សភាបារាំងពិភាក្សាច្បាប់ប្រឆាំងការផ្សព្វផ្សាយព័ត៌មានមិនពិត
សភាបារាំងបានចាប់ផ្តើមធ្វើការជជែកដេញដោលគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ទៅលើសេចក្តីស្នើច្បាប់ចំនួនពីរ ដែលរៀបចំធ្វើឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត នៅក្នុងអំឡុងពេលបោះឆ្នោត។ ក៏ប៉ុន្តែ សេចក្តីស្នើច្បាប់នេះក៏បង្កើតឲ្យមានភាពចម្រូងចម្រាសមិនតិចនោះដែរ ដោយសារតែមានការបារម្ភខ្លាចប៉ះពាល់ទៅដល់សេរីភាពក្នុងការបញ្ចេញមតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សេចក្តីស្នើច្បាប់ប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ត្រូវបានរៀបចំធ្វើឡើងដោយគណបក្សកាន់អំណាច ហើយដែលលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ទទូចចង់ឲ្យមាន។
តំណាងរាស្រ្តដែលទទួលបន្ទុកតាក់តែងច្បាប់នេះបានលើកឡើងថា ច្បាប់នេះមានសារៈសំខាន់ណាស់ នៅក្នុងបរិបទនយោបាយសព្វថ្ងៃ ដោយសារតែបច្ចេកវិទ្យាទំនើបថ្មីៗកំពុងតែធ្វើឲ្យការផ្សព្វផ្សាយព័ត៌មានមិនពិតត្រូវក្លាយជាអាវុធដ៏គ្រោះថ្នាក់ ដូចដែលគេធ្លាប់សង្កេតឃើញ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក និងបារាំង ក៏ដូចជានៅក្នុងការបោះឆ្នោតប្រជាមតិស្តីពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនាពេលកន្លងទៅ។
គេនៅចាំបានថា កាលពីក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីបារាំង កាលពីឆ្នាំ២០១៧កន្លងទៅនេះ លោកម៉ាក្រុងខ្លួនឯងផ្ទាល់ ដែលកាលណោះជាបេក្ខជនប្រធានាធិបតី ធ្លាប់ជាចំណុចស៊ីបនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេស ទាក់ទងនឹងការចោទប្រកាន់ពីការលួចលាក់លុយនៅក្នុងធនាគារនៅក្រៅប្រទេស។
ច្បាប់ដែលគណបក្សកាន់អំណាចបារាំងបានស្នើឡើងនៅពេលនេះ មានកំណត់អំពីនីតិវិធីពិសេស ដែលតម្រូវឲ្យតុលាការត្រូវចេញសេចក្តីសម្រេចបន្ទាន់ ពោលគឺប្រើពេលយ៉ាងយូរបំផុត ៤៨ម៉ោង ដើម្បីតម្រូវឲ្យម្ចាស់វេបសាយ ឬក្រុមហ៊ុនផ្តល់សេវាអ៊ីនធ័រនែតធ្វើការបិទខ្ទប់ ឬដកចេញនូវព័ត៌មានដែលត្រូវចាត់ទុកថាជាព័ត៌មានមិនពិត។
ច្បាប់នេះក៏ផ្តល់អំណាចផងដែរដល់ឧត្តមក្រុមប្រឹក្សាសោតទស្សន៍ ហៅកាត់ថា CSA (Conseil supérieur de l'audiovisuel) ក្នុងការព្យួរអាជ្ញាបណ្ណផ្សព្វផ្សាយដល់ស្ថាប័នព័ត៌មានណា ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាអាក្រក់ នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។
សមាជិកសភាមកពីគណបក្សប្រឆាំងបាននាំគ្នារិះគន់ច្បាប់នេះថា ជាច្បាប់ដែលរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ចំណែកឯសហជីពអ្នកសារព័ត៌មានបារាំងវិញក៏បានសម្តែងនូវក្តីបារម្ភផងដែរថា ច្បាប់នេះនឹងមិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិតនោះទេ ផ្ទុយទៅវិញ វាជាច្បាប់ដែលប្រកបដោយគ្រោះថ្នាក់ ពីព្រោះថា វាអាចនឹងនាំទៅរកការរឹតបន្តឹងលំហូរនៃព័ត៌មាន ហើយប៉ះពាល់ទៅដល់សិទ្ធិសេរីភាពសារព័ត៌មាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ