាំងទៅនឹងការបរបាញ់និងការដាក់អន្ទាក់របស់មនុស្ស។
ទាក់ទងនឹងការងារអភិរក្សវិញ ដើម្បីឲ្យទទួលបានជោគជ័យ អង្គការ WWF សង្កត់ធ្ងន់ថា វាត្រូវការឆន្ទៈនិងការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ពីសំណាក់បណ្ដាប្រទេសដែលមានវត្តមានសត្វខ្លាធំរស់នៅ។ ក្នុងនោះ គេត្រូវធានាឲ្យបាននូវតំបន់រស់នៅប្រកបដោយសក្តានុពលសម្រាប់សត្វខ្លាធំ៖ ជាព្រៃធំ មានជម្រកនិងចំណីគ្រប់គ្រាន់ ចៀសផុតពីការគំរាមកំហែងរបស់មនុស្ស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ